"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

ប៊ុន វ៉ាត ៖ ឪពុកម្តាយខ្ញុំស្លាប់ដោយសារជំងឺ និងអត់អាហារ

ខ្ញុំឈ្មោះ ប៊ុន វ៉ាត ភេទប្រុស កើតនៅឆ្នាំ១៩៥៨ នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ប៊ុន កេន និងម្តាយឈ្មោះ នាង នូ។ ឪពុកម្តាយខ្ញុំស្លាប់ដោយសារជំងឺ និងអត់អាហារនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់គឺស្រីបីនាក់ និងប្រុសប្រាំនាក់ ហើយខ្ញុំគឺជាកូនទីបួននៅក្នុងគ្រួសារ។ នៅក្នុងចំណោមបងប្អូនរបស់ខ្ញុំ មានចំនួនបីនាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។

កាលពីកុមារ ខ្ញុំរៀនបានដល់ថ្នាក់ទី១១ក្នុងសង្គមចាស់ បើប្រៀបធៀបបច្ចុប្បន្នស្មើនឹងថ្នាក់ទី២។ កាលនោះគ្រូបង្រៀនរបស់ខ្ញុំគឺជាព្រះសង្ឃដែលមានព្រះនាម ថ្លាង។ នៅឆ្នាំ១៩៧០ ខ្ញុំបានឈប់រៀនដោយសារតែប្រទេសជាតិមានសង្គ្រាម។ កាលនោះខ្ញុំអាយុ១២ឆ្នាំ មិនត្រូវបានរដ្ឋាភិបាល លន់ នល់ ជ្រើសឲ្យចូលធ្វើជាទាហានទេ ប៉ុន្តែបងប្រុសរបស់ខ្ញុំម្នាក់ត្រូវបានរដ្ឋាភិបាលជ្រើសរើសគាត់ឲ្យចូលធ្វើជាទាហានដើម្បីបម្រើជាតិ។ ដោយសារតែនៅក្នុងភូមិត្រ​ពាំង​ព្រីងមិនសូវមានសុវត្ថិភាព ខ្ញុំនិងគ្រួសារបាននាំគ្នាមកជួលផ្ទះស្ថិតនៅក្នុងភូមិភូមិចក សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីស្នាក់នៅបណ្តោះអាសន្នរយៈប្រហែលបីឆ្នាំ។ នៅពេលខ្ញុំនិងគ្រួសារមិនមានលុយបង់ថ្ងៃផ្ទះ យើងត្រូវបង់ជាស្រូវទៅឲ្យម្ចាស់ផ្ទះ។

ប៊ុន វ៉ាត រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំឮខ្មែរក្រហមប្រកាសថា ខ្លួនបានចូលទៅដល់ទីក្រុងភ្នំពេញហើយ ហើយប្រជាជនដែលនៅទីក្រុងភ្នំពេញទាំងអស់ត្រូវទៅរស់នៅទីជនបទវិញ។ ក្រោយមកខ្មែរក្រហមបានជម្លៀសខ្ញុំ គ្រួសារខ្ញុំនិងប្រជាជនឯទៀតចេញពីភូមិពីភូមិចក ទៅភូមិចំប៉ាលើក ស្ថិតនៅក្នុងឃុំតាភេម ស្រុកត្រាំកក់វិញ។ ដំបូងខ្មែរក្រហមមិនទាន់ឲ្យយើងហូបបាយរួមគ្នាទេ គឺបានចែកអង្ករឲ្យប្រជាជនម្នាក់មួយកំប៉ុងយកទៅដាំហូបរៀង​ខ្លួន។

នៅខែតុលា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងគ្រួសារទៅនៅឃុំបារាយណ៍ ស្រុកទ្រាំង តំបន់១០៧ វិញ។ ខ្មែរក្រហមបំបែកខ្ញុំចេញពីគ្រួសារ និងឲ្យទៅធ្វើការក្នុងកងចល័ត។ ខ្មែរក្រហមប្រើខ្ញុំឲ្យលើកទំនប់ និងជីកប្រឡាយ។

នៅខែកក្កដា ឆ្នាំ១៩៦៦ ម្តាយរបស់ខ្ញុំស្លាប់ដោយសារអត់អាហារហូប។ នៅខែឧសភា ឆ្នាំ១៩៧៧ ខ្មែរក្រហមបានប្តូរខ្ញុំឲ្យមកជីកប្រឡាយនៅត្នោតជុំវិញ។ ថ្ងៃមួយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យខ្ញុំមានអារម្មណ៍ឯកោ និងកំសត់យ៉ាងខ្លាំង ព្រោះខ្ញុំមានតែអាវដៃខ្លី និងខោខ្លីមួយសម្រាប់តែប៉ុណ្ណោះ។ នៅពេលយប់ ខ្ញុំមិនមានកន្លែងស្នាក់នៅសមរម្យទេ។ ខ្ញុំដេកនៅតាមការដ្ឋានការងារ ដោយយកស្លឹកត្នោតដែលមានទទឹងប្រវែងមួយហត្ថ (កន្លះម៉ែត្រ) ដែលដេររួច គ្រប់ពីលើមុខកុំឲ្យត្រូវទឹកភ្លៀង។

ប៊ុន វ៉ាត ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ ស៊ាង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំបាត់បង់ឪពុកម្នាក់ទៀត។ ឪពុករបស់ខ្ញុំបានស្លាប់ដោយ​សារជំងឺ។ មុនពេលឪពុកខ្ញុំស្លាប់ បងស្រីខ្ញុំតែងតែលួចទៅជួបគាត់ដែលធ្វើការនៅកងផ្សេងជាញឹកញាប់ ប៉ុន្តែពេលបងស្រីទៅមើលគាត់លើកចុងក្រោយ ឪពុករបស់ខ្ញុំបានស្លាប់បាត់ទៅហើយ។ ខ្ញុំនិងបងស្រីឈឺចាប់ និងអាឡោះអាល័យឪពុកខ្ញុំយ៉ាងខ្លាំង។ នៅពេលនោះការហូបចុកមានការខ្វះខាតយ៉ាងខ្លាំង ខ្មែរក្រហមបើកអង្ករទម្ងន់៧ខាំ សម្រាប់មនុស្ស១០នាក់។ ដោយ​សារតែខ្ញុំហូបមិនឆ្អែត និងហត់នឿយខ្លាំងពេក ខ្ញុំធ្វើពុតជាឈឺ។ ទោះបីយ៉ាងណាខ្មែរក្រហមមិនឲ្យខ្ញុំសម្រាកឡើយ គឺបានផ្លាស់ខ្ញុំពីលើកទំនប់ឲ្យទៅដកសំណាបម្តង និងបានកំណត់ឲ្យខ្ញុំដកសំណាបឲ្យបាន៥ដំបក្នុងមួយថ្ងៃ។

មានថ្ងៃមួយ ខ្ញុំដួលសន្លប់នៅការដ្ឋាន ពេលនោះអ្នកដែលនៅធ្វើការជាមួយខ្ញុំបានសែងខ្ញុំយកទៅព្យាបាលនៅមន្ទីរពេទ្យ។ នៅពេលទៅដល់ពេទ្យ ខ្ញុំបានដឹងខ្លួនឡើងវិញ។ ខ្ញុំ មិនចង់ព្យាបាលនៅក្នុងមន្ទីរពេទ្យឡើយ ព្រោះមានអ្នកប្រាប់ខ្ញុំថា នៅពេលអ្នកជំងឺឈឺរុំារ៉ៃ និងមិនងាយជាសះស្បើយ គ្រួពេទ្យនឹងចាក់ថ្នាំសម្លាប់អ្នកជំងឺនោះ។ មានពេលមួយប្អូនស្រីរបស់ខ្ញុំបានលួចទៅជួបបងស្រីខ្ញុំ ហើយឈ្លបតាមទាន់ក៏ធ្វើទារុណកម្មប្អូនស្រីខ្ញុំ ដោយកប់ប្អូនស្រីខ្ញុំត្រឹមករយៈពេលបីម៉ោងដើម្បីឲ្យប្អូនស្រីខ្ញុំរៀងចាល។ ខ្មែរក្រហមមិនយោគយល់ដល់ក្មេងៗឡើយ គឺឲ្យតែប្រព្រឹត្តខុសវិន័យត្រូវតែទទួលទោស។

ប៊ុន វ៉ាត ទទួលប្រអប់អនុស្សាវរីយ៍ពី ស៊ាង កញ្ញា បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

មិនយូរប៉ុន្មាន កងទ័ពវៀតណាមបានវាយចូលមក ពេលនោះខ្មែរក្រហមបានកៀរគ្រួសារខ្ញុំនិងប្រជា​ជនទៅភាគខាងលិចដើម្បីគេចចេញពីកងទ័ពវៀតណាម។ ដោយសារតែប្រជាជនមួយចំនួនមានវ័យចំណាស់មិនអាចបន្តដំណើរទៅមុខបាន យើងក៏នាំគ្នាឈប់ស​ម្រាកនៅវត្តមុន្នីរង្ស៊ី ទើបកងទ័ពវៀតណាមទៅស្ទាក់ជាប់។ កងទ័ពវៀតណាមប្រាប់យើងឲ្យត្រឡប់មកស្រុកកំណើតរៀងៗខ្លួនវិញ។ ពេលមកដល់ភូមិត្រពាំងព្រីង ផ្ទះរបស់ខ្ញុំត្រូវភ្លើងឆេះអស់ទៅហើយ ដូច្នេះខ្ញុំនិងគ្រួសារបាននាំគ្នាសាងសង់ផ្ទះថ្មីដើម្បីស្នាក់នៅ។ នៅឆ្នាំ១៩៨១ ខ្ញុំបានរៀបការប្រពន្ធ និងបានប្រកបរបរធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។

អត្ថបទ ៖ សៀង កញ្ញា បុគ្គលិកមជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ