"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

សេង សឿ៖ បង្រៀននយោបាយដល់ប្រជាជនក្នុងភូមិ

ខ្ញុំឈ្មោះ សេង សឿ ភេទស្រី អាយុ៧៧ឆ្នាំ កើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម ។  ខ្ញុំមានឪពុកឈ្មោះ សេង ម្ដាយឈ្មោះ សួក និងមានបងប្អូនបង្កើតចំនួន២នាក់ ហើយខ្ញុំគឺជាកូនពៅ។ ខ្ញុំមានប្ដីឈ្មោះ អេក អាន និងមានកូនចំនួន១០នាក់ ប៉ុន្តែកូនខ្ញុំស្លាប់អស់ចំនួន៣នាក់។ កាលពីអាយុ៧ឆ្នាំ ខ្ញុំចូលរៀននៅសាលាវត្តរំចេកដែលស្ថិតនៅមុខផ្ទះរបស់ខ្ញុំ។ ក្មេងៗក្នុងភូមិជាច្រើននាក់ទៀតក៏បានចូលរៀននៅសាលានេះដែរ ដោយមានព្រះសង្ឃពីរអង្គគឺជាអ្នកបង្រៀន។ ខ្ញុំរៀនជាមួយព្រះសង្ឃពេលចូលខែពិសាខ ដល់ខែចេញពិសាខព្រះសង្ឃមិនគង់នៅវត្តទេ។

សេង សឿ ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា)

ក្រោយមកខ្ញុំឈប់រៀននិងរៀបការជាមួយប្ដីរបស់ខ្ញុំគឺជាអ្នកភូមិជាមួយគ្នា។ ឪពុកម្ដាយខ្ញុំធ្វើស្រែចម្ការ និងរកជ័រ ហើយដឹកតាមរទេះក្របីយកទៅលក់នៅឆ្លូង។ នៅតាមផ្លូវមានចោរច្រើនណាស់។ ឪពុករបស់ខ្ញុំត្រូវចោរប្លន់ និងកាប់គាត់បែកក្បាលដើម្បីប្លន់យកក្របី។ ប្រជាជនមានការខ្លាចរអាចោរប្លន់ទាំងនោះណាស់។

នៅឆ្នាំ១៩៧០ ខ្ញុំមានកូន២នាក់ ពេលនោះខ្ញុំឮឪពុករបស់ខ្ញុំនិយាយថា មានបាតុកម្ម។ ខណៈនោះនៅក្នុងភូមិរំចេកក៏មានវៀតកុង ឬយួនខាងជើងចូលមកដែលនាំមានការទម្លាក់គ្រាប់បែក។ ខ្ញុំនិងគ្រួសាររត់ចូលរណ្ដៅត្រង់សេ ព្រោះខ្លាចគ្រាប់ធ្លាក់ចំ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជនថ្មីជាច្រើនឲ្យមករស់នៅភូមិរបស់ខ្ញុំ។ ខ្មែរក្រហមបង្កើតជាសហករណ៍ដាក់ស្រូវ អង្ករ ជាទ្រព្យសម្បត្តិរួម។ ប្រជាជនដែលទើបជម្លៀសមក ខ្មែរក្រហមបានឲ្យរស់នៅតាមផ្ទះប្រជាជនមូលដ្ឋានដោយក្នុងមួយផ្ទះមានប្រជាជនថ្មីចំនួន២ទៅ៣នាក់ ឬ៥នាក់។ ក្រោយមកខ្មែរក្រហមបានប្រមូលប្រជាជនថ្មីទាំងអស់ឲ្យទៅរស់នៅដាច់ដោយឡែកនៅចុងភូមិ។ ប្រជាជនថ្មីជាច្រើននាក់បានស្លាប់ដោយសារជំងឺ ចំណែកអ្នកចេះដឹង, គ្រូបង្រៀន, នាយទាហាន គឺខ្មែរក្រហមហៅយកទៅរៀនសូត្រ ហើយមិនឃើញត្រឡប់មកវិញទេ។

នៅពេលនោះ ខ្មែរក្រហមយកសាលារៀននៅក្នុងភូមិធ្វើជារោងបាយរួម។ យុវជនយុវនារីត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយ ហើយខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឲ្យបង្រៀនពីនយោបាយ ពីរបៀបធ្វើការងារស្រែចម្ការ និងដាំដុះស្រូវដល់ប្រជាជនក្នុងភូមិ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើការងារផ្សេងៗ ដូចជា ដាំបាយ ចងចន្លុះទុកដុតបំភ្លឺ កាប់រំចេកធ្វើកន្ទេល និងដកស្ទូងស្រូវ។ ខ្ញុំទទួលបានរបបអង្គរមួយកំប៉ុងក្នុងមួយថ្ងៃ ព្រោះកាលនោះខ្ញុំមានកូនខ្ចី។ ចំណែកប្ដីរបស់ខ្ញុំធ្វើជាប្រធានកងតូច និងជាមេសហករណ៍ដែលទទួលការងារអ្នកផ្គត់ផ្គង់របបអាហារដល់ប្រជាជននៅក្នុងភូមិ។

នៅឆ្នាំ១៩៧៨ កម្មាភិបាល និងយោធាភូមិភាគនិរតីចូលមកចាប់កម្មាភិបាលនៅខាងបូព៌ា ប៉ុន្តែសំណាងល្អប្ដីរបស់ខ្ញុំរួចខ្លួនដោយសារប្រជាជនជួយលាក់ប្រវត្តិរូបព្រោះប្តីរបស់ចិត្តល្អ ហើយប្រជាជនស្រឡាញ់រាប់អានគាត់។ ពេលនោះខ្ញុំបានរត់ទៅនៅខាងខ្នងក្រពើអស់រយៈពេល១ខែ ទើបកងទ័ពវៀតណាមយកឡានមកទទួលខ្ញុំនិងអ្នកភូមិផ្សេងទៀតទៅរស់នៅភ្នំជើងអណ្ដែង។ វៀតណាមបើកអង្ករ និង ពោតសំឡីឲ្យខ្ញុំហូប។ បន្ទាប់មក ខ្ញុំនាំកូនត្រឡប់មកស្រុកវិញ ប៉ុន្តែវៀតណាមិនទាន់ឲ្យមកទេ ដូច្នេះខ្ញុំក៏លួចរត់ចេញមក។ ខ្ញុំមករស់នៅមេមត់បានរយៈពេល១ខែ ព្រោះមេភូមិប្រាប់មិនឲ្យត្រឡប់មករស់នៅក្នុងភូមិភ្លាមទេ ព្រោះខ្លាចជាន់មីនដែលដោះមិនទាន់អស់។ មួយរយៈក្រោយមក ខ្ញុំក៏ត្រឡប់មកដល់ភូមិរំចេកវិញ ប៉ុន្តែផ្ទះរបស់ខ្ញុំមិនមានសម្ភារ ឆ្នាំង ចាន នៅសេសសល់ឡើយ គឺនៅតែសម្បកផ្ទះ ចំណែកប្រជាជនក៏មិនរស់នៅក្នុងភូមិច្រើនដែរ ក្រោយមកទើបមានប្រជាជនមករស់នៅ និងប្រកបរបររកស៊ី។

អត្ថបទ ៖ គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម