កេរដំណែលរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា៖ អ៊ុនតាក់, សាលាក្តីខ្មែរក្រហម និងការអប់រំដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ខណៈពេលដែលសាលាក្តីខ្មែរក្រហមឈានមកដល់ទីបញ្ចប់ ការអប់រំ គឺជាជំហានបន្ទាប់ឈានទៅកាន់ការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ

មជ្ឈមណ្ឌលឯកសារ​កម្ពុជា រួម​សហការ​ជាមួយនឹង​ការិយាល័យប្រឹក្សាពិសេស​នៃ​​អង្គការ​សហ ប្រជាជាតិដើម្បីទប់ស្កាត់​អំពើប្រល័យ​ពូជសាសន៍ មាន​មោទកភាព​ក្នុងការ​បិទ​បញ្ចប់​ផ្នែកចុងក្រោយនៃ​កម្មវិធី​បណ្តុះបណ្តាល​បីជំហាន​ ស្តីអំពី​ការទប់ស្កាត់​ឧក្រិដ្ឋកម្មឃោរឃៅ​តាម​រយៈការអប់រំ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ សិក្ខាសាលា​​រយៈពេល​បីថ្ងៃ​នេះ គឺជា​ផ្នែក​ទីបី​នៃកម្មវិធី​បណ្តុះ​បណ្តាល​ជាបន្តបន្ទាប់ ដែល​ត្រូវ​បង្កើតឡើង​ក្នុង​គោលបំណង​បំពេញបន្ថែម​នូវ​តម្រូវ​ការក្នុង​ការ​អភិវឌ្ឍជំនាញវិជ្ជាជីវៈ ស្តីអំពីការ​ទប់​ស្កាត់​​ឧក្រិដ្ឋ​កម្មឃោរឃៅ ដល់​បុគ្គលិកផ្នែក​អប់រំនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោកគ្រូ-អ្នកគ្រូកម្រិត​វិទ្យាល័យនិង​មន្ត្រីរដ្ឋាភិបាល​ទទួលបន្ទុក​​ផ្នែក​អប់រំ ចំនួន​២០រូប អញ្ជើញមកពី​ប្រទេស​វៀត​ណាម,​ ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ទទួល​បាន​ចំណេះដឹង និង​បាន​ចែករំលែក​ការយល់​ឃើញ​ផ្សេងៗ ស្តីពី​វិធី​សាស្ត្រ​​ក្នុង​ការ​ដាក់​បញ្ចូល​ការអប់រំស្តីពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ទៅក្នុង​កម្មវិធីសិក្សា​នៅតាម​បណ្តា​ប្រព័ន្ធអប់រំ ដោយ​​ប្រើប្រាស់​វិធីសាស្ត្រ​​បង្រៀន​បែប​សិស្សមជ្ឈមណ្ឌល។ បន្ថែម​ពីលើការ​ទទួលបាន​ការបណ្តុះ​បណ្តាល​​​​អំពីការទប់​ស្កាត់​ឧក្រិដ្ឋ​កម្មឃោរឃៅ បុគ្គលិក​ផ្នែក​អប់រំទាំងអស់​ខាង​លើ​ ក៏​ទទួល​បាន​វិធីសាស្ត្រ​បង្រៀន​ ព្រមទាំង​អនុវត្តដោយ​ផ្ទាល់​លើ​របៀបបង្រៀន​និង​បណ្តុះបណ្តាល​ដល់គ្រូដទៃទៀត។ នេះគឺជា​គំរូនៃ​កម្មវិធីសិក្សា​តាមបែបផែននៃ​ការ​បណ្តុះបណ្តាល​ដើម្បី​​បណ្តុះបណ្តាលបន្ត​។

សិក្ខាសាលាស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ តាមរយៈការអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងការិយាល័យប្រឹក្សាពិសេសនៃអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការិយាល័យទប់ស្កាត់អំពើប្រល័យពូជសាសន៍និងទំនួលខុសត្រូវក្នុងការការពាររបស់អង្គការសហប្រជាជាតិ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ផ្នែកទីមួយនៃ​កម្មវិធីបណ្តុះបណ្តាលបីជំហាននេះ រួមបញ្ចូល​នូវ​សិក្ខាសាលា​រយៈពេល​៦ម៉ោង​​តាមប្រព័ន្ធ​​អនឡាញ ដែល​ផ្តល់​ជូន​បុគ្គលិកអប់រំនូវ​សេចក្តីផ្តើមនៃ​និយមន័យ​ផ្លូវច្បាប់​ដែលទទួលស្គាល់​ជា​អន្តរជាតិ ចំពោះ​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​កត្តាហានិភ័យ​ពាក់ព័ន្ធជុំវិញ​ឧក្រិដ្ឋកម្ម​ទាំងនេះ ដូចដែល​បាន​​ចែង​នៅក្នុង «​ក្រប​ខណ្ឌនៃ​ការវិភាគរបស់​អង្គការសហប្រជាជាតិ​ចំពោះ​ឧក្រិដ្ឋកម្ម​ឃោរឃៅ៖ ឧបករណ៍​សម្រាប់​ទប់​ស្កាត់»។  ផ្នែកទីពីរនៃកម្មវិធី រួមបញ្ចូលសិក្ខាសាលាកូនកាត់​រយៈពេល​បីថ្ងៃ (​ពាក់​កណ្តាលអនឡាញ​និង​ដោយផ្ទាល់) ដែល​ផ្តល់​ជូន​អ្នក​ចូលរួម​នូវ​ការយល់​ដឹង​ជាសកល​ទូលំ​ទូលាយ​ជាង​មុន ​អំពី​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នៅក្នុង​ប្រវត្តិសាស្ត្រ​ ក៏ដូចជា​​ការបន្ស៊ាំ​ខ្លួនទៅនឹង​វិធីសាស្ត្រ​បង្រៀន, មេរៀន និង​សម្ភារឧបទេស​បែបស៊ីជម្រៅ ពាក់​ព័ន្ធ​នឹង​ការបង្រៀន​ប្រវត្តិសាស្ត្រ​នៃ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ ដោយ​ផ្តោត​ទៅលើ​ប្រវត្តិសាស្ត្រ​របប​ខ្មែរក្រហម​នៅក្នុង​ប្រទេស​កម្ពុជា។ ផ្នែកទីបី​នៃ​វគ្គបណ្តុះបណ្តាល ដែល​ប្រព្រឹត្ត​ឡើង​នៅទីក្រុងបាងកក​ ប្រទេសថៃ នាថ្ងៃទី១៦ដល់​១៨ ខែកញ្ញា​កន្លងទៅ ដោយផ្តោតទៅលើ​ការ​ហ្វឹក​ហាត់​ទៅលើលំហាត់គោល ដែល​អ្នកចូលរួម​ត្រូវ​បាន​តម្រូវ​ឲ្យ​បង្កើតនិង​ធ្វើបទបង្ហាញលើ​កិច្ចតែងការ​បង្រៀន​អំពី​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឃោរឃៅនានា ដែលអាច​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធអប់រំតាម​បណ្តា​សាលារៀន​​ក្នុងប្រទេស​របស់​ខ្លួន។ ប្រធាន​​ការិយាល័យប្រឹក្សាពិសេស​នៃ​​អង្គការ​សហប្រជាជាតិ​ដើម្បីទប់​ស្កាត់​​អំពើប្រល័យ​ពូជសាសន៍ លោកស្រី អាលីស វៃរីមូ អេនដេរីធូ (Alice Wairimu Nderitu) បាន​ថ្លែងសុន្ទរកថា​បើក​សិក្ខាសិលា​តាមប្រព័ន្ធអនឡាញ បន្ទាប់មក​លោកស្រី ម៉ារៀ វេស្ទើហ្គ្រេន (Maria Westergren) អ្នក​តំណាង​ការិយាល័យប្រឹក្សាពិសេស​នៃ​​អង្គការ​សហប្រជាជាតិដើម្បីទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ ដែលបាន​អញ្ជើញ​ចូល​រួមសិក្ខាសាលា​រយៈពេល​បីថ្ងៃនេះដោយ​ផ្ទាល់ បាន​ថ្លែង​សុន្ទរកថា​​បិទបញ្ចប់​សិក្ខាសាលានេះ។

សិក្ខាសាលាស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ តាមរយៈការអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងការិយាល័យប្រឹក្សាពិសេសនៃអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការិយាល័យទប់ស្កាត់អំពើប្រល័យពូជសាសន៍និងទំនួលខុសត្រូវក្នុងការការពាររបស់អង្គការសហប្រជាជាតិ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ការបង្កើត​កម្មវិធីបណ្តុះបណ្តាលនេះឡើង ស្ថិតនៅចំពេលវេលា​ដ៏សំខាន់​បំផុត ស្របពេល​ដែល​អង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​បង្កើតឡើង​រួមគ្នា​ដោយ​កម្ពុជា​និង​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​ស្គាល់ថាជា សាលាក្តីខ្មែរក្រហម កំពុង​រៀបចំ​ប្រកាស​សេចក្តី​សម្រេច​ចុងក្រោយ​ចំពោះ​បណ្តឹង​សារទុករបស់​ ខៀវ សំផន។ សេចក្តីសម្រេចនេះ​គឺជា​ការបិទបញ្ចប់ប្រកបដោយប្រសិទ្ធភាពលើ​ការងារ​របស់​តុលាការនេះ​។ អង្គការ​សហប្រជាជាតិ​មាន​ប្រវត្តិសាវតារដ៏​យូរលង់​​នៃការបំពេញការងារ​សំខាន់​ៗ​ជាច្រើន​​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និងជាពិសេស​នៅក្នុងប្រទេសកម្ពុជា។​ នៅក្នុង​ឆ្នាំ​១៩៩៣ អង្គការ​សហប្រជា​ជាតិ​ ​បាន​ស្រវា​ស្រទេញ​ក្នុង​ការ​ជំរុញ​ឲ្យ​ខ្មែរក្រហម​ចូលរួម​នៅក្នុង​ការ​បោះឆ្នោត​តាម​បែប​ផែន​ប្រជាធិបតេយ្យ ដើម្បី​សម្រេចបាន​នូវ​ដំណោះស្រាយ​សន្តិភាព​ចំពោះសង្គ្រាម​រ៉ាំរ៉ៃ​ជាង​មួយ​ទសវត្សរ៍​។ ទោះបី​ជាយ៉ាងណាក្តី ខ្មែរ​ក្រហមនៅតែ​រឹង​ទទឹង​ក្នុងការ​បង្ក​ជា​សង្គ្រាម​តាម​គ្រប់​រូបភាព។ អង្គការ​សហ​ប្រជាជាតិ​​មិន​ធ្លាប់​បោះបង់​កិច្ច​ខិតខំប្រឹងប្រែង​របស់​ខ្លួន ចំពោះ​ការគាំ​ពារ​ដល់​សន្តិភាពនៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ហើយ​ការប្តេជ្ញា​ចិត្ត​នេះ បាន​វិវដ្ត​ទៅជា​ដំណើរ​ស្វែង​រក​យុត្តិធម៌​ ដែល​ប្រព្រឹត្តទៅ​តាមរយៈ​ការងារ​​របស់​សាលាក្តីខ្មែរក្រហម។ ខណៈពេល​ដែល​សាលាក្តីខ្មែរក្រហម​ឈាន​មក​ដល់​ទីបញ្ចប់ នៅក្នុង​កាលៈទេសៈជាច្រើន​ ការ​បង្កើត​ជា​កម្មវិធី​អប់រំពី​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ គឺជា​សក្ខីភាពនៃ​ការវិវដ្ត​ទៅមុខ​ដ៏​សម​​ស្រប ឆ្លើ​យតបនិង​លើកឡើង​អំពី​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ តាមរយៈកិច្ច​ខិត​ខំ​ប្រឹងប្រែង​នានា​ក្នុង​គោល​ដៅ​ទប់​ស្កាត់​ឧក្រិដ្ឋកម្មទាំងនេះពីការកើតមានឡើងវិញ​។

សិក្ខាសាលាស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ តាមរយៈការអប់រំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងការិយាល័យប្រឹក្សាពិសេសនៃអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការិយាល័យទប់ស្កាត់អំពើប្រល័យពូជសាសន៍និងទំនួលខុសត្រូវក្នុងការការពាររបស់អង្គការសហប្រជាជាតិ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ចាប់តាំងពី​ការ​រៀបចំ​ការបោះឆ្នោត​ស្ថិត​ក្រោម​ការគាំពារពី ​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅកម្ពុជា (អ៊ុនតាក់)និង​ការ​បង្កើត​ជា​សាលាក្តីខ្មែរក្រហម អង្គការ​សហប្រជាជាតិ​ តែងតែជា​ដៃគូ​ឈាន​មុខ និង​ជា​ភាគីពាក់​ព័ន្ធ​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​ដំណើរ​ពុះពារ​ដ៏យូរ​អង្វែង​​ប្រឈមទៅនឹង​ឥទ្ធិពល​បន្សល់​ទុក​ពី​របប​ខ្មែរក្រហម។ កម្មវិធីបណ្តុះបណ្តាលនេះ គឺជាសំអាង​នៃ​ជំហាន​​បន្ទាប់ឈាន​ទៅមុខ​ដ៏វិសេសវិសាល ​នៅក្នុង​កេរដំណែលរបស់​អង្គការ​សហប្រជាជាតិ ចំពោះ​យុត្តិធម៌​អន្តរកាល​ក្រោយ​ជម្លោះនៅក្នុង​តំបន់។ ការក្រេបយកចំណេះដឹង​ពី​មេរៀន​ក្នុង​របប​ខ្មែរក្រហម និង​​ការដាក់​បញ្ចូល​ចំណេះដឹង​ទាំងនេះ ទៅក្នុង​កម្មវិធីសិក្សា​ទូលំទូលាយជាងមុន ស្តីពី​ឧក្រិដ្ឋកម្ម​​ឃោរឃៅ​​​​នៅក្នុង​​ប្រវត្តិសាស្ត្រ សបញ្ជាក់​អំពី​ជំហាន​ឆ្ពោះទៅមុខ​របស់​សហគមន៍អន្តរជាតិ​ក្នុង​ការ​ទប់​ស្កាត់​​​ឧក្រិដ្ឋ​កម្ម​​ឃោរ​ឃៅទាំងនេះពីការកកើតឡើងវិញ។

អត្ថបទ ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា