យោងតាមការស្រាវជ្រាវរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ខេត្តនេះមានជនជាតិភាគតិចចំនួន៨ក្រុម គឺជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារ៉ាយ ថ្មួន កាវ៉ែត ប្រហែល៥០ភាគរយ នៃប្រជាជនសរុប ដែលភាគច្រើនរស់នៅឆ្ងាយពីទីប្រជុំជននិងនៅតាមជ្រលងភ្នំ។ ខេត្តមណ្ឌលគិរី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដោយសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយកាត់ចេញពីខេត្តក្រចេះ និងមានចម្ងាយ៣៨២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ខេត្តមណ្ឌលគិរីមានប្រជាជនចំនួន៩០,៩៤៩ និងមានផ្ទៃដី១៤,២៨៨គីឡូម៉ែត្រការ៉េ។ ខេត្តមណ្ឌលគិរីមានផ្ទៃដីធំជាងគេក្នុងចំណោមខេត្តទាំង២៥របស់ប្រទេសកម្ពុជា ប៉ុន្តែមានដង់ស៊ីតេប្រជាជនតិចជាងគេដោយគិតជាមធ្យមតែ៨នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។
ដោយឡែក «ជនជាតិដើមតំបន់ខ្ពង់រាប ឬខ្មែរលើ» ដែលរស់នៅក្នុងខេត្តមណ្ឌលគិរី និងនៅតាមបណ្តាខេត្តមួយចំនួនទៀត គឺជាឈ្មោះដែល សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រទានឱ្យនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីបង្រួបបង្រួមជនជាតិខ្មែរ ក្នុងគោលបំណងទទួលបានសុខដុមនីយកម្មជនជាតិក្នុងអំឡុងសង្រ្គាម។
នៅអំឡុងពេលសង្រ្គាម ខេត្តមណ្ឌលគិរីគឺជាមូលដ្ឋានឈរជើងរបស់កងកម្លាំងទាំងបីរណសិរ្សគឺ រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០, មូលដ្ឋានឈរជើងដំបូងរបស់ខ្មែរក្រហមនៅទសវត្សរ៍ឆ្នាំ១៩៦០ និងជាផ្នែកមួយនៃផ្លូវលំហូជីមិញ ដែលរងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ១៩៦៤។ ប្រជាជនដែលរស់នៅតំបន់មណ្ឌលគិរីបានទទួលរងនូវការធ្វើបន្សុទ្ធកម្មរបស់ខ្មែរក្រហមយ៉ាងខ្លាំងក្លា ជាពិសេសក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយវៀតណាម នៅរវាងពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨។
ដោយសារខេត្តមណ្ឌលគិរីគឺជាតំបន់ភ្នំ មានជនជាតិដើមភាគតិចរស់នៅតាំងពីយូរលង់ណាស់មកហើយ និងជាទីតាំងយុទ្ធសាស្រ្តក្នុងការផ្សារភ្ជាប់តំបន់ប្រវត្តិសាស្រ្តសំខាន់ ធម្មជាតិ និងទេសចរណ៍នៅភាគឦសាន ទើបមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រេចចិត្តជ្រើសរើសខេត្តមណ្ឌលគិរីដើម្បីបង្កើត មជ្ឈមណ្ឌលចងចាំសហគន៍ជនជាតិដើមភាគតិច ដែលជាសាខាទី១៩ ក្នុងគោលបំណងរក្សាការចងចាំ ស្វែងរកយុត្តិធម៌ ដើម្បីជំរុញឱ្យមានភាពធូរស្បើយសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រហែល៥លាននាក់ ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាល។ ការបង្កើត មជ្ឈមណ្ឌលចងចាំសហគន៍ជនជាតិដើមភាគតិច គឺទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
មជ្ឈមណ្ឌលចងចាំសហគមន៍ជាតិដើមភាគតិច មានទីតាំងស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ភូមិពូតាំងមានប្រជាជន២៦៩គ្រួសារ ស្មើនឹង១,០៧៩នាក់ ក្នុងនោះមានស្រីចំនួន៥៥៥នាក់ និងប្រុសចំនួន៥២៤នាក់ និងជាភូមិដែលមានហ្វូងដំរីឆ្លងកាត់។ ជនជាតិព្នងមានចំនួន៨០ភាគរយនៃប្រជាជនសរុបក្នុងភូមិ។ អ្នកភូមិពូតាំងមួយចំនួន បានឃើញការមកដល់របស់ខ្មែរក្រហមក្នុងខេត្តមណ្ឌលគិរីដំបូងបង្អស់ បន្ទាប់មកទទួលរងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងកងទ័ព លន់ នល់ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ អ្នកភូមិមួយចំនួនធ្លាប់ដើរឆ្លងកាត់ផ្លូវលំហូជីមិញដើម្បីចូលរួមចលនាតស៊ូប្រឆាំងនឹងរបប លន់ នល់។ នៅឆ្នាំ១៩៧៦ អ្នកភូមិពូតាំងត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅស្រុកកោះញែក។ បច្ចុប្បន្នទោះបីភូមិពូតាំងស្ថិតនៅត្រឹមប្រាំបីគីឡូម៉ែត្រពីក្រុងសែនមនោរម្យ, មួយគីឡូម៉ែត្រពីភូមិចម្ការតែ ដែលមានជនជាតិភាគតិចចាមរស់នៅច្រើន និងពីរគីឡូម៉ែត្រពីវិហារសាសនាគ្រឹស្ត ប៉ុន្តែភូមិនេះហាក់ដូចជានៅឆ្ងាយ ហើយប្រជាជនមានការលំបាកក្នុងការទទួលបានសេវាសង្គម។ ដោយសារហេតុផលនេះហើយ ទើបមជ្ឈមណ្ឌលសហគមន៍ជនជាតិដើមភាគតិចបានប្រើប្រាស់ការិយាល័យរបស់ខ្លួនជាទីតាំងសម្រាប់ការសិក្សាស្រាវជ្រាវ អំពីជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ប្រវត្តិសាស្រ្តខ្មែរក្រហម និងសិក្សាពីទំនាក់ទំនង និងទីតាំងសំខាន់ៗ។
នៅមុនការបង្កើត មជ្ឈមណ្ឌលចងចាំសហគន៍ជាតិដើមភាគតិច ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញបញ្ហាប្រឈមនៅក្នុងភូមិនេះ ព្រោះប្រជាជនមានការលំបាកក្នុងការទទួលបានការអប់រំ សុខាភិបាល និងទំនាក់ទំនង ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្រ្ត សុខភាព និងការអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ខ្លួន។ នៅក្នុងខេត្តមណ្ឌលគិរីមានអង្គការ និងសមាគមដែលធ្វើការងារបម្រើសហគមន៍ជនជាតិដើមភាគ តិចមានចំនួន៩ និងអង្គការអន្តរជាតិមានចំនួន៤។ ភាគច្រើនអង្គការ និងសមាគមទាំងនេះគឺផ្តោតសំខាន់លើសិទ្ធិដីធ្លីបុរាណ ការអភិរក្សព្រៃឈើ ប្រពៃណី និងវប្បធម៌ អប់រំ សុខភាព យុវជន និងការអភិវឌ្ឍន៍សហគមន៍។ ទោះបីយ៉ាងណា ការងារដែលបម្រើដល់ការចងចាំ យុត្តិធម៌ និងការធូរស្បើយសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានភាពប្រទាក់ក្រឡាគ្នាទៅនឹងកិច្ចការខាងលើ គឺនៅមានកម្រិតនៅឡើយ។ ទំនាក់ទំនងររវាងប្រធានបទ និងការពិភាក្សាស៊ីជម្រៅអំពីទំនាក់ទំនងនេះ ជាពិសេសគឺជនជាតិភាគតិចនិងអំពើប្រល័យពូជសាសន៍ គឺជាចំណុចសំខាន់ ដែលឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវចំពោះអតីតកាល និងកសាងអនាគតកាន់តែប្រសើរ គឺ «អនាគតកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍»។ មជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិច ដែលផ្តោតលើប្រវត្តិសាស្រ្ត ការចងក្រងឯកសារ និងការអប់រំស្រាវជ្រាវ នឹងធ្វើការពិភាក្សាអំពីទំ នាក់ទំនងរវាងប្រធានបទសំខាន់ៗខាងលើ ព្រមទាំងផ្តល់ជាទីកន្លែងសម្រាប់ការជួបជុំ និងទទួលបានព័ត៌មាន ដើម្បីជាប្រយោជន៍ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ស្រ្តី យុវជន អ្នកសិក្សាស្រាវជ្រាវ និងដៃគូសហការ។
ដើម្បីសម្រេចគោលដៅខាងលើ មជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិច បានដាក់ចេញនូវគោលបំណងសំខាន់មួយចំនួនខាងក្រោម ៖
- ជំរុញការសិក្សាស្រាវជ្រាវអំពីជនជាតិដើមនិងជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីនិងភូមិភាគឦសាន
- ស្វែងយល់ស៊ីជម្រៅអំពីមូលដ្ឋានឈរជើងរបស់ខ្មែរក្រហម និងទំនាក់ទំនងរវាងខ្មែរក្រហមនិងជនជាតិដើមនៅខេត្តមណ្ឌលគិរី និងខេត្តប៉ែកឦសាន
- ចងក្រងឯកសារអំពីបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តមណ្ឌលគិរី
- ជំរុញការយល់ដឹងអំពីសមភាពយេនឌ័រ និងភាពអង់អាចរបស់ស្រ្តីនៅក្នុងសហគមន៍
- ផ្សារភ្ជាប់ទីតាំងប្រវត្តិសាស្រ្ត ទេសចរណ៍ និងអប់រំនៅក្នុងខេត្តមណ្ឌលគិរី និងមជ្ឈមណ្ឌលឯកសារកម្ពុជានៅទីតាំងផ្សេងទៀត
- ជំរុញឱ្យមានការអភិវឌ្ឈន៍ភូមិតាមរយៈការផ្តល់ព័ត៌មានសង្គម និងសុខាភិបាលនិងការរៀបចំវេទិកាពិភាក្សាអំពីភូមិ
ការងារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅខេត្តមណ្ឌលគិរី
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកព្រះរាជបណ្ណាល័យហ្លួងម៉ែ បានមកធ្វើទស្សនកិច្ចសិក្សានៅខេត្តមណ្ឌលគិរីដើម្បីពិនិត្យស្ថានភាព និងសិក្សាស្រាវជ្រាវអំពីតំបន់នេះតាំងពីឆ្នាំ១៩៩៦ រួមមាន៖
- ការប្រមូលឯកសារ និងរូបថតប្រវត្តិសាស្រ្តនៅខេត្តមណ្ឌលគិរី។
- ការស្រាវជ្រាវនិងសម្ភាសន៍ជាមួយអតីតកម្មាភិបាលខ្មែរក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកោះញែកដើម្បីជួយដល់ការសិក្សាស្រាវជ្រាវអំពីរបបខ្មែរក្រហម។
- ការស្រាវជ្រាវអំពីអត្តសញ្ញាណជនជាតិព្នងនៅឃុំដាក់ដាំ ក្នុងឆ្នាំ២០០៦។
- ការបញ្ចាំងភាពយន្តឯកសារ ដែលជាផ្នែកមួយនៃការងារផ្សព្វផ្សាយអំពីតុលាការខ្មែរក្រហម និងយុត្តិធម៌ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅឆ្នាំ២០០៧។
- ការចាក់បញ្ចាំងសាលក្រម ឌុច ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ទស្សនា នៅឆ្នាំ២០១២។
ការងារបន្តបន្ទាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា៖
ចាប់ពីឆ្នាំ២០២១ មជ្ឈមណ្ឌលឯកសារកម្ពុជាបញ្ជូនអ្នកស្ម័គ្រចិត្តកម្ពុជារាប់រយនាក់ឱ្យធ្វើការងារជាមួយជនជាតិដើមភាគតិចនៅតំបន់នានាទូទាំងខេត្តមណ្ឌលគិរី រួមមាន ៖
- ការចងក្រងឯកសារ តាមរយៈការសម្ភាសន៍និងការថតរូបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងប្រជាជននៅក្នុងសហគមន៍
- ការចែកចាយឯកសារខ្មែរក្រហម ព័ត៌មានសុខភាព និងសង្គម
- ការសិក្សាស្រាវជ្រាវអំពីប្រធានបទតូចៗ ដើម្បីបង្កើនការយល់ដឹងនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងសហគមន៍
- ការរៀបចំវេទិកាពិភាក្សា និងការអប់រំអំពីប្រវត្តិសាស្រ្ត សុខភាព ឧក្រិដ្ឋកម្មឃោរឃៅដែលប្រព្រឹត្តលើជនជាតិដើមភាគតិច ប្រពៃណីវប្បធម៌ជនជាតិដើម យេនឌ័រ និងកសិកម្ម
- ការរៀបចំកម្មវិធីទស្សនកិច្ចទៅកាន់ស្រុកកោះញែក ឃុំដាក់ដាំ (ស្រុកអូររាំង) ផ្សារជនជាតិដើមភាគតិច វិហារសាសនាគ្រឹស្ត វិហារសាសនាអ៊ីស្លាម រមណីយដ្ឋានទឹកធ្លាក់ សាលាបឋមសិក្សាពូតាំង មណ្ឌលសុខភាព ចម្ការកាហ្វេ និងចម្ការដំណាំកសិកម្ម និងទស្សនកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលឯកសារកោះថ្ម
- ការបណ្តុះបណ្តាលចំណេះដឹងនិងជំនាញ តាមរយៈការអាន ការសរសេរ និងកម្មវិធីកសិកម្ម
- ការៀបចំកម្មវិធីសម្តែងសិល្បៈ ការតាំងពិព័រណ៍ និងការសិក្សាពីប្រវត្តិភូមិ
- កម្មវិធីរចនាប្លង់ស្ថាបត្យកម្ម និងការងាររោងជាង
- ការបោះពុម្ពផ្សាយព្រឹត្តិបត្រ ទស្សនាវដ្តី និងការផ្សព្វផ្សាយ
- ការរៀបចំក្រុមការងារសុខភាពរួមដំណើរដោយ វេជ្ជបណ្ឌិត ដេមី រៃយ៍ ដើម្បីចុះទៅស្តាប់បញ្ហាសុខភាពរបស់ប្រជាជន និងបានរៀបចំវេទិកាអប់រំអំពីសុខភាពនៅឯសាលាឃុំដាក់ដាំ ស្រុកអូររាំង។ បន្ទាប់ពីវេទិកានេះ ក្រុមការងារបានចុះទៅពិនិត្យរណ្តៅដែលសេសសល់ពីការទម្លាក់គ្រាប់បែកក្នុងទសវត្សរ៍ ឆ្នាំ១៩៦០។
- ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាក់បញ្ចាំងខ្សែភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច កម្ពុជាបាត់បង់តន្រ្តីរ៉ុក» ជូនប្រជាជនទស្សនា ដើម្បីយល់ដឹងអំពីសិល្បៈ ចម្រៀង និងតន្រ្តី នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។
- ក្រុមការងារសុខភាព និងមជ្ឈមណ្ឌលសហគមន៍ចងចាំជនជាតិដើមភាគតិច របស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យខេវី ខេត្តត្បូងឃ្មុំ ចុះពិនិត្យសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅស្រុកកោះញែកចំនួន២០០នាក់។
- ក្រុមការងារមជ្ឈមណ្ឌលសហគមន៍ចងចាំជនជាតិដើមភាគតិច បានពិភាក្សាការងារស្រាវជ្រាវជាមួយចៅសង្កាត់រមនា និងប្រធានភូមិពូតាំង បន្ទាប់មកបានចុះសួរសុខទុក្ខប្រជាជនក្នុងភូមិ។
- ការរៀបចំដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូមកពីប្រទេសអូស្រ្តាលី និងកាណាដា ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដឹកនាំនិងសម្របសម្រួលដោយ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មកកាន់មជ្ឈមណ្ឌលសហគមន៍ចងចាំជនជាតិដើមភាគតិច។
- និស្សិតពីររូបបានគូរប្លង់មជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី គឺ ទី១) ឈ្មោះ យ៉ន គឹមយ៉ុង និង២) ឈ្មោះ គឹម សេង។ និសិ្សតទាំងពីររូបបានធ្វើការស្រាវជ្រាវយ៉ាងលម្អិតអំពីប្លង់ស្ថាបត្យកម្ម ដោយធ្វើដំណើរមកកាន់ទីតាំងដើម្បីសិក្សាអំពីប្រពៃណីវប្បធម៌ជនជាតិព្នង រួមមាន ផ្ទះ, ប្រជាជន, ទម្លាប់រស់នៅ, ទិស, ទឹក, ដី, ភ្លើង, ខ្យល់ និងទេសភាព។ ក្រុមការងារមជ្ឈមណ្ឌលសហគមន៍ជនជាតិដើមភាគបានរៀបចំកិច្ចការមួយចំនួនដូចជា៖ ការតម្លើងធ្នើរដាក់សៀវភៅ និងឯកសារ ដែលមានចំនួនប្រហែល៥០០សម្រាប់ការសិក្សាស្រាវជ្រាវនៅក្នុងសហគមន៍។
មជ្ឈមណ្ឌលសហគមន៍ជនជាតិដើមភាគតិច ចាប់ផ្តើមធ្វើកិច្ចការសំខាន់ៗនិងកំពុងស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីបំពេញការងារដូចខាងក្រោម ៖
– រៀបចំដាក់តម្កល់ឯកសារខ្មែរក្រហមឌីជីថលប្រចាំភូមិភាគឦសានដើម្បីបម្រើការសិក្សាស្រាវជ្រាវ រៀបចំតម្លើងកំព្យូទ័រដើម្បីសម្រួលដល់ការស្វែងរកឯកសារឌីជីថល
– រៀបចំក្រុមស្ម័គ្រចិត្តចងក្រងឯកសារ និងស្រាវជ្រាវដោយបញ្ចូលក្រុមការងាររោងជាង
– ធ្វើបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងចងក្រងជាអត្ថបទនិងវីដេអូឯកសារអំពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសហគមន៍ជនជាតិដើមភាគតិច
– រៀបចំវេទិកាសហគមន៍ជាមួយសិស្សសាលាបឋមសិក្សាដែលដឹកនាំដោយលោកគ្រូអ្នកគ្រូ ស្តីពីចំណេះដឹងភូមិ នៅឯមជ្ឈមណ្ឌលសហគមន៍ជនជាតិដើមភាគតិច។
– អញ្ជើញអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលជាចាស់ព្រឹទ្ធាចារ្យ ដើម្បីចែករំលែកសាច់រឿងជាមួយសិស្ស។
– ផ្សព្វផ្សាយអំពីកិច្ចការមជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិចឱ្យបានទូលំ
ទូលាយ។
– រៀបចំសួន និងសិក្សាឈ្វេងយល់អំពីដំណាំកសិកម្ម
អត្ថបទ ៖ សូ ហ្វារីណា នាយកមជ្ឈមណ្ឌលចងចាំសហគមន៍ជនជាតិដើមភាគតិច
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា