ទិវានារីអន្តរជាតិ – ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

នៅថ្ងៃទី៨ ខែមីនាជារៀងរាល់ឆ្នាំ ទិវានារីអន្តរជាតិ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតមួយ ដែល ត្រូវបានប្រារព្ធ ឡើងដើម្បីអបអរដល់សមិទ្ធផលរបស់ស្ត្រី បង្កើនការយល់ដឹងអំពីសមភាពរបស់ស្ត្រី និងជំរុញសមភាព​យេនឌ័រ ឲ្យកាន់តែប្រសើរឡើង។ ថ្ងៃនេះ ខ្ញុំសូមថ្វាយសម្តេចម៉ែនូវ​ព្រះកិត្តិយស ចំពោះការបំពេញព្រះរាជកិច្ចដោយឥត នឿយណាយរបស់ព្រះអង្គ សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ព្រះរាជដំណើរជីវិតមួយផ្នែកនៃព្រះអង្គ ត្រូវបានពិពណ៌នានៅក្នុងសៀវភៅ សាក្សីប្រវត្តិសាស្ត្រ។ ក្នុងព្រះនាមជាព្រះរាជវរមាតាជាតិខ្មែរ ព្រះមហាក្សត្រី គឺជាព្រះរាជសាក្សីនៃជំពូកជាច្រើនរបស់ ប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ តាមរយៈប្រវត្តិសាស្ត្រនេះ ព្រះអង្គបានបំពេញព្រះរាជកិច្ចទាំងនៅលើ ឆាកជាតិនិងអន្តរជាតិ ព្រមទាំងព្រះរាជកិច្ច​សំខាន់ៗ​ជាច្រើនដែលមិនសូវដឹងឮ ដើម្បីទ្រទ្រង់ដល់ ប្រជាជនកម្ពុជាទាំងអស់។ ឆ្លៀតឱកាសនៅក្នុងថ្ងៃដែលទទួលស្គាល់ចំពោះតម្លៃ ក៏ដូចជាលើក កម្ពស់សិទ្ធិរបស់ស្ត្រីទាំងអស់ ខ្ញុំសូមថ្វាយព្រះកិត្តិយស សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាវីរស្ត្រីមួយព្រះអង្គ នៃស្ត្រីគ្រប់រូបនិងជនរួមជាតិកម្ពុជាទាំងអស់។

ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា

សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ៖ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ»។ សៀវភៅកំណត់ហេតុរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានបកប្រែពីភាសាបារាំង ដោយលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រេស ដែលបានបំពេញតួនាទីជាលេខាផ្ទាល់ជាន់ខ្ពស់របស់សម្តេចព្រះបរមរតនកោដ្ឋ ប្រមាណជាង១២ឆ្នាំ។ សៀវភៅកំណត់ហេតុនេះ បោះពុម្ពឡើងដោយគម្រោងស្រាវជ្រាវភាសាចិន របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)