សឿ ណន ៖ ពិការជើងដោយសារគ្រាប់មីន

សឿ ណន មានអាយុ៨៤ឆ្នាំ  សព្វថ្ងៃរស់នៅក្នុងភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ ណន មានប្តីឈ្មោះ ពៅ ឃីន និងមានកូនប្រុសស្រីចំនួន៦នាក់ ក្នុងនោះមានប្រុសចំនួន៥នាក់ និងស្រីចំនួន១នាក់ ។

សឿ ណន មានអាយុ៨៤ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីសម័យ លន់ នល់ ណន រស់នៅទីក្រុងភ្នំពេញ។ ណន មានមុខរបរជាអ្នកលក់បន្លែ ចំណែកប្តីរបស់គាត់គឺជាទាហាន លន់ នល់។ ប្តីរបស់ ណន មិនមានប្រាក់ខែច្រើនទេ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ណន និងក្រុមគ្រួសារ ត្រូវយោធាខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅតាមតំបន់ជនបទ។ ណន បានធ្វើដំណើរមកដល់ស្រុកអង្គរជ័យ។ ដោយសារតែ ណន ធ្លាប់រស់នៅភ្នំពេញ ទើបអង្គការចាត់ទុក ណន គឺជាប្រជាជន១៧មេសា។ អង្គការដាក់ឲ្យគ្រួសាររបស់ ណន រស់នៅដោយឡែក ដោយមិនឲ្យរស់នៅលាយឡំជាមួយអ្នកមូលដ្ឋានឡើយ។ ខ្មែរក្រហមបានយកកូនរបស់ ណន ទាំង៥នាក់ឲ្យទៅរស់នៅក្នុងកងកុមារដោយមិនឲ្យរស់នៅជាមួយម្ដាយ។ អង្គការប្រើ ណន និងប្រជាជនផ្សេងទៀតឲ្យធ្វើការហួសកម្លាំង និងមិនផ្តល់អាហារឲ្យហូបចុកគ្រប់គ្រាន់ឡើយ។ ណន រស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារបងប្អូន និងភ័យខ្លាចខ្លាចជារៀងរាល់ថ្ងៃ។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ណន បានមក នៅក្នុងស្រុកអង្គរជ័យដដែលជាមួយនឹងក្រុមគ្រួសារ។

យាយ សឿ ណន និង សៀង កញ្ញា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៨៣ ពេល ណន ទៅកាប់ឈើនៅភ្នំម្រោមដើម្បីយកមកប្រើប្រាស់ ក៏បានជាន់មីនធ្វើឲ្យ គាត់ពិការជើងខាងស្តាំ ដែលពេលនោះគាត់ទើបតែសម្រាលកូនបានរយៈពេល៥ខែតែប៉ុណ្ណោះ។ នៅក្នុងឆ្នាំ១៩៩១ មានមនុស្សបានយកគ្រាប់មីនមកដាក់ក្នុងចម្ការបន្លែរបស់គាត់ ហើយពេលដែលប្តីរបស់ ណន ដើរទៅចម្ការដូចសព្វដង ក៏ជាន់មីនបណ្តាលឲ្យពិការជើងម្ខាងដែរ។ រយៈពេល៥ឆ្នាំក្រោយមកប្តីរបស់ ណន បានស្លាប់។ ណន រស់នៅជាមួយនឹងកូនៗចំនួន៦នាក់ ហើយបន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់មកលើ ណន។ ណន ខិតខំដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនៗឲ្យបានរស់រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ណន កាន់តែមានវ័យចំណាស់ហើយភ្នែករបស់គាត់ក៏ស្រវាំង។ ណន ដើរដោយប្រើឈើច្រត់ទប់កុំឲ្យដួល។

សាលាស្រុកអង្គរជ័យ ខេត្តកំពត។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ណន មានអារម្មណ៍ដូរស្រាលដោយសារគាត់បាននិយាយរឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហម។ ដោយសារតែមានការលំបាកពេលក្រោកដើរម្តងៗ ដូចេ្នះ ណន បានស្នើសុំរទេះសម្រាប់ជនពិការមួយគ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរ និងស្នើសុំវ៉ែនតាពាក់ព្រោះភ្នែករបស់គាត់មើលមិនច្បាស់ឡើយ។

អត្ថបទ និងរូបថត ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

អត្ថបទផ្សេងទៀត៖