រឿងរ៉ាវពីប្រជាជនក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់

ខ្ញុំឈ្មោះ សេក អ៊ូច ភេទស្រី អាយុ៦៧ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិដដែល ប៉ុន្តែប្ដូរទៅជា ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ កែវ និងឪពុកឈ្មោះ នៅ។ ប្ដីរបស់ខ្ញុំឈ្មោះ ស សារូ។ ខ្ញុំមានកូនចំនួន៧នាក់ គឺប្រុស៤នាក់ ស្រី៣នាក់។ កាលពីក្មេងខ្ញុំរៀនសូត្របន្តិចបន្តួចនៅពេលយប់ នៅសាលាវត្តកន្ទួត។ នៅម៉ោង៧យប់ខ្ញុំ និងក្មេងក្នុងភូមិនាំគ្នាដើរទៅវត្តកន្ទួតដើម្បីរៀនអក្សរ។ ខ្ញុំឈប់រៀនក្នុងឆ្នាំ១៩៧០ ដោយសារសង្គ្រាម។ ខ្ញុំឃើញមានទាហានអាមេរិកចូលមកដល់ក្នុងភូមិ។ ប្រសិនប្រជាជនណាម្នាក់មានជំងឺ ទាហានអាមេរិកយកទៅព្យាបាល និងចាក់ថ្នាំឲ្យប្រជាជនគ្រប់គ្នា។ ថ្ងៃមួយខ្ញុំឈឺគ្រុនក្តៅ ទាហានអាមេរិកនាំខ្ញុំទៅព្យាបាល ចាក់ថ្នាំ និងឲ្យថ្នាំលេប។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាទាហានកងទ័ពរំដោះ ខ្ញុំត្រូវផ្លាស់ទៅនៅ តោញក្នុងឃុំរូង។ នៅទីនោះខ្ញុំបានជួយធ្វើស្រែប្រជាជន។ ប្រធានគ-២ ឈ្មោះយាយម៉ៅ និងប្រធានគ-១ ឈ្មោះ យាយសេង។ ក្រោយមកទៀតនៅឆ្នាំ១៩៧៥ ខ្ញុំ និងអង្គភាពត្រូវផ្លាស់មករស់នៅភូមិ ងើ ធ្វើស្រែជាមួយប្រជាជនបានរយៈពេល១ខែ អង្គភាពរបស់ខ្ញុំត្រូវត្រឡប់មកនៅភូមិបេងកោងវិញ។ ខ្ញុំជួយធ្វើការងារដាំស្រូវជាមួយអ្នកភូមិរហូតដល់ឆ្នាំ១៩៧៧។ នៅពេលកងទ័ពមជ្ឈិមចូលមកចាប់ យាយម៉ៅ និងយាយសេង នៅបេងកោង ខ្ញុំបានរត់បែកពីក្រុម មករកឪពុកម្តាយនៅជំនុំពល។ ខ្ញុំស្នាក់នៅផ្ទះប្រជាជន។ ក្រោយមកខ្ញុំត្រូវជម្លៀសទៅក្រចេះ។ នៅពេលកងទ័ពវៀតណាមចូលមក ខ្ញុំដើរត្រឡប់មកផ្ទះជាមួយបងប្រុសរបស់ខ្ញុំ។

ខ្ញុំឈ្មោះ ខៀវ ប៉ិច ភេទស្រី អាយុ៧៤ឆ្នាំ។ ខ្ញុំគឺជាជនជាតិដើមភាគតិចស្ទៀង និងរស់នៅក្នុងភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្ដាយរបស់ខ្ញុំឈ្មោះ អៀន និងឪពុកឈ្មោះ ខៀវ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី៦នាក់ និងប្រុស១នាក់។ ខ្ញុំមិនបានរៀនសូត្រទេ ព្រោះគ្មានសាលា ហើយខ្ញុំត្រូវនៅផ្ទះជួយការងារឪពុកម្តាយធ្វើចម្ការ និងដាំស្រូវ។ នៅពេលទំនេរខ្ញុំតែងតែទៅចម្ការកៅស៊ូរបស់បារាំងនៅឡាំបោ ដើម្បីបេះបន្លែ បេះល្ពៅ យកមកធ្វើម្ហូប។ ខ្ញុំ រៀបការនៅមុនរដ្ឋប្រហារ។ បន្ទាប់ពីរៀបការរួច ខ្ញុំនិងប្ដីរត់ចូលព្រៃដើមី្បគេចពីទម្លាក់គ្រាប់បែក។ ខ្ញុំ ពួនតាមព្រៃឫស្សី ពេលនោះខ្ញុំមានកូនមួយ ខ្ញុំរត់ឱប កូនមុជបន្លាឫស្សីដោយភ័យខ្លាចសំឡេងយន្តហោះទម្លាក់គ្រាប់។ កាលនោះទាហានអាមេរិកមានបន្ទាយនៅខាងកើតភូមិ។ នៅឆ្នាំ១៩៧៣ នៅក្នុងភូមិ ប្រជាជនធ្វើស្រែប្រវាស់ដៃ ក្រោយមកមិនបានប៉ុន្មាន ខ្មែរក្រហមបានឲ្យប្រជាជនហូបបាយរួម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែនៅក្នុងភូមិមួយរយៈ។ ក្រោយមកទៀត ខ្មែរក្រហមឲ្យខ្ញុំមើលក្មេងៗនៅក្នុង ខ្ញុំមើលក្មេងដែលមានអាយុចន្លោះពី៧ទៅ៨ឆ្នាំ។ ក្រោយមកនៅឆ្នាំ១៩៧៨ ខ្ញុំនិងក្រុមគ្រួសារត្រូវខ្មែរក្រហមជម្លៀសទៅខេត្តក្រចេះ។ ពេលទៅដល់ក្រចេះ ខ្ញុំត្រូវខ្មែរក្រហមចាត់ឲ្យធ្វើការងារលើកប្រព័ន្ធភ្លឺស្រែ និងទំនប់។ ខ្ញុំធ្វើការងារមិនបានប៉ុន្មាន ខ្មែរក្រហម ចាត់ឲ្យខ្ញុំ ទៅមើលក្មេងៗម្ដងទៀត ។ នៅពេលរំដោះ ខ្ញុំក៏បានត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំធ្វើដំណើរមកជាមួយប្ដី និងកូនតូចរបស់ខ្ញុំ។ នៅតាមផ្លូវប្តីរបស់ខ្ញុំឈឺរហូតព្រោះគាត់គ្មានកម្លាំងនិងគ្មានអាហារ។ ខ្ញុំគ្រាប្ដី និងពរកូនមករហូត។ ខ្ញុំឈប់សម្រាកនៅ កាត់ដៃមួយខែ។ កាលនោះប្រជាជនឲ្យខ្ញុំធ្វើជ្រូកក្នុងទ្រុងដើម្បីធ្វើម្ហូប។ ខ្ញុំស្នាក់នៅទីនោះរយៈពេល១ខែរង់ចាំឲ្យប្ដីរបស់ខ្ញុំមានកម្លាំង។ ក្រោយមកយើងមកដល់ស្រុកកំណើត។

រូបថតនិងអត្ថបទ៖ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ

អត្ថបទផ្សេងទៀត៖