វេទិកាប្រវត្តិសាស្រ្តគ្រួសារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានរៀបចំធ្វើវេទិកាប្រវត្តិសាស្ត្រគ្រួសារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជាមួយអ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហម នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីស្តាប់រឿងរ៉ាវជីវិត របស់គាត់ដែលបានឆ្លងរបបខ្មែរក្រហម។ ខាងក្រោម គឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រាន មានជីវិតពីរបបខ្មែរក្រហម ៖

ប៊ុន ច័ន្ទ បច្ចុប្បន្នរស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ប៊ុន ច័ន្ទ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិព្នង មានទីកន្លែងកំណើតនៅភូមិ កោះម៉ាយើល ឃុំជីមៀត (បច្ចុប្បន្ន ឃុំណងធីឡឹក) ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ ច័ន្ទ បច្ចុប្បន្នរស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ច័ន្ទ បានចែករំលែករឿងរ៉ាវ​របស់គាត់ថា ខ្ញុំមានបងប្អូនចំនួនពីរនាក់។ ខ្ញុំគឺជាកូនទីពីរនៅក្នុងគ្រួសារ ដែលមានឪពុកគឺជាជន​ជាតិរដែ និងម្ដាយគឺជាជនជាតិព្នង។ កាលពីកុមារខ្ញុំមិនបានរៀនសូត្រនៅសាលាទេ ប៉ុន្តែខ្ញុំមានបងបង្រៀននៅផ្ទះ រហូតខ្ញុំអាចអានអក្សរ និងសរសេរអក្សរបាន។ ខ្ញុំនៅចាំថា ​មានការទម្លាក់​គ្រាប់បែកជារៀងរាល់ថ្ងៃនៅស្រុកកោះញ៉ែក ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​ផ្ទះ​សម្បែង, ​ងាប់គោ, ​ក្របី, មាន់, ទា ជាពិសេសប្រជាជនត្រូវបាត់បង់ជីវិតស្ទើតែរាល់ថ្ងៃ។ លុះ​ឆ្នាំ១៩៧២ ខ្ញុំបាន​ចាក​ចេញពីគ្រួសារនៅអាយុ១២ឆ្នាំ។ នៅពេលនោះខ្ញុំត្រូវបានខ្មែរក្រហម​ជ្រើសរើសឲ្យចូល​ធ្វើការនៅក្នុងមន្ទីរកុមារ។ កិច្ចការ​ងារដែលខ្ញុំត្រូវធ្វើនៅពេលនោះ រួមមាន ស្រោចស្ពៃ, ត្រកួន, ដឹកទឹក និងជញ្ជូនអូស។ កាលនោះ​ដោយសារខ្ញុំមានចំណេះ​ដឹងគ្រាន់​បើជាងក្មេងដទៃ ខ្ញុំក៏ត្រូវបានចាត់ឲ្យធ្វើជាគ្រូបង្រៀនអក្សរដល់ក្មេងដទៃទៀតនៅក្នុងមន្ទីរ​ បន្ទាប់ពីទំនេរ​ពីការ​ងារ។ លុះនៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមវាយយកបានទីក្រុងភ្នំពេញ មន្ទីរ​កុមារ​ក៏ត្រូវបានរំសាយ។ ខ្មែរក្រហមកចាប់ផ្ដើមបែងចែកកុមារទៅតាមមុខ​ជំនាញ ខ្លះទៅខាង​ពេទ្យ ខ្លះខាងបើកបរ ខ្លះទៀតខាងរោងចក្រ និងមុខជំនាញផ្សេងៗ​ជាច្រើនទៀត។ ដោយ​ឡែក​​ខ្ញុំមានចំណេះដឹងគ្រាន់បើជាងកុមារដទៃ ក៏ត្រូវបានខ្មែរក្រហម​បញ្ជូនឲ្យ​មកធ្វើការ​ខាងកាន់បញ្ជី និងស្រង់ស្ថិតិនៅក្នុងកងកុមារ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបាន​ខ្មែរក្រហម​បញ្ចូន​មកកាន់ដាក់ដាំ ខេត្តមណ្ឌលគិរី ជាប់ព្រំដែនវៀតណាម។ នៅទីនោះ​ខ្ញុំធ្វើជានីរសាររបស់ ប៊ុនរៀម ដែលជាប្រធានកងវរសេនាតូច។ ខ្ញុំរស់នៅដាក់ដាំបានរយៈពេលមួយឆ្នាំ ទើបខ្មែរក្រហមបញ្ជូនមកស្រុកពេជ្រាដាវិញដោយបំពេញការងារជានីរសារដដែល។ រហូត​ដល់ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមក ខ្ញុំបានរត់ភៀសខ្លួនចូលទៅរស់នៅ​ក្នុង​ព្រៃខេត្ត​មណ្ឌលគិរី។ ​ពេលនោះ ខ្ញុំចិញ្ចឹមជីវិតដោយជីកមើមក្ដួច និងមើមដំឡូងហូប ព្រោះ​ខ្ញុំគ្មាន​ស្បៀងឡើយ។ នៅឆ្នាំ១៩៨០ ខ្ញុំបានរៀបការ។ លុះឆ្នាំ១៩៨២ ទើប ប៊ុនរៀម ប្រធានកង​វរសេនាតូច​ដឹកនាំ​កម្លាំងទាំងអស់របស់ខ្លួនធ្វើដំណើរ​មកកាន់ព្រំដែនថៃ។ ដូច្នេះ​ខ្ញុំនៅកងវរសេនាតូច តស៊ូជា​មួយ ប៊ុនរៀម រហូតខ្ញុំផ្លាស់មកនៅក្នុងភូមិ១០៥នេះ ដែលជា​ឈ្មោះដាក់​តាមលេខ​អង្គភាពជាប់រហូតមកសព្វថ្ងៃ​នេះ។

សៃ ខាំអាន ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិលាវ បច្ចុប្បន្នរស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ សួត វិចិត្រ អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ (មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សៃ ខាំអាន ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិលាវ មានទីកន្លែងកំណើតនៅភូមិ​កោះម៉ាយើល ឃុំណងធីឡឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ខាំអាន​រស់នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ខាំ​អាន បានរៀបរាប់ថា  កាលពីកុមារខ្ញុំ​រៀន បានត្រឹមថ្នាក់ទី៩សង្គមចាស់ ដូច្នេះខ្ញុំអាចសរសេរ និងអានអក្សរបានតិចតួចប៉ុណ្ណោះ។ បន្ទាប់​មកនៅឆ្នាំ១៩៦៧ ខ្ញុំបានចូលតស៊ូនៅក្នុងព្រៃ ប៉ុន្តែកាលនោះ ខ្ញុំនិងប្រជា​ជនចេញតស៊ូ​តាមគ្នាដោយ​មិនដឹងថា នរណាអ្នកដឹកនាំឡើយ។ យើងនៅតស៊ូ​និងធ្វើខ្ទមតូចៗសម្រាប់​ស្នាក់ជាបណ្ដោះអាសន្ន។ បន្ទាប់មកខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនអក្សរដល់ក្មេងៗ​ ដែលរត់​ភៀសខ្លួនចូលទៅនៅក្នុងព្រៃដែរដើម្បីឲ្យក្មេងៗទាំងនោះចេះអក្សរខ្មែរ។ មកដល់ឆ្នាំ ១៩៧០ ក៏មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ទើបខ្ញុំនិងអ្នកភូមិ​ផ្សេងទៀត​ត្រឡប់មករស់នៅភូមិវិញ។ ប៉ុន្តែយើងរស់នៅ និងរកស៊ីដោយលួចលាក់។ យើងលាក់ខ្លួនតែនៅ​ក្នុងលេណដ្ឋានតែប៉ុណ្ណោះ ព្រោះពេលថ្ងៃមានយន្តហោះទម្លាក់គ្រាប់បែក។ លុះដល់​ឆ្នាំ​១៩៧៥ ខ្មែរក្រហមវាយរំដោះបានភ្នំពេញ ទើបប្រជាជនលែងភ័យព្រួយពីការទម្លាក់គ្រាប់​​បែកទៀត។ ប៉ុន្តែយើងត្រូវបានខ្មែរក្រហមដាក់ឲ្យរស់នៅក្នុងសហករណ៍ និងធ្វើការរួមគ្នា។ យើងត្រូវបានដាក់ឲ្យហូបរួមគ្នានៅក្នុងរោងបាយសហករណ៍ ដែលមានរបបបីពេលក្នុងមួយថ្ងៃ។ ចំណែកការងារ ខ្មែរក្រហមចាត់តាំងប្រជាជនឲ្យលើកទំនប់, រែកដី និងជីកប្រឡាយ។ នៅសម័យនោះយើងគ្មានសិទ្ធសូម្បីតែនិយាយស្ដី ហើយប្រសិនបើហ៊ានប្រព្រឹត្តខុសវិន័យច្បាស់ជាត្រូវខ្មែរ​ក្រហមយកទៅសម្លាប់​ចោលជាមិនខាន។ ចំណែកប្រធានសហករណ៍មាន​តែអ្នកមកពីស្រុកក្រៅ ​ឬ​ប្រជាជនខ្មែរតែប៉ុណ្ណោះដែលជាអ្នកគ្រប់គ្រង។ រីឯជនជាតិភាគតិច​នោះមិនសូវមានឡើយ។ ជំនាន់នោះ នរណាប្រព្រឹត្តខុស ត្រូវបានខ្មែរក្រហម​យកទៅសម្លាប់​​ចោល​ដោយពុំ​បាច់​មានតុលាការកាត់ទោសឡើយ។ បច្ចុប្បន្ន ប្រទេសមានសន្តិភាព ដូច្នេះខ្ញុំ​សប្បាយចិត្តណាស់ ហើយខ្ញុំក៏មិនចង់បានអ្វីទៀតដែរ។

នោ រ៉ាមើស ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ (មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នោ រ៉ាមើស ភេទប្រុស អាយុ៧០ឆ្នាំ កើតនៅក្នុងឃុំអូររាំង ស្រុកអូររាំង ខេត្ត​មណ្ឌល​គិរី។ សព្វថ្ងៃ រ៉ាមើស រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ។ រ៉ាមើល និយាយរៀបរាប់អំពីបទពិសោធន៍តស៊ូរបស់ខ្លួនក្នុងសម័យ​ខ្មែរក្រហមថា កាល​ពីកុមារភាពខ្ញុំរៀនសូត្របានថ្នាក់ទី៩ពីសង្គមចាស់។ គ្រួសាររបស់ខ្ញុំ​ប្រកប​មុខរបរធ្វើ​ស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ឪពុករបស់ខ្ញុំគឺជាជនជាតិព្នង ចំណែក​ម្ដាយគឺជាជនជាតិខ្មែរ។ នៅក្នុងឆ្នាំ១៩៧០ ខ្ញុំបានឈប់រៀនដោយសារមានការទម្លាក់គ្រាប់បែក។ ប្រជាជនដែលរស់​នៅក្នុងភូមិបាននាំគ្នាជីកលេណដ្ឋានក្បែរៗផ្ទះ ដើម្បីលាក់ខ្លួនពីការទម្លាក់​គ្រាប់បែក។ កាល​ណោះ គ្រួសារមីងបង្កើតរបស់ខ្ញុំមួយគ្រួសារបានស្លាប់ដោយសារការ​គ្រាប់បែកធ្លាក់ចំផ្ទះរបស់​គាត់។ បន្ទាប់មក នៅក្នុងស្រុកអូររាំងក៏មានការកេណ្ឌប្រជាជនឲ្យចូលព្រៃ​ធ្វើជាយោធាខ្មែរក្រហម។ ខ្ញុំបានរស់នៅជាមួយឪពុកម្ដាយរបស់ខ្ញុំ។ នៅក្នុងឆ្នាំ១៩៧៣ ឪពុកម្តាយខ្ញុំបាន​ស្លាប់ចោលខ្ញុំ និងប្អូនៗ។ ខ្ញុំទៅរស់នៅជាមួយមីងរបស់ខ្ញុំរហូតដល់ឆ្នាំ១៩៧៦ ទើបខ្ញុំចូលធ្វើការខាងបើករថយន្តនៅអង្គភាពដឹកជញ្ជូនជើងគោក។ កាលណោះ ខ្ញុំនៅអង្គភាពពាណិជ្ជ​កម្ម ក្រោមការមើលខុសត្រូវរបស់ តាសៀង នៅទីក្រុងភ្នំពេញ។ នៅពេល​ដែលខ្ញុំបានធ្វើដំណើរ​ទៅ​ដល់ទីក្រុងភ្នំពេញ ខ្ញុំសង្កេតឃើញថា មិនមានប្រជាជនរស់នៅទេ គឺមានតែអ្នកធ្វើការនៅរោងចក្រ និងកងទ័ពនៅយាមល្បាតតាមផ្លូវ។ កាលណោះទីកន្លែង​ធ្វើការនិងស្នាក់នៅរបស់ខ្ញុំគឺនៅជិត​ស្ពានជ្រោយចង្វារ។ នៅពេលដែលតំបន់នីមួយៗ ស្នើសុំក្រណាត់​ឬ​សម្លៀកបំពាក់ ខ្ញុំត្រូវដឹកក្រណាត់យកទៅឲ្យតំបន់ទាំងនោះឲ្យគ្រប់ចំនួន។ ពេលខ្ញុំ​ធ្វើដំណើរ​នៅតាមដងផ្លូវ ខ្ញុំឃើញប្រជាជនកំពុងច្រូតកាត់ និងលើកទំនប់។ ខ្ញុំសម្លឹងមើល​ទៅឃើញ​ទឹកមុខប្រជាជនសោកសៅ និងនឿយហត់។ ចំណែកឯការធ្វើដំណើរ​របស់ក្រុមដឹក​ជញ្ជូន​របស់ខ្ញុំមិនសូវជួបការលំបាកទេ។ ប៉ុន្តែមានថ្ងៃមួយ ពេលក្រុមរបស់ខ្ញុំដឹកជញ្ជូនក្រណាត់ទៅ​ អូរជ្រៅ ក្នុងភូមិភាគពាយ័ព្យ ក៏មានភាពអសន្តិសុខខ្លះព្រោះនៅទីនោះមានកងកម្លាំងខ្មែរស ឡាវ និងថៃស នៅទីនោះ ប៉ុន្តែមានថៃក្រហមជាអ្នកយាមការពារផ្លូវឲ្យក្រុមដឹកជញ្ជូនរបស់ខ្ញុំមិនឲ្យ​មានការវាយប្រហារឡើយ។ នៅពេលដែលទំនេរពីការងារ ខ្ញុំអាចទៅលេងបាល់ទាត់ និងបាល់ទះបាន ព្រោះខ្មែរក្រហមមិនប្រើឲ្យយើងធ្វើការងារបន្តទេ។ ចំពោះការហូបចុកក្រុម​ដឹក​ជញ្ជូនរបស់ខ្ញុំទទួលបានអាហារហូបចុកគ្រប់គ្រាន់ ប៉ុន្តែប្រជាជនដែលរស់នៅ​និងធ្វើការ​ក្នុង​​សហករណ៍ហូបមិនគ្រប់គ្រាន់ឡើយ។ ខ្ញុំធ្វើការក្នុងអង្គភាពដឹកជញ្ជូនរហូត​ដល់កងទ័ពវៀតណាមវាយចូលមកដល់ទីក្រុងភ្នំពេញ នៅឆ្នាំ​១៩៧៩។ បន្ទាប់មកខ្ញុំ រួមទាំងកងទ័ព​និងប្រជាជន​បានប្រមូលសម្ភារដាក់ឡានធ្វើដំណើរមកកាន់ខេត្តកំពង់ចាម។ ពេលមកដល់​ខេត្ត​កំពង់ចាម​ ខ្ញុំទុករថយន្តចោលរួចនាំគ្នាចុះដើរឆ្ពោះទៅកាន់ភ្នំដងរែក។​ យើងធ្វើដំណើរ​អស់រយៈពេល១ឆ្នាំទើបទៅដល់តំបន់មុំបី ព្រំដែនខ្មែរ, ថៃ និង ឡាវ។ បន្ទាប់មក ខ្ញុំបានចូល​ធ្វើជា​កងទ័ព ចេញទៅវាយនៅ​សមរភូមិ​ខាងស្រុកក្រឡាញ់, ខេត្តកំពង់ធំ និងផ្លូវជាតិលេខ​៦​លេខ៧។ កាលនោះ ខ្ញុំនៅកង​ពលលេខ១០៥ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ តាសារុន និង តាអនស៊ី។ នៅក្នុងឆ្នាំ១៩៨៨ ខ្ញុំបានផ្លាស់មករស់នៅអន្លង់វែង ដោយស្នាក់នៅក្បែរស្ពានអូរជីក។ ប៉ុន្តែ​ដោយសារតែនៅអូរជីកទឹកលិច ខ្ញុំរួមទាំងប្រជាជនផ្លាស់មករស់នៅក្នុងភូមិ​១០៥ ដែលបច្ចុប្បន្ន​ ភូមិថ្នល់កែងនេះរហូតមក។

ខាងស្តាំ៖ឌី ប៊ុនសុំ ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ (ហ៊ាន ពិសី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ឌី ប៊ុនសុំ ភេទប្រុស អាយុ៧០ឆ្នាំ កើតនៅក្នុងភូមិជីមៀត ឃុំជីមៀត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ ប៊ុនសុំ រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ប៊ុនសុំ បាននិយាយរៀបរាប់អំពីបទពិសោធន៍តស៊ូរបស់ខ្លួនក្នុងសម័យ​ខ្មែរក្រហមថា កាលពីកុមារភាពខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់​ ក៏ឈប់រៀន​ដោយសារ​មាន​សង្គ្រាមនៅក្នុងប្រទេស។ ខ្ញុំមានបងប្អូនបង្កើត​ចំនួន៧នាក់ ហើយខ្ញុំគឺជាកូនពៅនៅ​ក្នុងគ្រួសារ។ ឪពុកម្ដាយរបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំ​ថ្ងៃ។ នៅក្នុងឆ្នាំ១៩៦៨ ប្រជាជនរស់នៅក្នុងស្រុកកោះញ៉ែកបាននាំគ្នារត់ទៅរស់នៅក្នុងព្រៃ​ជាប់ព្រំដែនវៀតណាម។ នៅឆ្នាំ១៩៧០ ប្រជាជនបាននាំគ្នាចេញពីព្រៃមករស់នៅក្នុងភូមិ​របស់​ខ្លួន​រៀងៗ​ខ្លួនវិញ។ នៅពេលដែលខ្ញុំត្រឡប់មកដល់ភូមិវិញ ​ខ្ញុំឃើញ ផ្ទះប្រជាជនមួយ​ចំនួន​ធំត្រូវ​បាន​ដុតបំផ្លាញចោល។ នៅចន្លោះឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ការរស់នៅក្នុងស្រុក​កោះញ៉ែក បានផ្លាស់ប្ដូរទាំងស្រុង។ ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមប្រមូលចូលជា​សហករណ៍​ហូបបាយរួម និងធ្វើការងាររួម។ ការរស់នៅក្នុងសហរកណ៍ ខ្ញុំ រួមទាំងប្រជាជន​មាន​ការ​លំបាក​ណាស់។ ជូនកាលខ្ញុំធ្វើការទាំងយប់ ចំណែកឯអាហារក៏ហូបមិនបានគ្រប់​គ្រាន់។ ខ្ញុំរស់នៅ និងធ្វើការក្នុងសហករណ៍រហូតដល់ឆ្នាំ១៩៧៥ ទើបខ្មែរក្រហមទទួលបាន​ជ័យ​ជម្នះនៅ​ទីក្រុង​ភ្នំពេញ។ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនទៅនៅខាងពាណិជ្ជកម្មដោយបើករថយន្តដឹកក្រណាត់ និង​សម្លៀក​បំពាក់ទៅចែកតាមតំបន់នីមួយៗ។ នៅពេលនោះ​ការហូប​ចុក​របស់ខ្ញុំ​មិនមានការខ្វះខាតឡើយ។ បន្ទាប់ពីខ្ញុំដឹកជញ្ជូនក្រណាត់រួចរាល់ និងមានពេល​ទំនេរ ខ្ញុំបើករថយន្ត ឬជិះកង់ដើរលេងនៅមុខវាំង ទៅទួលគោក ពោធិ៍ចិនតុង និងចោមចៅ។ ខ្ញុំរស់នៅ​ក្នុងមន្ទីរពាណិជ្ជកម្ម និងដឹកក្រណាត់រហូតដល់កងទ័ពវៀតណាមវាយចូលមកដល់​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ១៩៧៩។ ខ្ញុំរួមទាំងប្រជាជនជាច្រើននាក់បានរត់ភៀសខ្លួនទៅកាន់ភ្នំ​ដង​រែកតាមបណ្តោយព្រំដែន​ថៃ។ ខ្ញុំ​ធ្វើដំណើរអស់រយៈពេលកន្លះខែ ទើបទៅដល់ច្រក១០០១ ដែលស្ថិតនៅក្រោមការ​គ្រប់​គ្រង់របស់ សុន សេន។ បន្ទាប់ពីមកដល់ច្រក១០០១ ខ្ញុំធ្វើការនៅអង្គភាពបិតចម្រូងរហូតដល់ឆ្នាំ១៩៨៥ ទើបកងទ័ពវៀតណាមវាយចូលមកដល់។ ខ្ញុំនិងប្រជាជនដែលរស់នៅទី​នោះបាននាំគ្នារត់មកកាន់តំបន់១០០៣វិញ ដែលគ្រប់គ្រង់​ដោយ តាម៉ុក។ នៅក្នុងឆ្នាំ១៩៩០ តាម៉ុក បានឲ្យប្រជាជនដែលរស់នៅលើភ្នំដងរែកចុះមក​រស់នៅក្នុងស្រុកអន្លង់វែង។

ឈន សាអ៊ុន ភេទប្រុស អាយុ៧០ឆ្នាំ សព្វថ្ងៃរស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ឈន សាអ៊ុន ភេទប្រុស អាយុ៧០ឆ្នាំ កើតនៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សព្វថ្ងៃ សាអ៊ុន រស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សាអ៊ុន បាននិយាយថា  នៅឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពេលនោះខ្ញុំឃើញមានឧទ្ធម្ភាគចក្រអាមរិកជាច្រើនគ្រឿងចាំទម្លាក់គ្រាប់នៅរកាខ្នុរ។ នៅឆ្នាំ​១៩៧២ ខ្ញុំបានចូលតស៊ូជាមួយខ្មែរក្រហម។ ដំបូងខ្ញុំធ្វើការជាស្មៀនឃុំ ប៉ុន្តែដោយសារមិនមាន​ការងារធ្វើខ្ញុំក៏សុំផ្លាស់ទៅនៅខាងយោធាវិញ។ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ចូនឲ្យទៅ​សមរភូមិមុខនៅទួលគក។ អស់រយៈពេលមួយយប់មួយថ្ងៃ យើងប្រយុទ្ធគ្នារហូតគ្មានពេលសម្រាកឡើយ។ ពេលនោះ កងកម្លាំងរបស់ខ្មែរក្រហមមានភាពស្វាហាប់ និងបានជីកលេណ​ដ្ឋានដើម្បីលាក់ខ្លួន។ កាលនោះ កងទ័ព លន់ នល់ បានដឹកជញ្ជូនស្បៀង និងសម្ភារតាមទន្លេអ្នកលឿង ដូច្នេះខ្មែរក្រមហមបានលួចដាក់កាំភ្លើងធំនៅតាមបណ្តោយទន្លេអ្នកលឿង និង​បានឲ្យកម្លាំង​ទ័ពរបស់ខ្លួននៅសមរភូមិទីក្រុងភ្នំពេញ វាយសម្រុកជាមុនធ្វើឲ្យកងទ័ព លន់ នល់ នៅអ្នកលឿងចលាចលព្រោះខ្លាចខ្មែរក្រហមវាយយកភ្នំពេញបាន។ លន់ នល់ ក៏ដកកងទ័ពមួយចំនួនរបស់ខ្លួនពីទន្លេអ្នកលឿងទៅភ្នំពេញវិញ។ ដូច្នេះខ្មែរក្រហមឆ្លៀតឱកាសវាយយកអ្នកលឿង។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមវាយយកបានភ្នំពេញ ​ខ្មែរក្រហមបានបញ្ជូនខ្ញុំមកកាន់ខេត្តមណ្ឌល​​គិរី​។ ខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិទាំងអស់ដាក់រួម ដោយមិនឲ្យមានកម្មសិទ្ធិ​ឯក​ជនឡើយ។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានសង្ស័យគ្នាឯង និងបានកាប់សម្លាប់​គ្នា។ នៅពេលដែលថ្នាក់លើចុះមកត្រួតពិនិត្យ មេសហករណ៍ដាំបាយនិងធ្វើម្ហូបឲ្យប្រជាជន​ហូបឆ្អែត ប៉ុន្តែពេលថ្នាក់លើទៅផុតគឺប្រជាជនត្រូវធ្វើការងារធ្ងន់ និងអត់អាហារដដែល។

រ៉ានី ភេទស្រី អាយុ៧០ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ (មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រ៉ានី ភេទស្រី អាយុ៧០ឆ្នាំ កើតនៅក្នុងភូមិកោះរំយើល ឃុំពាមជីមៀត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ រ៉ានី រស់នៅក្នុងភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រ៉ានី បាននិយាយរៀបរាប់អំពីបទពិសោធន៍តស៊ូរបស់ខ្លួនក្នុងសម័យ​ខ្មែរ​ក្រហម​ថា ខ្ញុំគឺជាកូនកាត់ជនជាតិភាគតិច ចារាយ ព្នង និងលាវ។ ម្ដាយរបស់ខ្ញុំជនជាតិ​ចារាយ​រីឯឪពុករបស់ខ្ញុំកាត់ព្នង និងលាវ។ កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គមចាស់​ក៏ឈប់រៀនដោយសារតែគ្រួសាររបស់ខ្ញុំមានជីវភាពខ្វះខាត។ ប្រជាជនដែលរស់នៅខេត្ត​មណ្ឌល​គិរីភាគ​ច្រើនគឺជាជនជាតិភាគតិច រួមមាន ព្នង ចារាយ លាវ និងទំពូន។ ជារៀង​រាល់ឆ្នាំប្រជាជន​តែងតែប្រារព្ធធ្វើពិធីសុំទឹកភ្លៀង និងធ្វើពិធីបន់ស្រន់សុំជាសះស្បើយពីជំងឺដែលកំពុងតែកើត​មាន។ ជនជាតិភាគតិចរបស់ខ្ញុំមិនអាចរៀបការជាមួយសាច់ញាតិ បងប្អូនជីដូន​មួយ ឬ ជាប់សាច់ឈាមគ្នា បានទេពីព្រោះយើងតំណមខ្លាចអ្នកតាកាច់​ឬ​ខ្លាចរន្ទះបាញ់ជា​ដើម។ នៅក្នុងឆ្នាំ១៩៦៨ គ្រូសារខ្ញុំរួមទាំងប្រជាជនដែលរស់នៅក្នុងស្រុកកោះញ៉ែកនាំគ្នា ​ចូលទៅរស់នៅក្នុងព្រៃដោយសារអាមេរិកទម្លាក់គ្រាប់បែក។ រហូតដល់ឆ្នាំ១៩៧០ ប្រជាជន​ដែលរស់នៅក្នុងព្រៃបានចេញមករស់នៅក្នុងភូមិស្រុករៀងៗខ្លួនវិញ។ ប៉ុន្តែខ្ញុំរស់​នៅ​ក្នុង​ភូមិមិនបាន​ប៉ុន្មានខែផងក៏រត់ចូលព្រៃម្តងទៀត ដោយសារ លន់ នល់ ធ្វើរដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែង។ គ្រួសាររបស់ខ្ញុំ រួមទាំងប្រជាជនជា​ច្រើននាក់ទៀត​ដែល​រស់​នៅ​ក្នុងព្រៃគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយចិញ្ចឹម​ជីវិតដោយការ​ជីកក្ដួច និងជីកដំឡូងព្រៃហូបនៅពេលអស់ស្បៀងអាហារ។ នៅចន្លោះ​ឆ្នាំ១៩៧៣ និង​ឆ្នាំ១៩៧៤ ខ្ញុំបានចូលធ្វើជាគ្រូពេទ្យ។ កាលនោះខ្ញុំអាចចូលរៀនពេទ្យបានដោយ​សារខ្ញុំអាចអាន និងសរសេរអក្សរបាន។ ខ្ញុំរៀនខាងជំនាញព្យាបាលជំងឺគ្រុនចាញ់។ នៅក្នុង​មន្ទីរពេទ្យខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រង និងបង្រៀនពីវេជ្ជបណ្ឌិត ជួន ជឿន។ បន្ទាប់ ពីខ្ញុំរៀន​ពេទ្យបានរយៈពេល៣ទៅ៤ខែ ខ្មែរក្រហមបញ្ជូនខ្ញុំមកព្យាបាលកងទ័ព និងប្រជាជន​នៅ​ក្នុងព្រៃដែលស្ថិតក្នុងខេត្តមណ្ឌលគិរី។ ខ្ញុំគឺជាមេក្រុមគ្រប់គ្រងក្រុមគ្រូពេទ្យនារីនៅក្នុង​កង​ពល​លេខ១៥។ ចំពោះការហូបចុក ទោះបីជាខ្ញុំជាគ្រូពេទ្យក៏ហូបខ្វះខាត​ដូចប្រជាជន​ទូទៅដែរ គឺខ្ញុំ​ត្រូវទៅជីកក្ដួចនិងដំឡូងយកមកហូបដើម្បីចិញ្ចឹមជីវិត។ មកដល់ឆ្នាំ១៩៨១ ខ្ញុំមានប្ដីដែលធ្វើជាកងទ័ព។ ខ្ញុំរស់នៅក្នុងព្រៃដែលស្ថិតក្នុងខេត្តមណ្ឌលគិរីរហូត​ដល់ឆ្នាំ​១៩៨៦ ទើបខ្ញុំនិងប្រជាជនទាំងអស់សម្រេចចិត្តធ្វើដំណើរឆ្ពោះមកភ្នំដងរែកដើម្បី​ចូលទៅរស់នៅជំរំក្នុងទឹកដីថៃ។ កាលនោះខ្ញុំមានការលំបាកក្នុងការធ្វើដំណើរ ព្រោះអាកាសធាតុ​ក្ដៅ អត់អាហារ ម្យ៉ាងវិញទៀតខ្ញុំមានកូនខ្ចី។ ខ្ញុំធ្វើដំណើរអស់រយៈពេល​២ខែកន្លះទើបបានមក​ដល់ព្រំដែនថៃ។ បន្ទាប់ពីខ្ញុំបានរស់នៅក្នុងជំរំក្នុងទឹកដីថៃ ទើបខ្ញុំលែងមាន​ការខ្វះខាត។ នៅក្នុងឆ្នាំ១៩៩០ គ្រួសាររបស់ខ្ញុំ រួមទាំងប្រជាជនដទៃទៀតដែលបានទៅ​រស់នៅជំរំក្នុងទឹកដីថៃ បានចុះមករស់នៅក្នុងស្រុកអន្លង់វែងវិញ។ នៅពេលនេះ តាម៉ុក បានរៀបចំចែកដីធ្លីឲ្យប្រជាជនធ្វើផ្ទះសម្បែង និងធ្វើស្រែចម្ការ សម្រាប់ហូបចុករៀងៗខ្លួន។ ប្រជាជនបានប្រកប​មុខរបរធ្វើស្រែចម្ការ និងរស់នៅស្ងប់សុខរហូតដល់ អ៊ុន តាក់ ចូលមក​ដល់​អន្លង់វែង នៅឆ្នាំ១៩៩៣។ ពេលនោះ ខ្ញុំរួមទាំងប្រជាជនបានរត់ឡើងលើភ្នំម្តងទៀត។ ខ្ញុំ និងប្រជាជន​ជាច្រើននាក់បានរស់នៅលើភ្នំដងរែករហូតដល់មានការផ្សះផ្សារធ្វើសមាហរណកម្មនៅអន្លង់វែងទើបនាំគ្នាចុះមករស់នៅតាមភូមិរៀងៗខ្លួនវិញ។

អត្ថបទ និងរូបថត ៖ សួត វិចិត្រ, មេក វិន និង ហ៊ាន ពិសី អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង