ឈុន ស៊ាន ៖ អតីតសេនាជន

ឈុន ស៊ាន ហៅ មោង អាយុ៨១ឆ្នាំ គឺជាប្រជាពលរដ្ឋរស់នៅភូមិអង្គ្រង ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ស៊ាន បានរៀបរាប់ថា ខ្ញុំមានស្រុកកំណើតនៅភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ឳពុករបស់ខ្ញុំឈ្មោះ ឈុន ឆោម ហើយម្ដាយឈ្មោះ យីន ផាន់ និងមានបងប្អូន៧នាក់ ក្នុងនោះមានស្រី៤នាក់។ នៅអាយុ១៣ឆ្នាំ ខ្ញុំបានចូលរៀននៅបឋមសិក្សារបោះព្រីង រហូតដល់ថ្នាក់ទី៨។ បន្ទាប់មក ខ្ញុំបានឈប់រៀនដោយសារតែជីវភាពគ្រួសាររបស់ខ្ញុំជួបការលំបាក និងធ្វើស្រែមិនបានផលដោយសារមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។ នៅឆ្នាំ១៩៦២ ខ្ញុំបានរៀបការជាមួយឈ្មោះ ឃួន យុក រស់នៅភូមិអង្គ្រងជាមួយគ្នា។ បន្ទាប់ពីរៀបការរួច ខ្ញុំប្រកបរបរធ្វើស្រែ។

ឈុន ស៊ាន ហៅ មោង អាយុ៨១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋនៅពេលដែលទ្រង់យាងចេញទៅក្រៅប្រទេស។ បន្ទាប់ពីមានរដ្ឋប្រហារ នៅក្នុងភូមិរបស់ខ្ញុំចាប់ផ្ដើមជ្រួលច្របល់ ហើយប្រជាជនខ្លះបានទៅធ្វើបាតុកម្មប្រឆាំងនឹង លន់ នល់ នៅខេត្តស្វាយរៀង។ រយៈពេលពីរខែបន្ទាប់ពីរដ្ឋប្រហារ នៅក្នុងភូមិរបស់ខ្ញុំចាប់ផ្ដើមបង្កើតក្រុមសេនាជនភូមិ ដែលមានឈ្លបភូមិឈ្មោះ នួន, ណៃ, វ៉ា និង សាក់ គឺជាអ្នកដឹកនាំ។ ការជួបជុំក្រុមសេនាជនគឺធ្វើឡើងនៅក្នុងព្រៃជិតមន្ទីរឃុំអង្គរស ដោយមានឈ្មោះ ម៉ុន គឺជាអ្នកចាត់ចែងការងារ។ ម៉ុន បានចាត់តាំងខ្ញុំឲ្យធ្វើជាប្រធានក្រុមសេនាជន និងគ្រប់គ្រងសមា​ជិកចំនួន១២នាក់។ ជាញឹកញាប់ក្រុមសេនាជននៅក្នុងឃុំអង្គរស បានទទួលការអប់រំពីឈ្មោះ ម៉ុន អំពីសង្គ្រាមប្រជាជន។ ខ្លឹមសារនៃមេរៀនគឺ ម៉ុន បានអប់រំអំពីសីលធម៌ ការពង្រឹងស្មារតីគោលជំហរ ដើម្បីបម្រើជាតិ និងបម្រើប្រជាជន។ បន្ទាប់ពីទទួលបានការអប់រំពី ម៉ុន ក្រុមសេនាជនទាំងអស់ចាប់ផ្ដើមដើរស៊ើបការណ៍ពីខាង លន់ នល់ យកមករាយការណ៍ទៅ ម៉ុន វិញ។

នៅពេលនោះក្រុមរបស់ខ្ញុំក៏មានភារកិច្ចស៊ើបយកព័ត៌មាន អំពីការដាក់ពង្រាយកងទ័ព លន់ នល់ និងផែនការទម្លាក់គ្រាប់របស់កងទ័ព លន់ នល់ យកមកប្រាប់ប្រជាជននៅក្នុងភូមិដើម្បីភៀសខ្លួនចេញ។ ចន្លោះពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៤ ការវាយប្រយុទ្ធគ្នារវាងទាហាន លន់ នល់ ជាមួយក្រុមរណសិរ្ស (ឬកងកម្លាំងរំដោះខ្មែរក្រហម) កាន់តែខ្លាំងឡើង។ ដូច្នេះក្រុមសេនាជននៅក្នុងឃុំអង្គរស ត្រូវទៅជួយសែងអ្នករបួស និងសាកសពរបស់កងកម្លាំងរំដោះខ្មែរក្រហម ពីសមរភូមិទៅព្យាបាលនៅមន្ទីរពេទ្យ ឬទៅកន្លែងកប់សាកសពនៅពេលកងទ័ពស្លាប់។ ក្រុមរបស់ខ្ញុំត្រូវសែងអ្នករបួសពីភូមិសូ យកទៅឲ្យក្រុមសេនាជនមួយក្រុមទៀតនៅភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៧៤ ដដែល ប្រពន្ធរបស់ខ្ញុំបានស្លាប់បាត់បង់ជីវិត ដោយសារកើតជំងឺទាចទឹក និងព្យាបាលមិនបានត្រឹមត្រូវ។ ចាប់ពីឆ្នាំ១៩៧៤ ដល់ ឆ្នាំ១៩៧៥ ប្រជាជននៅក្នុងភូមិអង្គ្រងចាប់ផ្ដើមធ្វើស្រែប្រវាស់ដៃ ហើយបានទិន្នផលត្រូវមកយកដាក់ក្នុងជង្រុករួម។

បន្ទាប់ពីកងកម្លាំងរំដោះខ្មែរក្រហម ទទួលជ័យជម្នះលើកងទ័ព លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមរំសាយក្រុមសេនាជនភូមិអង្គ្រងទាំងអស់។ ខណៈនោះ ប្រធានសហករណ៍បានប្រើខ្ញុំឲ្យទៅធ្វើជាប្រធានក្រុមនៅក្នុងរោងជី ដែលមានសមាជិក៦នាក់។ ក្រុមរបស់ខ្ញុំបានដើរប្រមូលលាមកមនុស្ស ឬជីលេខ១ តាមផ្ទះប្រជាជនយកមកកូរជាមួយដីដំបូកដើម្បីទុកធ្វើជីដាក់ក្នុងស្រែ ឬទុកត្រាំជាមួយសំណាបសម្រាប់ស្ទូង។

មួយរយៈក្រោយមក ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅរកឧសដើម្បីយកមកដាក់ក្នុងរោងបាយរួម ព្រោះខ្មែរក្រហមចាប់ផ្ដើមឲ្យប្រជាជនហូបរួម។ ខ្ញុំដើររកឧសនៅជិតៗភូមិរយៈពេល២ឆ្នាំ ហើយពេលខ្លះខ្ញុំបានទៅសុំឧសពីប្រធានសហកណ៍ភូមិក្ដីស្លាដែរ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានផ្លាស់ប្ដូរខ្ញុំឲ្យទៅធ្វើការនៅខាងដឹកជញ្ជូនវិញ។ ខ្ញុំដឹកស្បៀងអាហារឲ្យកងចល័តដែលកំពុងជីកព្រែក និងលើកប្រឡាយនៅឆ្ងាយពីភូមិ។ លើសពីនេះ ខ្ញុំមានភារកិច្ចឃ្វាលគោ និងភ្ជួរស្រែនៅពេលដែលរដូវវស្សាមកដល់។ នៅក្នុងឆ្នាំ១៩៧៧ដដែល ខ្មែរក្រហមបានរៀបការឲ្យខ្ញុំម្ដងទៀតជាមួយឈ្មោះ សុខ សាវន នៅសាលារៀនភូមិសូ ជាមួយគូស្វាមី៧គូទៀត។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យដឹកស្បៀងអាហារទៅឲ្យកងចល័តដែលកំពុងតែជីកព្រែកនៅកៅទៃ រយៈពេល៣ខែ។ ក្រៅពីការងារដឹកជញ្ជូន ខ្ញុំឃ្វាលគោ និងដើរប្រមូលលាមករបស់កងចល័តដែលបានបន្ទោបង់នៅក្នុងព្រៃដើម្បីទុកធ្វើជី។

នៅដើមឆ្នាំ១៩៧៩ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិ។ គ្រួសាររបស់ខ្ញុំបានធ្វើដំណើរទៅដល់វត្តចំបក់ ជិតផ្សារពោធិ៍កន្លែង ក៏ត្រឡប់មកផ្ទះវិញ។ នៅឆ្នាំ១៩៨៣ ជំនាញការវៀតណាមបានជ្រើសរើសខ្ញុំឲ្យធ្វើជាមេភូមិអង្គ្រងបានរយៈពេល៩ឆ្នាំ។ បន្ទាប់ពីឈប់ធ្វើជាមេភូមិ ខ្ញុំមកធ្វើការជាមួយ អ៊ុន តាក់ នៅទីរួមខេត្តព្រៃវែង។ ខ្ញុំធ្វើការជាមួយ អ៊ុន តាក់ រយៈពេល៣ឆ្នាំ ក៏ត្រឡប់មកផ្ទះវិញ ព្រោះ អ៊ុនតាក់បានដកចេញពីប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកខ្ញុំប្រកបរបរធ្វើស្រែនៅភូមិអង្គ្រង។ សព្វថ្ងៃខ្ញុំរស់នៅជាមួយប្រពន្ធទី២របស់ខ្ញុំ និងមានកូនចំនួន៨នាក់ ក្នុងនោះមានប្រុស៣នាក់។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖