មេកងមិនហ៊ានធ្វើបាបខ្ញុំ ដោយសារបងប្អូនខ្ញុំគឺជាកម្មាភិបាលថ្នាក់លើ

ខ្ញុំឈ្មោះ អោក ឆេន ភេទស្រី មានអាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកខ្ញុំឈ្មោះ អោម សាន់ និងម្ដាយឈ្មោះ ប៉ុក ស៊ន។ ខ្ញុំរៀបការនៅក្នុងឆ្នាំ១៩៧០ ជាមួយឈ្មោះ ព្រំ សេន។ បច្ចុប្បន្នខ្ញុំកូនចំនួន៧នាក់។ ខ្ញុំចូលរៀននៅវត្តត្រពាំងធំរយៈពេលខ្លី ក៏ត្រូវឈប់រៀន ដោយមូលហេតុរដ្ឋប្រហារ។ ខ្ញុំឃើញទាហាន លន់ នល់ បាញ់សម្លាប់មនុស្សនៅអង្គតាសោម និងឃើញយន្តហោះទម្លាក់គ្រាប់បែក។

អោក ឆេន មានអាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងរបបខ្មែរក្រហម ខ្មែក្រហមចាត់តាំងខ្ញុំឲ្យរែកកណ្ដាប់ អាចម៍គោ និងរែកដីដំបូក។ ឪពុកខ្ញុំធ្វើខាងសេដ្ឋកិច្ច ហើយម្តាយខ្ញុំផលិតសូត្រ និងត្បាញ។ យើងទទួលរបបអាហារមិនគ្រប់គ្រាន់ទេ។ ប្រសិនជាមាននរណាម្នាក់ត្អូញត្អែរពីរឿងហូបមិនឆ្អែត អ្នកនោះនឹងត្រូវបានទិតៀន ហើយជួនកាលត្រូវកម្មាភិបាលខ្មែរក្រហមនាំយកទៅសម្លាប់ចោល។ មេកងឈ្មោះ យៀក មានចរិតកោងកាច។ យៀក មិនចូលចិត្តខ្ញុំទេប៉ុន្តែមិនអាចចាប់ទោសកំហុសខ្ញុំបានព្រោះខ្ញុំគឺជាបងប្អូនកម្មាភិបាលថ្នាក់លើឈ្មោះ សែម គាំង គឺជាប្រធានមន្ទីរ២០៤។ មន្ទីរ២០៤ គឺជាមន្ទីរឃុំឃាំងអ្នកទោសទាហាន លន់ នល់។ ខ្ញុំធ្លាប់ឃើញកម្មាភិបាលខ្មែរក្រហមបណ្តើរមនុស្សប្រហែលជា៨០នាក់ យកទៅដាក់ឃុំឃាំងនៅមន្ទីរសន្តិសុខក្រាំងតាចាន់។ ខ្ញុំដឹងថាអ្នកទោសទាំងនោះគឺជាខ្មែរកម្ពុជាក្រោម។ នៅពេលដែលឮសូរសំឡេងមេក្រូចេញពីទិសខាងលិចឆៀងខាងត្បូងផ្ទះខ្ញុំ ខ្ញុំដឹងថាសំឡេងមេក្រូនោះគឺជាសំឡេងមេក្រូដែលបន្លឺក្នុងអំឡុងការសម្លាប់អ្នកទោសនៅក្រាំងតាចាន់។ ប្រជាជនក្នុងភូមិទាំងអស់ ត្រូវបានបែងចែកជាប្រជាជនថ្មី និងប្រជាជនមូលដ្ឋាន។ ក្រោយថ្ងៃរំដោះទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំភៀសខ្លួនតាមអ្នកជម្លៀសផ្សេងទៀតទៅកាន់ឃុំលាច ខេត្តពោធិ៍សាត់ ដោយគិតថាគេចពីការសម្លាប់របស់កងទ័ពកម្ពុជា និងកងទ័ពវៀតណាម។ មួយរយៈក្រោយមក ខ្ញុំបានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ រួចប្រកបរបរធ្វើស្រែចម្ការរហូតមកដល់បច្ចុប្បន្ន។

អត្ថបទ ៖ ហួ ស៊ីណាត អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

Facebook
Twitter
LinkedIn
Telegram
អត្ថបទផ្សេងទៀត៖

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ»

ស្ថានទូតហ្វីលីពីន សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ រៀបចំវគ្គសិក្សាថ្នាក់ភាសាអង់គ្លេសទំនាក់ទំនងធុរកិច្ច និងទេសចរណ៍ សម្រាប់មន្ត្រីរដ្ឋបាលឃុំស្រុក និង សហគមន៍អេកូទេសចរណ៍ នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង