នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកោះថ្ម បានទទួលស្វាគមន៍ យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក មកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន១៥នាក់ ក្នុងនោះមានស្រី១០នាក់ មកធ្វើទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្តីអំពី ៖ ការចូលកាន់កាប់ទីក្រុងភ្នំពេញ, ការជម្លៀសប្រជាជនចេញពីទីក្រុងនិងទីប្រជុំជនដោយបង្ខំ និងការសម្លាប់រង្គាលនៅទួលពោធិ៍ជ្រៃ នៅក្នុងកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សាសម្រាប់ថ្ងៃនេះ គឺយុវជនចង់សិក្សាស្វែងយល់អំពីរឿងរ៉ាវខ្មែរក្រហមតាមរយៈឯកសារដែលតម្កល់នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ពិព័រណ៍រូបថត និងទស្សនារចនាបថផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិក្តុលលើ។
ជាកិច្ចចាប់ផ្តើម លោក ឈុំ រ៉ា បានណែនាំខ្លួន និងក្រុមការងារនៃមជ្ឈមណ្ឌលឯកសារកោះថ្ម ដល់យុវជនដែលបានមកទស្សនកិច្ចសិក្សានៅថ្ងៃនេះ។ បន្ទាប់មកលោក ឈុំ រ៉ា បានរៀបរាប់អំពីផ្ទាំងពិព័រណ៍រូបថតចំនួន៤ផ្ទាំង នៅខាងលើផ្ទះសហគមន៍ភូមិក្តុលលើ៖
ផ្ទាំងរូបថត ទី១) ការចងចាំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន ។ សម្តេច ហ៊ុន សែន ក៏ជាស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។
ផ្ទាំងរូបថត ទី២) កិច្ចប្រជុំពិសេសនិមិត្តរូបរវាងឪពុក និងកូន ក្នុងដំណើរដែលសម្រេចបានសន្តិភាពពេញលេញនៅកម្ពុជា៖ សម្តេច ហ៊ុន សែន បានជួបជាមួយសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងនៅថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ១៩៨៧។ ចាប់ពីពេលនោះមក សម្តេច ហ៊ុន សែន បានចាប់ផ្តើមបន្តទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើងជាមួយសម្តេចព្រះ នរោត្តម សីហនុ ដើម្បីគាំទ្រកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយនៅកម្ពុជា។ មានការបោះឆ្នោតជាសកលនៅកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ប៉ុន្តែខ្មែរក្រហមមិនបានចូលរួមការបោះឆ្នោតនោះទេ។
ផ្ទាំងរូបថត ទី៣) ការអនុវត្តយុទ្ធសាស្ត្រគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមគឺ «នយោបាយ ឈ្នះ ឈ្នះ» ៖ ក្រោយពីការបោះឆ្នោត នៅខែឧសភា ឆ្នាំ១៩៩៣ ខ្មែរក្រហមនៅតែចចេសរឹងរូសបន្តសង្គ្រាម ប៉ុន្តែមិនបានសម្រេចជោគជ័យនោះទេ។ កងកម្លាំងរបស់រាជរដ្ឋាភិបាលដែលមានបទពិសោធន៍ច្បាស់លាស់ និងទទួលបានការហ្វឹកហ្វឺនជាប្រចាំ បានវាយបក និងទប់ស្កាត់ក្រុមឧទ្ទាមខ្មែរក្រហម។ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហម រួមមាន ខៀវ សំផន, នួន ជា និង អៀង សារី សុំចុះចូលនៅគេហដ្ឋានរបស់សម្តេច ហ៊ុន សែន។
ផ្ទាំងរូបថត ៤) ការងារមនុស្សធម៌ និងសង្គ្រោះ៖ ទោះបីជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតកូវីដ-១៩ តែកងយោធពលខេមរភូមិន្ទនៅតែបន្តការចូលរួមក្នុងការប្តេជ្ញាបន្តភារកិច្ចរបស់ខ្លួន ដើម្បីជាតិ និងអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតំណាងឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស បានបង្ហាញសណ្តានចិត្តមនុស្សធម៌នៅក្នុងឱកាសជាច្រើន។ ជាឧទាហរណ៍ នៅក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានជួយដល់ភ្ញៀវទេសចរណ៍អន្តរជាតិដែលកំពុងជាប់គាំងនៅលើនាវា វ៉េស្ទ័រដាម ឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។
បន្ទាប់ពីក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទស្សនាពិព័រណ៍រូបភាព រចនាបថផ្ទះសហគមន៍ជនជាតិដើមភាគតិចស្ទៀងភូមិក្តុលលើរួច លោក ឈុំ រ៉ា បានដឹកនាំក្រុមយុវជន ស.ស.យ.ក ធ្វើដំណើរទៅ មជ្ឈមណ្ឌលឯកសារកោះថ្ម។ នៅទីនោះ ក្រុមយុវជន ស.ស.យ.ក ដើរទស្សនាពិព័រណ៍រូបភាព ស្តីពីសង្គ្រាមកាលពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រូបថតអំពីរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបថតអំពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ រូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រូបគំនូរ និងផែនទីបង្ហាញផ្លូវនៃដំណើររបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបចេញទៅប្រទេសវៀតណាមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាប្រមាណ៥លាននាក់ឱ្យរួចផុតពីសេចក្តីស្លាប់។
ចុងបញ្ចប់នៃទស្សនកិច្ចសិក្សា និង វេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យុវជនបានបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម ៖
លីន ស៊ីវម៉ី ភេទស្រី រៀនថ្នាក់ទី១១«ក» មកពីវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ នៅថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្ដីត្រេកអរ ដែលបានសិក្សាបន្ថែមពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំមាន អារម្មណ៍ថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ឬរបបខ្មែរក្រហម ពិតជាឃោរឃៅណាស់សម្រាប់ប្រជាជនខ្មែរ។ ខ្មែរក្រហមបានប្រើប្រជាជនឱ្យធ្វើការងារគ្មានពេលឈប់សម្រាក។ ខ្មែរក្រហមបានធ្វើទារុណកម្មលើប្រជាជន និងបានបំបែកបំបាក់ប្រជាជនចេញពីក្រុមគ្រួសារ។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានសន្តិភាព សេរីភាព ដូច្នេះខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីកុំឱ្យអតីតកាលដ៏អាក្រក់ត្រឡប់មកវិញ។
ភាក់ ចំរុង ភេទប្រុស ជាសិស្សថ្នាក់ទី១១«ក» នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ បានរៀបរាប់ថា មុនពេលមកទស្សនកិច្ចសិក្សានេះ ខ្ញុំបានយល់ដឹងតិចតួចអំពីរបបខ្មែរក្រហមពីការសិក្សាតាមរយៈសៀវភៅរបស់ក្រសួងអប់រំ។ ប៉ុន្ដែបន្ទាប់ពីបុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្មពន្យល់ណែនាំបន្ថែម ធ្វើឱ្យខ្ញុំកាន់តែដឹងច្រើននិងយល់ច្បាស់ជាងមុនអំពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្ញុំបានដឹងថារបបខ្មែរក្រហមឃោរឃៅកាចសាហាវ ព្រោះបានសម្លាប់ប្រជាជនខ្មែរ។ ខ្ញុំមិនចង់ឱ្យមានរបបខ្មែរក្រហមកើតឡើងម្ដងទៀតនោះទេ។ ខ្ញុំពិតជាអរគុណដល់មជ្ឈមណ្ឌលឯកសារកោះថ្ម ដែលរៀបចំឱ្យមានដំណើរទស្សនកិច្ចនេះដើម្បីផ្ដល់ចំណេះដឹងផ្នែកប្រវត្តិសាស្រ្តដល់យុវជនជំនាន់ក្រោយ។
ខ្ញុំឈ្មោះ យ៉ែម រិទ្ធី ភេទប្រុស ជាសិស្សថ្នាក់ទី១០ «ខ» នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ មុនពេលចុះមកទស្សនកិច្ចសិក្សានេះ ខ្ញុំបានយល់ដឹងអំពីស្ថានភាពរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហមខ្លះៗ។ ប៉ុន្តែបន្ទាប់ពីបានសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហមរួច ខ្ញុំបានដឹងកាន់តែស៊ីជម្រៅ និងធ្វើឱ្យខ្ញុំចង់សិក្សាស្វែងយល់បន្ថែមទៀត។ វាគឺជាបទពិសោធន៍ដ៏ឈឺចាប់មួយសម្រាប់ប្រជាជនខ្មែរដែលបណ្ដាលឱ្យមានការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកសិក្សាជំនាន់ក្រោយបន្តការសិក្សា និងស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមដើម្បីកុំឱ្យកំហុសនៃអតីតកាលកើតឡើងម្ដងទៀត។
ខ្ញុំឈ្មោះ ដា ម៉េងហ៊ាង ភេទប្រុស ថ្នាក់ទី១១ «គ» គឺជាសិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ខ្ញុំយល់ថារបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) គឺជារបបមួយដែលធ្វើឱ្យប្រជាជនកម្ពុជានៅតែចងចាំ ព្រោះរបបនេះបានបំបែកបំបាក់ឪពុកម្ដាយ ប្ដីប្រពន្ធ កូន និងបានសម្លាប់ប្រជាជនខ្លួនឯង។ បន្ទាប់ពីបានចូលរួមទស្សនកិច្ចសិក្សានេះរួច ធ្វើឱ្យខ្ញុំយល់ដឹងអំពីប្រវត្តិសាស្រ្ដរបបកម្ពុជាប្រជាធិបតេយ្យបានច្រើនជាងមុន។ ជាពិសេស ខ្ញុំបានដឹងពីព្រឹត្តការណ៍ដែលបានកើតឡើងក្នុងរបបខ្មែរក្រហម, ការតស៊ូរបស់ថ្នាក់ដឹកនាំឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍។ ខ្ញុំសូមអរគុណចំពោះបងៗក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកោះថ្ម និងលោកគ្រូដែលបានផ្ដល់ឱកាសដល់ខ្ញុំក៏ដូចជាសិក្សានុសិស្សដទៃទៀត ឱ្យបានចូលរួមក្នុងដំណើរទស្សនកិច្ចអំពីប្រវត្តិសាស្រ្ដក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ជាចុងក្រោយខ្ញុំចង់សំណូមពរឱ្យមានដំណើរទស្សនកិច្ចនេះកើតឡើងជារៀងរាល់ខែ ទៅកាន់តំបន់សាស្រ្តខ្មែរក្រហមផ្សេងៗទៀត។
រូបថត ៖ អត្ថបទ៖ ឈុំ រ៉ា និង វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកសារកោះថ្ម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា