ស្លេះ ហានីហ្វះ៖ គ្រួសារខ្ញុំគឺជាអ្នកតម្បាញ

ខ្ញុំឈ្មោះ ស្លេះ ហានីហ្វះ ភេទស្រី អាយុ ៧៣ឆ្នាំ ខ្ញុំមានទីកន្លែងកំណើតនិងរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧១ ខ្ញុំរៀបការជាប្ដីឈ្មោះ ម៉ាត់ យូណេស មានមុខរបរគឺជាជាងសាងសង់ផ្ទះឈើ និងមានកូនចំនួន៤នាក់ គឺប្រុសចំនួន២នាក់ និង ស្រីចំនួន២នាក់។  ក្រោយរៀបការបានរយៈពេលបីថ្ងៃ ក៏មានការទម្លាក់គ្រាប់បែកចំផ្ទះរបស់ខ្ញុំរស់នៅ បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិអស់ ប៉ុន្តែមិនបណ្តាលឲ្យស្លាប់មនុស្សទេ។ គ្រួសាររបស់ខ្ញុំបានផ្អាកត្បាញតាំងពីពេលនោះមក។

ស្លេះ ហានីហ្វះ រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីខែកក្កដា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

គ្រួសារខ្ញុំគឺជាអ្នកត្បាញសំពត់សូត្រ ក្រមា និងសារុងសូត្រ នៅភូមិកំពង់ក្របី តាំងពីមុនសម័យបារាំងកាន់កាប់ស្រុកភូមិម្ល៉េះ។ ចំណែកម្តាយខ្ញុំគឺជាអ្នកជំនាញខាងពិនិត្យសំពត់សូត្រ ត្បាញ ចងគោម ពណ៌ និងជាអ្នកទិញសំពត់សូត្រ សារុង ពីអ្នកភូមិកំពង់ក្របីយកទៅលក់នៅទីរួមខេត្តកំពង់ចាម។ ម្តាយខ្ញុំដឹងថាគោមសំពត់តូចៗគឺជាតម្រូវការរបស់បងប្អូនជនជាតិខ្មែរ ហើយគោមមានផ្កាធំៗ គោមរូបក្ញោកឈរធំៗ សម្រាប់បងប្អូនជនជាតិចាម ជាហេតុនាំឲ្យគាត់មានភាពងាយស្រួលក្នុងការលក់នៅតាមទីផ្សារ។ ចំណែកអ្នកភូមិក៏មានការងារត្បាញច្រើន ព្រោះសំពត់លក់ដាច់ច្រើន។

ឧបករណ៍រវៃអំបោះរបស់ជនជាតិភាគតិចចាមនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នកបង្កើតគោម ឬចងគឺសុទ្ធតែអ្នកឆ្លាតវៃ រវៀសរវៃ អត់ធ្មត់ ទើបអាចរចនាគោមសំពត់សូត្រយ៉ាងល្អប្រណិត ប្លែកៗ ថ្មីសម្រាប់អ្នកប្រើប្រាស់។ ប្រហែលនៅឆ្នាំ១៩៧២ វត្តមានកងទ័ពរំដោះខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងភូមិរបស់ខ្ញុំ ហើយគ្រួសារខ្ញុំស្ថិតក្នុងបញ្ជីអ្នកមានធនធាន និងស្ថិតក្រោមការតាមដានរបស់កងទ័ពរំដោះ។ ក្រុមគ្រួសារខ្ញុំត្រៀមខ្លួនរត់ចេញពីភូមិដោយឃើញថាជារៀងរាល់យប់កងទ័ពរំដោះខ្មែរក្រហមមកហៅមនុស្សប្រុសដែលមានចំណេះដឹងក្នុងភូមិឲ្យទៅជាមួយពួកគេ។ ប្រសិនជាមិនចុះពីលើផ្ទះ កងទ័ពរំដោះខ្មែរក្រហមយកកាំបិតផ្គាក់រុកពីក្រោមផ្ទះ។ នៅដើមឆ្នាំ១៩៧៤ គ្រួសារខ្ញុំរត់គេចទៅរស់នៅក្នុងខេត្តកំពង់ចាម បន្ទាប់មកទៅរស់នៅតាមភូមិ ដើម្បីលាក់ប្រវត្តិរូបឪពុករបស់ខ្ញុំដែលជាអតីតទាហាន លន់ នល់។

សំពត់សូត្រដែលជនជាតិភាគតិចចាមត្បាញនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមកាន់កាប់ប្រទេសបានទាំងស្រុង ដូច្នេះគ្រួសារខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅធ្វើការនៅខាងកំពង់ថ្ម ខេត្តកំពង់ធំ។

នៅឆ្នាំ១៩៧៩ ខ្ញុំនិងប្ដីបាននាំកូនៗត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែផ្ទះ និងដីរបស់យើងមានអ្នកចូលមករស់នៅនិងកាន់កាប់អស់ទៅហើយ ហេតុនេះគ្រួសារខ្ញុំបានសុំដីណាដែលទំនេរពីរដ្ឋអំណាចដើម្បីសង់រោងតូចមួយសម្រាប់រស់នៅបណ្តោះអាសន្ន។ ពេលនោះប្ដីរបស់ខ្ញុំមានជំនាញផ្នែកសាងសង់ស្រាប់ ក៏ដើរសង់ផ្ទះអ្នកភូមិដោយប្តូរពីថ្លៃឈ្នួលជាប្រាក់​ មកយក ពោត អង្ករ ឬសាច់ មកផ្គត់ផ្គង់គ្រួសារ។

នៅឆ្នាំ១៩៨២ ខ្ញុំចាប់ផ្ដើមត្បាញក្រមាអំបោះសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងលក់យកប្រាក់ខ្លះ។ បន្ទាប់មកប្រហែលជាឆ្នាំ១៩៩២ ខ្ញុំចាប់ផ្ដើមត្បាញសំពត់សូត្រឡើងវិញ។ ខ្ញុំបានបង្រៀនកូនស្រីខ្ញុំទាំងពីរនាក់ឲ្យចេះត្បាញ ជ្រលក់ពណ៌ ចងគោម ប៉ុន្តែកូនៗរបស់ខ្ញុំមិនចេះស្ទាត់ទេ។ ក្មេងៗជំនាន់ក្រោយចេះតែត្បាញមួយមុខប៉ុណ្ណោះ។ ចំពោះគោម ដែលខ្ញុំធ្លាប់ត្បាញ និងចងគោម មានដូចជា គោមសណ្ដាន់, គោមក្ងោកមួយឬ ក្ងោកពីរ, គោមមាន់, គោមសំរោង, គោមខុងមិញ និងគោមជាច្រើនប្រភេទទៀត។ គោមទាំងនេះ គឺជាគោមដែលជនជាតិចាមចូលចិត្តធ្វើ ហើយវាសុទ្ធតែជាប្រភេទគោមធំៗ ប្រសិនបើជាគោមតូចៗ គឺខ្ញុំធ្វើសម្រាប់លក់ចេញឲ្យបងប្អូនខ្មែរ។ ចំណែកពណ៌គឺជំនាន់១៩៩០ គឺខ្ញុំនឹងអ្នកភូមិប្រើល័ក្តធម្មជាតិ ហើយល័ក្តខ្មែរមានពណ៌ដូចជា លឿង ក្រហម បៃតង ស្វាយ ខ្មៅ និង ខៀវ។

អត្ថបទ៖ មីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា