ខេត្តស្ទឹងត្រែង កំពុងតែបង្ហាញសក្ដានុពលទេសចរណ៍ និងត្រៀមខ្លួនជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗនៅក្នុងឆ្នាំ២០២៥

ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា កំពុងតែបង្ហាញសក្ដានុពលទេសចរណ៍ និងត្រៀមខ្លួនជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗនៅក្នុងឆ្នាំ២០២៥។ ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដ៏មានសក្ដានុពល ដោយមូលហេតុថា ខេត្តនេះ មិនត្រឹមតែមានភូមិសាស្រ្តក្នុង «តំបន់រ៉ាមសារ» ឬ «តំបន់ដីសើម» ដែលជាតំបន់លិចទឹកសម្បូរទៅដោយធនធានធម្មជាតិ, មច្ឆាជាតិ និងជីវចម្រុះដ៏សម្បូរបែប ប៉ុន្តែថែមទាំងមានប្រវត្តិសាស្រ្តសហគមន៍ដែលគួរតែសិក្សាស្វែងយល់ និងសំណង់ប្រវត្តិសាស្រ្តសេសសល់ពីសង្រ្គាម ដូចជាស្តូបអនុស្សាវរីយ៍ព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ជាដើម។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍, មន្រ្តីរដ្ឋបាលខេត្ត, ប្រតិភូ Miss Cosmo Cambodia 2025 ធ្វើទស្សនកិច្ចមកកាន់ស្រុកបុរីអូរស្វាយ សែនជ័យ ដើម្បីស្វែងយល់អំពីភូមិសាស្រ្ត, សក្ដានុពលតំបន់ទេសចរណ៍ជីវចម្រុះដ៏សម្បូរបែប និងប្រវត្តិសាស្រ្តសហគមន៍។ ដំណើរទស្សនកិច្ចរបស់ប្រតិភូទាំងនេះ ប្រព្រឹត្តទៅដោយរលូន ក្រោមកិច្ចសហការរវាងរដ្ឋបាល​ខេត្ត និងមន្ទីរពាក់ព័ន្ធ ជាមួយក្រុមហ៊ុន Influence Media និងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់របស់លោក លី មីណា អភិបាល នៃគណៈអភិបាលស្រុកបុរីអូរស្វាយ-សែនជ័យ។

លោកជំទាវរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ក៏បានធ្វើការស្វែងយល់អំពីប្រវត្តិសាស្រ្តសហគមន៍នៅស្តូបអនុស្សាវរីយ៍ព្រះបរមឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ និងបន្តទស្សនកិច្ចមកកាន់ «អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)» នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ ស្ថិតនៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ), លោកជំទាវរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ទស្សនាពិព័រណ៍កម្រងព្រះឆាយាល័ក្ខណ៍ និងអានសៀវភៅ២៩ច្បាប់ ដែលជាព្រះរាជអំណោយរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាកិច្ចបន្ត លោកជំទាវរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ បានទស្សនាបណ្ណាល័យនៃអគារមរតកសង្គមរាស្រ្តនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលមានតម្កល់សៀវភៅដ៏សម្បូរបែប រួមមាន ប្រវត្តិសាស្រ្ត, បរិស្ថាន, បច្ចេកវិទ្យា, ទស្សនវិជ្ជា និងមាតិកាផ្សេងៗ។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោកជំទាវរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

អត្ថបទ ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទផ្សេងទៀត៖