គរុសិស្សឆ្នាំទី១ ជំនាញប្រវត្តិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គរុសិស្សឆ្នាំទី១ ជំនាញប្រវត្តិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន៦នាក់ ចុះមកទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តកំពង់ចាម។ គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីធ្វើការស្វែងរកប្រភពឯកសារដ៏សម្បូរបែបដែលត្រូវបានរក្សាទុកនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ គរុសិស្សទាំង៦រូប ទើបតែបញ្ចប់ការអនុវត្តការបង្រៀននៅតាមវិទ្យាល័យ ដែលជាហេតុធ្វើឱ្យគរុសិស្សមានបំណងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្វែងរកឯកសារ ក៏ដូចជាសៀវភៅទាក់ទងនឹងប្រវត្តិសាស្រ្តសម្រាប់ជាឯកសារជំនួយរបស់ខ្លួន នាពេលចុះបំពេញភារកិច្ចជាគ្រូបង្រៀនមុខវិទ្យាប្រវត្តិសាស្រ្ត បន្ទាប់ពីបញ្ចប់ការសិក្សានៅពេលខាងមុខ។

ពេលចូលមកដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម គរុសិស្សទាំងអស់បានចាប់អារម្មណ៍នៅក្នុងការអានឯកសារ និងសៀវភៅមួយចំនួន ដូចជា ៖ បទសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, សៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងសៀវភៅវិធីសាស្រ្តបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងសៀវភៅមួយចំនួនទៀត។ បន្ទាប់មកលោក ទូច វណ្ណេត បុគ្គលិកប្រចាំនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បានដឹកនាំគរុសិស្សទាំងអស់ឱ្យទស្សនាផ្ទាំងពិព័រណ៍អចិន្ត្រៃយ៍ចំនួន៥ផ្ទាំង ដែលបានតាំងបង្ហាញអំពី៖ ១) ទិវានៃការចងចាំ ២០ ឧសភា ២) ដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម ៣) ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម ៤) ទិដ្ឋភាពនានានៅតាមទីក្រុង និងទីប្រជុំជន និង៥) ប៉ុល ពត និងក្រុមគ្រួសារមេដឹកនាំខ្មែរក្រហម និងបក្ខពួក។ បន្ទាប់ពីទស្សនាផ្ទាំងពិព័រណ៍ខាងក្រៅរួចរាល់មក, គរុសិស្សទាំងអស់បន្តទៅស្វែងយល់អំពីឯកសារបទសម្ភាសន៍ និងអានសៀវភៅនៅបណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលមាន បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមឈ្មោះសាំង ចាន់ធូ រង់ចាំទទួល និងពន្យល់ណែនាំបន្ថែម អំពីឯកសារបទសម្ភាសន៍ និងសៀវភៅដែលជាកិច្ចការងារចម្បងកំពុងអនុវត្ត។

ជាចុងបញ្ចប់នៃដំណើរទស្សនកិច្ច គរុសិស្សបានជួបជាមួយលោក ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដើម្បីធ្វើការស្វែងយល់បន្ថែមទៀតទាក់ទងផ្ទាំងពិព័រណ៍ «ក្តីសង្ឈឹមកម្ពុជា» និងពិព័រណ៍អំពីសម្ភារប្រើប្រាស់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការពិភាក្សាអំពីកិច្ចការងារចងក្រងឯកសារ, ការធ្វើសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ការអប់រំ និងផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្តខ្មែរក្រហម។

ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់គរុសិស្សដែលបានមកទស្សនកិច្ចសិក្សាស្រាវជ្រាវ ៖

លី សុគា រៀនឆ្នាំទី១ ជំនាញប្រវត្តិវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម បានលើកឡើងថា៖ «ខ្ញុំយល់ថា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ពិតជាល្អខ្លាំងណាស់សម្រាប់រូបខ្ញុំ ដែលជាគរុសិស្សសម្រាប់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរក្រហម គឺជាសម័យខ្មៅងងឹត ដែលប្រជាជនខ្មែរមិនអាចបំភ្លេចបាន។ ខ្ញុំឃើញមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សម្បូរទៅដោយឯកសារជាច្រើន ដែលខ្ញុំអាចមកស្រាវជ្រាវនាពេលក្រោយបន្ថែមទៀត។ ខ្ញុំចាប់អារម្មណ៍រឿងរ៉ាវក្នុងរបបខ្មែរក្រហមជាងគេ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង គឺផែនទីតំបន់នានាដែលមានទីតាំងភូមិភាគទាំង៦នៃរបបខ្មែរក្រហម។ ខ្ញុំក៏ឃើញមានសម្ភាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»

ឡុច សុទ្ធារី រៀនឆ្នាំទី១ ជំនាញប្រវត្តិវិទ្យានៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម បង្ហាញចំណាប់អារម្មណ៍ថា ៖ «ខ្ញុំបានស្ដាប់ការរៀបរាប់របស់លោកគ្រូ មានទាំងសំណេរ និងរូបភាពដែលទាក់ទងនៅក្នុងរបបខ្មែរក្រហម។ មួយទៀតមានវត្ថុបុរាណបន្សល់ពីសម័យដើមដែលខ្ញុំជាក្មេងជំនាន់ក្រោយមិនធ្លាប់ឃើញ មិនធ្លាប់ស្គាល់ និងឯកសារដែលទាក់ទងរបបខ្មែរក្រហមជាច្រើនទៀត»។

បោ ផានិត រៀនឆ្នាំទី១ ជំនាញប្រវត្តិវិទ្យានៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចែករំលែកបទពិសោធន៍របស់ខ្លួនថា«ខ្ញុំមានការយល់ដឹងច្រើនជាងមុនអំពីឯកសារខ្មែរក្រហម។ ខ្ញុំបានឃើញទិដ្ឋភាព និងសៀវភៅមួយចំនួនបង្ហាញពីរបបខ្មែរក្រហម ដែលធ្វើឱ្យប្រជាជនខ្មែរចងចាំមិនអាចបំភ្លេចបាន មានភាពឃោរឃៅ និងការកាប់សម្លាប់ប្រជាជនខ្មែរ។ លើសពីនេះ ខ្ញុំបានឃើញមានសម្ភារ និងរបស់របរដែលបន្សល់ទុកពីសម័យសង្រ្គាម ឯកសារភស្ដុតាងមួយចំនួន និងឯកសារបទសម្ភាសន៍ពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាសប្បាយចិត្តដែលបានមកទីកន្លែងនេះ។ ទីតាំងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម យុវជន និង ប្អូនៗសិស្សានុសិស្សអាចមកសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរក្រហមបាន និងផ្ដល់ជាចំណេះដឹងនិងការចងចាំរបស់ជនជាតិខ្មែរ»

អត្ថបទ ៖ លី ដេវីត និងទូច វណ្ណេត បុគ្គលិកជម្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖

អគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) សហការជាមួយអង្គការនារីដើម្បីសន្តិភាព សាខាខេត្តស្ទឹងត្រែង រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ដ្រី»