ពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សំណង់​ចេ​តី​យ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម និងការចងចំាអំពីប្រវត្តិសាស្រ្តខ្មែរក្រហមនៅកណ្ដាលវាលស្រែក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្មវិធីពិធីសម្ពោធចេតីយ៍មានការចូលរួមពីលោក សៀង ស៊ីផាន ក្រុមប្រឹក្សាឃុំគគរ, លោកស្រី នែនស៊ី អ៊ីសស្លីក ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID), អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅឃុំគគរ, លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

លោកស្រី នែនស៊ី អ៊ីសស្លីក ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ជាកិច្ចចាប់ផ្ដើម លោក សៀង ស៊ីផាន ក្រុមប្រឹក្សាឃុំគគរ ថ្លែងអំពីសារសំខាន់នៃការចងចាំអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។ លោក ស៊ីផាន រំឭកអំពីរឿងរ៉ាវដែលខ្លួនបានឆ្លងក្នុងរបបខ្មែរក្រហម រួមមាន ការឃ្លាតឆ្ងាយពីក្រុមគ្រួសារ ការអត់ឃ្លាន និងការកាប់សម្លាប់។ លោក ស៊ីផាន បានបញ្ជាក់ថា «រឿងរ៉ាវរបស់ខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិចំការសាមសិប គឺត្រូវបានរំឭកនៅទីតាំងចេតីយ៍ដែលជាទីតាំងប្រវត្តិសាស្រ្ត»។ លោក ស៊ីផាន បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយគឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលបានសាងសង់ចេតីយ៍នេះ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំកម្មវិធីពិធីសម្ពោធនេះឡើង។

លោកស្រី នែនស៊ី អ៊ីសស្លីក ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ថ្លែងអំពីការពេញចិត្ត និងគាំទ្រចំពោះការផ្ដួចផ្ដើមគំនិតក្នុងការសាងសង់ចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហមនៅក្នុងមូលដ្ឋាន។

ពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក តុង សុភា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាតំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិគគរ ថ្លែងថា «ថ្ងៃនេះគឺជាថ្ងៃដ៏មានសារសំខាន់ចំពោះខ្ញុំ និងអ្នកភូមិចំការសាមសិប ក្នុងការដាក់សម្ពោធសំណង់ចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។ ចេតីយ៍នេះគឺជាទីតាំងរំឭកអំពីប្រវត្តិរឿងរ៉ាវអំពីការរស់នៅក្នុងរបបខ្មែរក្រហម និងការចងចាំអំពីរឿងរ៉ាវទុកលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិចំការសាមសិប ឃុំគគរ បន្តចូលរួមផ្ដួចផ្ដើមគំនិត និងចែករំលែករឿងរ៉ាវរបស់ខ្លួនដែលបានឆ្លងកាត់ទៅដល់ក្មេងជំនាន់ក្រោយ ដើម្បីទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ ជាចុងក្រោយ ខ្ញុំបាទតំណាងសមាគមអ្នករស់រានមានជីវិតពីរបបខ្មែក្រហមនៅភូមិចំការសាមសិប សូម ថ្លែងអំណរគុណដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)  ដែលបានឧបត្ថម្ភក្នុងការសាងសង់ចេតីយ៍ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងក្រុមការងារដែលបានគាំទ្រដល់គំនិតផ្ដួចផ្ដើមនេះឲ្យ កើតចេញជារូបរាង។ សូមអរគុណដល់អ្នកស្ម័គ្រចិត្តកម្ពុជា ដែលបានចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយកចិត្តទុកដាក់លើសុខភាពរបស់គាត់»។

ពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្ទាប់ពីការថ្លែងសុន្ទរកថា គណៈអធិបតី លោកតាលោកយាយ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមពិធីបង្វិលពពិលនៅជុំវិញចេតីយ៍ចំនួន៣ជុំ បន្ទាប់មកប្រគេនទេយ្យទានដល់ព្រះសង្ឃ និងសូត្រមន្ដបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម។

ស្របពេលកម្មវិធីសម្ពោធចេតីយ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំកម្មវិធីមួយចំនួនទៀតដូចខាងក្រោម៖

ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដាក់តាំងពិព័រណ៍រូបថតនៅក្នុងពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ពិព័រណ៍រូបថតអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

នៅវេលាម៉ោង៣:៣០នាទីរសៀល អ្នកស្ម័គ្រចិត្តកម្ពុជា ជំនាន់ទី៣ ប្រចាំខេត្តកំពង់ចាម រៀបចំដាក់តាំងពិព័រណ៍រូបថតអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការចាប់ផ្ដើមការសាងសង់សំណង់ចេតីយ៍ និងសកម្មភាពការងាររបស់ស្ម័គ្រចិត្តកម្ពុជាចុះជួបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមូលដ្ឋាន។ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យគគរ និងអ្នកភូមិជាច្រើនបានចូលទស្សនាពិព័រណ៍រូបថតនេះ។ ខាងក្រោម គឺជាទស្សនៈយល់ឃើញរបស់អ្នកចូលរួម ៖

អ៊ំប្រុស អៀង សារឿន យល់ថា «ការដាក់តាំងបង្ហាញរឿងរ៉ាវរបស់អ្នកដែលបានឆ្លងកាត់របបខ្មែរក្រហម បានរំឭកដល់ខ្ញុំអំពីការចងចាំមិនអាចបំភ្លេចបាននៃការបាត់បង់សាច់ញាតិ ការលំបាក និងការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម។ ពិព័រណ៍នេះមានសារសំខាន់ណាស់ដើម្បីឲ្យក្មេងជំនាន់ក្រោយយល់ដឹងអំពីប្រវត្តិសាស្រ្ត»។

លោកយាយ មុយ ហ៊ាង លើកឡើងថា «នៅពេលខ្ញុំឃើញរូបភាព និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀត ខ្ញុំនឹកឃើញដល់ពេលវេលាលំបាកដែលខ្ញុំធ្វើការនៅកងចល័តនារីនៅក្នុងរបបខ្មែរក្រហម​»។

លោកគ្រូ រស់ បញ្ញា បង្រៀនមុខវិទ្យាប្រវត្តិសាស្រ្តនៅអនុវិទ្យាល័យភូមិថ្មី បង្ហាញចំណាប់អារម្មណ៍ថា ការដាក់​​តាំងពិព័រណ៍នៅទីតាំងចេតីយ៍នេះ គឺល្អខ្លាំងណាស់ដើម្បីផ្ដល់ការយល់ដឹងពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមបន្ថែមទៀត ដើម្បីរំឭកដល់ប្រជាជនកម្ពុជាដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំស្នើសុំឲ្យមានការដាក់តាំងពិព័រណ៍បែបនេះបន្តទៀត ។ ខ្ញុំនឹងដឹកនាំសិស្សមកធ្វើទស្សនាកិច្ចនៅទីតាំងចេតីយ៍នេះនាពេលអនាគត។

ការចាក់បញ្ចាំងវីដេអូរឯកសារ «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្រ្តី រ៉ក់ អេន រ៉ូល» នៅក្នុងពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ការចាក់បញ្ចាំងវីដេអូរឯកសារ «កុំ​ស្មាន​បង​ភ្លេច៖ ខ្មែរបាត់បង់តន្រ្តី រ៉ក់ អេន រ៉ូល»

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម រៀបចំការចាក់បញ្ចាំងវីដេអូរឯកសារ ចំណងជើងថា «កុំស្មានបងភ្លេច» ដែលបង្ហាញអំពីតន្រ្តី វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជា។ ការបញ្ចាំងវីដេអូឯកសារនេះ គឺធ្វើឡើងនៅកណ្ដាលវាលស្រែជិតទីតាំងចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម ដោយមានការចូលរួមទស្សនារបស់អ្នកភូមិចំការសាមសិបជាច្រើន។ ការបញ្ចាំងវីដេអូឯកសារនេះចាប់ផ្ដើមពីវេលាម៉ោង៦:៣០នាទីល្ងាចដល់វេលាម៉ោង៨:៣០នាទីយប់។

អត្ថបទ ៖ មេន នឿន និង អេង វណ្ណនីកា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ ខេត្តកំពង់ចាម

លោកស្រី នែនស៊ី អ៊ីសស្លីក ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ចូលរួមពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)
សិស្សានុសិស្សចូលរួមពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)
មន្រ្តីនគរបាលកំពុងមើលពិព័រណ៍រូបថតនៅក្នុងពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ការដាក់តាំងពិព័រណ៍រូបថតនៅក្នុងពិធីសម្ពោធចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ចេតីយ៍រំឭកវិញ្ញាណក្ខន្ធជនរងគ្រោះពីរបបខ្មែរក្រហម នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (អ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី៣ខេត្តកំពង់ចាម/មជ្ឈមណ្ឌលឯកសារកម្ពុជា)
អត្ថបទផ្សេងទៀត៖