វេទិកាថ្នាក់រៀនចុងសប្តាហ៍ជាមួយសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន អង្គរស ស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ

មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានរៀបចំវេទិកាថ្នាក់រៀនលើកទី៨៤ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង ដែលមានទីតាំងស្ថិតក្នុងមជ្ឈ​មណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង។ សិស្សានុសិស្សថ្នាក់ទី១២ ចំនួន៤៨នាក់(ស្រី៣៧នាក់) បានចូលរួមនៅក្នុងវេទិកាថ្នាក់រៀននេះ ក្រោមការដឹកនាំពីគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យហ៊ុនសែនអង្គរស។ ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ផ្តល់នូវចំណេះដឹងបន្ថែមដល់សិស្សានុសិស្ស ឲ្យបានយល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងផ្តល់ឱកាសដល់សិស្សានុសិស្សដែលបានចូលរួម ធ្វើការ​ចែក​រំលែកនូវចំណេះដឹងផ្ទាល់ខ្លួន ក៏ដូចជាបទពិសោធន៍ដែលខ្លួនបានដឹងពីជីដូនជីតាប្រាប់ដល់សិស្សានុសិស្សឯទៀត ដែលមានវត្តមាននៅក្នុងវេទិកាថ្នាក់រៀន។ ក្រៅពីនេះ គឺដើម្បីលើកទឹកចិត្តឲ្យមានការ វិភាគ ការ​គិតពិចារណា ទៅលើសង្គមកម្ពុជាប្រជាធិបតេយ្យ។ លើសពីនេះទៅទៀតគឺ ដើម្បីជម្រុញឲ្យមានការពិភាក្សា វែកញែករកខុសត្រូវ និងយុទ្ធសាស្ត្រមួយចំនួនក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សនេះ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានយល់ព្រមនឹងសំណើររបស់គណគ្រប់គ្រងវិទ្យាល័យ ហ៊ុនសែន អង្គរស ក្នុងការបញ្ជូនសិស្សានុសិស្សឲ្យមកចូលរួមក្នុងវេទិកាថ្នាក់រៀន ដោយ​មូលហេតុថា នៅក្នុងឆ្នាំ២០២២នេះ សាលាវិទ្យាល័យ ហ៊ុនសែន អង្គសរ ពុំទាន់បានអញ្ជើញសិស្សានុសិស្សថ្នាក់ទី១២ជំនាន់ថ្មី មកទទួលនូវចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនៅក្នុងវេទិកាថ្នាក់រៀន ដែលបានប្រព្រឹត្តិនៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងនៅឡើយទេ។

វិទ្យាល័យ ហ៊ុនសែន អង្គរស មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង។ កាលដើមឡើយវិទ្យាល័យនេះ ពុំទាន់មានកម្រិតថ្នាក់វិទ្យាល័យនៅឡើយទេ។ ស្ថិតនៅក្នុងសម័យសង្គមរាស្ត្រនិយម សាលានេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥១ ជាសាលាបឋមសិក្សាអង្គរស ដឹកនាំដោយព្រះតេជគុណ ប៉ែន ពៅ។ លុះមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជាថ្ងៃធ្វើរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ប្រទេសជាតិចាប់ផ្តើមកើតមានសង្គ្រាម ហើយសាលាបឋមសិក្សាអង្គរសត្រូវបានបិទទ្វារ។ នៅក្នុងរបបខ្មែរក្រហម សាលាបឋមសិក្សាអង្គរស ត្រូវអង្គការយកទៅធ្វើជាមន្ទីរពេទ្យប្រចាំភូមិអង្គរស។ ក្រោយមក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៧ សាលាបឋមសិក្សាអង្គរស ត្រូវបានផ្លាស់ប្តូរទៅជាអនុវិទ្យាល័យអង្គរសវិញ។ រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៨ សាលាអនុវិទ្យាល័យអង្គរសក៏បានប្រែក្លាយទៅជា វិទ្យាល័យ ហ៊ុនសែន អង្គរស រហូតមកដល់បច្ចុប្បន្ននេះ ដែលមានអគារចំនួន៣ខ្នង និងអគារពីរជាន់ចំនួន១ខ្នង ស្មើនឹង៣២បន្ទប់។

កាលវិភាគវេទិកាថ្នាក់រៀន ១) ការណែនាំអំពី មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ២) ការទស្សនាពិព័រណ៍រូបថត ៣) បំពេញតារាងស្ទាបស្ទង់មតិ (មុនពេលការធ្វើបទបង្ហាញ) ៤) បទបង្ហាញសង្ខេបពី ប្រវត្តិសាស្ត្រខ្មែរក្រហមនិងផលប៉ះពាល់ក្រោយរបបនេះ ៥) សំណួរចម្លើយពី ប្រវត្តិសាស្ត្រខ្មែរក្រហម ៦) ទស្សនាខ្សែភាពយន្តខ្លី «កុមារកម្ពុជា» សម្រាកអាហារថ្ងៃត្រង់ ៧) បទបង្ហាញពីនិយមន័យ និងកត្តាគ្រោះថ្នាក់ដែលនាំឲ្យកើតមានអំពើឃោរឃៅ ៨) បំពេញតារាងស្ទាបស្ទង់មតិ (ក្រោយពេលស្តាប់ការធ្វើបទបង្ហាញ ៩) ចែកចាយសៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ១០) ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

សកម្មភាពវេទិកាថ្នាក់រៀន សិស្សានុសិស្សទាំងអស់បានធ្វើដំណើរមកដល់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ នៅពេលសិស្សានុសិស្សមកដល់ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានអនុវត្តវិធានការសុខាភិបាលជាដំបូងគេ ដូចជាការពាក់ម៉ាស និងការលាងដៃជាមួយនឹងអាល់កុលជាដើម មុននឹងសិស្សចូលរួមក្នុងវេទិកាថ្នាក់រៀន។ ក្រុមការងាររបស់​មជ្ឍមណ្ឌលឯកសារកម្ពុជា បានត្រៀមរួចជាស្រេច នូវអាល់កុល និងម៉ាស់ ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សពីការរីករាលដាលពីនៃជំងឺកូវីដ-១៩ បើទោះជាដឹងថាបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ នៅក្នុងប្រទេសត្រូវបានអន់ថយ ក៏យើងនៅតែបន្តប្រុងប្រយ័ត្នដែរ។

ដំណើរការនៃការចាប់ផ្តើមនៃវេទិកាថ្នាក់រៀននេះ ជាដំបូងលោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានចាប់ផ្តើមណែនាំដល់សិស្សានុសិស្សទាំងអស់អំពីការបង្កើតមជ្ឈមណ្ឌលឯកសារនេះឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ប្រមូលចងក្រងឯកសារទាំងឡាយណាដែលទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ តាមរយៈការសម្ភាសជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម យកមកតម្កល់ទុកធ្វើជាឯកសារសម្រាប់ក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រ ដើម្បីការចងចាំ និងប្រើប្រាស់ជាមេរៀនបន្ថែម ស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ចំពោះ ការទស្សនាពិព័រណ៍រូបថតគ្រូឧទ្ទេស បានធ្វើការណែនាំនូវរូបភាពអចិន្ត្រៃយ៍តាមរយៈការបញ្ចាំងស្លាយ ដើម្បីពន្យល់ប្រាប់ដល់សិស្សនូវរូបភាពនីមួយៗ ដូចជារូបភាពប្រជាជនធ្វើការងារ ជីកប្រឡាយ លើកទំនប់ នៅស្ទឹងជីនិត រូបភាពប្រជាជនធ្វើការភៀសខ្លួនទៅវៀតណាម ព្រមទាំងរូបភាពជនរងគ្រោះទាំងអស់ដែលត្រូវបានជាប់នៅមន្ទីរស-២១ ជាច្រើនទៀត។ ក្រៅពីពីនេះ គ្រូឧទ្ទេសក៏បានបញ្ចាំងស្លាយ និងឲ្យសិស្សស្គាល់អំពីប្រវត្តិសង្ខេប របស់មេដឹកនាំធំៗដែរ ដូចជា ប៉ុល ពត, នួន ជា, អៀង សារី, កែ ពក និង ឌុច ជាដើម ហើយគ្រូឧទ្ទេសក៏បានបន្ថែមចុងក្រោយទៀតថា អ្នកទាំងនោះត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកម្ពុជាចាប់ខ្លួនយកទៅកាត់ទោសអស់មួយជីវិត។ មួយវិញទៀត រហូតមកដល់បច្ចុប្បន្ននេះ ទោះបីជាអ្នកទាំងនោះស្លាប់ហើយក៏ដោយ ក៏អ្នកទាំងនោះនៅតែជាប់ឈ្មោះជាជនមានទោសក្បត់ជាតិរហូតតទៅ។

មុនពេលចាប់ផ្តើមវេទិការថ្នាក់រៀនសិស្សានុសិស្សតម្រូវឲ្យបំពេញតារាងស្ទាបស្ទង់មតិរយៈពេល១០នាទី ដើម្បីវាស់ស្ទង់នូវចំណេះដឹងរបស់សិស្ស មុនពេលសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ សម្រាប់តារាងស្ទាបស្ទង់នេះគឺមាន១២សំណួរ ដែលត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ទី១)ផ្នែកចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ផ្នែកចំណេះដឹងអំពីនិយមន័យអំពើប្រល័យពូជសាសន៍ ទី២)កត្តាគ្រោះថ្នាក់ជាក់លាក់ដែល​នាំឲ្យកើតមានអំពើឃោរឃៅក្នុងពិភពលោក និង ទី៣)ផ្នែកចំណេះដឹងអំពីវិធីសាស្ត្រក្នុងការចូលរួមទប់ស្កាត់អំពើហិង្សា ឬអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា ៤) បទបង្ហាញដោយសង្ខេបពី “ប្រវត្តិ​សាស្ត្រខ្មែរក្រហម” ។

បន្ទាប់ពីការបំពេញតារាងស្ទាបស្ទង់មតិរួច គ្រូឧទ្ទេសចាប់ផ្តើមធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យដល់សិស្សានុសិស្សដែលបានចូលរួម។ ការធ្វើបទបង្ហាញនេះ គ្រូឧទ្ទេសបានចំណាយពេលប្រហែល​២ម៉ោង ដើម្បីធ្វើបទបង្ហាញសង្ខេបអំពីផលប៉ះពាល់នៃរបបខ្មែរក្រហមមកលើប្រជាជនកម្ពុជានិងប្រទេសជាតិ ដែលបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រារាប់ពាន់នាក់ ជំងឺបាក់ស្បាតដែលនៅតែបន្តកើតមានចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនាពេលបច្ចុប្បន្ន និងជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ព្រមទាំងសេដ្ឋកិច្ចធ្លាក់ដល់កម្រិតសូន្យក្រោយរបបខ្មែរក្រហមដួលរលំ។

ក្នុងការទាញអារម្មណ៍សិស្សឲ្យផ្តោតសំខាន់និងយកចិត្តទុកដាក់ទៅលើមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហម ព្រមទាំងបើកឱកាសដល់សិស្សសួរសំណួរ ដែលខ្លួនឆ្ងល់ជាយូរណាស់មកហើយនោះ តែមិនដឹងសួរទៅកាន់នរណាដើម្បីបានចម្លើយត្រឹមត្រូវ គ្រូឧទ្ទេសបានផ្តល់ពេលវេលា ដល់ក្រុមសិស្សទាំងអស់ ក្នុងការសួរសំណួរអំពីប្រវត្តិសាស្ត្រខ្មែរក្រហម មុនការធ្វើបទបង្ហាញខ្លីអំពីប្រវត្តិសាស្ត្រនេះបានចាប់ផ្តើម។ សិស្សបានចោទសួរជាសំណួរដូចជា  ហេតុអ្វីនៅក្នុងរបបខ្មែរក្រហមមានការសម្លាប់ប្រជាជន?  ហេតុអ្វីបានជានៅក្នុងរបបខ្មែរក្រហមសម្លាប់បញ្ញាវ័ន្ត និងអ្នកមានចំណេះដឹង?  ហេតុអ្វីបានជា ប៉ុល ពត ឃុំឃាំងសម្តេច ព្រះនរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង?  តើកត្តាអ្វីខ្លះដែលនាំឲ្យរបបខ្មែរក្រហមក្លាយទៅជារបបប្រល័យពូជសាសន៍? នៅក្នុងរបបខ្មែរក្រហម ហេតុអ្វីបានប្តីប្រពន្ធមិនអាចនៅជាមួយគ្នាបាន?

បន្ទាប់ពីការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបានឆ្លើយសំណួររបស់សិស្សរួច គ្រូឧទ្ទេស បានចាក់បញ្ចាំងនូវខ្សែវីដេអូឯកសារខ្លីមួយដែលមានចំណងជើងថា«កុមារកម្ពុជា» ខែ្សវីដេអូនេះ បង្ហាញពីដំណើរគ្មានគោលដៅរបស់ក្មេងកំព្រាទាំងឡាយដែលឪពុកម្តាយ និងបងប្អូនបានស្លាប់ចោលអស់។ ក្នុងដំណើរផ្សងព្រេងនេះ សិស្សានុសិស្សបានសង្កេតឃើញពីភាពគ្មានអនាម័យក្នុងការហូបចុក និងពុំមានផ្ទះសម្បែងសម្រាប់ជាទីលំនៅ ព្រមទាំងបានឃើញពីជីវិតតែលតោលគ្មានគោលដៅ ដែលដំណើរទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពខុសគ្នារវាងក្មេងៗជំនាន់មុន និងក្មេងៗជំនាន់ក្រោយ ហើយក្មេងៗជំនាន់ក្រោយមិនអាចទទួលយកបានឡើយ។ ខ្សែវីដេអូនេះ ក៏ជាភ័ស្តុតាងបញ្ជាក់ និងជាមេរៀនជីវិតរបស់ក្មេងៗជំនាន់មុន ដែលក្មេងៗជំនាន់នេះបានបង្ហាញពីភាពភ្ញាក់ផ្អើលនិងអាណិតអាសូរឥតព្រំដែនចំពោះសោកនាដកម្មនានាដែលបានកើតមានចំពោះក្មេងៗក្នុងសម័យខ្មែរក្រហម។ វីដេអូនេះ ក៏ជាផ្នែកមួយដែលបំផុសស្មារតីឲ្យក្មេងៗជំនាន់ក្រោយ រិះរកវិធីទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកជាលើកទីពីរទៀត។

គ្រូឧទ្ទេសបានចាប់ផ្តើមធ្វើបទបង្ហាញផ្នែកសំខាន់ៗផ្សេងទៀតគឺ ១) និយមន័យនៃអំពើឧក្រិដ្ឋឃោរឃៅ (រួមមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម) និងឧទាហរណ៍ជាក់លាក់មួយចំនួនដែលនាំឲ្យកើតមានឧក្រិដ្ឋកម្មឃោរឃៅទាំងឡាយ និង ២) វិធីសាស្ត្រជាក់លាក់ចំនួនពីរក្នុងការចូលរួមទប់ស្កាត់អំពើឃោរឃៅឬអំពើប្រល័យពូជសាសន៍ក្នុងកម្រិតបុគ្គល គ្រួសារឬសហគមន៍ និងកម្រិតប្រទេសជាតិ។ សិស្សានុសិស្ស ត្រូវបានលើកទឹកចិត្តឲ្យអនុវត្តវិធីសាស្ត្រទាំងនេះ ដោយចាប់ផ្តើមពីខ្លួនឯង។

ក្រោយវេទិកាបញ្ចប់ក្នុងរយៈពេលមួយថ្ងៃ ដែលសិស្សានុសិស្សបានចូលរួមក្នុងវេទិកាថ្នាក់រៀននេះ តម្រូវឲ្យមានការបំពេញនូវតារាងស្ទាបស្ទង់មតិ (ក្រោយវេទិកា) ម្តងទៀត ដើម្បីវាស់ស្ទង់ពីចំណេះដឹងកើនឡើង ថាតើខ្លួនអាចទទួលបាននូវចំណេះដឹង កើនឡើងបានប៉ុន្មានបានភាគរយ ក្រោយពីបានសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យរួចមកនេះ។ ការបំពេញតារាងស្ទាបស្ទង់មតិលើកនេះ សិស្សានុសិស្សបានចំណាយពេលវេលាធ្វើយូរជាងមុន ព្រោះថាត្រូវមានសំណួរជាច្រើនដែលសិស្សត្រូវឆ្លើយ ហើយសំណួរខ្លះត្រូវការគិត និងទាមទារឲ្យសិស្សានុសិស្សសរសេររៀបរាប់ពីចំណេះដឹងដែលខ្លួនបានសិក្សាថ្មីៗ ព្រមទាំងគំនិតយល់ឃើញផ្ទាល់ខ្លួនក៏ដូចជាវិធីសាស្ត្រនានា ក្នុងការទប់ស្កាត់អំពើហិង្សា និងឧក្រិដ្ឋកម្មឃោរឃៅ នាពេលអនាគត។ ចុងបញ្ចប់នៃកម្មវិធីវេទិកាថ្នាក់រៀន មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែងបានចែកជូននូវសៀវប្រវត្តិសាស្ត្រ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ម្នាក់មួយច្បាប់ ដើម្បីទុកជាឯកសារស្រាវជ្រាវ និងរៀនសូត្របន្ថែម។

ជាចុងក្រោយ មុននឹងត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ សិស្សានុសិស្សទាំងអស់បានឈរថតរូបជុំគ្នាជាមួយនឹងគ្រូឧទ្ទេស គ្រូដឹកនាំ និងក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង នៅពីមុនផ្ទាំងពិព័រណ៍ធំមួយស្ថិតនៅខាងក្នុងបរិវេណមជ្ឈមណ្ឌលមណ្ឌលឯកសារខេត្តព្រៃវែង។ តាមការសង្កេត មានសិស្សានុសិស្សចំនួនច្រើន ដែលមានចំណាប់អារម្មណ៍ខ្ពស់លើការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នេះ ប៉ុន្តែក៏មានសិស្សានុសិស្សចំនួនតូចមិនបានយកចិត្តទុកដាក់ស្តាប់នូវគ្រូឧទ្ទេសពន្យល់នោះដែរ។ យ៉ាងណាមិញ សិស្សានុសិស្សភាគច្រើនក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសដែរ តាមរយៈការឆ្លើយឆ្លង និងសួរនូវសំណួររបស់ខ្លួនទៅកាន់គ្រូឧទ្ទេស។ សំណួររបស់សិស្សទាំងអស់គ្នានេះយើងអាចសន្និដ្ឋានបានថាសិស្សមានចំណេះដឹងពីមុនមកស្រាប់ពីរបបខ្មែរក្រហម ប៉ុន្តែចំណេះដឹងទាំងនោះនៅមានកម្រិតនៅឡើយ។ ការសង្កេតមួយទៀត សិស្សានុសិស្សមួយចំនួន បានកត់ត្រានូវចំណុចសំខាន់ៗដែលគ្រូឧទ្ទេសបានបង្ហាញ ដែលជាមូលហេតុធ្វើឲ្យយើងដឹងថា សិស្សានុសិស្សទាំងនោះ ព្យាយាមនិងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ និងបានកត់ត្រាចំណុចសំខាន់ដែលត្រូវយកមកសិក្សារៀនសូត្រ។

សិស្សានុសិស្សចូលរួមក្នុងវេទិកាថ្នាក់រៀនបានបង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម៖

ខ្ញុំបាទឈ្មោះ ស៊ុំ សុគន្ធា មានអាយុ១៩ឆ្នាំ រៀននៅថ្នាក់ទី១២C នៃវិទ្យាល័យ ហ៊ុនសែន អង្គរស។ ខ្ញុំបាទពិតជាមានរីករាយជាខ្លាំងក្នុងការចូលរួមក្នុងដំណើរការទស្សនកិច្ចនេះ ព្រមទាំងទទួលបានអារម្មណ៍យ៉ាងកក់ក្តៅពីលោកគ្រូទាំងអស់ ដែលបានជួយបណ្តុះបណ្តាលខាងផ្នែកចំណេះដឹងអំពីប្រវត្តិសាស្ត្រដ៏ជូរចត់នៃប្រទេសកម្ពុជា។ ជាចុងក្រោយ ជំនួសមុខដល់សិស្សានុសិស្សនៃ វិទ្យាល័យ ហ៊ុនសែន អង្គរស ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូទាំងអស់គ្នាឲ្យមានសុខភាពល្អ និងមានសុវត្ថិភាពទាំងទីជិតទីឆ្ងាយ ព្រមទាំងមានសុភមង្គលនៅក្នុងគ្រួសារ។

ខ្ញុំបាទ ឈ្មោះ ស៊ាត រតនា មានអាយុ១៧ឆ្នាំ រៀននៅថ្នាក់ទី១២C នៃវិទ្យាល័យ ហ៊ុនសែន អង្គរសយល់ឃើញថា ការចូលរួមក្នុងទស្សនកិច្ចសិក្សានៅក្នុងថ្ងៃនេះ បានធ្វើឲ្យខ្ញុំយល់ច្បាស់ពីប្រវត្តិសាស្ត្រកាន់តែច្រើន យល់ដឹង​កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំពិតជាចង់សិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រនេះណាស់ ព្រោះធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់។

នាងខ្ញុំឈ្មោះ ស៊ាក សំភ័ស មានអាយុ២០ឆ្នាំ រៀននៅថ្នាក់ទី១២C នៃវិទ្យាល័យ ហ៊ុនសែន អង្គរស។ ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយណាស់ក្នុងការចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ ព្រោះវាបានផ្តល់នូវចំណេះដឹងច្រើនមកដល់រូបខ្ញុំ និងបានអប់រំដល់មនុស្សជាតិទូទៅ ឲ្យខំស្វែងយល់អំពីបញ្ហា មិនតែប៉ុណ្ណោះកាលណាមានអ្នកចេះដឹងច្រើនអាចជួយលើកស្ទួយសិទ្ធិមនុស្ស និងជួយទប់ស្កាត់អំពើអមនុស្សធម៌។

បញ្ហាប្រឈម នៅក្នុងដំណើរទស្សនកិច្ចនេះមានសិស្សស្រីម្នាក់ បានខ្យល់គរ ដោយសារតែពុលឡាន ទើបធ្វើឲ្យគាត់មិនអាចចូលរួមក្នុងវេទិកាថ្នាក់រៀនបាននៅពេលព្រឹក។ ចំណែកឯ បញ្ហាប្រឈមមួយទៀតគឺ សិស្សា​នុសិស្សមួយចំនួនតូច បានបង្ហាញឲ្យឃើញពីភាពអស់កម្លាំង និងងងុយគេង និងក្រាបនៅលើតុ ខណៈពេលដែលគ្រូឧទ្ទេសកំពុងធ្វើបទបង្ហាញ។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ សិស្សានុសិស្សភាគច្រើនបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រងត្រាប់ស្តាប់ការពន្យល់របស់គ្រូឧទ្ទេស។ សេចក្តីសន្និដ្ឋាន ការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យនេះ មិនត្រឹមតែឲ្យក្មេងជំនាន់ក្រោយបានយល់ដឹងពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះគំនិតដល់សិស្សឲ្យនឹកគិតពីបទពិសោធន៍លំបាកនានារបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម ហើយធ្វើការប្រៀបធៀបក្នុងសង្គមខ្មែរក្រហមមកសង្គមបច្ចុប្បន្នថាខុសគ្នាកម្រិតណា។ ដំណើរទស្សនកិច្ចសិក្សានេះក៏បានបណ្តុះក្មេងជំនាន់ក្រោយ រិះរកវិធីសាស្ត្រមួយចំនួនក្នុងការទប់ស្កាត់កុំឲ្យរបបនេះវិលត្រឡប់មកវិញសារជាថ្មីម្តងទៀត ដោយចាប់ផ្តើមពីខ្លួនឯង។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា