ការយល់ឃើញអំពីសុខភាពសាធារណៈរបស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហមនៅ ឃុំអូរសណ្តាន់

ក្រុមការងារ «គម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ជួបសំណេះសំណាល និងសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥៣នាក់ ក្នុងនោះមានស្រីចំនួន៣៦នាក់ នៅវិហារអ៊ីស្លាម ស្ថិតនៅក្នុងភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នៅក្នុងកម្មវិធីនេះ លោក រស់ សៃហ៊ុត ជំទប់ទី២ ឃុំអូរសណ្តាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់ និយាយទៅកាន់អ្នកចូលរួមទាំងអស់ថា «បើទោះបីជាយើងពិបាកខ្លាំង និងមានកំហឹងចំពោះខ្មែរក្រហមក៏ដោយ ក៏យើងមិនត្រូវចងកំហឹង និងសន្សំកំហឹងនោះនៅក្នុងចិត្តខ្លាំងពេកទេ។ ការចងកំហឹងនឹងរបបនោះគឺរឹតតែធ្វើឲ្យយើងឈឺខ្លាំង និងប៉ះពាល់ដល់សុខភាពយើង។ យើងត្រូវរសាយកំហឹង ប៉ុន្តែយើងត្រូវចង់ចាំ។ ពេលនេះយើងត្រូវតែថែរក្សាសុខភាពរបស់យើងឲ្យរឹងមាំ កុំឲ្យមានជំងឺ។ យើងត្រូវហូបអាហារទាំងបីពេលឲ្យបានទៀងទាត់។ ប្រសិនបើយើងមានជំងឺយើងត្រូវព្យាបាលឲ្យទាន់ពេលវេលា។ បើនិយាយអំពីសុខភាព គឺមិនមែននិយាយតែអំពីសុខភាពរបស់យើងម្នាក់ឯងទេ គឺសុខភាពរបស់កូនចៅយើង គ្រួសារយើង និងសហគមន៍យើង»។

លោក សៃហ៊ុត បានលើកឧទាហរណ៍អំពី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅក្នុងភូមិចុងខ្លុងថា គាត់មានអាយុ៦០ឆ្នាំ បានផ្តល់បទសម្ភាសន៍ឲ្យអ្នកស្ម័គ្រចិត្តកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២១ ក្រោម «គម្រោងការលើកកម្ពស់សិទិ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»។

គាត់ទទួលបានការពិនិត្យសុខភាពនៅគ្លីនិកឯកជនមួយនៅក្រុងពោធិ៍សាត់ ដែលឧបត្ថម្ភដោយមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២១។ តាមលទ្ធផលពិនិត្យបញ្ជាក់ថាគាត់មានជំងឺក្រិនថ្លើម។ គាត់បានទទួលការព្យាបាលមួយរយៈដោយការប្រើប្រាស់ថ្នាំពេទ្យ ហើយបានធ្វើដំណើរទៅពិនិត្យម្តងទៀតនៅភ្នំពេញ ប៉ុន្តែគាត់មិនបានជួបជាមួយគ្រូពេទ្យជំនា​ញទេ ដូច្នេះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។ ដោយសារមិនមានអាការប្លែកនៅក្នុងខ្លួន គាត់ក៏ឈប់លេបថ្នាំមួយរយៈ។ ដោយសារបញ្ហាជីវភាពគាត់បានខិតខំធ្វើការងារធ្ងន់ ដូចជា ធ្វើចម្ការដំឡូង។ ជាអកុសលគាត់ទទួលរងគ្រោះថ្នាក់ចរាចរមួយលើក និងត្រូវផ្លែដូងធ្លាក់ចំទ្រូងគាត់ទៀត។ គ្រោះថ្នាក់ទាំងនេះបានធ្វើឲ្យជំងឺរបស់គាត់កាន់តែវិវឌ្ឍន៍លឿន។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក គាត់បានទៅពិនិត្យអេកូនៅពេទ្យជំនាញនៅភ្នំពេញ។ លទ្ធផលបង្ហាញថា ជំងឺរបស់គាត់វិវឌ្ឍន៍ដល់ដំណាក់កាលមហារីកដំណាក់កាលចុងក្រោយ ព្រោះទឹកដក់ក្នុងពោះ ហើយពោះរបស់គាត់ចាប់ផ្តើមហើម។ គ្រូពេទ្យបានប្រាប់ក្រុមគ្រួសារគាត់ថា ប្រសិនបើព្យាបាល និងថែទាំគាត់បានត្រឹមត្រូវ គាត់អាចរស់បានពីចន្លោះ៣ទៅ៦ខែ។ បន្ទាប់ពីវិលត្រឡប់មកផ្ទះវិញ គាត់បានបន្តហូបថ្នាំពេទ្យបានប្រហែលពីរសប្តាហ៍ ហើយហាក់ដូចជាបានធូរបន្តិច។ ប៉ុន្តែកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក គាត់ចាប់ផ្តើមធ្វើទុក្ខខ្លាំង ហូបអ្វីមិនបាន ហើយពោះរបស់គាត់ចាប់ផ្តើមធំនិងតឹងជាងមុន។ លុះដល់វេលាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា គាត់ចាប់ផ្តើមថ្ងូរ ហើយឈឺក្នុងពោះ និងស្ពឹកជើង។ គាត់ត្រូវបានក្រុមគ្រួសារដឹកទៅកាន់គ្លីនិកឯកជនមួយនៅខេត្តពោធិ៍សាត់ ដោយសារមិនទាន់អាចដឹកបន្តទៅពេទ្យធំបាន។ ទោះបីយ៉ាងណា គ្រូពេទ្យបានបញ្ជូនគាត់ទៅពេទ្យបង្អែកខេត្ត។ ប៉ុន្តែមិនទាន់ដល់មន្ទីរពេទ្យផង គាត់បានដាច់ខ្យល់ស្លាប់។

លោក សៃហ៊ុត បន្ថែមថា «ការប្រែក្លាយការឈឺចាប់ឲ្យទៅជាការផ្សះផ្សា» មានន័យថាយើងនាំគ្នានិយាយរឿងរ៉ាវដែលកើតមានឡើងពីអតីតកាលជូរចត់ពីសម័យសង្រ្គាម ជាពិសេ​សសម័យខ្មែរក្រហមប្រាប់កូនចៅជំនាន់ក្រោយឲ្យយល់ដឹង គឺជារឿងត្រឹមត្រូវបំផុត មិនមែនជាការសងសឹក ឬធ្វើឲ្យផ្ទុះកំហឹងឡើយ វាគឺជាការផ្សះផ្សាទៅវិញទេ។ ដើម្បីឲ្យប្រទេសជាតិអភិវឌ្ឍន៍ទៅបានលុះត្រាយើងស្គាល់ប្រវត្តិសាស្រ្តខ្លួនឯងដែរ។

ចំណែកលោក ញ៉ែម ខុន អាយុ៧២ឆ្នាំ ប្រធានភូមិអូរតាប្រុក ឃុំអូរសណ្តាន់ មានប្រសាសន៍ថា «ការនិយាយរឿងរ៉ាវទុក្ខលំបាកប្រាប់ដល់កូនចៅជំនាន់ក្រោយឲ្យបានដឹង  មិនមែនជាការសងសឹកនោះទេ គឺនិយាយឲ្យក្មេងដែលកើតមិនទាន់សម័យខ្មែរក្រហមឲ្យបានយល់ និងស្វែងយល់ប្រវត្តិសាស្រ្តពិត។ សព្វថ្ងៃយើងមានសាសនាជាច្រើនកើតឡើងវិញ សាស​នា​ណាក៏ដូចជាសាសនាណាដែរ គឺអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ ចេះយល់ចិត្តគ្នា អធ្យា​ស្រ័យគ្នា និងមិនត្រូវរើសអើងគ្នាឡើយ»។

បន្ទាប់ពីស្តាប់រួច អ្នកចូលរួមពេញចិត្តនូវការលើកឡើងខាងលើ ហើយក៏សម្តែងការសោកស្តាយចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានស្លាប់ដោយសារជំងឺ។ ក្រុមការងារ «គម្រោងលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងអ្នកភូមិរបស់​គាត់។

នៅចុងបញ្ចប់នៃកម្មវិធី ក្រុមការងារចែកប្រអប់អនុស្សាវរីយ៍ និងសៀវភៅទស្សនាវដ្តីស្វែងរកការពិត ជូនអ្នកភូមិដែលអញ្ជើញមកចូលរួមគ្រប់ៗគ្នា។

អត្ថបទ ៖ សុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖