តក់ តុប ៖ ពិការជើងដោយសារជាន់មីន

ខ្ញុំឈ្មោះ តក់ តុប អាយុ៦១ឆ្នាំ គឺជាទាហានចូលនិវត្តន៍ មានស្រុកកំណើតនៅភូមិព្រៃក្រឡាញ់ ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុប្បន្នខ្ញុំរស់នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ ខ្ញុំមានឪពុកឈ្មោះ កុង តក់ និងម្តាយឈ្មោះ ហ៊ាង តុម ប្រកបរបរធ្វើស្រែចម្ការដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ខ្ញុំមានប្រពន្ធឈ្មោះ ហាយ រុំ ប៉ុន្តែប្រពន្ធខ្ញុំបានស្លាប់កាលពីឆ្នាំ២០១៩ដោយសារជំងឺ។ សព្វថ្ងៃ ខ្ញុំមានកូនចំនួន៤នាក់។

តក់ តុប រស់នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប និង ឃន់ ឃីម អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តសៀមរាម។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា) 

នៅរវាងពីឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥ គ្រួសាររបស់ខ្ញុំនៅធ្វើស្រែចម្ការនៅក្នុងភូមិព្រៃក្រឡាញ់ ទោះពេលនោះមានភាពច្របូកច្របល់ពេញផ្ទៃប្រទេសក៏ដោយ។ ទន្ទឹមនឹងនោះក៏មានការទម្លាក់គ្រាប់បែកលើកងទ័ពវៀតណាមខាងជើង និងខ្មែរក្រហម ដែលបានចូលកាន់កាប់តាមភូមិឃុំដែលស្ថិតនៅក្បែរព្រៃភ្នំក្នុងប្រទេសកម្ពុជា។ ក្រៅពីការទម្លាក់គ្រាប់បែក ក៏មានការវាយប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកក្នុងភូមិរបស់ខ្ញុំ ប៉ុន្តែមិនទាន់មានការបែងចែកប្រជាជនឲ្យចេញទៅធ្វើការតាមសហករណ៍ទេ គឺគ្រាន់តែចូលមកកាន់កាប់ និងបណ្តេញទាហាន លន់ នល់ ចេញពីភូមិប៉ុណ្ណោះ។ ក្រោយពីខ្មែរក្រហមចូលកាន់កាប់ភូមិបានរយៈពេលមួយខែ ខ្មែរក្រហមចាប់ផ្តើមចល័តអ្នកភូមិឲ្យទៅធ្វើការតាមសហករណ៍ផ្សេងៗ។ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅឃុំស្នួល ក្នុងស្រុកក្រឡាញ់ដើម្បីធ្វើការងារដកស្ទូង។ បន្ទាប់មក ខ្មែរក្រហមបញ្ជាខ្ញុំឲ្យដើរប្រមូលអាចម៍គោ លាមកមនុស្ស កាប់ដីដំបូក កាប់ដើមទន្ទ្រានខែត្រមកចិញ្ច្រាំឲ្យហ្មត់ហើយជាន់វាឲ្យចូលគ្នា រួចហើយយកវាទៅហាលថ្ងៃឲ្យស្ងួត ទើបជញ្ជូនវាមកទុកក្នុងជម្រុក ដើម្បីទុកយកទៅធ្វើជីដាក់ស្រែ។

ផ្ទះរបស់ តក់ តុប ស្ថិតនៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំធ្វើការនៅឃុំស្នួលបានរយៈពេល៣ខែ ទើបខ្មែរក្រហមបញ្ជូនខ្ញុំត្រឡប់មកភូមិព្រៃក្រឡាញ់វិញ។ មួយរយៈក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារទៅកាន់ឃុំកំពង់ថ្កូវ ស្ថិតនៅស្រុកក្រឡាញ់ដដែល។ គ្រួសាររបស់ខ្ញុំបានដឹកចានឆ្នាំងតាមរទេះទៅឃុំកំពង់ថ្កូវ ព្រោះផ្ទះរបស់ខ្ញុំនៅក្នុងភូមិព្រៃក្រឡាញ់ ខ្មែរក្រហមទុកសម្រាប់ប្រជាជនដែលជម្លៀសមកថ្មី។ នៅពេលនោះស្ថិតនៅក្នុងរដូវវស្សា ដូច្នេះផ្លូវដែលខ្ញុំធ្វើដំណើរគឺសុទ្ធសឹងតែទឹកដែលមានជម្រៅត្រឹមចង្កេះរបស់ខ្ញុំ។ ឪពុករបស់ខ្ញុំគឺជាអ្នកបររទេះ ហើយខ្ញុំនិងបងប្អូននាំគ្នារុញរទេះពីក្រោយ។ រទេះដែលខ្ញុំនិងប្រជាជនបរទៅកាន់ឃុំកំពង់ថ្កូវមានប្រមាណ៤០រទេះគោ។ នៅក្នុងឃុំកំពង់ថ្កូវមានផ្ទះធំៗជាច្រើនខ្នងដែលខ្មែរក្រហមត្រៀមទុកសម្រាប់ប្រជាជនដែលជម្លៀសទៅដល់ថ្មីស្នាក់នៅបណ្តោះអាសន្ន។ គ្រួសារខ្ញុំបររទេះទៅដល់ភូមិថ្កូវនៅពេលយប់ទៅហើយ ដូច្នេះខ្មែរក្រហមបានឲ្យគ្រួសារខ្ញុំ និងគ្រួសារពីរទៀត ទៅស្នាក់នៅក្នុងផ្ទះមួយខ្នងដែលមានភាពស្ងាត់ជ្រងំ ដូចជាទីរហោឋាន។

នៅថ្ងៃបន្ទាប់ ខ្ញុំ និងគ្រួសារត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការនៅតាមកងផ្សេងៗគ្នា។ នៅពេលនោះខ្មែរក្រហម បានចាត់តាំងខ្ញុំឲ្យដើររើសស្រូវ និងគួរស្រូវដែលជ្រុះនៅតាមវាលស្រែយកមកទុក ដោយកំណត់១០ហិកតា មានគ្នា៤០នាក់ដើររើសគួរស្រូវឲ្យអស់ពីស្រែ បើរើសមិនអស់ត្រូវយកទៅកសាង ឬយកទៅរៀនសូត្រ។ ចំពោះអ្នកដែលត្រូវខ្មែរក្រហមយកទៅកសាង ឬរៀនសូត្រហើយមិនដែលឃើញត្រឡប់មកវិញទេ។ ដូច្នេះខ្ញុំខិតខំធ្វើការឲ្យហើយរួចរាល់តាមផែនការដែលខ្មែរក្រហមកំណត់។ នៅពេលខ្ញុំឈឺស្កាត់ម្តងៗ មិនមានថ្នាំសង្កូវសម្រាប់លេបទេ គឺមានតែសមាជិកក្នុងកងជួយរក្សានិងមើលថែគ្នា ដូចជា ជួយជប់ ឬកោសខ្យល់ឲ្យគ្នាទៅវិញទៅមក។ ខ្ញុំធ្វើការនៅឃុំកំពង់ថ្កូវរហូតដល់របបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩។ ពេលនោះគ្រួសារខ្ញុំនិងគ្រួសារមិនបានត្រឡប់មករស់នៅភូមិព្រៃក្រឡាញ់វិញទេ គឺបន្តស្នាក់នៅកំពង់ថ្កូវដដែល ដោយយើងប្រកបរបរធ្វើស្រែចម្ការ។

ផ្ទះរបស់ តក់ តុប ស្ថិតនៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ (ឃន់ ឃីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

រហូតដល់ឆ្នាំ១៩៨២ ខ្ញុំចូលបម្រើកងទ័ពនៅខេត្តបន្ទាយមានជ័យ ហើយក្រោយមកត្រូវបានបញ្ជូនឲ្យទៅឈរជើងនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ខ្ញុំចូលបម្រើកងទ័ពបានរយៈពេលបីឆ្នាំក៏ជាន់មីនផ្ទុះដាច់ជើងស្តាំ នៅឆ្នាំ១៩៨៥។ ទោះបីខ្ញុំពិការជើង ក៏ខ្ញុំនៅបន្តធ្វើកងទ័ពរហូតដល់ឆ្នាំ២០០៨ ទើបខ្ញុំចូលនិវត្តន៍។ ក្រោយពេលចូលនិវត្តន៍ ទើបខ្ញុំរៀបការ ហើយមករស់នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប រហូតមកដល់ពេលបច្ចុប្បន្ន។

អត្ថបទ ៖ ឃន់ ឃីម អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តសៀមរាប

អត្ថបទផ្សេងទៀត៖