នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានរៀបចំទទួលសិស្សានុសិស្សមកពីអនុវិទ្យាល័យអូរស្វាយចំនួន១០នាក់ ដែលកំពុងរៀនថ្នាក់ទី៧។ ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយលោកគ្រូនាយក សឺន សុផា និងអ្នកគ្រូ សុគុណ ថាវី។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមពីសារប្រយោជន៍នៃអគារប្រវត្តិសាស្រ្ត អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ និងចូលរួមស្ដាប់រឿងរ៉ាវជីវិតរបស់លោកតា សើង សាវ៉ាង ដែលធ្លាប់រស់នៅក្នុងតំបន់អូរស្វាយតាំងពីកុមារភាព។ លោកតា សើង សាវ៉ាង ក៏ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានចែករំលែកបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមទៅកាន់សិស្សានុសិស្សដើម្បីចូលរួមទប់ស្កាត់កុំឱ្យរបបខ្មែរក្រហមកើតឡើងសារជាថ្មីម្តងទៀត។
លោក ស្រេង លីដា បុគ្គលិកប្រចាំការនៅ «អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានតម្កល់សៀវភៅរាប់ពាន់ក្បាលទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស បោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ។ លើសពីនេះ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជទាននូវសៀវភៅសរុបចំនួន២៩ក្បាល សម្រាប់តម្កល់ និងរក្សាទុកនៅ «អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» ដែលជាឯកសារដ៏មានសារសំខាន់សម្រាប់កូនចៅរបស់ព្រះអង្គសិក្សារៀនសូត្រ។ សៀវភៅទាំង២៩ក្បាល គឺជាព្រះរាជស្នាព្រះហស្តរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបង្ហាញអំពីប្រវត្តិសាស្រ្ត, ព្រះរាជជីវប្រវត្តិ, ព្រះរាជសកម្មភាព, ព្រះរាជនយោបាយ និងការកសាងសមិទ្ធិផលផ្សេងៗចាប់តាំងពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់បច្ចុប្បន្ន ។ អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បានដើរតួនាទីជាបណ្ណាល័យយ៉ាងសំខាន់ក្នុងការផ្តល់ធនធានចំណេះដឹងដ៏សម្បូរបែប រួមមាន ប្រវត្តិសាស្រ្ត បរិស្ថាន បច្ចេកវិទ្យា ទស្សនវិជ្ជា និងមាតិកាផ្សេងៗដល់សធារណជន។
សិស្សានុសិស្សមកពីអនុវិទ្យាល័យបុរីអូរស្វាយ, គ្រូបង្រៀន, អ្នកសិក្សាស្រាវជ្រាវ និងប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានស្រុកបុរីអូរស្វាយ-សែនជ័យ និងខេត្តស្ទឹងត្រែង ទទួលបានការលើកទឹកចិត្តឱ្យចូលមកអានសៀវភៅនៅបណ្ណាល័យនៃអគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ បណ្ណាល័យនេះមានបំពាក់នូវអ៊ីនធើណែតល្បឿនលឿន ដែលអាចឱ្យសិស្សានុសិស្សទាំងអស់មកអានសៀវភៅ និងសិក្សាស្រាវជ្រាវពេលទំនេរពីការសិក្សានៅក្នុងថ្នាក់។
ជាចុងក្រោយ លោកតា សើង សាវ៉ាង បានផ្ដែផ្ដាំទៅសិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ដើម្បីជួយអភិវឌ្ឍន៍សហគមន៍បុរីអូរស្វាយ-សែនជ័យ និងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត និងធ្វើយ៉ាងណាកុំឱ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញម្ដងទៀត។
អគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃមជ្ឈមណ្ឌលឯកសារកម្ពុជាបើកទទួលសាធារណជន ភ្ញៀវជាតិ និង អន្តរជាតិ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ហើយចាប់ពីពេលនេះមក មានភ្ញៀវមកទស្សនកិច្ចសិក្សានៅអគារនេះជាបន្តបន្ទាប់។
អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា