"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ផន ភឿន ៖ កងចល័តជីកប្រឡាយ និងវាយថ្ម

ខ្ញុំឈ្មោះ ផន ភឿន ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ នុត ផន និងម្ដាយឈ្មោះ នួន នឹម។ នៅអាយុ១២ឆ្នាំ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាវត្តសំរោង។ ក្រោយពីបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា ខ្ញុំមិនបានបន្តការសិក្សានៅសាលាទៀតទេ។ ខ្ញុំចូលរៀនខាងធម៌វិន័យព្រះពុទ្ធសាសនាជាមួយលោកគ្រូ សំ, គ្រូអោក និង គ្រូចែម។ ក្រោយមកខ្ញុំទៅបួសរៀននៅវត្តសំរោងវត្តបានរយៈពេល១ឆ្នាំ ក៏លាចាកសិក្ខាបទវិញ។ ក្រោយពីលាចាកសិក្ខាបទ ខ្ញុំមករស់នៅជាមួយឪពុកម្តាយនៅក្នុងភូមិឫស្សីសាញ់។ ក្រោយមកឪពុកម្ដាយខ្ញុំបានរៀបការឲ្យខ្ញុំជាមួយឈ្មោះ កៅ នាថ។ បន្ទាប់ពីរៀបការរួច យើងមានកូនចំនួន៩នាក់ ក្នុងនោះស្រីចំនួន៥នាក់។

ផន ភឿន រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (បណ្ណមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ។ ខ្ញុំឃើញប្រជាជនជាច្រើននាំគ្នាធ្វើបាតុកម្មទាមទារអំណាចថ្វាយសម្ដេចព្រះ នរោត្តម សីហនុ និងយាងសម្តេចមកដឹកនាំប្រទេសវិញ។ មិនយូរប៉ុន្មាន ខ្ញុំឃើញមានការទម្លាក់គ្រាប់បែកបណ្តាលឲ្យការរស់នៅរបស់ខ្ញុំជួបការលំបាកយ៉ាងខ្លាំង ព្រោះត្រូវរត់គេចពីការទម្លាក់គ្រាប់បែក ហើយចូលពួននៅក្នុងត្រង់សេ (លេណដ្ឋាន) ជាញឹកញាប់។ ជាមួយគ្នានោះ ខ្ញុំឃើញវត្តមានពួកវឹកយ៉ា (ទាហានវៀតណាមខាងត្បូង) ចូលមករស់នៅក្នុងភូមិឫស្សីសាញ់ ធ្វើឲ្យប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ ខ្ញុំឃើញប្រជាជនថ្មីជាច្រើនត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញឲ្យមករស់នៅតាមទីជនបទ។ ពេលនោះខ្ញុំមិនសូវបានរស់នៅក្នុងភូមិទេ ព្រោះអង្គការចាត់តាំងខ្ញុំឲ្យទៅជីកប្រឡាយ នៅស្រម៉រ។ ពេលការងារនៅស្រម៉រត្រូវបានបញ្ចប់ អង្គការបានចាត់ខ្ញុំឲ្យទៅធ្វើការនៅព្រៃកូនឫស្សី និងនៅដំណាក់ក្រសាំងទៀត។ នៅពេលខ្ញុំធ្វើការងារនៅដំណាក់ក្រសាំងហើយរួចរាល់ ទើបខ្ញុំអាចត្រឡប់មករស់នៅជាមួយគ្រួសារបានរយៈពេលកន្លះខែ។ បន្ទាប់មក អង្គការបានចាត់ខ្ញុំឲ្យទៅជីកប្រឡាយ និងវាយថ្ម នៅថ្មពេជ្រ ក្នុងខេត្តកំពង់ចាម។ នៅពេលខ្ញុំធ្វើការនៅថ្មពេជ្រ ខ្ញុំបានហូបបាយស្រួយ មិនខ្វះខាតដូចរស់នៅក្នុងភូមិឫស្សីសាញ់ទេ ដែលកាលនោះប្រធានកងឲ្យហូបតែបបរប៉ុណ្ណោះ។ នៅថ្ងៃខ្លះ អង្គការបានរៀបចំឲ្យមានកម្មវិធីសម្តែងសិល្បៈដើម្បីឲ្យប្រជាជនមើលកម្សាន្ដ។

ផន ភឿន កំពុងផ្ដល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (បណ្ណមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលបញ្ចប់ការងារវាយថ្មនៅកំពង់ចាម ខ្ញុំបានមករស់នៅក្នុងភូមិឫស្សីសាញ់វិញ។ នៅពេលនោះ អង្គការចាត់តាំងខ្ញុំឲ្យទៅធ្វើស្រែចម្ការ ដូចប្រជាជនដទៃទៀតនៅក្នុងភូមិដែរ។ ជារឿយៗអង្គការបានយកមនុស្សទៅសម្លាប់នៅលើទួលពោធិ៍អង្អែវ ធ្វើឲ្យខ្ញុំកាន់តែខិតខំធ្វើការងារទៅតាមផែនការ ព្រោះខ្លាចអង្គការបញ្ជូនទៅរៀនសូត្រ។

នៅចុងឆ្នាំ១៩៧៨ ប្រជាជននៅក្នុងភូមិឫស្សីសាញ់ជាច្រើនគ្រួសារ ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅខេត្តពោធិ៍សាត់។ កាលនោះខ្ញុំបានបរទេះជូនក្រុមគ្រួសារជម្លៀសទាំងនោះទៅអ្នកលឿង។ ក្រោយពីជូនក្រុមគ្រួសារជម្លៀសទាំងនោះទៅដល់អ្នកលឿងហើយ ខ្ញុំក៏បររទេះគោត្រឡប់មកភូមិឫស្សីសាញ់វិញ។ ពេលមកដល់ភូមិ ខ្ញុំឃើញវត្តមានកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (កងទ័ពរំដោះ) ចូលមកក្នុងភូមិ ចំណែកប្រជាជនចំនួនត្រូវបានអង្គការជម្លៀសចេញពីភូមិឫស្សីសាញ់ទៅទិសខាងលិចវិញ។

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំក៏ជួបជុំជាមួយគ្រួសារឡើងវិញ។ ចាប់តាំងពីឆ្នាំ១៩៨០មក ខ្ញុំរកស៊ីដឹកជ្រូកយកទៅលក់នៅតាមព្រំដែនវៀតណាម និងនៅខេត្តបាត់ដំបងទើបធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារខ្ញុំបានប្រសើរឡើង និងមានហូបចុកគ្រប់គ្រាន់។ ដោយសារការខិតខំប្រឹងប្រែងក្នុងការរកស៊ីទើបធ្វើឲ្យខ្ញុំនិងគ្រួសារមានជីវភាពសមរម្យមិនលំបាកដូចកាលមុនទៀត។

អត្ថបទ ៖ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង