ព្រះពុទ្ធសាសនាសម្ភារនិយមបដិច្ចសមុប្បាទរបស់កុម្មុយនីស្តខ្មែរក្រហម

ព្រះពុទ្ធសាសនា​គឺជាសាសនាធំមួយនៅប្រទេស​កម្ពុជា ដែល​អាច​មានវត្ត​មាន​នៅក្នុង​រជ្ជកាល​ហ្វូណន​​​​នៅរវាង​សតវត្សរ៍ទី​៥ និងទី៦​នៃគ្រិស្តសករាជ។ មានសេចក្តីសន្និដ្ឋាន​មួយបាន​រកឃើញថា ចំនួន​អ្នក​កាន់ព្រះពុទ្ធសាសនា​មានរហូត​ដល់​៩៥% នៅឆ្នាំ១៧០០។ ឥទ្ធិពលនេះ​នៅតែ​បន្តមានជាបន្តបន្ទាប់ ប៉ុន្តែ​បាន​ថមថយ​បន្តិចវិញនៅរវាង​​សតវត្សរ៍ទី៧ដល់ទី៨ និងទី១០ដល់​១១។  ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ បាន​គ្រប់គ្រង​ប្រទេស​ដែល​មានការ​គោរពព្រះពុទ្ធសាសនា ដែលត្រូវ​បាន​គិតថា ដូចគ្នា​ទៅនឹង​ព្រះបាទជ័យវរ្ម័នទី៧ ដែលធ្វើ​ឱ្យព្រះពុទ្ធសាសនា​រីកចម្រើនឡើងវិញ​នៅ​រវាង​ឆ្នាំ ១៩៥៣ ដល់ ១៩៧០។

អ្វីៗត្រូវ​បាន​ប្រែប្រួល​ជាខ្លាំង​ដោយ​សារតែឥទ្ធិពល​នៃ​ជម្លោះរបស់ប្រទេស​មហាអំណាច​ដែលធ្វើឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​សង្រ្គាមស៊ីវិល​នៅរវាងឆ្នាំ​១៩៧០ ដល់​ឆ្នាំ ១៩៧៥។ ខ្មែរក្រហម​ជាអ្នក​ឈ្នះសង្រ្គាមស៊ីវិលនេះ និង​បាន​បង្កើត​រដ្ឋាភិបាល​កម្ពុជាប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងប្រទេស​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥។ រដ្ឋធម្មនុញ្ញ​របស់កម្ពុជាប្រជាធិបតេយ្យ​នៅជំពូកទី១៥ ត្រង់មាត្រា២០ បានចែងថា៖

ប្រជាជនកម្ពុជាគ្រប់រូប​ មានសិទ្ធិជឿជំនឿ ឬ​សាសនាណាក៏បាន​ ហើយ​ក៏មានសិទ្ធិ​ មិនមានជំនឿអ្វី ឬក៏មិនជឿសាសនាណាក៏បាន។ មិនអនុញ្ញាតឱ្យ​មានសាសនាប្រតិកិរិយា ដែលបំផ្លិចបំផ្លាញ​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រជាជនកម្ពុជា​ ដាច់ខាត។

ការដឹងឮជាទូទៅគឺព្រះពុទ្ធសាសនា​ត្រូវ​បាន​ហាមឃាត់​នៅក្នុង​របបកម្ពុជាប្រជាធិបតេយ្យ ដោយ​សារ​ព្រះសង្ឃត្រូ​វបាន​បណ្តេញចេញពីវត្ត​​ បង្ខំឱ្យ​សឹកទៅចូលរួម​ការងារ​កសិកម្ម​ដូចប្រជាជនទូទៅ​ ហើយព្រះ​សង្ឃដែល​ជំទាស់​នឹង​បទបញ្ជា​ត្រូវ​បាន​សម្លាប់ជាដើម។​ ទោះបីជាមានការរឹតត្បិត​​យ៉ាង​តឹង​រឹងយ៉ាងណាក៏ដោយ​ក៏ការគោរព​ប្រតិបត្តិ​សាសនា​នេះ​នៅតែ​មាន​ក្នុង​ដួងចិត្ត​របស់ប្រជាជន​។ ទោះបីជាយ៉ាងណា​ក៏ដោយ ក៏ការធ្វើទុក្ខបុកម្នេញលើ​សាសនា​ព្រះពុទ្ធ​ ដែលជាបទល្មើសមួយនៅក្នុង​ចំណោម​បទល្មើសជាច្រើនទៀត ដែលត្រូវ​បាន​តុលាការខ្មែរក្រហម​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​អស់មួយជីវិត។​​

នួន​ ជា​ ដែលត្រូ​វបាន​ចាត់ទុកថា មេដឹកនាំ​មានអំណាចទីពីរ​បន្ទាប់ពី ប៉ុល ពត បាន​បដិសេធ​ថា របបរបស់ខ្លួន​មិនមានចេតនាអាក្រក់ណាមួយ​ដើម្បីបំបាត់ព្រះពុទ្ធសាសនានោះទេ។ នួន​ ជា​ បាន​យោងទៅលើ​រដ្ឋធម្ម​នុញ្ញខាងលើ។ គាត់​បន្តប្រាប់ថា ការបង្ខំព្រះសង្ឃឱ្យសឹកធ្វើស្រែ ដាក់ទណ្ឌកម្ម ឬសម្លាប់អ្នកលួច​គោរព​សាសនា​ នោះគឺជារឿងប្រឌិត។ មេដឹកនាំខ្មែរក្រហមគិតរឿងប្រទេសជាតិជាធំ ឯសាសនាគឺ​វិវត្ត​ទៅតាមចរន្ត​របស់​សង្គម ព្រោះប្រជាជនទាំងអស់គ្នាទៅធ្វើការ​ក្នុង​សហករណ៍ ហើយគ្មានអ្នកណាមានពេលមកដាក់បាត ចំណែក​ឯព្រះសង្ឃមិនអាច​មានស្បង់ចីពរនោះទេ។ ដូច​នេះ​ចរន្តសង្គមអូសទាញទាំងអស់មិនមែនរបបខ្មែរក្រហមហាមទេ។ គាត់​នៅតែបន្តលើកឡើងថា នៅឆ្នាំ១៩៧៥ ទៅ ១៩៧៩ ខ្លួនគាត់​ផ្ទាល់​ក៏មានបន់​ស្រន់​អុជធូបដែរ កុំជឿថាអ្នកណា មិនបន់ស្រន់នោះ។ តាមពិតនៅពេញអំឡុងពេលកម្ពុជាប្រជាធិបតេយ្យម្តាយរបស់ នួន ជា រស់នៅខេត្តបាត់ដំបងបានទៅវត្តគរជាធម្មតា ព្រោះមានលោកសង្ឃពីរអង្គគង់នៅវត្តនេះ6F។ ជាបន្តបន្ទាប់មក​គ្មានប្រជាជនណាទៅបួសទេ ព្រោះគ្រប់គ្នាត្រូវទៅរស់​នៅសហករណ៍ ដូចនេះព្រះសង្ឃត្រូវ​តែសឹកមកយកប្រពន្ធវិញ។ ឯវត្តក៏ត្រូវ​បានយកធ្វើជាឃ្លាំង​ដាក់អំបិលជាដើម ដែល​ជារឿង​ត្រឹមត្រូវ​ព្រោះនៅទំនេរ។

នួន ជា បាន​ទទួល​ស្គាល់ថា ព្រះពុទ្ធសាសនា​គឺជាជំនួយ​មួយដល់​ជីវិត​តស៊ូ​របស់គាត់​។ គាត់​យល់ថា ទ្រឹស្តីកុម្មុយនីស្តមិនស្រី មិនស្រា វាមិនអាច​ធ្វើទៅបានមួយរយភាគរយទេ ប៉ុន្តែគាត់​ស្រឡាញ់គំនិតនេះ​ព្រោះវាស្របនឹងព្រះពុទ្ធសាសនា។ ដូចនេះ គាត់​យកសាសនា និងទ្រឹស្តីកុម្មុយនីស្តមកប្រៀបធៀបគ្នា គឺម៉្យាងម្នាក់ដូចគ្នា។

ព្រះពុទ្ធសាសនា​យកគុណធម៌ ប៉ុន្តែគុណធម៌របស់ជនកុម្មុយនីស្ត របស់អ្នកបដិវត្តន៍វាខុស​ពី​គុណធម៌ព្រះពុទ្ធសាសនាដែលសម្ងំសុខ។ ព្រះពុទ្ធសាសនាគិតរឿងមេត្តាករុណា ប៉ុន្តែកុម្មុយ​នីស្តមាន​មេត្តា​ករុណាចំពោះប្រជាជនក្រីក្រ។ ព្រះពុទ្ធសាសនា និងកុម្មុយនីស្តខុសគ្នាត្រង់ព្រះពុទ្ធសាសនាអត់ប្រើហិង្សា តែ​កុម្មុយ​នីស្តប្រកាន់ជំហរ ប្រសិនបើគេកម្ទេច​យើង យើងកម្ទេចគេ តែព្រះពុទ្ធសាសនាគិតរឿងមេត្តាករុណារហូត បើទោះជាសត្រូវ​ក៏ដោយ។ ប៉ុន្តែកុម្មុយនីស្ត​ក៏​ចេះមេត្តាករុណានៅក្នុងបក្សដែរ ដូចជា យក​មកអប់រំម្តងហើយម្តងទៀត ប្រសិនបើមិនកែប្រែ គឺត្រូវដោះស្រាយតាមវិធី ជួនណាតាមកម្ទេច ជួនណាតាមការដាក់គុក។ ការដោះស្រាយមានតាម​សតិ​អារម្មណ៍ តែប្រសិន​បើនៅតែមិនស្តាប់ នោះឈានទៅដល់ការដោះស្រាយខ្ពស់គឺ “កម្ទេចមានន័យថា “សម្លាប់។ កម្ទេចក៏បានន័យថា កម្ទេចឱ្យអស់ធាតុវណ្ណៈ គំនិតទ្រឹស្តី មិនមែនចេះតែសម្លាប់ទេ។ ដូចជាបោសសម្អាតមានន័យថា បោសសម្អាត​សតិអារម្មណ៍ដែលពុករលួយដែលស៊ីសំណូកសូកប៉ាន់ បើបោសសម្អាតហើយ នៅតែ​មិន​កែ​ប្រែ​ទៀត គឺ​ចាប់​ដាក់គុកបញ្ជូនឱ្យយោធា ហើយ​បក្សគ្មានសិទ្ធិសម្លាប់នោះទេ។ អំណាចខ្ពស់បំផុត​គឺមហាសន្និបាតបក្សទូទាំងប្រទេស។ នួន ជា និយាយថា មហាសន្និបាតតំណាងបក្សទូទាំងប្រទេសជាអង្គការកំពូល ដែលកំណត់មាគ៌ានយោ​បាយ​បក្សដោយប្រជុំ៥ឆ្នាំម្តង និងតែងតាំងសមាជិកគណៈមជ្ឈិម។ គាត់សង្ខេបងាយយល់ដូចនេះអំពីអង្គការពីធំទៅតូច៖  មហាសន្និបាតតំណាងបក្សទូទាំងប្រទេស, មជ្ឈិមបក្សកុម្មុយនីស្ត, គណៈអចិន្ត្រៃយ៍​​បក្ស (ប្រហែល​​​​​​​ជាគាត់យោងទៅរកលក្ខន្តិកបក្សទំព័រ៣២) ។ ការសង្ខេបនេះ​គឺវាផ្ទុយទៅនឹង​ការរកឃើញរបស់​អ្នកវិភាគ និងអ្នក​​ស្រាវជ្រាវអំពីរបបខ្មែរក្រហម។ សាសនាមិនឱ្យគុំកួនសងសឹក តែ​កុម្មុយនីស្តគុំកួន ពេលណាដែលមិនកែប្រែ តែបើគេកែប្រែ នោះគេជាមិត្ត​។ ព្រះពុទ្ធសាសនា និង​កុម្មុយ​នីស្តដូចគ្នា ត្រង់មិនបុគ្គលនិយម។

នួន ជា បាន​លើកឡើង​បន្តទៀតថា ជីវិតរបស់គាត់​ដែល​ជោគជ័យគឺការអនុវត្ត​តាម​សីលប្រាំរបស់​អ្នកកាន់សាសនាព្រះពុទ្ធ គឺ​ ១) កុំសម្លាប់សត្វ ឬប្រមាថជីវិតគេ, ២) ការមិនច្រណែនឈ្នានីសអ្នកដទៃ ឬមិនលួចរបស់ទ្រព្យគេ, ៣) មិននិយាយកុហក, ៤) មិនក្រេបគ្រឿងស្រវឹង, ៥) មិនប្រព្រឹត្តខុសផ្លូវលោក ដូចជាការលួចប្រពន្ធគេ។  ជនកុម្មុយនីស្តគឺត្រូវ​គិតរួមដើម្បីសមូហភាពមិនបុគ្គលនិយម គិតជាតិជារួម ហើយគិតបុគ្គលជា​ក្រោយ។ នួន ជា បាន​អះអាងថា ជន​កុម្មុយ​នីស្តក៏មាន​មនោសញ្ចោតនាជាមួយគ្រួសារដែរ ហើយគាត់មានមនោសញ្ចោតនាខ្លាំងណាស់ ក៏ប៉ុន្តែភារកិច្ចមិន​អនុញ្ញាត​ឱ្យគាត់​ធ្វើតាមចិត្ត ដោយសារតែ​វិន័យជនកុម្មុយនីស្ត ប្រសិនបើរវល់តែគិតរឿងគ្រួសារ​ផល​ប្រយោជន៍ផ្ទាល់ខ្លួន នោះដឹកនាំការងារមិនបាន ហើយក៏មិនអាចធ្វើជាគំរូគេដែរ។

នួន ជា បាន​លើកឡើងបន្ថែមទៀតពីកត្តាបីដែលគាត់គិតថា ធ្វើឱ្យជីវិតនយោបាយ​របស់គាត់​រីកចម្រើន គឺ ជាតិ បក្ស និង សាសនា។ គាត់​បញ្ជាក់ថា គាត់​យកទ្រឹស្តីម៉ាក-ឡេនីន រួមផ្សំជាមួយព្រះពុទ្ធសាសនាសម្ភារនិយមបដិច្ចសមុប្បាទមកអនុវត្ត​។ ការលើកឡើង​របស់ នួន ជា គឺត្រូវគ្នាទៅនឹង​​លក្ខន្តិកៈបក្សកុម្មុយនីស្ត​កម្ពុជា។

ឯកសារ​របស់ខ្មែរក្រហម​អំពី កសាង និងពង្រឹង​បក្ស​ខាង​ទស្សនៈ ម៉ាក្ស-ឡេនីន​ មួយចំនួន បាន​ពន្យល់យ៉ាងលម្អិតអំពីទ្រឹស្តី​​ និងឧទាហរណ៍ជាក់ស្តែងនៅក្នុង​សង្គមនៃការអនុវត្តគោលគំនិត “សម្ភារនិយម​បដិច្ចសមុប្បាទ”។ ជាសង្ខេប​សម្ភារនិយមបដិច្ចសមុប្បាទមានក្រឹត្យក្រម៤គឺ ) អ្វីទាំងអស់សុទ្ធតែមានការទាក់ទងគ្នាជានិច្ច មិននៅតែឯងទេ។ )​ អ្វីទាំងអស់សុទ្ធ​តែប្រែប្រួលជានិច្ច មិននៅនឹងថ្កល់ទេ។ ) អ្វីទាំងអស់ដែលវិវត្ត គឺពីទាបទៅខ្ពស់ ពីតូចទៅធំ ពីបរិមាណទៅគុណភាព។ ) អ្វីទាំងអស់សុទ្ធតែមានទំនាស់។ ក្រិតក្រមទាំងបួននេះ គឺជាខ្លឹមសារជាមូលដ្ឋាននៃសម្ភារនិយមបដិច្ចសមុប្បាទ ក្នុងការវិភាគ ក៏ដូចជាការលើកវិធានការការងារ ដោយត្រូវមានជំហរក្រឹត្យក្រមទាំង៤នេះឱ្យបានរឹងប៉ឹង មានណាមួយ​ខ្វះណាមួយមិនគ្រប់គ្រាន់ទេ។

ការរៀបរាប់​ខាងលើ​បាន​បង្ហាញពីភាពជិតស្និទ្ធ​របស់​ នួន ជា និងជនកុម្មុយនីស្តទៅនឹង​ព្រះពុទ្ធសាសនា​ដែលត្រូ​វ​បានដឹងជាទូទៅថា​ ត្រូវ​បាន​លុប​បំបាត់​នៅក្នុង​របបដែលគាត់​បានចូលរួមគ្រប់គ្រង។​ តែ​នៅដំណាក់​កាលចុងក្រោយ​នៃជីវិត​ គាត់​បានងាក​មក​អានសៀវភៅ​ធម៌​របស់​​​ព្រះពុទ្ធសាសនា។ នៅក្នុង​បន្ទប់ឃុំឃាំង​របស់គាត់នៅអង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជាមាន​ដាក់​តាំង​រូប​ថត​ឪពុក​ម្តាយ​របស់គាត់​ដើម្បី​អុជធូបគោរពបូជា ដែល​មាន​រូប​ពុទ្ធ​ដិមា​នៅក្បែរនោះដែរ។​ នៅគ្រា​មួយ​នៅឆ្នាំ២០១៣ នៅពេល​ដែល​គាត់​មានជំងឺ​រលាកទង​សួត​ធ្ងន់​ធ្ងរ​ដែល​​​នឹង​អាច​បាត់​បង់ជីវិត​នោះ គាត់​បាន​ស្នើ​សុំគ្រួសារ​ឱ្យ​ដាក់​រូប​ភាព​ព្រះពុទ្ធ​នៅ​​លើ​ក្បាល​ដំណេក​របស់គាត់​​។​ ជារឿយៗ គាត់​បាន​និយាយប្រាប់ខ្ញុំថា កុំជឿថា​ អ្នក​តស៊ូ​មិនគោរពសាសនា​​នោះ​ ដោយសារ​តែ​គាត់​តែង​តែគោរពខ្ជាប់ខ្ជួន​នៅពេល​ប្រយុទ្ធជាមួយស​ត្រូវ​។

បន្ទាប់ពី​ការដួលរលំនៃ​របបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រះពុទ្ធសាសនា​បានកកើតឡើង​វិញ ហើយ​បាន​ជួយ​ដល់​ការផ្សះផ្សាផ្លូវ​ចិត្ត​របស់​ប្រជាជន​នៅក្នុង​ការធ្វើដំណើរ​កសាងប្រទេស និង​ការ​តស៊ូ​យកមកវិញនូវ​សេចក្តីថ្លៃថ្នូរ​របស់មនុស្សជាតិ​ដែលត្រូវ​បាន​បំផ្លា្​ញនៅក្រោម​របបខ្មែរក្រហម។​

អត្ថបទ ព្រំ ផល្លា និពន្ធនាយក​ឌឹញូវ នៃ​មជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអ្នកនិពន្ធ​សៀវភៅ​អំពីជីវិត​បដិវត្តន៍កុម្មុយនីស្ត​របស់​ នួន ជា

រូបថត ៖​ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖