យ៉ុន យ៉ាង ៖ កងនេសាទ

ខ្ញុំឈ្មោះ យ៉ុន យ៉ាង អាយុ៦៥ឆ្នាំ បច្ចុប្បន្នគឺជាកសិករ រស់នៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ ពេលអាយុ១២ឆ្នាំ ខ្ញុំចូលរៀននៅវត្តសំរោង ប៉ុន្តែខ្ញុំរៀនសូត្រមិនបានជ្រៅជ្រះទេ ដោយសារតែមានសង្គ្រាមកើតឡើងនៅជំនាន់ លន់ នល់។ នៅគ្រានោះ មានការទម្លាក់គ្រាប់បែកជាច្រើនកន្លែង នៅខាងលិចវត្តជីផុច បណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់ភ្លាមៗ។

នៅចុងឆ្នាំ១៩៧០ ខ្ញុំស្ម័គ្រចិត្តចូលធ្វើជាកងឈ្លបខ្មែរក្រហម ដោយមានប្រធានកងផលិតឈ្មោះ នី សារ៉ុម គឺជាអ្នកកត់ត្រាឈ្មោះ និងទទួលស្គាល់ខ្ញុំ។ ខ្ញុំត្រូវដើរមើលការខុសត្រូវប្រជាជននៅតាមភូមិ និងត្រូវរាយការណ៍អំពីសកម្មភាពរបស់ប្រជាជននៅក្នុងភូមិទៅកាន់ថ្នាក់លើ។ ក្រោយមកខ្ញុំត្រូវបានឈ្មោះ នី សារ៉ុម ប្រធានផលិតដកខ្ញុំចេញដោយសារតែខ្ញុំមិនបានរាយការណ៍អំពីសកម្មភាពលួចដាំបបររបស់ម្តាយខ្ញុំប្រាប់ទៅកាន់ថ្នាក់លើ។

យ៉ុន យ៉ាង រស់នៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

ក្រោយពីឈប់ពីការងារកងឈ្លប ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើនីរសាររបស់តំបន់វិញ ដោយខ្ញុំធ្វើការងារចែកសំបុត្រនៅក្នុងភូមិ។ ជារៀងរាល់ថ្ងៃ ខ្ញុំជិះសេះពីភូមិមួយទៅភូមិមួយដើម្បីយកសំបុត្រទៅប្រគល់ឲ្យឃុំ និងយកសំបុត្រពីឃុំមកកាន់ភូមិវិញ។ ក្រៅពីជិះសេះរត់សំបុត្រតាមភូមិ ខ្ញុំត្រូវដើរមើលប្រជាជនដែលកំពុងតែធ្វើការងារ រួចរាយការណ៍អំពីសកម្មភាពទាំងអស់នោះប្រាប់ទៅកាន់ថ្នាក់លើឬឃុំ។

ក្រោយថ្ងៃយោធាខ្មែរក្រហមទទួលជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានផ្លាស់ទៅធ្វើការខាងផ្នែកនេសាទ នៅអ្នកលឿង។ ខ្ញុំមិនសូវបានសម្រាកភ្នែកទេ ដោយសារតែត្រូវងើបមើលត្រីជាប់សំណាញ់ជាញឹកញាប់។ ត្រីដែលខ្ញុំរកបាន ខ្ញុំយកត្រីមួយចំនួនទៅចែកចាយតាមសហករណ៍ ស្រុក និងខេត្តនានា។ ចំណែកត្រីដែលនៅសេសសល់ ខ្ញុំយកទៅធ្វើជាត្រីប្រហុក និងរម្ងាស់ធ្វើជាទឹកត្រី សម្រាប់ចែកទៅសហករណ៍ ភូមិ ឃុំ ស្រុក និងខេត្ត។ យូរៗម្តង ខ្ញុំលួចផ្ញើទឹកត្រីទៅឲ្យគ្រួសាររបស់ខ្ញុំ។

យ៉ុន យ៉ាង (រូបខាងស្តាំ) ផ្ដល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់លោក ផេង ពង្សរ៉ាស៊ី និងក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ក្នុងឱកាសចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៥ អង្គការរៀបការឲ្យខ្ញុំជាមួយប្រពន្ធរបស់ខ្ញុំឈ្មោះ ភួន ហើយពេលខ្ញុំរៀបការនោះមានតែ៣គូប៉ុណ្ណោះ។ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំរស់នៅជាមួយគ្នាបានរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ប្រពន្ធរបស់ខ្ញុំក៏ស្លាប់ដោយសាររន្ទះបាញ់។ មកដល់ឆ្នាំ១៩៧៧ អង្គការបានរៀបការឲ្យខ្ញុំជាមួយនឹងប្រពន្ធទីពីរទៀត ហើយយើងបានរស់នៅជុំគ្នារហូតមកសព្វថ្ងៃ។ បន្ទាប់ពីរៀបការរួច អង្គការស្នើខ្ញុំឲ្យទៅធ្វើស្រែនៅក្នុងបរិវេណវត្តជីផុច។ នៅទីនោះ ការងាររបស់ខ្ញុំកាន់តែលំបាកជាងពេលមុនទៅទៀត ពិសេសគឺមិនមានអាហារហូបចុកគ្រប់គ្រាន់។ ខ្មែរក្រហមបានប្រើឲ្យខ្ញុំដឹកក្របីឲ្យស៊ីស្មៅ ភ្ជួរស្រែ និងរែកសំណាប។ នៅពេលមានផែនការបន្ទាន់ ខ្ញុំត្រូវធ្វើការរហូតដល់ម៉ោង២រំលងអធ្រាត្រទើបបានសម្រាកព្រោះខ្ញុំត្រូវតែបញ្ចប់ការងារឲ្យរួចរាល់។ លុះដល់ម៉ោង៥ភ្លឺស្រាងៗ ខ្ញុំត្រូវងើបឡើងដើម្បីដឹកក្របីឲ្យស៊ីស្មៅបន្តទៀត។ ថ្ងៃខ្លះ​ខ្ញុំសម្រាកបានតែ៣ម៉ោងប៉ុណ្ណោះ។

នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបញ្ជូនខ្ញុំឲ្យទៅកាន់តំបន់ភាគខាងលិចដើម្បីទៅធ្វើការនៅទីនោះ។ ប៉ុន្តែខ្ញុំបានស្នើសុំកម្មាភិបាលខ្មែរក្រហមត្រឡប់មករស់នៅភូមិណើតវិញ ព្រោះខ្ញុំឮថាប្រជាជនដែលបានត្រូវខ្មែរក្រហមបញ្ជូនទៅខេត្តភាគខាងលិច ត្រូវបានកម្មាភិបាលខ្មែរក្រហមនៅទីនោះធ្វើបាប និងយកទៅសម្លាប់ចោល។

អត្ថបទ ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖