"សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន"

បងប្អូនខ្ញុំចំនួន៤នាក់ដែលចូលធ្វើបដិវត្តន៍ខ្មែរក្រហម បានស្លាប់និងបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ

ខ្ញុំឈ្មោះ ហ៊ឹម តន ភេទស្រី អាយុ៦៣ឆ្នាំ ក្នុងឆ្នាំ២០០៥ រស់នៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ ហ៊ឹម ឡុក និងម្ដាយឈ្មោះ ខៀវ​ បាន់។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់។ ខ្ញុំមានប្តីឈ្មោះ សំ ឡូត និងមានកូនម្នាក់ឈ្មោះ ពៅ ចាន់ត្រា។ ខាងក្រោមនេះគឺជារឿងរ៉ាវអំពីបងប្អូនរបស់ខ្ញុំដែលបានបាត់ខ្លួនបន្ទាប់ពីចូលបដិវត្តន៍ខ្មែរក្រហម ៖

ប្អូនទី៤របស់ខ្ញុំឈ្មោះ ហ៊ឹម យ៉ុង ភេទស្រី បានចូលបដិវត្តន៍នៅក្នុងឆ្នាំ១៩៧០។ កាលពីក្មេង យ៉ុង បានរៀនសូត្ររយៈពេលតែពីរឆ្នាំតែប៉ុណ្ណោះ ព្រោះប្រទេសជាតិកើតមានសង្គ្រាមនៅឆ្នាំ១៩៧០។ បន្ទាប់ពីឈប់រៀន ប្អូនរបស់ខ្ញុំបានមករស់នៅជួបជុំគ្រួសារក្នុងភូមិអង្គរស និងជួយធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំវិញ។ នៅឆ្នាំ១៩៧១ ឈ្មោះ សុខ ប៊ុតចំរើន ដែលធ្វើការជាមួយក្រុមរណសិរ្សនៅតំបន់២៥ និងសមាជិកប្រមាណចំនួន១០នាក់ បានមកផ្សព្វ​ផ្សាយនិងជ្រើសរើសប្រជាជននៅក្នុងភូមិអង្គរសឲ្យចូលរួមធ្វើបដិវត្តន៍។ សុខ ប៊ុតចំរើន ចូលមកធ្វើការនៅក្នុងភូមិអង្គរសបានដោយមានការជួយសម្របសម្រួលពីមេភូមិ និងមេឃុំអង្គរស។

ហ៊ឹម យ៉ុង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អំឡុងពេល សុខ ប៊ុតចំរើន ចូលមកផ្សព្វផ្សាយប្អូនរបស់ខ្ញុំឈ្មោះ ហ៊ឹម យ៉ុង រួមនឹងប្រជាជនចំនួន១១នាក់ផ្សេងទៀត បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ ។ នៅពេលចូលធ្វើបដិវត្តន៍ ដំបូងនារីៗចូលធ្វើជាពេទ្យ ចំណែកប្រុសៗចូលធ្វើយោធា។ បន្ទាប់ពីប្អូនរបស់ខ្ញុំចូលបដិវត្តន៍បានរយៈពេល១ឆ្នាំ សុខ ប៊ុតចំរើន បាននាំប្អូនខ្ញុំនិងអ្នកភូមិ១១នាក់ទៀតត្រឡប់មកលេងស្រុក កំណើតនិងជ្រើសរើសអ្នកភូមិចូលធ្វើបដិវត្តន៍បន្ថែមទៀត។ នៅពេលដែលប្អូនរបស់ខ្ញុំឈ្មោះ យ៉ុង ត្រឡប់ទៅវិញក៏បាននាំប្អូនពៅភ្លោះ២នាក់គឺប្អូនស្រី ហ៊ឹម យឿន និងប្អូនប្រុស ហ៊ឹម សាវន ទៅជាមួយដែរ។ ​ នៅក្នុងរបបខ្មែរក្រហម បងប្អូនរបស់ខ្ញុំចំនួន៤នាក់គឺ ទី១) ឈ្មោះ ហ៊ឹម យ៉ុង ទី២) ហ៊ឹម យឿន ទី៣) ហ៊ឹម សាវន និងទី៤) បងប្រុស ហ៊ឹម សារឿន  បានចូលរួមជាមួយបដិវត្តន៍​។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះទៅលើរបប លន់ នល់ ទាំងស្រុង។ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើជាតំណាងសមាគមនារីដើម្បីដឹកនាំក្រុមនារីធ្វើការងារ ដូចជា ធ្វើស្រែសាមគ្គី (ក្រុមប្រវាស់ដៃ) និងដាំបន្លែដើម្បីទុកហូបតាមផ្ទះ។ អំឡុងពេលនោះមានប្រជាជនជម្លៀសមកពីទីក្រុងភ្នំពេញជាច្រើនគ្រួសារចូលមករស់នៅជាមួយប្រជាជនក្នុងភូមិអង្គរស។ ប្រជាជនជម្លៀសទាំងនោះធ្វើការងារ និងទទួលរបបអាហារដូចប្រជាជនក្នុងភូមិដែរ។ ចំណែកឯបង សារឿន បន្ទាប់ពីកងទ័ពខ្មែរក្រហមទទួលបានជោគជ័យ គាត់បានត្រឡប់មកផ្ទះវិញ ដែលពេលនោះខ្ញុំឃើញជើងរបស់គាត់ពិការដោយសារត្រូវគ្រាប់អំឡុងពេលសង្គ្រាម។ បងសារឿន បានឡើងតួនាទីគ្រប់​គ្រងយោធានៅស្រុកមេសាង ជំនួស តាជ្រោង និងតាគល់។ គ្រួសាររបស់ខ្ញុំនៅពេលនោះ មិនសូវលំបាកប៉ុន្មានទេ ព្រោះមានបងប្អូនចូលធ្វើបដិវត្តន៍។

ប្រវត្តិរូប ហ៊ឹម យ៉ុង ពេលចូលរួមជាមួយបដិវត្តន៍។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧៧ បន្ទាប់ពីមានព្រឹត្តិការណ៍ចោទ សោ ភឹម ថាក្បត់ អង្គការបានមកចាប់បង សារឿន យកទៅសម្លាប់ចោល ប៉ុន្តែខ្ញុំមិនបានដឹងថាយកគាត់ទៅសម្លាប់នៅទីណាឡើយ។ ចំណែកប្រពន្ធរបស់បង សារឿន ឈ្មោះ ជី នង និងកូនចំនួន៣នាក់ទៀតអង្គការបានបញ្ជូនទៅកាន់ខេត្តពោធិ៍សាត់ និងបាត់ដំបង ហើយបាត់ដំណឹងតាំងពីពេលនោះមក។ ចំណែក​ឪពុកម្តាយ បងប្អូន និងក្រុមគ្រួសាររបស់ខ្ញុំ ក៏អង្គការបញ្ជូនទៅតំបន់ដីខ្លាញ់នៅខេត្តពោធិ៍សាត់ដែរ។ អង្គការបានប្រាប់គ្រួសាររបស់ខ្ញុំថា នៅទីនោះមានអាហារហូបគ្រប់គ្រាន់ ហើយការរស់នៅងាយស្រួលជាងនៅភូមិអង្គរស ប៉ុន្តែការពិតគឺធ្វើការងារលំបាកជាងមុនហើយការហូបចុកកាន់តែតិចទៅៗ។

ខ្ញុំនិងក្រុមគ្រួសារបានទៅរស់នៅសហករណ៍ចាហ៊ួយ ស្ថិតនៅក្នុងភូមិបឹងផុង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការងាររបស់ខ្ញុំគឺដើររើសគួរស្រូវ និងលើកប្រព័ន្ធភ្លឺស្រែ។ នៅទីនោះខ្ញុំបានជួបប្អូនស្រីឈ្មោះ ហ៊ឹម យឿន ហើយបម្រុងនាំនាងមកជួបឪពុករបស់ខ្ញុំវិញ ប៉ុន្តែប្អូន យឿន ប្រាប់ខ្ញុំថារវល់ការងារមិនបានមកជាមួយខ្ញុំទេ។ ឪពុករបស់ខ្ញុំខកបំណងយ៉ាងខ្លាំងព្រោះមិនបានជួបកូនស្រីពៅរបស់គាត់ ធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺ ហើយក្រោយមកក៏ស្លាប់។

អត្ថបទ ៖ ភា រស្មី  បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង