នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង បានរៀបចំវេទិកាថ្នាក់រៀនស្តីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការឆ្លើយតបនូវចម្ងល់របស់សិស្សទាក់នឹងរឿងរ៉ាវប្រវត្តិសាស្រ្តដែលបានកើតឡើងក្នុងរបបខ្មែរក្រហម តាមការស្នើសុំពីគ្រូទទួលបន្ទុកថ្នាក់ទី១១ ផ្នែកប្រវត្តិវិទ្យា នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ។ សិស្សដែលបានមកចូលរួមវេទិកាថ្នាក់រៀន មានចំនួន៩នាក់ ក្នុងនោះមានស្រីចំនួន៦នាក់។ គោលបំណងរបស់សិស្សមកចូលរួមវេទិកាថ្នាក់រៀននេះ គឺដើម្បីឈ្វេងយល់ និងចង់ដឹងអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។ វេទិកាថ្នាក់រៀននេះក៏ជាផ្នែកមួយនៃការចូលរួមទប់ស្កាត់កុំឱ្យកើតមានអំពើប្រល័យពូជសាសន៍នាពេលអនាគតដែរ។
ឆ្លើយតបទៅនឹងគោលបំណងរបស់សិស្សខាងលើ លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង និងជាគ្រូឧទ្ទេស បានស្នើឱ្យសិស្សានុសិស្សបំពេញនូវកម្រងសំណួរមុនវេទិកាថ្នាក់រៀនចាប់ផ្ដើមរយៈពេល១០នាទី ដើម្បីស្ទាបស្ទង់ចំណេះដឹងដំបូងរបស់សិស្ស។ បន្ទាប់មក លោក ផេង ពង្សរ៉ាស៊ី ពិភាក្សាជាមួយសិស្សានុសិស្ស និងឆ្លើយតបទៅនឹងចម្ងល់របស់សិស្សដែលបានលើកឡើងដូចជា ៖ ការជម្លៀសប្រជាជនចេញពីទីក្រុងដោយកងទ័ពខ្មែរក្រហម ដោយលោកបានលើកយកមូលហេតុសំខាន់ៗចំនួន៣គឺ ខ្លាចអាមេរិកទម្លាក់គ្រាប់បែក, មិនមានស្បៀងអាហារគ្រប់គ្រាន់ដូច្នេះប្រជាជនត្រូវចេញទៅយកស្បៀងដោយខ្លួនឯង និងការបោសម្អាតទីក្រុង។ ទន្ទឹមនោះ លោក ផេង ពង្សរ៉ាស៊ី លើកយកគោលនយោបាយ៨ចំណុច និង ផែនការ៤ឆ្នាំ (១៩៧៧-១៩៨០) របស់ខ្មែរក្រហម ដែលបង្កឱ្យប្រជាជនរងការអត់ឃ្លាន និងស្លាប់ជាច្រើន ព្រមទាំងប្រឈមការលំបាកក្រោយរបបខ្មែរក្រហមដួលរលំ។
តមក សិស្សទាំងអស់បានទស្សនាខ្សែភាពយន្តឯកសារ «កុមារកម្ពុជា» ដែលបានបង្ហាញអំពីកុមារក្រោយរបបខ្មែរក្រហមខ្មែរក្រហម។ របបខ្មែរក្រហមធ្វើឱ្យកុមារក្លាយទៅជាក្មេងកំព្រា ធ្វើឱ្យប្រជាជនកម្ពុជាបែកបាក់គ្រួសារ និងបានបន្សល់គ្រាប់មីនពេញផ្ទៃប្រទេស។ បន្ទាប់ពីទស្សនាខ្សែភាពចប់ លោក ផេង ពង្សរ៉ាស៊ី បានធ្វើការពន្យល់ពាក្យ «និយមន័យអំពើប្រល័យពូជសាសន៍» ដោយផ្ដោតលើធាតុផ្សំសំខាន់ៗចំនួន៣គឺ៖ (១)អំពើទាំងឡាយណាដែលរួមបញ្ចូលទាំងការសម្លាប់ ការជម្លៀស ការបំបែកបំបាក់ ការធ្វើទារុណកម្ម និងអំពើដទៃៗទៀត។ (២)ការប្រព្រឹត្តឡើងក្នុងគោលបំណងឬចេតនាគិតទុកជាមុនក្នុងការបំផ្លិចបំផ្លាញ។ និង(៣)ក្រុមជនជាតិ ជាតិពន្ធុ ពូជសាសន៍ឬសាសនា។
ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់សិស្សានុសិស្សដែលបានមកចូលរួមវេទិកាថ្នាក់រៀនស្ដីពីការសិក្សាប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ឬប្រវត្តិសាស្រ្តរបបខ្មែរក្រហម៖
ទេព ដានី ភេទស្រី អាយុ១៥ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែនកំពង់លាវ បានរៀបរាប់ថា បន្ទាប់ពីខ្ញុំបានចូលរួមវេទិកាថ្នាក់រៀនរួច ខ្ញុំទទួលបានចំណេះដឹងច្រើនទាក់ទងនឹងព្រឹត្តិការណ៍របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានកើតឡើងនៅឆ្នាំ១៩៧៥ ដូចជា ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ, ការសម្លាប់អ្នកចេះដឹង, ការសម្លាប់អតីតទាហាន លន់ នល់ និងបណ្តេញជនជាតិវៀតណាម ជនជាតិចិនចេញពីប្រទេសកម្ពុជា។ លើសពីនេះទៀត ខ្ញុំបានដឹងច្បាស់ពីទុក្ខលំបាករបស់ប្រជាជន ដែលត្រូវបានខ្មែរក្រហមរំលោភបំពាន បំបិទសិទ្ធិសេរីភាព និងត្រូវបានគាបសង្កត់ឱ្យធ្វើការហួសកម្លាំង។ នៅក្នុងរបបនោះ សាសនា ប្រពៃណី ទំនៀមទម្លាប់ ទីផ្សារ លុយកាក់ និងទ្រព្យសម្បត្តិឯកជន ត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ទាក់ទងនឹងមេរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ដែលលោកគ្រូបានបង្រៀន ខ្ញុំមានការចាប់អារម្មណ៍ និង ចងចាំជាងគេនៅត្រង់ចំណុច ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយមូលហេតុចំនួន៣គឺ៖ អាមេរិកទម្លាក់គ្រាប់បែក, ឱ្យប្រជាជនចេញទៅរកស្បៀងអាហារនៅតាមជនបទ និងបោសសម្អាតទីក្រុង។ ខ្ញុំយល់ថា ការសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រខ្មែរក្រហម គឺអាចជួយទប់ស្កាត់របបប្រល័យពូជសាសន៍មិនឱ្យកើតឡើងវិញម្តងទៀតបាន។ វេទិកាថ្នាក់រៀន ពិតជាមានសារសំខាន់ណាស់ព្រោះបានធ្វើឱ្យខ្ញុំ និងមិត្តភក្តិរួមថ្នាក់យល់ដឹងពីព្រឹត្តិការណ៍សំខាន់នានា ដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ជាចុងក្រោយ ខ្ញុំចង់ដឹងបន្ថែមទៀតទាក់ទងនឹងរបបខ្មែរក្រហម និង ក្រោយរបបខ្មែរក្រហម រួមមាន ៖ ១) តើនៅពេលដែលសង្គ្រាម ឬរបបកម្ពុជាប្រជាធិបតេយ្យបានបញ្ចប់ទៅ អ្នកដែលបានធ្វើជាកងទ័ពនៅរបបខ្មែរក្រហម ត្រូវទទួលរងនូវការរើសអើង និង ទទួលរងនូវការស្អប់ខ្ពើមពីប្រជាជនកម្ពុជាដែរឬទេ? ២) នៅពេលដែលកើតមានរបបខ្មែរក្រហម តើសម្តេចតា និង សម្តេចយាយទ្រង់គង់នៅឯណា?
ផាត លីណា ភេទស្រី អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែន កំពង់លាវ បានលើកឡើងថា បន្ទាប់ពីខ្ញុំបានចូលរួមនៅក្នុងវេទិកាថ្នាក់រៀនរួច ខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹងរបបខ្មែរក្រហមដូចជា៖ បានដឹងពីការគ្រប់គ្រង, ដឹងពីតថភាពក្នុងសង្គម, ដឹងពីគុណវិបត្តិ ដឹងពីទុក្ខលំបាកវេទនារបស់ប្រជាជន ដឹងពីគោលនយោបាយរបស់ខ្មែរក្រហម, ដឹងពីការបំបិទសិទ្ធិសេរីភាព និងកាជម្លៀសប្រជាជន។ ចំពោះមេរៀនដែលគ្រូឧទ្ទេសបានលើកមកធ្វើបទបង្ហាញ ខ្ញុំមានចំណាប់អារម្មណ៍ និងចងចាំមេរៀនត្រង់ចំណុច ក្រោយរបបខ្មែរក្រហមបញ្ចប់ បានបន្សល់ទុកនូវក្មេងកំព្រារាប់សែននាក់ គ្រាប់មីនរាប់សែនគ្រាប់ ការបែកបាក់សមាជិកគ្រួសារ និងភាពប្រះស្រាំនៅក្នុងសង្គម។ ខ្ញុំយល់ថា ការសិក្សារៀនសូត្រពីប្រវត្តិសាស្រ្តខ្មែរក្រហម ពិតជាជួយទប់ស្កាត់កុំឱ្យកើតមានឡើងវិញនៃរបបខ្មែរក្រហមម្ដងទៀត។ ខ្ញុំឃើញ របបខ្មែរក្រហមបានកើតឡើងដោយសារការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងការប្រើអំពើហិង្សាជាដើម។ វេទិកាថ្នាក់រៀននេះមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះបានបង្ហាញឱ្យមនុស្សជំនាន់ក្រោយបានយល់ដឹងអំពីការគ្រប់គ្រងប្រទេសបែបកុម្មុយនីស។ ប៉ុល ពត បានសម្លាប់ប្រជាជនខ្មែរគ្នាឯងដោយមិនញញើតដៃ និងបង្ហាញពីទុក្ខវេទនារបស់ប្រជាជន ព្រមទាំងការដឹកនាំប្រទេសឱ្យធ្លាក់ដុនដាប ពិបាកនឹងស្ដារឡើងវិញ។ ជាចុងក្រោយ ខ្ញុំមានសំណូមពរឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជាបើកទូលំទូលាយដើម្បីឱ្យអ្នកចង់ដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តខ្មែរក្រហមបានទៅសិក្សាឈ្វេងយល់បន្ថែម។
សំណែល ម៉េងស័រ ភេទប្រុស អាយុ១៦ឆ្នាំ គឺជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ហ៊ុន សែនកំពង់លាវឱ្យដឹងថា បន្ទាប់ពីខ្ញុំបានចូលរួមនៅក្នុងកម្មវិធីវេទិកាថ្នាក់រៀនរួច ខ្ញុំទទួលបានចំណេះដឹងទាក់ទងរបបខ្មែរក្រហមបានច្រើន និងច្បាស់ជាងមុន ដូចជា៖ ដឹងពីទុក្ខលំបាករបស់មនុស្សជំនាន់ខ្មែរក្រហមរងនូវការធ្វើទារុណកម្មគ្រប់បែបយ៉ាង និងត្រូវបង្ខំឱ្យធ្វើការងារហួសកម្លាំង ហើយប្រជាជនត្រូវបែកបាក់ពីសាច់ញាតិក្រុមគ្រួសារ និងឪពុកម្ដាយ។ ចំពោះមេរៀនប្រវត្តិសាស្ត្រខ្មែរក្រហម ខ្ញុំមានការចាប់អារម្មណ៍ និងចងចាំមេរៀនអំពីការបង្ខិតបង្ខំឱ្យប្រជាជនចេញពីទីក្រុងភ្នំពេញ និងការបង្ខំឱ្យប្រជាជនធ្វើការងារហួសកម្លាំង។ ការសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមបានជួយទប់ស្កាត់នូវរបបខ្មែរក្រហមមិនឱ្យកើតឡើងវិញម្ដងទៀត។ ខ្ញុំគិតថា វេទិកាថ្នាក់រៀនមានសារសំខាន់ណាស់ ព្រោះបានបង្រៀនឱ្យសិស្សានុសិស្ស និងក្មេងៗជំនាន់ក្រោយ សិក្សាឈ្វេងយល់ និងដឹងពីប្រវិត្តសាស្រ្តនៃរបបខ្មែរក្រហមដែលជារបបប្រល័យពូជសាសន៍កាន់តែច្បាស់ថែមទៀត។
អត្ថបទ៖ ដារ៉ារដ្ឋ មេត្តា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា