វេទិកាប្រវត្តិសាស្ត្រគ្រួសារ នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅចន្លោះពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម រួមមាន ឡុង ដានី, សុខ វណ្ណៈ, គាត ស្រីឡែន និង ឈុំ រ៉ា បានចុះទៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរៀបចំវេទិកាប្រវត្តិសាស្ត្រគ្រួសារ។

ក្រុមការងារបានជួបមេភូមិរំចេកឈ្មោះ ឯក សាត។ បន្ទាប់ពីបានណែនាំខ្លួន និងគោលបំណងរបស់មជ្ឈមណ្ឌលឯកសារកោះថ្មដែលចុះមកសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរួចមក លោកមេភូមិរំ​ចេក​បានប្រាប់ក្រុមការងារថា សព្វថ្ងៃភូមិរំចេកមានប្រជាជនចំនួន២៩០គ្រួសារ និងមានប្រជាជនសរុបចំនួន១២០១នាក់ ក្នុងនោះមានស្រីចំនួន៥៩៨ នាក់។

នៅក្នុងឱកាសនោះលោកមេភូមិរំចេក បានផ្តល់យោបល់ដល់ក្រុមការងារចុះទៅជួប និងសម្ភាសន៍ជាមួយចាស់ទុំដែលមានបទពិសោធន៍ធ្លងកាត់សម័យសង្រ្គាម និងរបបខ្មែរក្រហមនៅក្នុងភូមិរំចេក ដូចតទៅ ១) ប្រាក់ តាំង ២) ប្រាក់ សយ  ៣) សាន ស៊ីម  ៤) មែន សុខា  ៥) អ៊ុន ម៉ន ៦) ទូច ឡៃ ៧) គុជ ស៊ីថេង ៨) ស្រី សោភា ៩) ប៉ោ ថេង ១០) ប៉ោ ភា ១១) ជាម វ័ន ១២) ឆែម ហម ១៣) ជី កុក ១៤) កែវ ឆោម ១៥) ដោក ដន ១៦) រស់ អឿន និង ១៧) គុយ ម៉ុយ ។

ភូមិរំចេកជាភូមិមួយ ក្នុងចំណោមភូមិទាំង១៣ នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភូមិរំចេកស្ថិតនៅខាងជើងឈៀងខាងលិចនៃឃុំរំចេក និងទីរួមស្រុកមេមត់ក្នុងចម្ងាយប្រ​មាណជាង៥០គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីស្រុកមេមត់តាមផ្លូវក្រាលកៅស៊ូទៅឃុំមេមងនិងបន្តតាមផ្លូវកៅស៊ូលេខ ៣៧៣C បន្ទាប់មកបត់ស្តាំចូលតាមខ្លោងទ្វាវត្តរំចេកប្រមាណ៣គីឡូម៉ែត្រ។

បើតាមចាស់ៗដំណាល់មកថា កាលពីដើមឡើយមានដើមរំចេកដុះច្រើននៅតាមវាលក្នុងតំបន់នេះ។ បន្ទាប់ពីប្រជាជនមកពីតំបន់ឆ្ងាយៗបានមករានព្រៃធ្វើចម្ការនៅតំបន់រំចេកកាន់តែច្រើនទៅៗ ក៏បង្កើតទៅ​ជាភូមិដោយដាក់ឈ្មោះថា ភូមិរំចេករហូតមកដល់សព្វថ្ងៃ។ កាលពីសម័យអាណានិគមនិយមបារាំង ភូមិរំចេកគឺជាភូមិដាច់ស្រយាលដែលមានប្រជាជនរស់នៅប្រមាណ២០គ្រួសារ និងមានប្រជាជនសរុបចំនួនប្រមា​ណ១០០នាក់តែប៉ុណ្ណោះ។ នៅ ជុំវិញភូមិរំចេក គឺហ៊ុំព័ទ្ធដោយព្រៃ ដើមឈើធំៗ និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ចំណែកអ្នកភូមិរំចេកបានប្រកបរបរធ្វើចម្ការ និងដាំស្រូវ។ ក្រៅពីធ្វើចម្ការប្រជាជនរកអនុ​ផល​ព្រៃយកទៅលក់នៅផ្សារឆ្លូងដើម្បីយកប្រាក់ទិញអំបិល ប្រហុក ផ្អក និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។

នៅក្នុងសម័យអាណានិគមបារាំង មានចលនាខ្មែរឥស្សរចូលមករស់នៅនិងធ្វើសកម្ម​ភាពតស៊ូប្រឆាំងនឹងបារាំងនៅក្នុងព្រៃក្បែរភូមិរំចេក និងភូមិចំនួនទៀត។ ទាហានបារាំងបានចាប់ខ្លួនមេដឹកនាំចលនាខ្មែរឥស្សរម្នាក់ឈ្មោះ ពាំង សេនា និងបានបាញ់សម្លាប់ចោលនៅក្បែរភូមិរំចេក។ បន្ទាប់មកបារាំងបានកៀរប្រជាជននៅភូមិរំចេក និងភូមិមួយចំនួនទៀតឲ្យទៅរស់នៅក្នុងភូមិកំពង់រាំងក្នុងស្រុកឆ្លូង ខេត្តក្រចេះវិញ។ អ្នកភូមិរំចេកបានរស់នៅក្នុងភូមិកំពង់រាំងប្រមាណជិត៣ឆ្នាំ រហូតដល់ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ទើបនាំគ្នាត្រឡប់មករស់នៅក្នុងភូមិរំចេកវិញ។

បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ចលនារំដោះខ្មែរក្រហមបានចូលមកដល់ភូមិរំចេក។ ខ្មែរក្រហមបានចាប់ផ្តើមរៀបចំប្រជាជនជាក្រុម ជាកង និងបានចាត់តាំងកម្មាភិបាលរបស់ខ្លួនឲ្យធ្វើប្រធានភូមិដើម្បីឃោស​នាប្រជាជនឲ្យចូលរួមជាមួយចលនាខ្មែរក្រហម។ បន្ទាប់មកប្រជាជនត្រូវបានចាត់តាំងឲ្យធ្វើការងារពលកម្មជាក្រុមប្រវាស់ដៃ និងជួយធ្វើការងារស្រែចម្ការគ្នាទៅវិញទៅមកនៅតាមក្រុមនីមួយៗ។ មេដឹកនាំតំបន់២១ ភូមិភាគបូព៌ា មានស្រុកកំណើតនៅក្នុងឃុំរំចេកឈ្មោះ មាស សេង ហុង ហៅ ចាន់ តែងតែមកធ្វើការជាមួយកម្មាភិបាលខ្មែរក្រហមផ្សេងៗទៀតនៅក្នុងភូមិរំចេក។

នៅពេលយោធាខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មានប្រជាជនថ្មីប្រមាណជាង១០០គ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសពីទីក្រុងភ្នំពេញឲ្យមករស់នៅភូមិរំចេក។ ខ្មែរក្រហមបានឃោសនាឲ្យប្រជាជនថ្មីដែលជាអតីតទាហាន និងមន្ត្រីរដ្ឋការទៅចុះឈ្មោះដើម្បីចូលធ្វើការវិញ។ នៅពេលនោះមានប្រជាជនថ្មីប្រមាណ៤០នាក់បានទៅចុះឈ្មោះជាមួយខ្មែរក្រហម។ បន្ទាប់មកយោធាខ្មែរក្រហមបានយកប្រជាជនថ្មីទាំង៤០នាក់ទៅសម្លាប់នៅទីតាំងអណ្តូងវៀតកុងធ្លាប់បានជីក នៅក្នុងឆ្នាំ១៩៧០ និងមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីភូមិរំចេក។ សព្វថ្ងៃអ្នកភូមិរំចេកហៅទីតាំងសម្លាប់នោះថា អណ្តូង៤០។ ចំណែកប្រជាជនថ្មីប្រមាណ១០០នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺ និងអត់អាហារ ត្រូវបានខ្មែរក្រហមយកទៅកប់នៅក្បែរវត្តរំចេក។

នៅឆ្នាំ១៩៧៨ ពេលដែលកងទ័ពមជ្ឈិមបានចូលមកដល់ឃុំរំចេក កងទ័ពមជ្ឈិមទាំងនោះបានចាប់ខ្លួនកម្មាភិបាលខ្មែរក្រហមដែលជាគណៈភូមិ ប្រធានក្រុម នៅក្នុងភូមិរំចេកទាំងអស់យកទៅសម្លាប់ចោលនៅក្នុងព្រៃក្បែរភូមិ។ ប្រជាជននៅក្នុងភូមិរំចេកមានការភ័យខ្លាចកងទ័ពខ្មែរក្រហមយកទៅសម្លាប់បន្តទៀត ក៏នាំគ្នារត់ទៅចូលក្នុងព្រៃរយៈពេលប្រហែល១ខែទើបកងទ័ព០៩ និងកងទ័ពវៀតណាមបានមកជួប និងនាំយកទៅខ្នងក្រពើ ក្នុងស្រុកមេមត់ និងបញ្ជូនបន្តទៅរស់នៅក្នុងជំរំជនភៀសខ្លួននៅក្នុងខេត្តតៃនីញ ប្រទេសវៀតណាម ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា