"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

លឹម ផា ៖ ប្រធានកងកុមារ

ខ្ញុំឈ្មោះ លឹម ផា អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិតាព័រ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅក្នុងឆ្នាំ១៩៧២ ខ្ញុំត្រូវបញ្ជូនឲ្យទៅរស់នៅក្នុងកងកុមារបែកពីឪពុកចាស់ជរាដេកនៅផ្ទះតែម្នាក់ឯង។ ខ្ញុំនៅកងកុមារមួយរយៈ ខ្មែរក្រហមក៏បានចាត់តាំងខ្ញុំឲ្យមើលការខុសត្រូវក្រុមកុមារតូចៗជាងខ្ញុំចំនួន២០នាក់។ ខ្ញុំដឹកនាំកុមារក្នុងក្រុមទៅធ្វើការ ជីកនិងគាស់គល់ឈើនៅក្នុងចម្ការចេញឲ្យអស់ដើម្បីដាំដំណាំ។ រីឯការងារមួយចំនួនទៀតគឺខ្ញុំដឹកនាំកុមារធ្វើស្រែ ដកស្ទូង និងយកលាមកលាយជាមួយដីដំបូកធ្វើជាជីសម្រាប់ដាក់ស្រែ។ ជីដាក់ស្រែកាលជំនាន់នោះផ្សំពីសំបកស្ដៅ សំបកស្លែង និងស្លឹកទន្ទ្រានខែត្រ។

លឹម ផា អាយុ៦១ឆ្នាំ នៅភូមិឬស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅខែកញ្ញា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ពេលដល់រដូវវស្សាម្ដងៗ ខ្ញុំរួមទាំងកុមារជាច្រើននាក់ទៀតចេញទៅស្ទូង បើទោះបីជាយើងខ្លាចឈ្លើងយ៉ាងណាក៏មិនហ៊ានឈប់ដែរព្រោះខ្លាចមេកងដែលឈរមើលពីក្រោយវាយធ្វើបាប។ ចំណែកការហូបចុកនៅក្នុងកងកុមារមានការខ្វះខាត។ ខ្ញុំតែងតែលួចបាយ ត្រី សាច់ ដាក់ក្នុងសំពត់យកទៅឲ្យឪពុករបស់ខ្ញុំដែលរស់នៅក្នុងកងចាស់ជរា។ ថ្ងៃមួយប្រធានសហករណ៍បានដឹងថាខ្ញុំលួចត្រី ហើយក៏ចាប់ខ្ញុំយកទៅណែនាំកុំឲ្យមានលើកទី២ ឬទី៣ទៀតជាដាច់ខាត។ មិនត្រឹមតែប៉ុណ្ណោះមេកងបម្រុងនឹងយកខ្ញុំទៅសម្លាប់ចោលបន្ទាប់ពីខ្ញុំនិយាយតាមក្មេងៗដទៃដោយពាក្យមួយឃ្លាថា «ចិនធ្វើស្រែ ខ្មែរធ្វើជី»។

ខ្ញុំធ្វើការនៅកងកុមាររហូតដល់ឆ្នាំ១៩៧៥ ក៏ឃើញមានការជម្លៀសប្រជាជនពីភ្នំពេញ និងពីកំពង់ក្ដីឲ្យមករស់នៅក្នុងភូមិរបស់ខ្ញុំ។ កាលណោះ ក្រុមគ្រួសារប្រជាជនដែលជម្លៀសមកសុទ្ធតែមានកូនប្រុស ស្រីកម្លោះក្រមុំ ដែលសុទ្ធតែអ្នកមានចំណេះដឹង ដូចជា គ្រូបង្រៀនជាដើម។ ខ្ញុំចាំថាប្រជាជនដែលជម្លៀសមកទាំងនេះគឺស្លាប់សមាជិកគ្រួសាររបស់មិត្តនារី ហ៊ីង ស្ទើរអស់ ដោយសារខ្មែរក្រហមចោទគ្រួសារគាត់ថា ខ្សែ សេ.អ៊ី.អា គឺនៅរស់តែមិត្តនារី ហ៊ីង ម្នាក់ប៉ុណ្ណោះ។ កាលណោះ ខ្ញុំពិតជាមានការសោកស្ដាយជាមួយនឹងការបាត់បង់ក្រុមគ្រួសាររបស់មិត្តនារី ហ៊ីង ណាស់ ព្រោះគាត់ត្រូវរស់នៅឯកោម្នាក់ឯង។

ខ្ញុំនៅធ្វើការក្នុងកងកុមាររហូតដល់កងទ័ពវៀតណាមវាយចូលមកនៅដើមឆ្នាំ១៩៧៩ សហករណ៍និងកងកុមាររបស់ខ្ញុំក៏ត្រូវបានរំសាយចោល។ ខ្ញុំ និងឪពុក រួមទាំងបងប្អូនដទៃទៀតត្រឡប់មករស់នៅផ្ទះវិញ។ បន្ទាប់ពីខ្ញុំបានជួបជុំគ្រួសារហើយ ខ្ញុំបានចូលរៀននៅថ្នាក់ទី១ ដោយកាលនោះខ្ញុំមានអាយុ១៨ឆ្នាំហើយ។ ខ្ញុំបន្តរៀនរហូតដល់ចប់ថ្នាក់ទី៦ ក៏ឈប់រៀនដោយសារខ្វះខាតថវិកា។

នៅក្នុងឆ្នាំ១៩៨៩ បងស្រីរបស់ខ្ញុំដែលចូលរួមជាមួយខ្មែរក្រហមបានមកយកខ្ញុំទៅនៅជាមួយគាត់នៅភ្នំដងរែក។ មកដល់ដំបូង បងស្រីរបស់ខ្ញុំឲ្យខ្ញុំបង្ហាត់បង្រៀនសិស្សក្មេងៗនៅក្នុងភូមិឬស្សី។ កាលនោះ ខ្ញុំឃើញមានថ្នាក់រៀនចំនួន២បន្ទប់តែប៉ុណ្ណោះ។ ខ្ញុំបង្រៀនក្មេងៗរហូតដល់ឆ្នាំ១៩៩៦ ក៏បានរៀបការជាមួយប្ដីរបស់ខ្ញុំដែលជាកងទ័ពខ្មែរក្រហម។ កាលខ្ញុំនៅធ្វើជាគ្រូបង្រៀន តាម៉ុក បានបើកប្រាក់ឲ្យខ្ញុំចំនួន៥០០រៀល។ ខ្ញុំបានយកប្រាក់នោះទៅទិញក្រណាត់នៅកន្លែងពាណិជ្ជកម្មខ្មែរក្រហមដែលស្ថិតនៅភូមិស្រះឈូកសព្វថ្ងៃនេះ។ មួយរយៈក្រោយមក កងទ័ពរដ្ឋាភិបាលបានវាយចូលដល់ស្រុកអន្លង់វែង ហើយកងកម្លាំងរបស់ខ្មែរក្រហមមួយចំនួនក៏បានរត់ឡើងលើភ្នំដងរែក។ ពេលនោះខ្ញុំមានកូនមួយហើយ ដូច្នេះខ្ញុំនិងគ្រួសារបានផ្លាស់ទៅរស់នៅជំរំភូណយ រហូតដល់កងកម្លាំងខ្មែរក្រហមធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលនៅស្រុកអន្លង់វែង ទើបខ្ញុំចុះមករស់នៅក្នុងភូមិឬស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទរហូតមកដល់បច្ចុប្បន្ន។

អត្ថបទ ៖ មេក វិន បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា