ហោអដ្ឋិធាតុវត្តលង្កា ប្រគល់អដ្ឋិធាតុជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យនិងរក្សាទុក

នៅវេលាម៉ោង៦:៤៥នាទីព្រឹក ថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥​​ ហោអដ្ឋិធាតុ ឬ បណ្ណាល័យធាតុ នៅវត្តលង្កា ដែលផ្តួចផ្តើមសាងសង់ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងមានការគាំទ្រពីសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចាន់ថុល្ល និងគណៈកម្មការគ្រប់គ្រងវត្តលង្កា បានប្រគល់អដ្ឋិធាតុឈ្មោះ ពៅ ចាន្ធី ជូនលោក សំរិត ចណ្ណារ័ត្ន​ ត្រូវជាស្វាមី និង​លោក​ សំរិត សុមនោ ត្រូវជាកូនប្រុស ព្រមទាំងសមាជិកក្រុមគ្រួសារនិងចៅស្រីនៃអដ្ឋិធាតុមួយចំនួនទៀត ដើម្បីរៀបចំធ្វើបុណ្យ និងយកទៅតម្កល់ទុកក្នុងចេតិយ នៅវត្តស្រុកកំណើតរបស់ខ្លួន។

កោដ្ឋដាក់អដ្ឋិធាតុ​លេខ៤០៥ មានឈ្មោះ​ ពៅ ចាន្ធី ភេទស្រី​ បានស្លាប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩២​ ដោយជំងឺមហារីក។ លោកស្រី ពៅ ចាន្ធី​ (អដ្ឋិធាតុ​លេខ៤០៥ ក្នុងបញ្ជីអដ្ឋិធាតុ) មានស្រុកកំណើត ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ស្វាមីរបស់អដ្ឋិធាតុ​លេខ៤០៥ មានឈ្មោះ សំរិត ចណ្ណារ័ត្ន អាយុ៦០ឆ្នាំ​ ស្រុកកំណើត ឃុំកោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាឈ្មោះ ពៅ ចាន្ធី លោកសំរិត ចណ្ណារ័ត្ន ទទួលបានកូនប្រុសម្នាក់ឈ្មោះ សំរិត សុមនោ ដែលជាកូនទោលក្នុងគ្រួសារ។ សព្វថ្ងៃនេះ សំរិត សុមនោ មានភរិយានិងមានកូនស្រីពីរនាក់ ហើយរស់នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ថ្មីៗនេះ ក្រោយបានប្រកាសព័ត៌មានជាសាធារណតាមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ នៅក្នុងថ្ងៃទិវាជាតិនៃការចងចាំ “អំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្នុងរបបខ្មែរក្រហម” នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក សំរិត សុមនោ ដែលជាកូនប្រុសរបស់អដ្ឋិធាតុឈ្មោះ ពៅ ចាន្ធី បានស្នើសុំអនុញ្ញាតចូលមកស្វែងរកអដ្ឋិធាតុនៃមនុស្សជាទីស្រឡាញ់របស់ខ្លួន នៅក្នុងហោអដ្ឋិធាតុ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំបង្តើតឡើងនៅក្នុងវត្តលង្កា ព្រះកុសមារាម។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក សំរិត សុមនោ ជាកូនប្រុសរបស់អដ្ឋិធាតុលេខ៤០៥ បានមកស្វែងរកអដ្ឋិធាតុរបស់ម្តាយឈ្មោះ​ ពៅ ចាន្ធី តាមរយៈការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីលេខរៀងនិងឈ្មោះនៃអដ្ឋិធាតុទាំង៤៦៤នាក់ នៅ​ក្នុងហោអដ្ឋិធាតុ នៃវត្តលង្កា ព្រះកុសមារាម។

គួររំឭកផងដែរថា​ ក្នុងឆ្នាំ២០១៥ មជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រមែប្រមូលរក្សាទុកនូវអដ្ឋិធាតុជនរងគ្រោះកម្ពុជាចំនួន៤៦៤នាក់ ដែលបានស្លាប់ក្នុងសង្គ្រាមនៃទសវត្សរ៍ឆ្នាំ១៩៧០, ១៩៨០, និង១៩៩០ ដែលអដ្ឋិធាតុទាំងអស់នេះមិនឃើញមានសាច់ញាតិមកប្រមូលយកទៅថែរក្សាទុក ហើយស្ថិតនៅរាយប៉ាយក្នុងបរិវណវត្តលង្កា ព្រះកុសមារាម នៃរាជធានីភ្នំពេញ។ អដ្ឋិធាតុជនរងគ្រោះកម្ពុជាទាំង៤៦៤នាក់នេះ ត្រូវបានមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រមូលមករក្សាទុកនៅក្នុងហោអដ្ឋិធាតុដែលមានទីតាំងស្ថិតក្នុងវត្តលង្កា ព្រះកុសមារាម សម្រាប់គោលបំណងដ៏សំខាន់មួយ គឺដាក់បំរើជូនដល់សាធារណជនទូទៅដើម្បីការស្វែងរកការបាត់ខ្លួននៃមនុស្សជាទីស្រឡាញ់របស់ខ្លួន​ (ការស្វែងរកសមាជិកគ្រួសារដែលបានបាត់ខ្លួន) និងដើម្បីឧទ្ទិសដល់​វិញ្ញណក្ខន្តនៃអដ្ឋិធាតុជនរងគ្រោះទាំងអស់ទៅតាមពីធីបុណ្យប្រពៃណីនៃព្រះពុទ្ធសាសនា។

រស់ សំពៅ ៖ ប្រធានបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖