"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ប៉ុល ស៊ឹម ៖ អតីតគ្រូបង្រៀន

ខ្ញុំឈ្មោះ ប៉ុល ស៊ឹម កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៣៥ ហើយបច្ចុប្បន្នរស់នៅក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកឯទីកន្លែងកំណើតខ្ញុំនៅក្នុងភូមិព្រៃគុយ ក្នុងឃុំលាយបូ។ ខ្ញុំមានឪពុកឈ្មោះ ប៉ុល ហង់ និងម្តាយឈ្មោះ ចាន់ បូរ ពីជំនាន់ដើមប្រកបរបរធ្វើស្រែចម្ការ និងមានបងប្អូនចំនួន៧នាក់ គឺប្រុស៤នាក់ និងស្រី៣នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ ជូ សារ៉េង សព្វថ្ងៃអាយុ៨០ឆ្នាំ និងមានកូន៧នាក់ គឺប្រុស៣នាក់ និងស្រី៤នាក់។

កាលពីកុមារ ខ្ញុំរៀននៅវត្តវិហារខ្ពស់ ដែលមានព្រះសង្ឃគឺជាអ្នកបង្រៀន និងមានសិស្សសរុបប្រមាណ៧០នាក់។ កាលនោះមិនមានបន្ទប់រៀនត្រឹមត្រូវទេ ដូច្នេះព្រះសង្ឃបានយកសាលាឆាន់ក្នុងវត្តធ្វើជាកន្លែងបង្រៀនសិស្ស។ ខ្ញុំរៀននៅវត្តបានរយៈពេល៣ឆ្នាំ ក៏ប្រ​ឡងជាប់សញ្ញាបត្រក្មេងវត្ត។ ការប្រឡងនៅពេលនោះគឺមានព្រះសង្ឃជាច្រើនអង្គចូលរួមប្រ​ឡងជាមួយគ្នាដែរ ប៉ុន្តែអ្នកដែលប្រឡងជាប់មិនមានគ្នាច្រើនទេ។ បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រក្មេងវត្តហើយ ខ្ញុំក៏សម្រេចចិត្តបួសជាព្រះសង្ឃដើម្បីបន្តការសិក្សានៅថ្នាក់ពុទ្ធិកៈ ដែលឥឡូវស្មើនឹងថ្នាក់ទី៧។ ក្រោយមកខ្ញុំក៏ប្រឡងជាប់និងទទួលបានសញ្ញាបត្របាលីរង ហើយរៀនបន្តរហូតទទួលបានសញ្ញាបត្របំពេញវិជ្ជាទៀត។ ការសិក្សារបស់ខ្ញុំឡើងពីមួយថ្នាក់ទៅមួយថ្នាក់ដោយរលូន ហើយខ្ញុំក៏បន្តការសិក្សានៅសាលាធម្មវិន័យដែលចែកចេញជាបីថ្នាក់ គឺថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក។ បន្ទាប់ពីបួសបានរយៈពេល១០ឆ្នាំ ខ្ញុំបានប្រឡងជាប់គ្រូបឋម និងបានសឹកវិញ។

ប៉ុល ស៊ឹម សព្វថ្ងៃរស់នៅក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥៩ ខ្ញុំចេញទៅបង្រៀនដំបូងនៅសាលាបឋមសិក្សា អង្គសិរីមាលា ហៅសាលាសំភ្លី ស្ថិតនៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ បន្ទាប់ពីចេញបង្រៀនបានមួយឆ្នាំ ខ្ញុំក៏រៀបការប្រពន្ធ។ ចំពោះការបង្រៀនមិនមានភាពងាយស្រួលប៉ុន្មាននោះទេ គឺតែងតែជួបឧបសគ្គជាប់ជាប្រចាំ ដូច្នេះខ្ញុំបានអត់ធ្មត់ និងប្រឹងប្រែបង្រៀនយ៉ាងណាឲ្យសិស្សទទួលចំណេះដឹង។ កាលនោះ រដ្ឋាភិបាលបើកប្រាក់ខែគ្រូបង្រៀនឲ្យខ្ញុំចំនួន១៥០០រៀលក្នុងមួយខែ ក៏ប៉ុន្តែដោយសារទឹកដីស្រុកកោះអណ្តែតជាទឹកដីដែលងាយនឹងកើតជំងឺគ្រុនចាញ់ ដូច្នេះមិនសូវមានអ្នកចង់ទៅបង្រៀននៅទីនោះទេ ដូច្នេះរដ្ឋក៏បានថែមចំនួន៤០០រៀលទៀតសម្រាប់លើកទឹកចិត្តចំពោះអ្នកដែលស្ម័គ្រចិត្តទៅបង្រៀននៅទីនោះ។

កាលសម័យនោះ ខ្ញុំមានកង់មួយគ្រឿងសម្រាប់ជិះមកលេងផ្ទះ និងជិះទៅបង្រៀន។ បន្ទាប់មក ខ្ញុំសន្សំប្រាក់ខែបាន ហើយយកទៅទិញម៉ូតូមួយគ្រឿងក្នុងតម្លៃ ៤០,០០០រៀល។ ដំបូងខ្ញុំមិនចេះជិះម៉ូតូទេ ប៉ុន្តែដោយសារចិត្តចង់បានម៉ូតូក៏ព្យាយាមរៀនជិះរហូតដល់ចេះស្ទាត់។ នៅពេលខ្ញុំធ្វើជាគ្រូបង្រៀន ខ្ញុំស្នាក់នៅផ្ទះឪពុកធម៌របស់ខ្ញុំ។ គាត់ស្រឡាញ់ខ្ញុំណាស់ ដោយចាត់ទុកខ្ញុំដូចជាកូនបង្កើតរបស់គាត់ ដូច្នេះខ្ញុំមិនចំណាយប្រាក់ឡើយក្នុងការស្នាក់នៅ។

ប៉ុល ស៊ឹម ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយពីខ្ញុំបង្រៀននៅសាលាបឋមសិក្សា អង្គសិរីមាលា ក្នុងស្រុកកោះអណ្តែត បានរយៈពេល១១ឆ្នាំ ខ្ញុំក៏សុំក្រសួងប្តូរមកបង្រៀននៅសាលា​ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវវិញ។ មូលហេតុដែលខ្ញុំសុំផ្លាស់ប្តូរសាលាបង្រៀន ដោយសារខ្ញុំនិងប្រពន្ធមានផ្ទះនៅក្បែរទីរួមខេត្តមួយខ្នង ដូច្នេះងាយស្រួលធ្វើដំណើរមកផ្ទះនិងរស់នៅក្បែរគ្រួសារ។

រយៈពេលមួយឆ្នាំបន្ទាប់ពីខ្ញុំផ្លាស់មកបង្រៀននៅឃុំបារាយណ៍ ក៏មានការទម្លាក់គ្រាប់បែកនៅម្តុំផ្ទះរបស់ខ្ញុំ ប៉ុន្តែមិនមានអ្នកស្លាប់ទេ។ ខ្ញុំភិតភ័យខ្លាំងណាស់ក៏បញ្ជូនប្រពន្ធរបស់ខ្ញុំឲ្យទៅរស់នៅក្រុងភ្នំពេញ ព្រោះខ្ញុំមានបងប្អូននៅទីនោះ។ ក្រោយមកបានខ្ញុំទៅតាមប្រពន្ធរបស់ខ្ញុំនៅភ្នំពេញ ដោយខ្ញុំមានអាជីពជាគ្រូបង្រៀនដដែល។ ខ្ញុំបង្រៀននៅសាលាបឋមសិក្សាអូរបែកខ្អម សង្កាត់១១ ក្នុងក្រុងភ្នំពេញ ហើយកាលនោះខ្ញុំមានកូន៤នាក់។

ចូលមកដល់ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលមកទីក្រុងភ្នំពេញ ហើយនិយាយឃោសនាទៅកាន់ប្រជាជនថា «អ្នកណានៅខេត្តណា នាំគ្នាទៅខេត្តហ្នឹងវិញចុះ»។ បន្ទាប់ពីខ្ញុំឮការឃោសនានេះ ខ្ញុំក៏នាំប្រពន្ធកូន និងប្រមូលរបស់របរដែលចាំបាច់ដាក់តាមខ្លួន។ នៅតាមផ្លូវខ្ញុំឃើញសាកសពជាច្រើននាក់ ដែលភាគច្រើនគឺជាទាហាន។ ខ្ញុំនិងគ្រួសារធ្វើដំណើរដោ​យថ្មើរជើងពីភ្នំពេញមកខេត្តតាកែវដោយចំណាយពេល៤ថ្ងៃ។ ខ្ញុំមកដល់សាលាដើមចំបក់ ខ្មែរក្រហមបានចាត់តាំងឲ្យខ្ញុំដេរស្លឹកត្នោតដើម្បីចែកឲ្យប្រជាជនធ្វើថែប (ផ្ទាំងសម្រាប់បាំងថ្ងៃភ្លៀង)។ ចំណែកឯប្រពន្ធ និងកូនរបស់ខ្ញុំ ខ្មែរក្រហមចាត់តាំងឲ្យទៅរកជី និងលាយជីសម្រាប់យកទៅដាក់តាមស្រែ។ មេកងរបស់ខ្ញុំមិនចេះអក្សរទេ ដូច្នេះរាល់ពេលដែលថ្នាក់លើផ្ញើសំបុត្រមកគាត់ម្តងៗ គាត់តែងតែប្រើមនុស្សឲ្យមកហៅខ្ញុំទៅជួយអានឲ្យគាត់ស្តាប់។

ប៉ុល ស៊ឹម ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយមកក៏មានការលេចឮដំណឹងពីប្រជាជនដែលរស់នៅក្បែរខាងថា ខ្ញុំគឺជាអតីតគ្រូបង្រៀន។ បន្ទាប់មក កម្មាភិបាលខ្មែរក្រហមតាមសួររកឈ្មោះខ្ញុំ ប៉ុន្តែដោយសារខ្ញុំដឹងមុន នៅពេលដែលកម្មាភិបាលខ្មែរក្រហមដើរមករកឈ្មោះខ្ញុំ ខ្ញុំក៏ប្រាប់ទៅកម្មាភិបាលខ្មែរក្រហមវិញថា ខ្ញុំមិនមែនឈ្មោះ ប៉ុល ស៊ឹម ទេ គឺខ្ញុំឈ្មោះ តាជ។ ខ្ញុំបានរួចផុតពីការតាមដានប្រវត្តិរូបនៅពេលនោះ។ បន្ទាប់មកប្រធានកងប្រើខ្ញុំឲ្យទៅនៅក្នុងកងភ្ជួរវិញ។ ខ្ញុំចាប់ផ្តើមធ្លាក់ខ្លួនស្គមស្គាំងដោយសារតែមិនមានអាហារហូប និងធ្វើការងារធ្ងន់។ ខ្ញុំធ្វើការនៅក្នុងកងភ្ជួររហូតដល់កងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះ។ នៅពេលប្រទេសជាតិមានសន្តិភាពហើយ ខ្ញុំបានកៀរគរកុមារមកចូលរៀនវិញ។ ដំបូងខ្ញុំប្រមូលបានសិស្សតែមួយថ្នាក់ប៉ុណ្ណោះ ក្រោយមកក៏មានសិស្សចូលរៀនកាន់តែច្រើន ហើយកើនរហូតដល់ទៅ២៤ថ្នាក់។ ដូច្នេះខ្ញុំក៏បានរើសអ្នកដែលប្រឡងជាប់ឌីប្លូមឲ្យមកធ្វើជាគ្រូបង្រៀន ហើយខ្ញុំក៏បានក្លាយជានាយកវិទ្យាល័យរហូតដល់ខ្ញុំចូលនិវត្ត។

អត្ថបទ ៖ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ