ខ្មាំងរបស់អង្គការ

ខ្ញុំឈ្មោះ សោម​ ថា អាយុ៥៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិសារី ឃុំសាន់គ  ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ នៅពេលខ្ញុំមានអាយុ៨ឆ្នាំ ខ្មែរក្រហមស្នើឲ្យម្ដាយរបស់ខ្ញុំទៅរែកដី និងលើកទំនប់នៅការដ្ឋានមួយកន្លែងមានឈ្មោះថា «ទំនប់ ៣០ កញ្ញា» ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីភូមិរបស់ខ្ញុំ។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយម្ដាយទេ ដោយសារខ្ញុំត្រូវមើលថែប្អូនៗរបស់ខ្ញុំពីរនាក់នៅផ្ទះ ។

ក្នុងនាមខ្ញុំជាបងស្រីម្នាក់ ខ្ញុំពិតជាមានការលំបាកក្នុងការថែរក្សាប្អូន ជាពិសេសនៅពេលប្អូនៗរបស់ខ្ញុំឃ្លានអាហារម្ដងៗ។ ខ្ញុំតែងតែរង់ចាំស្នូរជួងដែលអង្គការអនុញ្ញាតឲ្យខ្ញុំនិងប្អូនៗទៅយករបបអាហារនៅរោងចុងភៅដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះរបស់ខ្ញុំ។ ចុងភៅតែងតែវាយក្បាលយើងនឹងវែកជាញឹកញាប់ ដោយសារតែប្អូនៗរបស់ខ្ញុំតែងអើតមើលឆ្នាំងបបរព្រោះឃ្លានខ្លាំង។ យាយ លឹម និងយាយ ណេង គឺជាចុងភៅដែលត្រូវបានស្គាល់ថា មានសម្ដីកោងកាច និងទឹកចិត្ដមិនល្អនៅទីនោះ ហើយតែងតែមានភាពរឹតត្បឹតរបបអាហាររបស់យើង។

សោម ថា និង សួត វិចិត្រ ថតរូបជុំគ្នាបន្ទាប់ពីវេទិកាប្រវត្តិសាស្រ្តគ្រួសារ នៅស្រុកអន្លង់វែង កាលពីខែកញ្ញា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ថ្ងៃមួយ ដោយសារប្អូនៗរបស់ខ្ញុំឃ្លានខ្លាំងពេក ខ្ញុំក៏សម្រេចចិត្ដលួចគាស់ដំឡូងមីចំនួនពីរគុម្ព នៅក្បែរផ្ទះមកស្ងោរឲ្យប្អូនៗហូប។ ចៃដន្យកងឈ្លបរបស់ខ្មែរក្រហមពីរនាក់មកដល់កំឡុងពេលដំឡូងឆ្អិន។ កងឈ្លបយកទឹកចាក់ពន្លត់ភ្លើងស្ងោរដំឡូង ហើយចោទប្រកាន់ខ្ញុំថាគឺជា «ខ្មាំងរបស់អង្គការ» ដែលហ៊ានលាក់​ទុកឆ្នាំង និងលួចគាស់ដំឡូងស្ងោរហូប។ កងឈ្លបថែមទាំងបានគំរាមសម្លាប់ខ្ញុំទៀតផង។ បន្ទាប់មក កងឈ្លបយកឆ្នាំងខ្ញុំទៅបាត់ ចំណែកខ្ញុំបានត្រឹមឈរយំអាណិតប្អូនៗនៅក្បែរចង្រ្កាន។

ក្រោយមកខ្ញុំឃើញប្រជាជនប្រហែល៦០គ្រួសារ ដែលត្រូវខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំ​ពេញមកកាន់ភូមិរបស់ខ្ញុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែរត់លេងជាមួយក្មេងៗដែលទើបជម្លៀសមកទាំងអស់នោះ រហូតដល់អង្គការផ្លាស់ក្រុមគ្រួសារប្រជាជនថ្មីទាំងអស់នោះទៅកាន់ភូមិថ្មី។ ចាប់តាំងពីពេលនោះមកខ្ញុំមិនមានឱកាសបានប្រលែងលេងជាមួយក្មេងៗទាំងអស់នោះទៀតទេ។

មិនយូរប៉ុន្មាន ម្ដាយរបស់ខ្ញុំត្រូវបានប្រធានសហករណ៍ ផ្លាស់ឲ្យមកធ្វើការនៅរោងម៉ាស៊ីនកិនស្រូវនៅក្នុងភូមិកំណើតវិញ។ គាត់សប្បាយចិត្ដជាងព្រោះបានជួបជាមួយកូនៗវិញ។ ជារៀងរាល់ថ្ងៃ ម្តាយខ្ញុំលួចអង្ករមួយឬពីរកំប៉ុងទុកដាំបាយឲ្យកូនៗហូប។ យើងក្រោកនៅវេលាម៉ោង៤ទៀបភ្លឺដើម្បីហូបបាយដែលម្តាយខ្ញុំដាំ។

កូនស្រីរបស់ សោម ថា កំពុងវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខែកញ្ញា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

មួយរយៈក្រោយមកអង្គការខ្មែរក្រហមផ្លាស់ម្ដាយខ្ញុំឲ្យទៅធ្វើជាចុងភៅវិញ។ ប្រជា​​​ជននៅក្នុងសហករណ៍គោរពស្រឡាញ់ម្ដាយរបស់ខ្ញុំដោយសារតែសណ្ដានចិត្ដល្អរបស់គាត់ និងភាពមិនរឹតត្បឹតទៅលើរបបអាហារប្រចាំថ្ងៃ។ ម្ដាយរបស់ខ្ញុំថែមទាំងលួចរបបអាហារឲ្យប្រជាជនដែលស្រេកឃ្លានខ្លាំង ជាពិសេសនៅពេលគាត់ទៅបើកស្បៀងអាហាររបស់សហករណ៍ម្ដងៗ។ ប្រជាជននៅក្នុងសហករណ៍ហាក់មានភាពប្រសើរឡើងតិចតួចទៅលើការហូបចុកប្រចាំថ្ងៃចាប់តាំងពីម្ដាយរបស់ខ្ញុំធ្វើជាចុងភៅ។

រហូតដល់ដើមឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ដូច្នេះសហករណ៍ត្រូវបានរំសាយចោលទាំងអស់។ ពេលនោះ ម្តាយខ្ញុំបានចាប់ផ្ដើមប្រកបរបរធ្វើស្រែចម្ការនៅក្នុងភូមិ ចំណែកខ្ញុំឃ្វាលគោ។ ក្រោយមក កងទ័ពខ្មែរក្រហមបានចូលទៅដល់ភូមិរបស់ខ្ញុំម្តងទៀត ហើយបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅក្នុងភូមិឡើងវិញ។

រហូតដល់ឆ្នាំ១៩៨៥ ខ្ញុំសម្រេចចិត្ដចាកចេញពីផ្ទះសម្បែង ហើយធ្វើដំណើរជាមួយកងទ័ពខ្មែរក្រហមទៅកាន់ភ្នំដងរែក។ កងទ័ពទាំងនោះបាននិយាយថា ខ្លួននឹងនាំយើងទៅកាន់ប្រទេសថៃដែលជាទីកន្លែងសុវត្ថិភាព​ និងមានភាពសម្បូរសប្បាយ។ ខ្ញុំធ្វើដំណើរជាច្រើនយប់ច្រើនថ្ងៃទើបទៅដល់ព្រៃស្អាក ស្ថិតនៅក្នុងខេត្ដសៀមរាប-ឧត្ដរមានជ័យ ដែលជាទីកន្លែងចំណតមុនពេលខ្ញុំត្រូវបន្ដដំណើរទៅកាន់ប្រទេសថៃ។  ខ្ញុំបានរស់នៅទីនោះអស់រយៈពេលជិតមួយសប្ដាហ៍បន្ទាប់មកខ្ញុំធ្វើដំណើរបន្ដ​ទៅកាន់ភូមិអូរត្រាវ (ជំរំអូត្រាវ) ប្រទេសថៃ ដោយត្រូវឆ្លងកាត់ភ្នំដងរែក។

នៅជំរំខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើការជាកងដឹកជញ្ជូនគ្រាប់ទៅកាន់តំបន់សមរភូមិតាមបណ្ដោយជើងភ្នំដងរែកដើម្បីវាយជាមួយកងទ័ពវៀតណាមដែលឈរជើងនៅភូមិឫស្សី និងភូមិផ្អាវ និងតំបន់ត្រពាំងប្រាសាទ​ទាំងមូល។

រហូតដល់ឆ្នាំ១៩៨៦ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ គង់ លីម គឺជាអតីតកងទ័ពខ្មែរក្រហម។ ប្រធានអង្គភាពទ័ពបានរៀបចំពិធីសែនព្រេន និងទំនុកបម្រុងស្បៀងអាហារមួយចំនួនដល់យើង។ ខ្ញុំបានរស់នៅលើភ្នំដងរែក រហូតដល់កងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៨៩ ទើបខ្ញុំនិងប្រជាជនដទៃផ្សេងទៀតបានចុះមករស់នៅភូមិឫស្សី ស្រុកត្រពាំងប្រាសាទ ដែលជាអតីតទីតាំងកាំភ្លើងធំរបស់កងទ័ពវៀតណាម។ យើងបានផ្លាស់ទីកន្លែងជាច្រើនលើកច្រើនសារទម្រាំមានការបញ្ចប់សង្គ្រាមនៅនៅតំបន់អន្លង់វែង។

អត្ថបទដោយ៖ សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង