លោកស្រី ម៉ាទីន ហ្សាកាំង មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បរិច្ចាគឯកសារចំនួន១៤០០ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា

មជ្ឈមណ្ឌលឯកសារកម្ពុជា

ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២

លោកស្រី ម៉ាទីន ហ្សាកាំង មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី បរិច្ចាគឯកសារចំនួន១៤០០ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។

មជ្ឈមណ្ឌលឯកសារកម្ពុជា មានសេចក្តីសោមនស្សប្រកាសអំពីការបរិច្ចាគដ៏វិសេសវិសាលនូវឯកសារនៃដើមបណ្តឹងរដ្ឋប្បវេណី ចំនួន១៤០០ ដល់បណ្ណសារដ្ឋានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកស្រី ម៉ាទីន ហ្សាកាំង មេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីក្រុមទី៣ បានធ្វើការបរិច្ចាគយ៉ាងសប្បុរសនូវឯកសារទាំងនេះ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា រំពឹងយ៉ាងមុតមាំក្នុងការធ្វើការជាមួយដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ៗ, ជនរងគ្រោះ, សមាជិកគ្រួសារដែលមានរស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ដើម្បីសម្របសម្រួលដល់ការវិភាគ ការចែកផ្សាយជូនសាធារណជនលើឯកសារជាក់លាក់ និងការប្រើប្រាស់ទូលំទូលាយជាងនេះក្នុងការអប់រំនិងការស្រាវជ្រាវ លើឯកសារប្រវត្តិសាស្ត្រដែលបង្កប់ព័ត៌មានដ៏វិសេសវិសាល ប៉ុន្តែមានសារប្រយោជន៍មហិមានេះ។

លោកស្រី ម៉ាទីន ហ្សាកាំង មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី បរិច្ចាគឯកសារចំនួន១៤០០ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។ (ឆាំង យុ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

យុត្តិធម៌មិនគួរ ឬមិនអាចបញ្ចប់ទៅ នៅពេលដែលតុលាការចេញសេចក្តីវិនិច្ឆ័យទោសចុងក្រោយទេ។ ការសម្របសម្រួលដល់ការវិភាគនានា និងការផ្សព្វផ្សាយនូវព័ត៌មានជាក់លាក់ ក៏ដូចជាការប្រើប្រាស់បន្ថែមក្នុងគោលបំណងអប់រំ និងការចែកចាយឯកសារទាំងអស់នេះ សបញ្ជាក់អំពីជំហានឆ្ពោះទៅមុខបន្ទាប់ ដើម្បីធ្វើឲ្យកម្ពុជាឈានទៅសម្រេចបានយុត្តិធម៌ពិតប្រាកដសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម។ ចាប់តាំងពីឆ្នាំ១៩៩៥មក មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួយដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើន ក្នុងការដាក់ពាក្យបណ្តឹងនិងប្រមែប្រមូលចងក្រងសាច់រឿងនានា ដែលគាំពារដល់ការចងចាំជាសាធារណៈ ការអប់រំពីអំពើប្រល័យពូជសាសន៍ និងការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ឬសាលាក្តីខ្មែរក្រហម)។ ការបរិច្ចាគឯកសារនេះ គឺជាសក្ខីភាពនៃជំហានឆ្ពោះទៅមុខបន្ទាប់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនអត្ថប្រយោជន៍របស់ដើមបណ្ដឹងរដ្ឋប្បវេណី, ជនរងគ្រោះ និងសមាជិកគ្រួសារដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីធានាថា យុត្តិធម៌មិនមែនបញ្ចប់ទៅនៅពេលដែលតុលាការខ្មែរក្រហមបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួនទេ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត។ (តាំង ជិនសុធី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ជាមួយនឹងការបរិច្ចាគដ៏វិសេសវិសាលរបស់លោកស្រី ម៉ាទីន ហ្សាកាំង មជ្ឈមណ្ឌលឯកសារកម្ពុជា រំពឹងយ៉ាងមុតមាំក្នុងការបំពេញបំណងរបស់ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ៗ, ជនរងគ្រោះ ក៏ដូចជាសមាជិកគ្រួសារដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដើម្បីធានាថា សាច់រឿងជីវិតរបស់បុគ្គលទាំងនេះ នឹងនៅតែបន្តចូលរួមនៅក្នុងការអប់រំមនុស្សជំនាន់ក្រោយ ព្រមទាំងចំពោះការសម្រេចបានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ហើយដើរតួនាទីជាកេរដំណែលនៃច្បាប់អន្តរជាតិសម្រាប់សង្គមក្រោយជម្លោះនានា។

អត្ថបទផ្សេងទៀត៖