នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សិស្សថ្នាក់ទី១០ ចំនួន៤០នាក់ ដឹកនាំដោយលោកគ្រូអ្នកគ្រូចំនួន៥នាក់ មកពីអង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានទីតាំងនៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ បានមកទស្សនកិច្ចសិក្សានៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ សិស្សទាំងនេះភាគច្រើនមានជីវភាពខ្វះខាត និងត្រូវបានជ្រើសរើសចេញពីក្រុមគ្រួសារដែលរស់នៅតាមកន្លែងចាក់សំរាមក្នុងទីក្រុងភ្នំពេញ និងមួយចំនួនទៀតជ្រើសចេញពីក្រុមគ្រួសារដែលកំព្រាឪពុកម្តាយ និងមានឪពុកម្តាយប្រើអំពើហឹង្សា, ធ្វើចំណាកស្រុក និងធ្វើជាកម្មករនៅតាមរោងចក្រ សហគ្រាស ដែលគ្មានលទ្ធភាពថែទាំកូន និងបញ្ជូនកូនឱ្យទៅសិក្សារៀនសូត្រ។
ទស្សនកិច្ចសិក្សានេះ មានគោលបំណងដើម្បីឱ្យសិស្សសិក្សាស្វែងយល់អំពីកិច្ចការរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តោតសំខាន់លើសិក្សាស្រាវជ្រាវ ប្រមែប្រមូល ចងក្រង បោះពុម្ពផ្សាយ និងអប់រំអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងប្រវត្តិសាស្រ្តកម្ពុជាជាទូទៅ។ លោក ឆាំង យុ និងក្រុមការងាររបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា រូមមាន ៖ អ្នកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា, លោក រស់ សំពៅ ប្រធានព្រះរាជបណ្ណាល័យហ្លួងម៉ែ, បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានស្វាគមន៍ និងធ្វើបទបង្ហាញសង្ខេបអំពីកិច្ចការរបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងការបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅតាមសាលាចំណេះដឹងទូទៅរបស់រដ្ឋ និងឯកជន និងនៅតាមមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា ព្រមទាំងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។ បច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជាមានសាខាចំនួន១៩ទីតាំងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ដែលមាននិស្សិតស្ម័គ្រចិត្តចំនួន៣,៤៦៤នាក់ ធ្វើការងារផ្តោតសំខាន់លើប្រវត្តិសាស្រ្ត និងសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៦១,៦២៥នាក់ ដែលបានជួបសម្ភាសន៍កន្លងមក។
នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ក្រុមការងារព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជាមានការបែងចែកសិស្សជាក្រុមពិភាក្សា ការទស្សនាពិព័រណ៍អំពីដំណើរកាត់ទោសមេដឹកនាំខ្មែរក្រហមរយៈពេល១៦ឆ្នាំ និងបានផ្តល់ឱកាសឱ្យសិស្សមកពីអង្គការដើម្បីភាពញញឹមនៃកុមារ សួរសំណួរចំនួន៣០សំណួរទាក់ទងនឹងរបបខ្មែរក្រហមដើម្បីអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួន។ បន្ទាប់មក ក្រុមការងារព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែកសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), សៀវភៅកំណត់ហេតុរបស់ហ្លួងម៉ែ និងអាវយឺតដល់សិស្សគ្រប់ៗគ្នា។
អង្គការដើម្បីភាពញញឹមនៃកុមារ បង្កើតឡើងដោយជនជាតិបារាំងឈ្មោះ គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នៅឆ្នាំ១៩៩៦។ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ និងភរិយាអ្នកស្រី ម៉ារី ហ្រ្វង់ ដេប៉ាលីយ៉ែរ បានបង្កើតអង្គការមិនយកប្រាក់កម្រៃនេះឡើង ដើម្បីជួយឧបត្ថម្ភដល់ការថែទាំ និងការអប់រំដល់ក្មេងអនាថា ក្មេងរើសសំរាមនៅស្ទឹងមានជ័យ និងក្មេងក្រីក្រជាងមួយម៉ឺននាក់ ចាប់តាំងពីបង្កើតអង្គការនេះដំបូង។ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ បានទទួលមរណៈភាពនៅឆ្នាំ២០១៦ ប៉ុន្តែបេសកម្មរបស់អង្គការដើម្បីភាពញញឹមនៃកុមារនៅតែបន្តក្នុងគោលបំណងដើម្បីជួយដល់កុមារ យុវជន និងគ្រួសារក្រីក្របំផុត ដោយផ្តោតសំខាន់លើការផ្តល់អាហារ ការព្យាបាល ការការពារ ការជួយសង្គ្រោះនិងថែទាំ ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការឧបត្ថម្ភដល់គ្រួសារក្នុងករណីបន្ទាន់។
បច្ចុប្បន្ន អង្គការដើម្បីភាពញញឹមនៃកុមារបាន និងកំពុងផ្ដល់ការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំងឧបត្ថម្ភអាហារដល់សិស្សក្រីក្រចំនួន៦៥០០នាក់នៅក្នុងមណ្ឌលភ្នំពេញ និងតាមសាលារដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយក្នុងនោះមានសិស្សជាង៤៥០០នាក់បានបញ្ចប់ការសិក្សា និងកំពុងបម្រើការក្នុងទីផ្សារការងារ ដូចជា គ្រូបង្រៀន វិស្វករ ជាងម៉ាស៊ីន ចុងភៅ គណនេយ្យករ និងជាងអ៊ុតសក់។
ក្រៅពីសិក្សានៅក្នុងថ្នាក់ ក៏មានកម្មវិធីឱ្យសិស្សទៅទស្សនកិច្ចនៅតាមបណ្តាស្ថាប័នសិក្សាស្រាវជ្រាវ និងអប់រំផ្សេងៗ ដើម្បីឱ្យសិស្សបានស្គាល់ និងសិក្សាឈ្វេងយល់បន្ថែម។
យោងតាមច្បាប់ ស្តីពីការអប់រំ នៅប្រទេសកម្ពុជា ត្រង់មាត្រា១៧ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ បានចែងថា «ការអប់រំចំណេះដឹងទូទៅ» គឺជាការចាំបាច់ដែលធ្វើឱ្យអ្នកសិក្សាមានការរីកចម្រើនចំណេះដឹងសីលធម៌ បុគ្គលិកលក្ខណៈល្អ ដោយលើកកម្ពស់សមត្ថភាពខាងផ្លូវចិត្ត បញ្ញា ឱ្យចេះប្រើចំណេះដឹង និងបំណិនមូលដ្ឋាន។
អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា