វេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ

នៅវេលាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ បានបន្តបើកវេទិកាថ្នាក់រៀនស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)សម្រាប់សិស្សានុសិស្សថ្នាក់ទី១១ និងទី១២​នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។​ សិស្សានុសិស្សចំនួន៣១នាក់ និងមានការចូលរួមពីលោកគ្រូចំនួន៣នាក់។ ការរៀបចំវេទិកាថ្នាក់រៀននេះឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការចែក​រំលែក និងបង្ហាញពីចំណេះដឹងផ្ទាល់ខ្លួនរបស់ពួកគេនៅលើអ្វីដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), លើកទឹកចិត្តសិស្សឲ្យមានការគិតពិចារណា លើផលវិបាកអន្តរកាលកេរដំណែលនេះ​ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន, ជំរុញការពិភាក្សាអំពីកេរដំណែលនេះនៅក្នុងគ្រួសារ និងសហគមន៍, ជំរុញការពិភាក្សាអំពីការលើកឡើងនូវ យុទ្ធសាស្រ្តមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងប្រទេស។

ជាកិច្ចចាប់ផ្តើមក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានចែកក្រដាសវាស់ស្ទង់ចំណេះដឹងដល់សិស្សមុនចាប់ផ្ដើមវេទិកាថ្នាក់រៀន។ បន្ទាប់មកក្រុមការងារបានចែកសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្ស។ បន្ទាប់មកលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ធ្វើការណែនាំខ្លួន និងជម្រាបដល់សិស្សានុសិស្ស ទាក់ទងមជ្ឈមណ្ឌលឯកសារកោះថ្ម បង្កើតឡើងក្រោមកិច្ចសហ​ការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំយុវជន និងកីឡា ក្រសួងការពារជាតិ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមឯកសារកោះថ្មមានគោលបំណង​ ដើម្បីបង្ហាញអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទស​វត្សរ៍​​ឆ្នាំ១៩៦០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០,ពង្រឹងដល់ដំណើរការសន្តិភាព និងទប់ស្កាត់ជម្លោះនានាតាមរយៈកម្មវិធីអប់រំ ផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយដែលភាគច្រើនរស់នៅតាមជនបទចូលរួមរៀនសូត្រ, លើកទឹកចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងការចែករំលែកអំពីរឿងរ៉ាវ ឬបទពិសោធន៍ផ្ទាល់ខ្លួនដល់ក្មេងៗជំនាន់ក្រោយ។ ប្រមែប្រមូលរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទីតាំងបទឧក្រិដ្ឋដែលបន្សល់ពីរបបខ្មែរក្រហម។ កិច្ចបន្ទាប់ លោក ឡុង ដានី បានដឹកនាំសិស្សានុសិស្សដើរទស្សនាពិព័រណ៍រូបថតដែលបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។ រូបថតទាំងនោះរួមមាន រូបថតបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដោយផ្តើមចេញពីតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកស្នួល ខេត្តក្រចេះ។ រូបថតរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែលធ្វើឲ្យប្រជាជនកម្ពុជាប្រមាណ២លាននាក់ស្លាប់។ រូបថតនៃសកម្មភាពប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ រូបថតភ័ស្ថុតាងមួយចំនួនអំពីបទឧក្រិដ្ឋរបស់ខ្មែរក្រហមមកលើប្រជាជនកម្ពុជា។ រូបគំនូរបង្ហាញអំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងចុងក្រោយគឺរូបថតស្តីអំពីការផ្តួចផ្តើមបង្កើតគោលនយោបាយ ឈ្នះ ឈ្នះ របស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងការទទួលបានសន្តិភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨។

កោះថ្មគឺជាទីតាំងប្រវត្តិសាស្ត្រនៃដំណើរផ្សងគ្រោះថ្នាក់ដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់រួមមាន៖ នុច ថន, ញឹក ហួន,ស៊ូ គឹមស្រ៊ាងហៅ សាញ់ និង វ៉ា ប៉ោអ៊ាន ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ជាកិច្ចបន្តលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជាធ្វើបទបង្ហាញដល់សិស្សានុសិស្សនូវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩​៧៥ -១៩៧៩)។ លោក ផេង ពង្សរ៉ាស៊ី លើកយកគោលនយោបាយទាំង៨ចំណុចដែលខ្មែរក្រហមអនុវត្តន៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥ -១៩៧៩) មកបកស្រាយបង្ហាញដល់សិស្សា​នុសិស្សមានដូចខាងក្រោម៖ ១) ការជម្លៀសប្រជាជនដោយបង្ខំ ២)ការលុបបំបាត់លុយ ផ្សារ ទ្រព្យសម្បត្តិឯកជន ប្រពៃណី សាសនាទំនៀមទម្លាប់ និងបំផ្លាញសាលារៀន វត្តអារាម និងកន្លែងលក់ដូរផ្សេងៗ  ៣)ការបង្កើតសហករណ៍ ការដ្ឋានការងារ ៤)បំបាត់សិទ្ធិសេរីភាពប្រជាជន ៥)បំបែកបំបាក់ក្រុមគ្រួសារ និងបង្ខំឲ្យធ្វើការងារហួសកម្លាំង ៦)សម្លាប់អ្នកចេះដឹង អតីតទាហាន លន់ នល់ និងជនជាតិភាគតិច ចាម វៀតណាម ចិន ៧)បង្កើតមន្ទីរឃុំឃាំងសម្រាប់ឃុំឃាំង​ប្រជាជនដែលត្រូវបានចោទថាក្បត់ ៨)ប្រកាសសង្រ្គាម និងបញ្ជូនកងទ័ពទៅតាមព្រំដែនជាមួយប្រទេសវៀតណាម។ ផលប៉ះពាល់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ គឺសង្គមកម្ពុជាទាំងមូលបានបែកបាក់ បន្សល់ទុក ស្រ្តីមេម៉ាយ និងក្មេងកំព្រារាប់សែននាក់។ ប្រជាជនកម្ពុជាដែលនៅរស់រានមានជីវិតបានប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ និងមានគ្រាប់មីនរាប់ម៉ឺនគ្រាប់កប់ក្នុងដីក្នុងប្រទេសកម្ពុជា​​។ កត្តាទាំងនេះបណ្តាលឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងភាពក្រីក្ររហូតមកដល់សព្វថ្ងៃ។ បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី ចាក់បញ្ចាំងខ្សែភាពយន្តឯកសារកុមារកម្ពុជាដល់សិស្សានុសិស្សទស្សនា។

នៅចុងបញ្ចប់វេទិកាថ្នាក់រៀន ផេង ពង្សរ៉ាស៊ី ធ្វើបទបង្ហាញពីនិយមន័យ និង ហេតុដែលបង្កឲ្យមានឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងវាស់ស្ទង់ចំណេះដឹងសិស្សក្រោយវេទិកាបញ្ចប់ ដោយប្រើប្រាស់កម្រងសំណួរវាស់ស្ទង់មតិ។ លោកគ្រូ និងសិស្សានុសិស្សមានចំណាប់អារម្មណ៍ចំពោះវេទិកាថ្នាក់រៀនដូចខាងក្រោម៖

«ខ្ញុំឈ្មោះ ចាន់ សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ គឺជាគ្រូបង្រៀនវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារឯកទេសប្រវត្តិវិទ្យា។ ខ្ញុំពិតជាអរគុណច្រើនដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានអញ្ជើញខ្ញុំដែលជាគ្រូបង្រៀនមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងបានបង្រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់សិស្សានុសិស្សមិនសូវបានដឹងពីប្រវត្តិ​សាស្រ្តខ្មែរក្រហមនេះទេ។ ម្យ៉ាងទៀតក្មេងៗមួយចំនួនមិនសូវចាប់អារម្មណ៍រឿងរ៉ាវដែលបានកើតឡើងនៅក្នុងសម័យនោះទេ ទោះជារឿងរ៉ាវទាំងអស់នេះជាការពិតក៏ដោយ។ បន្ទាប់ពីបានស្ដាប់លោកគ្រូឧទ្ទេសធ្វើបទបង្ហាញដោយយកចិត្តទុកដាក់និងជក់ចិត្តរួចមក ខ្ញុំមានអារម្មណ៍ថា ដូចជាបានត្រឡប់រៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរសារឡើងវិញម្ដងទៀត។ ការចូលរួមវគ្គសិក្សាបែបនេះខ្ញុំមើលទៅសិស្សបានស្វែងយល់ និងទទួលបានចំណេះដឹងជ្រៅជ្រះជាងមុន។ ម៉្យាងទៀតពួកគាត់មានអារម្មណ៍ចាប់ផ្ដើមចង់ដឹងមេរៀនប្រវត្តិសាស្រ្តច្រើនជាងមុន។ ជាចុងក្រោយខ្ញុំសូមឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាក៏ដូចជាមជ្ឈមណ្ឌលឯកសារកោះថ្មនេះនៅតែមានវេទិកាថ្នាក់រៀនសម្រាប់ផ្ដល់ឱកាសដល់សិស្សានុសិស្សក្រោយៗចូលរួមវគ្គសិក្សាជាបន្តបន្ទាប់ទៀត»។

«ខ្ញុំឈ្មោះ ហ៊ម ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ បន្ទាប់ពីលោកគ្រូឧទ្ទេសបង្រៀនចប់ខ្ញុំទទួលបានចំណេះដឹងច្រើនជាងមុន។ ខ្ញុំមានការរីករាយដែលបានសួរសំណួរខ្ញុំឆ្ងល់ទៅកាន់លោកគ្រូឧទ្ទេស ហើយលោកគ្រូក៏បកស្រាយនូវសំណួរមកខ្ញុំវិញយ៉ាងល្អប្រសើរ។ មុនពេលចូលរួមវេទិកាថ្នាក់រៀននេះខ្ញុំបានយល់ដឹងពីរបបខ្មែរក្រហមប្រហែលតិចជាង៥០%។ ក្រោយពេលលោកគ្រូឧទ្ទេសធ្វើបទបង្ហាញរួចមកធ្វើឲ្យខ្ញុំទទួលចំណេះដឹងច្រើនបន្ថែមទៀត។ ចំពោះរូប ពិព័រណ៍នៅលើជញ្ជាំងមជ្ឈមណ្ឌលឯកសារកោះថ្ម កាលពីដំបូងខ្ញុំមានចម្ងល់ថា តើសម្ដេច ហ៊ុន សែន ធ្វើដំណើរចេញពីកោះថ្មទៅប្រទេសវៀតណាមដោយរបៀបណា? សម្តេចធ្វើដំណើរទៅដោយមធ្យោបាយអ្វី? ក្រោយពេលលោកគ្រូបាននាំដើរទស្សនា និងពន្យល់ពីរូបថតនីមួយៗនៅតាមជញ្ជាំងធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់និងអាចពន្យល់ប្រាប់​ទៅមិត្តភ័ក្តិដទៃទៀត ប្រសិនបើពួកគេមានចម្ងល់។ ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូដែលបង្កើតកម្មវិធីទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកោះថ្ម ជាហេតុធ្វើឲ្យខ្ញុំយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់កម្ពុជាប្រជាធិបតេយ្យបន្ថែម។ ម៉្យាងទៀតខ្ញុំចង់ឲ្យសិស្សានុសិស្សក្រោយៗមកសិក្សារៀនសូត្រដូចជារូបខ្ញុំដែរ»។

«ខ្ញុំឈ្មោះ ជីវ៉ា សារីន ភេទប្រុស អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ។ ចំពោះខ្ញុំពិតជារីករាយដែលចូលមកសិក្សានៅមណ្ឌលឯកសារកោះថ្ម ជាដំបូងខ្ញុំចាប់អារម្មណ៍ជាងគេទៅ​លើរូបភាពដែលតាំងពិព័រណ៍នៅលើជញ្ជាំង។ ចំពោះដំណើររបស់សម្ដេចតេជោ ហ៊ុន សែន យកអាយុជីវិតជាដើមទុនដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំរឹតតែច្បាស់បន្ថែម ក្រោយពេលលោក ឡុង ដានី បង្ហាញពិព័រណ៍រូបថតនៅតាមជញ្ជាំងអំពីដំណើររបស់សម្ដេច ហ៊ុន សែន ធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីរំដោះប្រជាជនកម្ពុជាចេញពីភាពខ្មៅងងឹត។ ខ្ញុំរឹតតែដឹងច្បាស់ពីដំណើររបស់សម្ដេចទៅប្រទេសវៀតណាម និងផែនទីមួយចំនួនទៀតដែលដៅចំណុចសំខាន់ៗនៃដំណើរនេះ។ ចំពោះខ្ញុំកាលពីមុនមានចម្ងល់ណាស់ថាតើសម្ដេចធ្វើដំណើរទៅប្រទេសវៀតណាមដោយរបៀបណា? ក្រោយពេលខ្ញុំបានចូលមកដល់មជ្ឈមណ្ឌលឯកសារកោះថ្ម និងមើលទៅលើជញ្ជាំង ខ្ញុំគិតថាវាពិតជាអស្ចារ្យដែលបានឃើញរូបភាព ការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន។ សម្តេច បានចេញពីប្រទេសដើម្បីតស៊ូរំដោះប្រទេស​កម្ពុជាឲ្យរួចផុតពីរបបខ្មៅងងឹត។ ការធ្វើដំណើរចេញពីភូមិកោះថ្ម ទៅកាន់ប្រទេសវៀតណាម ដោយពុំដឹងថាខ្លួនស្លាប់ឬរស់ឬត្រូវខ្មែរក្រហមសម្លាប់ឬ ពេលដល់ប្រទេសវៀតណាម កងទ័ពវៀតណាមចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ឬត្រូវវៀតណាមដាក់គុកធ្វើទារុណកម្មបែបណានោះទេ។ ចំពោះចំណុចផ្សេងនៃមេរៀនកម្ពុជាប្រជាធិបតេយ្យខ្ញុំបានយល់ច្រើនជាងមុន។ ចំពោះភាពស្រពេចស្រពិលមិនទាន់បានយល់ច្បាស់បន្ទាប់​ពីចូលរួមវគ្គសិក្សានេះ។ ខ្ញុំពិតជាអរគុណដល់លោកគ្រូខ្លាំងណាស់ដែលអនុញ្ញាតឲ្យខ្ញុំសួរសំណួរទៅកាន់លោកគ្រូ ហើយបានឆ្លើយសំណួរយ៉ាងល្អមកកាន់ខ្ញុំវិញ»។

អត្ថបទ ៖ ឈុំ រ៉ា, គាត ស្រីឡែន និងឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖