នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សិស្សានុសិស្ស៦នាក់មកពីអនុវិទ្យាល័យថ្លាត បានមកអាន និងស្វែងយល់អំពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដើម្បីស្រាវជ្រាវ កន្លែងធ្វើសម្ភាសន៍អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម កន្លែងប្រជុំ និងកន្លែងតម្កល់ឯកសារដែលមានចំនួនសរុប ២,៩០០ឯកសារ ស្មើនឹង៦៧,៤២៦ទំព័រ។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងក៏ជាកន្លែងអប់រំពីប្រវត្ដិសាស្រ្ដក្នុងតំបន់អន្លង់វែង សង្គ្រាម និង សន្ដិភាពដល់យុវជនជំនាន់ក្រោយនៅក្នុងសហគមន៍ដែរ។
ជាកិច្ចចាប់ផ្ដើមកម្មវិធី ក្រុមការងារមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងលោក សួត វិចិត្រ និង កញ្ញា មេក វិន បានបង្ហាញពីផ្ទាំងពិព័រណ៍រូបថតមេដឹកនាំចំនួន៥រូប រួមមាន ៖ នួន ជា អនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ, ខៀវ សំផន ជាប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ, អៀង សារី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ, អៀង ធីរិទ្ធ គឺជារដ្ឋមន្ត្រីសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ និង កាំង ហេ្កចអ៊ាវ ហៅឌុច ប្រធានមន្ទីរសន្តិសុខ ស-២១ ដល់សិស្សានុសិស្ស។ មេដឹកនាំខ្មែរក្រហមទាំងនោះត្រូវបានសាលាក្ដីខ្មែរក្រហមចោទប្រកាន់ និងជំនុំជម្រះទោសពាក់ព័ន្ធនឹងតួនាទី និងការទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជាប្រមាណជិត២លាននាក់។ ការធ្វើការងារដោយបង្ខំ ការធ្វើទារុណកម្ម ការស្លាប់ដោយជំងឺខ្វះការព្យាបាល ការបង្អត់អាហារ និងការសម្លាប់ជាប្រព័ន្ធសុទ្ធតែជាហេតុផលដែលតុលាការខ្មែរក្រហមឈានទៅរកការសម្រេចសាលក្រមថាជាអំពើប្រល័យពូជសាសន៍។ ក្រៅពីនេះ នៅមានបទឧក្រិដ្ឋកម្មដទៃផ្សេងទៀត។
បន្ទាប់មកទៀត ក្រុមការងារបង្ហាញពិព័រណ៍ អំពីស្ថានភាពរស់នៅ និងសកម្មភាពការងាររបស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៨, ការធ្វើដំណើររបស់កម្មាភិបាលខ្មែរក្រហមទៅកាន់ជំរំជនភៀសខ្លួននៅតាមជាយដែន, ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនកម្ពុជាពីប្រទេសថៃទៅកាន់ទីក្រុងភ្នំពេញតាមរថភ្លើងនៅឆ្នាំ១៩៩២ (សម័យអ៊ុនតាក់), ការធ្វើមាតុភូមិនិវត្ដន៍ពីជំរំឫទ្ធិសែនរបស់ប្រជាជនកម្ពុជា, ពិធីសមាហរណកម្មនៅតំបន់អន្លង់វែងឆ្នាំ១៩៩៨, ពិធីដង្ហែសព ឈិត ជឿន ហៅតាម៉ុក (មេទ័ពខ្មែរក្រហមនៅតំបន់អន្លង់វែង) នៅឆ្នាំ២០០៦ ព្រមទាំងឯកសារបោះពុម្ពផ្សាយដែលតម្កល់ទុកនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ នៅក្នុងឱកាសនោះដែរ សិស្សានុសិស្សបានអានឯកសារចម្លើយសារភាពរបស់អ្នកទោស ដែលមានរក្សាទុកនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។
ចុងក្រោយសិស្សានុសិស្សទស្សនាខ្សែភាពយន្ដឯកសារ «កុមារកម្ពុជា» ចាក់បញ្ចាំងដោយបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ដើម្បីធ្វើការពិភាក្សា។ បណ្ឌិត លី សុខឃាង បានលើកឡើងថា ភាពយន្ដនេះនិយាយអំពីស្ថានភាពរបស់កុមារកម្ពុជានៅក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំ។ កុមារកម្ពុជាមានស្ថានភាពរស់នៅយ៉ាងវេទនាជាមួយនឹងការអត់ឃ្លាន, កំព្រាឪពុកម្ដាយ, គ្មានសម្លៀកបំពាក់សមរម្យ, កង្វះការអប់រំ, ពុំមានទីជម្រកត្រឹមត្រូវ, គ្មានអនាម័យ, ប្រឈមនឹងជំងឺ, ស្គមស្គាំង និងខ្វះភាពកក់ក្ដៅ និងមានផលប៉ះពាល់លើប្រាជ្ញាស្មារតី ខណៈដែលកុមារនៃបណ្ដាប្រទេសដែលមិនមានសង្គ្រាម និងអំពើប្រល័យពូជសាសន៍ រស់នៅមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានការអប់រំ និងមានភាពកក់ក្នុងក្រុមគ្រួសារ។ បន្ទាប់ពីទស្សនាខ្សែភាពយន្តចប់សិស្សានុសិស្សលើកឡើងថា ខ្លួនពិតជាមើលឃើញភាពកម្សត់ និងការលំបាកវេទនារបស់កុមារកម្ពុជា។
ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ៖
ពិសិដ្ឋ រាសី ភេទស្រី អាយុ១៣ឆ្នាំ រៀបរាប់ថា « ខ្ញុំពិតជាត្រេកអរខ្លាំងដែលបានមកសិក្សានៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ ខ្ញុំបានយល់ដឹងពីទុក្ខវេទនារបស់ប្រជាជនខ្មែរនៅក្នុងរបបខ្មែរក្រហម។ ជាក់ស្ដែងខ្ញុំបានទស្សនាភាពយន្ដឯកសារ «កុមារកម្ពុជា» ដោយឃើញថាកុមារមិនទទួលបានការសិក្សារៀនសូត្រទេ។ កុមារខ្វះការមើលថែពីឪពុកម្ដាយ ដើរពាសវាលពាសកាលប្រៀបបានដូចជាក្មេងអនាថា។ ទិដ្ឋភាពទាំងអស់នេះបានធ្វើឱ្យខ្ញុំមានការអាណិតអាសូរទៅដល់កុមារកម្ពុជាដែលបានឆ្លងកាត់ទុក្ខលំបាកវេទនាក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បន្ទាប់ពីខ្ញុំមកកាន់មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង ខ្ញុំបានយល់ដឹងបន្ថែមអំពីកុមារដែលរស់នៅដោយគ្មានអាហារហូបចុក និងគ្មានសម្លៀកបំពាក់។ ជាចុងក្រោយ ខ្ញុំសំណូមពរឱ្យមានកម្មវិធីបង្រៀនពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យដល់សិស្សានុសិស្សឱ្យបានច្រើនថែមទៀត»។
ឈុន ណារ៉ី ភេទស្រី លើកឡើងថា «នៅពេលដែលខ្ញុំបានសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ខ្ញុំមានអារម្មណ៍ភ័យផង និងអរផង ពីព្រោះខ្ញុំមិនដែលបានចូលរួមការសិក្សាក្រៅថ្នាក់រៀនពីមុនមកទេ។ ខ្ញុំសប្បាយចិត្ដដែលបានចូលរួមជាមួយមិត្តភក្ដិដទៃទៀត និងបានស្គាល់ទីតាំងរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម។ ខ្ញុំឃើញថា ការរៀបចំនៅក្នុងការិយាល័យសាធារណៈរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មានភាពខុសប្លែកពីកន្លែងផ្សេងៗទៀត ដោយសារនៅតាមជញ្ជាំងមានតាំងបង្ហាញពិព័រណ៍រូបថតរបស់មេដឹកនាំខ្មែរក្រហម រូបថតប្រជាជន រួមទាំងការធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមរបស់អតីតកងទ័ពខ្មែរក្រហម នៅតំបន់អន្លង់វែង ទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨។ ក្រៅពីនេះ ខ្ញុំបានអានឯកសារទាក់ទងនឹងសកម្មភាពក្បត់របស់អ្នកទោស លេង ប៉ែន ដែលត្រូវបានឆ្មាំគុកខ្មែរក្រហមសួរចម្លើយ។ ខ្លឹមសារសំខាន់ក្នុងចម្លើយសារភាពនោះ គឺ លោក លេង ប៉ែន មានរបរជាកសិករ បានស្គាល់មិត្តម្នាក់ទៀតឈ្មោះ ហែង គួចលី ដែលមានតួនាទីជាប៉ូលីស។ ចំពោះការទស្សនាកុនឯកសារ ខ្ញុំចាប់អារម្មណ៍ជាងគេគឺទៅលើទិដ្ឋភាពប្រជាជនរស់នៅប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហមដួលរលំ និងទិដ្ឋភាពប្រជាជនក្នុងប្រទេសដទៃដែលមានភាពខុសគ្នាស្រឡះ ដោយសារប្រទេសកម្ពុជាមិនសូវរីកចម្រើនដូចទៅនឹងប្រទេសទាំងនោះ។ ជាក់ស្ដែងនៅក្នុងភាពយន្ដឯកសារ បង្ហាញអំពីការរស់នៅរបស់ប្រជាជនប្រទេសកម្ពុជាជាមួយនឹងការខ្វះខាតចំណីអាហារ និងស្គមស្គាំង។ ប្រសិនបើខ្ញុំជាកុមារនៅក្នុងរបបនោះ ខ្ញុំមិនអាចរស់នៅបានទេ ពីព្រោះខ្ញុំមិនអាចរស់នៅដោយគ្មានរបស់ប្រើប្រាស់ និងការហូបចុកគ្រប់គ្រាន់ឡើយ។ បន្ថែមលើនេះ ខ្ញុំចង់ដឹងពីការរៀបអាពាហ៍ពិពាហ៍ និងការធ្វើទារុណកម្មលើអ្នកទោសក្នុងរបបខ្មែរក្រហម។ ខ្ញុំនឹងនិយាយអំពីរឿងរ៉ាវដែលខ្ញុំបានដឹងក្នុងថ្ងៃនេះប្រាប់ទៅមិត្តភក្កិ និងឪពុកម្ដាយរបស់ខ្ញុំ ជាពិសេសអំពីកិច្ចការរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងលើការសិក្សាស្រាវជ្រាវលើប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
សេងលី សំណាង ភេទស្រី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា «ពីមុនខ្ញុំមិនដែលដឹងពីប្រវត្តិសាស្រ្តខ្មែរក្រហមទាល់តែសោះ។ ទើបតែថ្ងៃនេះខ្ញុំបានមកកាន់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងបានដឹងរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមជាច្រើន។ ខ្ញុំបានដឹងពីស្ថានភាពរស់នៅរបស់កុមារកម្ពុជាដែលមានរាងកាយស្គមស្គាំង កង្វះអាហារ និងគ្មានភាពកក់ក្ដៅដោយសារស្ថានភាពកំព្រាឪពុកម្ដាយ។ រូបភាពមួយចំនួនទៀត បានបង្ហាញពីកុមារស្លៀកសម្លៀកបំពាក់រហែក និងគ្មានស្បែកជើងពាក់។ ខ្ញុំមើលទៅគួរឱ្យសង្វេគ។ ប្រសិនបើបច្ចុប្បន្ន ខ្ញុំរស់នៅដោយគ្មានសម្លៀកបំពាក់ គ្មានស្បែកជើង សាប៊ូកក់សក់ និងគ្មានឪពុកម្ដាយមើលថែ ខ្ញុំពិតជាមិនអាចរស់នៅបានទេ។ ក្នុងនាមខ្ញុំជាសិស្ស ខ្ញុំយល់ថាការរៀនពីប្រវត្តិសាស្រ្តខ្មែរក្រហមពិតជាសំខាន់ណាស់ ព្រោះពេលយើងបានដឹងរឿងរ៉ាវប្រវត្តិសាស្រ្តទាំងនោះ យើងអាចយកទៅប្រាប់ ឬបង្រៀនដល់ក្មេងៗជំនាន់ក្រោយៗទៀត។ ប្រសិនបើខ្ញុំទំនេរពីការសិក្សា ខ្ញុំនឹងមកអានឯកសារ និងសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រហមនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងម្ដងទៀត។
វឿន វីណា ភេទស្រី បានឱ្យដឹងថា «ពីមុន ខ្ញុំមិនធ្លាប់ស្គាល់ និងបានដឹងថាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងផ្ដោតសំខាន់ទៅលើការងារអ្វីនោះទេ គ្រាន់តែចាំថាខ្ញុំធ្លាប់ធ្វើដំណើរឆ្លងកាត់ទីនេះ។ នៅថ្ងៃនេះ ខ្ញុំមានឱកាសរៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរក្រហម និងស្វែងយល់ពីការរស់នៅរបស់ប្រជាជនក្រោមរបបខ្មែរក្រហម។ ប្រសិនបើខ្ញុំស្ថិតក្នុងរបបខ្មែរក្រហម ខ្ញុំមិនអាចរស់នៅក្នុងសភាពបែបនេះបានទេ ពីព្រោះមានការលំបាកច្រើន ហើយកុមារទាំងអស់ប្រាកដជាមិនអាចទទួលយកបាន។ ខ្ញុំចង់មកទីនេះម្ដងទៀត ដើម្បីអានសៀវភៅ»។
បូរ គឹមមឿយ ភេទស្រី លើកឡើងថា «ខ្ញុំមានអារម្មណ៍កំសត់ និងសោកសង្រេងយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពកុមាររស់នៅក្នុងរបបខ្មែរក្រហម។ ខ្ញុំចាប់អារម្មណ៍រូបថតមួយផ្ទាំងដែលបង្ហាញពីជនភៀសខ្លួននៅតាមព្រំដែនថៃ ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដូចៗគ្នាដែលដាក់តាំងនៅមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង។ ខ្ញុំពិតជាចង់ដឹងបន្ថែមទាក់ទងនឹងការធ្វើទារុណកម្មអ្នកទោស និងការធ្វើការងារប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម។ ខ្ញុំយល់ថាការសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមពិតជាសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយ ពីព្រោះនៅពេលដែលយើងយល់ដឹងរឿងរ៉ាវកើតឡើងនៅក្នុងរបបនោះកាន់តែច្រើន យើងអាចផ្សព្វផ្សាយទៅកាន់មនុស្សជុំវិញខ្លួន។ ខ្ញុំនឹងជួយផ្សព្វផ្សាយពីមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដល់ឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិរបស់ខ្ញុំឱ្យបានស្គាល់ពីទីនេះ»។
ហួត សុអេលីអាណា ភេទស្រី យល់ឃើញថា «ភាពយន្ដឯកសារដែលបង្ហាញស្ថានភាពកុមារកម្ពុជាក្រោយរបបខ្មែរក្រហម ធៀបទៅនឹងកុមារក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ គឺកុមារក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ទទួលការមើលថែពីអាណាព្យាបាល មានការអប់រំ សម្លៀកបំពាក់ស្អាតៗ និងរស់នៅស៊ីវិល័យ ស្របពេលកុមារនៅក្នុងប្រទេសកម្ពុជាជួបប្រទះនូវការលំបាក គ្មានអាណាព្យាបាលមើលថែ ខ្វះភាពកក់ក្ដៅ មិនទទួលបានការអប់រំ សម្លៀកបំពាក់រហែក និងការហូបចុកគ្មានអនាម័យ។ បើមានឱកាសម្ដងទៀត ខ្ញុំនឹងសិក្សាបន្ថែមទៀតលើការរស់នៅរបស់កុមារ និងហេតុផលដែលជំរុញឱ្យមានការកើតឡើងរបបខ្មែរក្រហម»។
អត្ថបទ៖ សួត វិចិត្រ បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា