នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យព្រះរាជទាន នូវសៀវភៅឯកសារដែលជាស្នាព្រះហស្ថ ជាប្រវត្តិសាស្រ្តព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព ព្រះរាជនរយោបាយ ការកសាងសមិទ្ធិផលផ្សេងៗតាំងពីសម័យសង្គមរាស្រ្តនិយម និងបច្ចុប្បន្នរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៃប្រជាជតិខ្មែរ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនដល់ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃ មជ្ឈមណ្ឌលឯកសារកម្ពុជា និង ព្រះរាជបណ្ណាល័យហ្លួងម៉ែ។ គោលបំណងនៃព្រះរាជទាន គឺដើម្បីសិក្សាយល់ដឹង ធ្វើការស្រាវជ្រាវ និងជាឯកសារដ៏មានសារសំខាន់ប្រកបដោយឧត្តមប្រយោជន៍ជាតិខ្មែរ។
គួររំឭកថា នៅក្នុងឆ្នាំ ២០១៩ ដោយសារព្រះទ័យសប្បុរស និងគាំទ្ររបស់ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ភូមិអូរស្វាយបានលេចត្រដែតឡើងវិញ ដោយមានការសាងសង់សាលារៀន មន្ទីរពេទ្យ និងបន្ទប់ទឹកសាធារណៈ។ ឆ្នាំនេះគឺឆ្នាំ២០២៤ ភូមិដ៏តូចនេះនឹងរំលឹកឡើងវិញកាលពី៦០ឆ្នាំមុន នៃការយាងមកដល់របស់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» មកកាន់ភូមិអូរស្វាយ (បច្ចុប្បន្នមានឈ្មោះថា ស្រុកបុរីអូរស្វាយ-សែនជ័យ) ហើយដែលមជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពបានចូលរួមចំណែកក្នុងការស្ដារមកវិញនូវមរតករបស់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដោយបានសាងសង់ព្រះរាជដំណាក់តូច ជាបណ្ណាល័យ, សាងសង់កំពង់ផែជាច្រើន, ការរៀបចំឡើងវិញនូវដងទន្លេមេគង្គ និងការសាងសង់ទូកថ្មីជាច្រើនគ្រឿង ដែលទាំងអស់នេះគឺសម្រាប់ប្រើប្រាស់ជាសាធារណៈ។ គ្រឿងបរិក្ខារ និងមធ្យោបាយធ្វើដំណើរតាមទូកថ្មីមានសារសំខាន់ណាស់ក្នុងការពង្រឹងសហគមន៍ឡើងវិញដែលលាតសន្ធឹងក្នុងចំណោមកោះទាំង៦។ ប្រវត្តិសាស្រ្ត បរិស្ថាន និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់បុរីអូរស្វាយ-សែនជ័យ គឺជាធនធានដែលមិនអាចកាត់ថ្លៃបានដែលត្រូវតែថែរក្សា និងការពារសម្រាប់មនុស្សជំនាន់ក្រោយ។
អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាសាខាមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ និងទទួលសាធារណជន អ្នកស្រាវជ្រាវចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ មជ្ឈមណ្ឌលឯកសារកម្ពុជា និងចាប់ដំណើរការដំណាក់កាលបន្ទាប់នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅឆ្នាំ២០២៥ ដែលនឹងរួមបញ្ចូលក្នុងចំណោមសកម្មភាពជាច្រើនផ្សេងទៀត រួមមាន ការស្រាវជ្រាវប្រវត្តិសាស្រ្តរបស់សហគមន៍ សិល្បៈ ចម្លាក់ និងការកែលម្អបន្ថែមទៀតដល់ការិយាល័យ និងសហគមន៍ជុំវិញ។
អត្ថបទ ៖ មីន សាណាស់ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា