នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា “ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម” ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ ហិរញ្ញប្បទានបន្ថែមនេះ នឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន ៦,៥លានដុល្លារសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលឯកសារកម្ពុជានឹងចំណាយប្រាក់ ចំនូន៥លានដុល្លារសហរដ្ឋអាមេរិក នៃទឹកប្រាក់សរុបចំនូន ៦លាន៥សែនដុល្លារសហរដ្ឋអាមេរិក ក្នុងជំហានបឋមរបស់ខ្លួននៅក្នុង ឆ្នាំ២០២១ ដើម្បីលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
កម្មវត្ថុនៃការចំណាយនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនពិការ ១) សំដៅទៅដល់ការលើកកម្ពស់ នៃការយល់ដឹងអំពីសុខភាពសាធារណៈ និង ២)ទទួលបានសេវាកម្មសុខភាពសាធារណៈ។ ទន្ទឹមនឹងនេះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជា សិក្សាស្រាវជ្រាវអំពីស្ថានភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជនពិការ នៅតាមសហគមន៍ដាច់ស្រយាល សម្រាប់ជាព័ត៌មានមូលដ្ឋាន ក្នុងការរៀបចំជំនួយអភិវឌ្ឍន៍ នាពេលអនាគត ដល់ប្រជាជនក្នុងសហគមន៍ទាំងនេះ។
សកម្មភាពថ្មីនេះ គឺជាកេរដំណែលមួយនៅក្រោយពេលដែលតុលាការបានបញ្ចប់ទៅ ក៏ដូចជា ការចូលរួមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលទាក់ទងជាមួយនឹងសុខភាពសាធារណៈ ហើយនឹងបន្តអនុវត្ត ៣ ការពារ និង ៣ កុំ ដែលជាសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានថ្លែងថា៖ “យើងមានមោទនភាព ក្នុងការគាំទ្រដល់គម្រោងនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានសេចក្តីប្តេជ្ញាយូរអង្វែងក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ តាមរយៈការចងចាំអំពីប្រវត្តិសាស្ត្រខ្មែរក្រហម” គម្រោងនេះនឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព ដែលសម្រួលដល់ស្ថានភាពជំងឺទូទៅ ក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់ របបខ្មែរក្រហម។”
ការងារថ្មីមួយនេះនឹងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់អំពីស្ថានភាពសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបន្ទាប់មក ធ្វើការប្រែក្លាយលទ្ធផលរកឃើញឲ្យ ទៅជាយុទ្ធនាការបង្កើនការយល់ដឹងរបស់ សាធារណៈ។ គម្រោងនេះនឹងធ្វើប្រតិបត្តិការនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាព សុខុមាលភាពនិងភាពសុខស្រួល របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេស។
អ្នកស្រី សូ ហ្វារីណា នាយិការង មជ្ឈមណ្ឌលឯកសារកម្ពុជា និងជាអ្នកគ្រប់គ្រងគម្រោងនេះ រំពឹងថា៖ ការទទួលបានសេវាកម្មថែទាំសុខភាព និងសង្គមកិច្ចមួយចំនួន សម្រាប់អ្នករស់រានមានជីវិតពី របបខ្មែរក្រហម ជាពិសេសក្រុមជនជាតិភាគតិច ដែលរស់នៅតាមតំបន់ដាច់ស្រយាល នាកាលៈទេសៈដ៏លំបាកក្នុងការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ សព្វថ្ងៃនេះ គឺជាការសំខាន់ខ្លាំងណាស់។
លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានលើកឡើងថា “សោកនាដកម្ម និងភាពអយុត្តិធម៌ ដែលប្រជាជនកម្ពុជាទទួលរងនៅក្នុងរបបខ្មែរក្រហម មានទំហំមហាសាលដែលគ្មានអ្វីអាចជំនួសឬប៉ះប៉ូវជូនអ្នកទាំងអស់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងមួយនេះ គឺជាជំហានឆ្ពោះទៅសម្រេចបានការថែទាំ និងគាំពារដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម” ហិរញ្ញប្បទានពិសេស នេះ រួមបញ្ចូលនូវអ្នកស្ម័គ្រចិត្តប្រកបដោយភាពមោះមុតចំនួន៥០០នាក់ ដែលបំពេញការងារនៅទូទាំងប្រទេស ក្នុងការជួយនាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិឋានរបស់ខ្លួនទៅមន្ទីរសុខភាពក្នុងសហគមន៍។ តាមរយៈការងារស្ម័គ្រចិត្តនេះ យុវជន-យុវនារី ទទួលបានឱកាសបង្ហាញចេញនូវភាពជាអ្នកដឹកនាំ រួមជាមួយនឹងការបំពេញការងារដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាចំពោះប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទទួលបានឱកាសចែករំលែករឿងរ៉ាវឆ្លងកាត់ផ្ទាល់ខ្លួននៅក្នុងអំឡុងរបបខ្មែរក្រហម ទៅកាន់ក្មេងជំនាន់ក្រោយ ដើម្បីធានាថាយើងនៅតែចងចាំ ពេលវេលាដ៏លំបាកយ៉ាងខ្លាំងមួយនោះ។ ជារួម គម្រោងនេះនឹងរំលេចនូវចរិក មនុស្សធម៌របស់យើង និងពង្រឹងបន្ថែមនូវស្មារតី មិនងាយទ្រុឌទ្រោមរបស់ប្រជាជនកម្ពុជា។”
ឧទាហរណ៍ខ្លះៗនៃផែនការសកម្មភាពថ្មីទាំង នេះ រួមមាន ការបង្កើតជាអាហារូបករណ៍ក្នុងចំនួនកំណត់សម្រាប់សិស្ស សិក្សាផ្នែកវេជ្ជសាស្ត្រ សុខភាពផ្លូវចិត្ត សុខភាពសាធារណៈ និងសុខភាពបឋម។ សកម្មភាពខាងលើថែមទាំងផ្តើម ផងដែរ នូវ សកម្មភាពស្ម័គ្រចិត្តប្រតិបត្តិដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលគាំពារដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារួមមាន វេជ្ជបណ្ឌិត ដេមី រេយស៍ និង គឹម សុវណ្ណដានី បានចុះសួរសុខទុក្ខតាមមូលដ្ឋាន និងផ្តល់សេវាថែទាំសុខភាពបឋម ជូនដល់អតីតអ្នកដាក់ពាក្យបណ្តឹង ដើមបណ្តឹងរដ្ឋប្បវេណីរបស់សាលាក្តីខ្មែរក្រហម នៅឯវត្តលលកសថ្មី ស្ថិតក្នុងខេត្តពោធិ៍សាត់ និងបណ្តាខេត្តដទៃទៀត ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ ការចុះសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមតាមមូលដ្ឋាន គឺជាផ្នែកមួយ នៃការផ្តួចផ្តើមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលឈានទៅដល់ការចំណាយទឹកប្រាក់ ៥លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១នេះ ដើម្បីសិក្សាអំពីស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយផ្តោតលើការអប់រំ ពិគ្រោះយោបល់អំពីបញ្ហាសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា និងតាមរយៈការប្រើប្រាស់រថយន្តសុខភាពចល័តខ្នាតតូច ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុគ្រោះពន្ធឲ្យនាំចូលរថយន្តនេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជា សង្ឃឹមថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាចបន្តចែករំលែកបទពិសោធន៍ជីវិតរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់មនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជា និងនៅលើពិភពលោក។ ការចែករំលែកបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហម គឺជាការគាំទ្រដល់ការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដើម្បីទប់ស្កាត់នូវអំពើឧក្រិដ្ឋកម្មអមនុស្សធម៌នានា មិនឲ្យកើតឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេស និងក្នុងតំបន់ថែមទៀតផង។
តាមរយៈការសិក្សាស្រាវជ្រាវជាបឋមបានឃើញថា មួយចំនូននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្នុងចំណោម២០០០នាក់ តែងពើបប្រទះនូវជំងឺប្រហាក់ប្រហែលគ្នា ចំនូន៥ប្រភេទរួមមាន៖ ១)ជំងឺលើសឈាម ២)ជំងឺបេះដូង ៣)ជំងឺទឹកនោមផ្អែម ៤)ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺរបេងសួត និង ៥)ជំងឺមហារីកសុដន។
នៅក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី ៧ខែមករា ឆ្នាំ១៩៧៩ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់បានខិតខំកសាងប្រទេសពីបាតដៃទទេរហូតមកដល់សព្វថ្ងៃនេះ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍បន្ថែមថា៖ «ទំហំនៃការបាត់បង់របស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហមគឺធំធេងណាស់ ដែលគ្មានអ្វីក្នុងលោកនេះ អាចមកជំនួសឬសំណងបានឡើយ។ ការងារខាងលើនេះ គឺជាការខិតខំទៅតាមសមត្ថភាពដែលយើងអាចធ្វើបាន ដល់អ្នកដែលបានស្លាប់ទៅ និងអ្នកដែលកំពុងរស់នៅក្នុងវ័យជរា ឬពិការ ហើយមានជីវភាពលំបាកឯតំបន់ដាច់ស្រយាលមួយចំនួន»។
មជ្ឈមណ្ឌលឯកសារកម្ពុជា ចូលរួមចំណែកលើកិច្ចការនេះដើម្បីធ្វើយ៉ាងណាឲ្យវិស័យសុខភាពសាធារណៈ នៅក្នុងប្រទេសកម្ពុជាមានភាពកាន់តែប្រសើរឡើង និងជាទីទុកចិត្តដល់ប្រជាជនកម្ពុជាគ្រប់ៗរូប។
អត្ថបទដោយ៖ សោម ប៊ុនថន
រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា