កាលពីជាងបីទស្សវត្សរ៍មុន ពៅ ចាន្ធី ដែលជាស្ត្រីមេផ្ទះម្នាក់បានទទួលមរណភាពក្នុងជន្មាយុ ២៧ឆ្នាំ បន្ទាប់ពីចំណាយពេលអស់រយៈពេលប្រមាណ ២ឆ្នាំក្នុងការព្យាបាលជំងឺមហារីក។
សំរិត ចាន់ណារ័ត្ន ដែលត្រូវជាប្តីបាននិយាយថា៖ “យើងស្គាល់គ្នាតាំងពីនៅវ័យសិក្សា”។ សព្វថ្ងៃ ចាន់ណារ័ត្ន មានអាយុ ៦០ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ និងរស់នៅខេត្តពោធិ៍សាត់។ បើតាម ចាន់ណារ័ត្ន បានឲ្យដឹងថា ចាន្ធី ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ និងមានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងរបបខ្មែរក្រហម ចាន់ណារ័ត្ន ថាគាត់ធ្វើការនៅអង្គភាពកងកុមារក្នុងខេត្តក្រចេះ ចំណែក ចាន្ធី រស់នៅឯស្រុកកំណើត។ ចាន់ណារ័ត្ន បាននិយាយថា ភរិយារបស់គាត់កម្រនិយាយអំពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួនអំឡុងរបបខ្មែរក្រហមណាស់។
នៅទសវត្សរ៍ឆ្នាំ១៩៨០ ចាន្ធី និង ចាន់ណារ័ត្ន បានរៀបការនៅទីក្រុងភ្នំពេញ និងមានកូនប្រុសទោលម្នាក់។ នៅឆ្នាំ១៩៩២ ចាន្ធី បានទទួលអនិច្ចកម្ម។ ក្រោយពីពិធីបុណ្យសព ធាតុត្រូវបានតម្កល់នៅវត្តលង្កាព្រះកុសុមារាម។
ចាន់ណារ័ត្ន មានប្រសាសន៍ថា “កាលនោះនៅពេលគាត់ស្លាប់ យើងមិនទាន់មានផ្ទះផ្ទាល់ខ្លួន ដូច្នេះខ្ញុំសម្រេចចិត្តរក្សាទុកធាតុនៅវត្ត និងរងចាំទាល់តែយើងមានកន្លែងសមរម្យសម្រាប់គាត់,” គាត់បន្តថា “ខ្ញុំក៏បានសរសេរឈ្មោះ, ថ្ងៃខែឆ្នាំ និងអាយុ នៅលើកោដ្ឋផងដែរ”។ ដូច្នេះនៅពេលក្រោយ ក្រុមគ្រួសារអាចនឹងទៅយកកោដ្ឋរបស់ភរិយាគាត់ត្រលប់មកវិញ។
ជាអកុសល ជាងមួយទសវត្សរ៍មុន មានឧប្បត្តិហេតុអគ្គីភ័យបានឆាបឆេះនៅកន្លែងដែលតម្កល់កោដ្ឋរួមមានកោដ្ឋរបស់ ចាន្ធី។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានព្យាយាមស្វែងរកទីតាំងដែលតម្កល់ថ្មី ប៉ុន្តែហាក់មិនមាននរណាម្នាក់ រួមទាំងព្រះសង្ឃបានដឹងអំពីទីតាំងពិតប្រាកដនោះទេ ហើយបន្ទាប់ពីឧប្បត្តិហេតុនោះ អ្នកដែលដឹងអំពីទីតាំងក៏បានទទួលអនិច្ចកម្មទៅផងដែរ។ ចាប់តាំងពីពេលនោះមក ទីតាំងកោដ្ឋរបស់ចាន្ធីមិនត្រូវបានដឹង ខណៈក្រុមគ្រួសាររបស់ចាន្ធីបានបន្តព្យាយាមស្វែងរកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
សុមនោ បាននិយាយថា៖ «ខ្ញុំគ្រាន់តែដឹងថាម្ដាយខ្ញុំនៅកន្លែងណាមួយនៅក្នុងវត្តនេះ ប៉ុន្តែខ្ញុំមិនដឹងថានៅទីណាច្បាស់នោះទេ»។ សំរិត សុមនោ គឺជាបុគ្គលិកធនាគារ។ គាត់កើតនៅឆ្នាំ១៩៨៨ នៅបឹងកេងកង រាជធានីភ្នំពេញ បច្ចុប្បន្នគាត់រស់នៅសង្កាត់ព្រែកប្រា។
នៅពេលដែលម្តាយរបស់គាត់បានទទួលមរណភាព សុមនោ មានអាយុប្រហែល ៥ឆ្នាំប៉ុណ្ណោះ។ ឪពុកនិងជីដូនរបស់សុមនោតែងតែនាំគាត់ទៅវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធម្តាយជារៀងរាល់ឆ្នាំ ហើយគាត់ក៏តែងតែនាំកូនៗមកទីនេះជាញឹកញាប់ផងដែរ។
សុមនោ និយាយថា “ខ្ញុំតែងតែមកវត្តនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធម្តាយខ្ញុំ។” ថ្មីៗនេះ ជីដូនទើបតែទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន។ សុមនោ សង្ឃឹម និងប្រាថ្នាថាគាត់អាចរកឃើញកោដ្ឋរបស់ម្ដាយគាត់ក្នុងថ្ងៃណាមួយ ជាក់ជាពុំខាន។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំពិធីបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធ នៅហោអដិ្ឋធាតុ ក្នុងវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ កាលពីពេលថ្មីៗនេះ លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់ដំណើររឿងដែលលោកបានរកឃើញកោដ្ឋជាច្រើន ក្នុងគ្រាដែលលោកបានបួសជាព្រះសង្ឃ និងកាន់ទុក្ខចំពោះបងស្រីរបស់លោកដែលបានទទួលមរណភាពដោយសារជំងឺមហារីកនៅវត្តលង្កាព្រះកុសុមារាម កាលពីឆ្នាំ២០១៥។
នៅថ្ងៃមួយ នាម៉ោង៤ទៀបភ្លឺ លោកបានរកឃើញបន្ទប់មួយក្រោមរូបសំណាកព្រះពុទ្ធបដិមា។ នៅក្នុងនោះ មានកោដ្ឋរាប់រយ ពោលពេញដោយធូលីដី។ កោដ្ឋរបស់ចាន្ធី គឺស្ថិតក្នុងចំណោមកោដ្ឋចំនួន៤៦៤ ដែលស្ថិតនៅក្នុងបន្ទប់នោះ ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា បានចងក្រងឯកសារអំពីព័ត៌មានស្តីពីកោដ្ឋទាំងនោះសម្រាប់ឲ្យក្រុមគ្រួសារងាយស្រួលក្នុងការស្វែងរក។ តាំងពីឆ្នាំ២០១៥មក មានតែ៩គ្រួសារប៉ុណ្ណោះបានដឹងដំណឹងអំពីសាច់ញាតិរបស់ខ្លួនដែលតម្កល់នៅទីនេះ។
នៅឆ្នាំ២០២៣ បណ្ណាល័យហោអដ្ឋិធាតុ ត្រូវបានបង្កើតឡើងដើម្បីសម្រាប់តម្កល់កោដ្ឋទាំងនោះនៅកន្លែងមួយដែលសមរម្យ និងប្រសើរជាងមុន។ គ្រួសាររបស់ចាន្ធី គឺជាគ្រួសារដំបូងបង្អស់ដែលបានដង្ហែកោដ្ឋរបស់ចាន្ទីទៅស្រុកកំណើតរបស់ស្វាមីគាត់។
សុមនោ បាននិយាយថា៖ “នៅពេលខ្ញុំបានដឹងព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានព្យាយាមទាក់ទងទៅមជ្ឈមណ្ឌលឯកសារកម្ពុជា”។
ដំបូងឡើយ សុមនោ បានមកពិនិត្យកោដ្ឋនៅបណ្ណាល័យហោអដ្ឋិធាតុ។ ក្នុងបញ្ជីឈ្មោះដែលរៀបចំដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា គឺមានកោដ្ឋលេខរៀងទី៤០៥ ឈ្មោះ ពៅ ចាន្ធី បានទទួលមរណភាពនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩២ ក្នុងជន្មាយុ ២៧ឆ្នាំ ដែលបញ្ជាក់ថាជាកោដ្ឋម្តាយរបស់លោក ដូច្នេះក្រុមគ្រួសារបានរៀបចំធ្វើពិធីបង្សុកូលដើម្បីឧទ្ទិសកុសល នៅពេលជួបជុំគ្នាសាជាថ្មី។
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក ក្រុមគ្រួសាររបស់ចាន្ធី រួមទាំងចៅៗបានមកដង្ហែកោដ្ឋរបស់ចាន្ធី ទៅតម្កល់នៅវត្តកណ្តាលកោះ កោះអន្លង់ចិន ខេត្តកណ្តាល ដែលជាស្រុកកំណើតរបស់ស្វាមីគាត់។
សុមនោ បាននិយាយទាំងទឹកភ្នែក និងរំភើប ខណៈដែលបំណងប្រាថ្នារបស់គាត់ក្លាយជាការពិត។ គាត់បានភ្ជាប់មកជាមួយ នឹងផ្លែឈើដែលបានរៀបចំសម្រាប់ពិធីបង្សុកូល។ គាត់និយាយ “វាជាសំណាង ដែលយើងបានរកឃើញធាតុរបស់គាត់”។
ចាន់ណារ័ត្ន ថា៖ “កូនខ្ញុំប្រាប់ខ្ញុំតាមទូរស័ព្ទថា គាត់បានរកឃើញកោដ្ឋនៅអង្គការមួយកន្លែង។” ចាន់ណារ័ត្ន បានបន្តថា៖ “ខ្ញុំពិតជាសប្បាយចិត្តដែលបានជួបនាងម្ដងទៀត”។
លោក ឆាំង យុ បានមានប្រសាសន៍ថា “ការផ្សះផ្សានៃប្រជាជាតិមួយ គឺផ្តើមចេញពីបុគ្គលម្នាក់នៅក្នុងខណៈពេលមួយ”។
ចាន់ណារ័ត្ន មានប្រសាសន៍ថា “ខ្ញុំពិតជាកោតសរសើរចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានយកចិត្តទុកដាក់កោដ្ឋទាំងនេះ និងបានតម្កល់នៅទីនេះ” ខណៈដែលមជ្ឈមណ្ឌលនេះក៏បានយកចិត្តទុកដាក់ និងគោរពចំពោះអ្នកដែលបានទទួលមរណៈភាពផងដែរ។ លោក ឆាំង យុ បាននិយាយថា អ្នកទាំងនោះ គឺជាព្រលឹងជនរងគ្រោះនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍។
ចាន់ណារ័ត្ន មានប្រសាសន៍ថា “ប្រសិនបើនរណាម្នាក់រកមិនឃើញធាតុដែលបានបាត់ដំណឹងដូចរូបលោក សូមទាក់ទងមជ្ឈមណ្ឌលឯកសារកម្ពុជា និងហើយចូលទៅកាន់ហោអដ្ឋិធាតុ”។ “វាពិតជាមានន័យសម្រាប់ខ្ញុំ ក្នុងការជួបជុំជាមួយប្រពន្ធរបស់ខ្ញុំ”។
អត្ថបទ ៖ ស្រេង លីហួរ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា