សោ ភឹម លេខាភូមិភាគបូព៌ា និង ណៃ សារ៉ាន់ លេខាភូមិភាគឦសាន ត្រូវជាសាច់ញាតិនិងរស់នៅភូមិកំណើតជាមួយខ្ញុំបានស្លាប់ទាំងអស់ដោយសារការចោទប្រកាន់

ខ្ញុំឈ្មោះ ហោ ខេង កើតនៅឆ្នាំ១៩២៨ អំឡុងពេលដែលប្រទេសកម្ពុជាស្ថិត​នៅ​​ក្រោម​អាណា​​និគមនិយម​បារាំង។ នៅសម័យនោះ ខ្ញុំបានចូលរៀនភាសាបារាំងដំបូងនៅថ្នាក់កុមារ​ដ្ឋាន ហើយតមកក៏ចូលរៀនដល់ថ្នាក់បឋមសិក្សា ដូច្នេះខ្ញុំ​អាច​​និយាយ​ភាសាបារាំងបាន​ខ្លះៗ។ ក្រៅពីរៀនអក្សរបារាំង ខ្ញុំត្រូវបានគ្រូជនជាតិបារាំងឱ្យទន្ទេញ និងសូត្រមេលេខពីលេខ២ ដល់លេខ៩ ត្រឡប់ចុះឡើងរៀងរាល់ម៉ោងសិក្សានៅក្នុងថ្នាក់។ បន្ទាប់​ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ខ្ញុំបានប្រកបរបរជួញដូរ ហើយខ្ញុំក៏មិនបានស្នាក់នៅផ្ទះជាប់លាប់ដែរ។ នៅឆ្នាំ១៩៦៧ ខ្ញុំបានសម្រេចចិត្តចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម។ និយាយ​ដល់រឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរ​ក្រហម​​ ខ្ញុំ​ស្រក់ទឹក​ភ្នែក ព្រោះខ្ញុំនឹកស្រណោះដល់សាច់ញាតិរបស់ខ្ញុំ និងប្រជាជនដែលធ្លាប់រស់នៅក្នុង​ភូមិជា​មួយគ្នា ដែលត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលទាំងក្រុមគ្រួសារ។

ខ្ញុំកើតនៅភូមិចិន ឃុំគរគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នៅសង្គមចាស់ ប្រជាជនហៅថា ភូមិចិន​ ព្រោះភូមិនេះមានជនជាតិចិន និងយួន ចូលមករស់នៅច្រើន ហើយ​ក្រោយមកភូមិនេះក៏ត្រូវបានប្តូឈ្មោះមកភូមិសង្គមវិញ។ ជីតាខាងម្តាយរបស់ខ្ញុំគឺជាជនជាតិចិនឆៅដែលមករស់នៅភូមិចិននេះ ចំណែកឯយាយរបស់ខ្ញុំគឺជនជាតិខ្មែរ។ ឪពុកម្តាយរបស់ខ្ញុំគឺជាកសិករ។ រាល់ពេលរដូវច្រូតកាត់មកដល់ ឪពុករបស់ខ្ញុំតែងតែប្រើខ្ញុំទៅសុំកូនកណ្តៀវពី សោ ភឹម ដែលកំពុងតែបួសជានេន គង់នៅក្នុងវត្តឈើទាល ហៅវត្តចាស់ ស្ថិតនៅក្នុងឃុំគរគីសោម។ សោ ភឹម អាចឆ្លាក់រូបនាគ និងរូបផ្សេងៗទៀតនៅលើដងកណ្តៀវ បានយ៉ាងស្អាត។ ប្រជាជនក្នុងភូមិ និយាយសរសើរស្នាដៃចម្លាក់របស់គាត់គ្រប់ៗគ្នា។ សោ ភឹម ពេលនោះមានអាយុបងខ្ញុំប្រហែលជា៣ឆ្នាំ។ គាត់តែងផ្តាំប្រជាជននៅក្នុងភូមិដែលបានយកបង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តឈើ​ទាល ឬនៅពេលដែលគាត់និមន្តទៅចូលរួមពិធីបុណ្យនៅផ្ទះប្រជាជនតាមភូមិថា ឱ្យខ្ញុំទៅលេងគាត់។ ពេលទំនេរពីការរៀនសូត្រ ខ្ញុំតែងតែទៅជួបគាត់ និងស្នាក់នៅក្នុងវត្តជាមួយគាត់។ សោ ភឹម ពេលនោះមានចិត្តល្អណាស់ និងតែងតែផ្តល់នំចំណីឱ្យខ្ញុំហូបឆ្អែតៗ។ សោ ភឹម មានបងប្រុសម្នាក់ឈ្មោះ តាជុំ ត្រូវជាគ្រូសូត្រស្តាំនៅវត្តឈើទាលដែរ។ សោ ភឹម បួសបានរយៈពេល៣ព្រះវស្សាក៏សឹក រួចហើយបានចូលរួមជាមួយចលនាខ្មែរឥស្សរៈនៅអំឡុងឆ្នាំ១៩៤៨ ជាមួយ សឺន ស៊ីចាន់ នៅព្រៃលើភ្នំប្រម៉ា ស្ថិតនៅខាងជើងស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់មក សោ ភឹម បានរៀបការប្រពន្ធឈ្មោះ ច្រែង និងបានរស់នៅម្តុំផ្សារកំពង់ត្រាច ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាំងពីពេលនោះមក ខ្ញុំបានទៅលេង សោ ភឹម ម្តងម្កាលព្រោះយើងរស់នៅស្រុកឆ្ងាយពីគ្នា។

ក្រៅពី សោ ភឹម ដែលបានចូលរួមជាមួយឥស្សរៈ ពេលនោះក៏មានស្មៀនឃុំឈ្មោះ ម៉ែន សាន (ណៃ សារ៉ាន់) ហៅ យ៉ា ឬសុំា រស់នៅភូមិសង្គម ឃុំគរគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងជាមួយខ្ញុំ បានចូលរួមជាមួយចលនានេះដែរ។ ម៉ែន សាន គឺជាជីដូនមួយរបស់ខ្ញុំ។ ឪពុករបស់​គាត់ និងឪពុកខ្ញុំ គឺជាបងប្អូននឹងគ្នា។ ឪពុករបស់ ម៉ែន សាន ឈ្មោះ គាំង ហេង គឺជាជនជាតិចិនឆៅ (ចិនទាជីវ) ដែលភៀសខ្លួនមករស់នៅស្រុកខ្មែរដូចជីតារបស់ខ្ញុំដែរ។ ចំណែក​ឯម្តាយរបស់គាត់ឈ្មោះយាយ ហ៊ី គឺជាជនជាតិខ្មែរ។ ម៉ែន សាន មានប្រពន្ធចំនួន ២នាក់។ ប្រពន្ធទី១របស់គាត់ឈ្មោះ សែន រស់ក្នុងភូមិឃុំជាមួយគ្នា និងបានចូលខ្មែរឥស្សរៈដូចគាត់ដែរ។ ប្រពន្ធទី២ រស់នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៥៣ ម៉ែន សាន និងប្រពន្ធទី១របស់គាត់បានចេញទៅរៀននៅទីក្រុងហាណូយ ប្រទេសវៀតណាម រហូតដល់ឆ្នាំ១៩៦៣ ទើបគាត់ត្រឡប់មកប្រទេសកម្ពុជាវិញ។ ពេលនោះគាត់បានចូលធ្វើការផ្នែកមេកា ឬ កាប៉ូរ៉ាល់ ឱ្យក្រុមហ៊ុនបារាំង នៅគីឡូម៉ែត្រលេខ៦។ គាត់មានផ្ទះនៅជិតវត្តឫស្សីកែវមួយ និងមានផ្ទះដែលសង់ពីឈើមួយកន្លែងទៀតនៅម្តុំបឹងទំពុន ខាងត្បូងទីក្រុងភ្នំពេញ។​ នៅពេលនោះគាត់រស់នៅជាមួយប្រពន្ធទី២ ចំណែកប្រពន្ធដើមរបស់គាត់បានយកប្តីថ្មីដែលធ្វើជាគ្រូពេទ្យនៅស្រុករមាសហែក​​ ខេត្តស្វាយរៀង។ ពេលប្អូនស្រីរបស់ខ្ញុំឈឺ ម៉ែន សាន បានជួយរត់ការធ្វើសំបុត្របញ្ជាក់ជីវភាពក្រីក្រឱ្យ ទើបប្អូនស្រីរបស់ខ្ញុំត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីរយៈពេលជាងមួយខែ រហូតបានធូរស្បើយ។ អំឡុងពេលនោះ ម៉ែន សាន ក៏បានចូលរួមសម្ងាត់ជាមួយចលនាខ្មែរក្រហមដែរ។ ដូច្នេះ ម៉ែន សាន មិនហ៊ានស្នាក់នៅផ្ទះជាប់លាប់ទេ។ គាត់ជារឿយៗចេញទៅស្នាក់នៅលាក់ខ្លួនក្នុងផ្ទះជួលវិញ ព្រោះប៉ូសីលបានតាមដានគាត់។ ថ្ងៃមួយខ្ញុំបានទទួលដំណឹងតាមរយៈមិត្តភក្តិរបស់ ម៉ែន សាន ថា ម៉ែន សាន បានមកស្នាក់នៅផ្ទះវិញ ហើយខ្ញុំក៏នាំបងប្អូនពីស្រុកកំណើតទៅសួរសុខទុក្ខគាត់។ ម៉ែន សាន បានខឹងសម្បារនឹងខ្ញុំយ៉ាងខ្លាំង និងស្តីបន្ទោសឱ្យខ្ញុំថា «អញកំពុងតែលាក់មុខ នាំគ្នាមកឈូឆរធ្វើអី»។ គាត់បានណែនាំខ្ញុំថាថ្ងៃក្រោយកុំនាំបងប្អូនមកជួបគាត់ទៀត ព្រោះខ្លាចបែកការណ៍។ ម៉ែន សាន ស្នាក់នៅភ្នំពេញបានរយៈពេលប្រហែល១ឆ្នាំ គាត់ក៏ចេញទៅតស៊ូនៅក្នុងព្រៃ។ គាត់បានធ្វើដំណើរចេញទៅព្រៃតាមស្រុកកំណើតរបស់គាត់ត្រង់ចំណុចព្រៃត្រពាំងឫស្សី ដែលមានចម្ងាយប្រមាណ​៣គីឡូម៉ែត្រពីឃុំគរគីសោម ដោយមានកងទ័ពវៀតណាមខាងជើងប្រមាណ៦០នាក់នៅរង់ចាំទទួលគាត់។ ពេលនោះខ្ញុំបានយំសុំទៅតាមគាត់។ ឃើញដូច្នោះគាត់ក៏តបមកខ្ញុំវិញថា «ឯងមិនទាន់មានសមត្ថភាពតាមអញទេ» រួចហើយបានណែនាំខ្ញុំថា «ឯងកុំដើរលេង កុំដើរចោលស្រុក និងកុំចាយវាយផ្តេសផ្តាស» ព្រោះគាត់ដឹងថាខ្ញុំពីដើមមានប្រាក់ និងឧស្សាហ៍ដើរលេងច្រើន។

ក្រោយមក ខ្ញុំបានរៀបការប្រពន្ធឈ្មោះ គង់ សាលីន កើតនៅឆ្នាំ១៩៣៨ ត្រូវជាកូនរបស់អតីតមេឃុំកាលពីសង្គមចាស់។ ពូរបស់ខ្ញុំគឺជាអ្នកផ្សំផ្គុំឱ្យយើងបានរៀបការនឹងគ្នា។ ប្រពន្ធរបស់ខ្ញុំគឺជាជីដូនមួយរបស់ សោ ភឹម។ ឪពុករបស់ប្រពន្ធខ្ញុំនិងឪពុករបស់ សោ ភឹម ត្រូវជាបងប្អួនបង្កើត។ នៅពេលរៀបការរួចហើយ ខ្ញុំបានប្រកបរកស៊ីជួញស្រូវ គោ និង ក្របី ហើយខ្ញុំក៏បានចូលរួមជាសម្ងាត់ជាមួយចលនាបដិវត្តន៍ខ្មែរក្រហមដែរ។ ខ្ញុំតែងតែដកលុយពីមុខរបរជំនួយរបស់ខ្ញុំម្តងបួនទៅប្រាំម៉ឺនរៀលផ្ញើទៅឧត្ថម្ភដល់ សោ ភឹម ដើម្បីឃោសនា។ ក្រោយមក ប៉ូលីសបានតាមដាន និងបានតាមចាប់ខ្លួនខ្ញុំយកទៅសួរចម្លើយដោយបានចោទប្រកាន់ខ្ញុំថា «បានលួចលាក់ចិញ្ចឹមខ្មែរក្រហម» ព្រោះពេលនោះចលនាបដិវត្តន៍ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យសរសេរសំបុត្រជាសម្ងាត់​ស្នើសុំ សៀង អង្ករ និង បារី ពីប្រជាជនដែលរស់នៅក្នុងភូមិ។ ខ្ញុំបានបែកពីប្រពន្ធកូន និងរត់គេចខ្លួនអស់រយៈពេល៦ខែ រហូតដល់បងប្អូននៅក្នុងភូមិទៅធានា ទើបប៉ូលីសឈប់តាមចាប់ខ្លួនរបស់ខ្ញុំ។

នៅអំឡុងពេលរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្រុមចលនាបដិវត្តន៍ខ្មែរក៏បានចោទប្រកាន់ លន់ នល់ ថាជាជនក្បត់ជាតិ រួចហើយបានប្រមូល និងចាត់តាំងកម្លាំងឱ្យយកគ្រាប់មីនទៅដាក់កម្ទេចផ្ទះកំណើតរបស់ លន់ នល់ នៅភូមិច្រាំង ក្នុងខេត្តព្រៃវែង។ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមបំពាក់អាវុធអាកាឱ្យមួយដើម ប៉ុន្តែដោយសារកាំភ្លើងអាកាធ្ងន់ពេកខ្ញុំក៏ស្នើសុំប្តូរយកកាំភ្លើងការ៉ាប៊ីន និងម៉ូតូម៉ូប៊ីឡែតមួយគ្រឿងវិញ។ ខ្ញុំក៏បានទៅមើលការកម្ទេចផ្ទះរបស់ លន់ នល់ ដែរ។

ចាប់តាំងពីពេលនោះមក ខ្ញុំមិនហ៊ានរស់នៅជុំប្រពន្ធកូននៅស្រុកទៀតទេ។ ខ្ញុំបានទៅរស់នៅលាក់ខ្លួន និងធ្វើនីរសារសម្ងាត់ឱ្យ ម៉ែន សាន នៅក្រុងភ្នំពេញវិញ។ នៅឆ្នាំ១៩៧២ ចលនាបដិវត្តន៍ខ្មែរក្រហមរំដោះបានជីភូ ស្ថិត​នៅទីប្រជុំជនតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង។ ដូច្នេះ ខ្ញុំរួមទាំងសមាជិកខ្មែរក្រហម៣នាក់ទៀតត្រូវបានចលនាបដិវត្តន៍ខ្មែរក្រហមបញ្ជូនឱ្យទៅប្រចាំការនៅជីភូវិញ។ ខ្ញុំមានភារកិច្ចទទួលប្រាក់ពីចលនាបដិវត្តន៍ខ្មែរក្រហមយកទៅទិញថ្នាំពេទ្យពីឈ្មួញជនជាតិវៀតណាមដែលដឹកមកពីក្រុង​ព្រៃនគរ វៀតណាមខាងត្បូង។  រៀងរាល់ម៉ោង៧ព្រឹក សាវ៉ាត នៅក្នុងអង្គភាពជាមួយខ្ញុំ បានបើកម៉ូតូដឹកខ្ញុំទៅបាវិតដើម្បីរង់ចាំទិញថ្នាំពេទ្យ។ មុននឹងចេញទៅយើងបានរាប់លុយចងមួយដុំ១០ម៉ឺនរៀលច្រកចូលក្នុងសាក់កាដូចំនួន២ដើម្បីទុកប្រគល់ទៅឱ្យឈ្មួញវៀតណាម។ បន្ទាប់ពីយើងប្រមូលទិញថ្នាំពេទ្យបានចំនួន៣ទៅ៤កេសហើយ យើងក៏ដឹកមកទុកនៅជីភូវិញ។ នៅពេលយប់គណៈកម្មាធិការខាងទទួលទិញថ្នាំពេទ្យរបស់ចលនាបដិវត្តន៍ខ្មែរក្រហម ដែលមានសមាជិកចំនួន៦នាក់ បានបើកម៉ូតូចំនួន៣គ្រឿងមកដឹកថ្នាំពេទ្យយកទៅប្រគល់ឱ្យថ្នាក់លើបន្តទៀត។​ គណៈកម្មាធិការខាងទទួលទិញថ្នាំពេទ្យនោះបានមកដឹកថ្នាំពេទ្យពីខ្ញុំក្នុងមួយអាទិត្យចំនួន២ដង។ នៅពេលនោះក៏មានការទម្លាក់គ្រាប់បែកខ្លាំងដែរ រហូតបណ្តាលឱ្យដាច់ស្ពានដើមពោធិ៍ ស្ថិតនៅខាងជើងជីភូ។ ខ្ញុំធ្វើការខាងផ្នែកទិញថ្នាំពេទ្យរហូតដល់កងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីកងទ័ពខ្មែរក្រហមទទួលជ័យជម្នះបានមួយរយៈ សោ ភឹម បានធ្វើដំណើរមកខេត្តស្វាយរៀង ដើម្បីយកខ្ញុំទៅធ្វើជាកងការពាររបស់គាត់ ព្រោះ​ខ្ញុំស្គាល់ផ្លូវច្រើន។ សោ ភឹម បានប្រាប់ខ្ញុំថា ទៅថ្ងៃខាងមុខប្រសិនបើខ្ញុំរស់នៅសហករណ៍នឹងជួបការលំបាក ព្រោះត្រូវហូបរួមគ្នា។ សោ ភឹម បានបន្តថាគាត់បានចូលរួមប្រជុំជាមួយថ្នាក់លើ និងបានស្នើទៅអង្គប្រជុំឱ្យប្រជាជនហូបបាយនៅតាមផ្ទះរៀងខ្លួន ប៉ុន្តែថ្នាក់លើលើកឡើងថាប្រសិនបើហូបឯកជននឹងធ្វើឱ្យខ្ជះខ្ជាយអាហារ។ ដូច្នេះគាត់មិនដឹងថាថ្នាក់លើសម្រេចយ៉ាង​ណានោះទេ។ ទោះបីយ៉ាងណា ពេលនោះខ្ញុំបានបដិសេធមិនទៅនៅជាមួយគាត់ឡើយ ព្រោះខ្ញុំមានប្រពន្ធកូនរស់នៅក្នុងភូមិ។ មួយរយៈក្រោយមក សោ ភឹម បានមកខេត្តស្វាយរៀង​ម្តងទៀតដោយមានឡានចំនួន ២គ្រឿងអមមកជាមួយ។ គាត់បានទៅពិនិត្យមើលស្ថានការណ៍នៅបាវិត និងបានហៅខ្ញុំទៅនៅជាមួយទៀត  ប៉ុន្តែបងស្រីរបស់ សោ ភឹម ឈ្មោះយាយ ឈុន ដែលធ្វើជាប្រធានសហករណ៍នៅភូមិសង្គម ឃុំគរគីសោម បានប្រាប់ទៅ សោ​ ភឹម វិញថា «កុំយកខ្ញុំចេញពីស្រុកកំណើតអីព្រោះខ្ញុំបានជួយបដិវត្តន៍យូរហើយ ដូច្នេះឱ្យខ្ញុំរស់នៅស្រុកភូមិជុំគ្រួសារចុះ»។

ចំណែក ម៉ែន សាន ក៏បានមកលេងស្រុកកំណើតម្តងដែរ ដោយគាត់ជិះឡានមួយគ្រឿងជាមួយនីរសាររបស់គាត់ចំនួន ៣នាក់ទៀត។ ម៉ែន សាន បានជួបខ្ញុំ និងបាននិយាយប្រាប់ខ្ញុំថា «អញបានណែនាំឯងកាលពីមុនអញចេញទៅតស៊ូក្នុងព្រៃ ហើយឯងអាចស៊ូទ្រាំ និងប្រឹងប្រែងធ្វើការជាមួយខ្មែរក្រហមបាន គឺល្អហើយ។ រង់ចាំអង្គការរៀបចំស្រួលបួល អញនឹងមកលេងឯងម្តងទៀត»។ បន្ទាប់ពីស្តាប់គាត់និយាយហើយ ខ្ញុំក៏មិនហ៊ានសួរដេញដោលពីការងាររបស់គាត់ទៀតដែរ ព្រោះគាត់មិនសូវនិយាយស្តីច្រើនទេ។ ចាប់តាំងពីពេលនោះមកគាត់បាត់ខ្លួនរហូត។

ម៉ែន សាន ​ និង សោ ភឹម មានវ័យស្របាលគ្នា និងរស់នៅក្នុងភូមិជាមួយគ្នា ប៉ុន្តែ ម៉ែន សាន បានរៀនថ្នាក់ខ្ពស់ជាង សោ ភឹម។ អ្នកទាំងពីរគឺជាមិត្តភក្តិជិតស្និទ្ធ និងរាប់អានគ្នាដូចជាសាច់ញាតិ។ សោ ភឹម និង ម៉ែន សាន ក៏ស្រឡាញ់រាប់អានខ្ញុំណាស់ដែរ។

រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំបាននៅធ្វើការងារនៅសហករណ៍ក្នុងឃុំគរគីសោម ក៏កម្មាភិបាល និងយោធាខ្មែរក្រហមនៅភូមិភាគនិរតីចូលមកគ្រប់គ្រង។ កម្មាភិបាល និងយោធាខ្មែរក្រហមទាំងនោះ បានកៀរខ្ញុំចេញពីភូមិសង្គម ឃុំគគីរសោម ឱ្យទៅរស់នៅឃុំចក ស្រុករំដួល ខេត្តស្វាយរៀងវិញ។ ខ្មែរក្រហមបានចោទប្រជាជនក្នុងភូមិរបស់ខ្ញុំថា «ក្បាលយួនខ្លួនខ្មែរ»។ ខ្ញុំរស់នៅឃុំចកបានរយៈពេល៨ថ្ងៃ ខ្មែរក្រហមបានជម្លៀសខ្ញុំបន្តទៅនៅអ្នកលឿងរយៈពេល៣ថ្ងៃទៀត។ នៅទីនោះ យោធាខ្មែរក្រហមបានស៊ើបសួរប្រជាជនដែលជម្លៀសមកដល់អ្នកលឿងដើម្បីតាមរកកូនរបស់ សោ ភឹម ដែលបានរត់គេចខ្លួនឆ្លងទន្លេមកនៅម្តុំអ្នកលឿងដែរ។ កងទ័ពខ្មែរក្រហមចាប់បានកូនរបស់ សោ ភឹម ម្នាក់ឈ្មោះ ណាត និងបងប្អូនជីដូនមួយរបស់ ណាត ចំនួន ២នាក់ទៀតយកទៅសម្លាប់ចោល។ ហេតុការណ៍តាមចាប់ និងសម្លាប់នេះបានធ្វើឱ្យខ្ញុំភ័យរន្ធត់យ៉ាងខ្លាំង។ ក្រោយមកយោធាខ្មែរក្រហមបានយកឡានមកដឹកខ្ញុំទៅដាក់នៅឃុំស្វាយរលំ ក្នុងខេត្តកណ្តាល។ នៅទីនោះប្រធានសហករណ៍បានសួរខ្ញុំថា ចេះធ្វើការងារអ្វីខ្លះ? ខ្ញុំបានតបទៅវិញថា ការងារអ្វីក៏ខ្ញុំចេះដែរ ព្រោះខ្ញុំគឺជាកសិករ។ ប្រធានសហករណ៍ចាត់តាំងឱ្យទៅព្រោះស្រូវ និង ស្ទូង បន្ទាប់មកទៅភ្ជួររាស់។ ខ្ញុំធ្វើការនៅស្វាយរលំបានមួយរយៈខ្លីប៉ុណ្ណោះ ក៏កងទ័ពវៀតណាមវាយចូលប្រទេសកម្ពុជា។ ខ្ញុំបានត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែខ្ញុំមិនបានជួបបងប្អូន និងសាច់ញាតិរបស់ខ្ញុំទេ ព្រោះអ្នកទាំងនោះត្រូវបានខ្មែរក្រហមចោទប្រកាន់ និងបានយកទៅសម្លាប់ចោលស្ទើរគ្មានសល់ឡើយ។

អត្ថបទ ៖ សោម ប៊ុនថន ប្រធានក្រុមទស្សនាវដ្តីស្វែងរកការពិត

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា​

ហោ ខេង រស់នៅភូមិសង្គម ឃុំគរគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ផ្តល់បទសម្ភាសន៍ដល់ សោម ប៊ុនថន និង ឡុង ដានី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបទី១រាប់ពីខាងស្តាំ៖ សោ ភឹម, ប៉ុល ពត, នួន ជា, អៀង សារី និង វន វ៉េត នៅក្នុងមហាសន្និបាតរបស់បក្សកុម្មុយនីស្តកម្ពុជាដែលត្រូវបានប្រារព្ធឡើងជាសម្ងាត់ នៅក្នុងស្ថានីយ៍រថភ្លើងនាទីក្រុងភ្នំពេញ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០។
សោ ភឹម និងប្រពន្ធ នៅមុខប្រាសាទអង្គរវត្ត។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សោម ភឹម ពាក់អាវខ្មៅឈរលើកដៃនៅកណ្តាល ថតជាមួយកងកម្លាំងប្រយុទ្ធស្ម័គ្រចិត្តរបស់វៀតណាមខាងជើងក្នុងឆ្នាំ១៩៧៣។ រូបនេះថតភ្លាមៗបន្ទាប់ពីកងឧទ្ទាមសម្ព័ន្ធមិត្តចាប់ផ្តើមធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ព ឃុំក្របៅ ក្នុងខេត្តកំពង់ចាម ដែលជាផ្នែកមួយនៃសង្រ្គាមស៊ីវិលប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់។ ក្រោយមក សោ ភឹម បានធ្វើជាលេខាភូមិភាគបូព៌ានៃកម្ពុជាប្រជាធិបតេយ្យ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
សោម ភឹម ពាក់អាវខ្មៅឈរនៅកណ្តាល ថតជាមួយកងកម្លាំងប្រយុទ្ធស្ម័គ្រចិត្តរបស់វៀតណាមខាងជើងក្នុងឆ្នាំ១៩៧៣។ រូបនេះថតភ្លាមៗបន្ទាប់ពីកងឧទ្ទាមសម្ព័ន្ធមិត្តចាប់ផ្តើមធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ព ឃុំក្របៅ ក្នុងខេត្តកំពង់ចាម ដែលជាផ្នែកមួយនៃសង្រ្គាមស៊ីវិលប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយសេនាប្រមុខ លន់ នល់។ ក្រោយមក សោ ភឹម បានធ្វើជាលេខាភូមិភាគបូព៌ានៃកម្ពុជាប្រជាធិបតេយ្យ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបរាប់ពីឆ្វេង៖ ម៉ែន សាន ឬ ណៃ សារ៉ាន់ ហៅ យ៉ា លេខាភូមិភាគឦសាន, សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ, ខៀវ សំផន, (មិនស្គាល់ឈ្មោះ), សម្តេចព្រះ នរោត្តម សីហនុ និង ហ៊ូ នឹម ថតនៅឆ្នាំ១៩៧៣។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបរាប់ពីស្តាំ៖ ម៉ែន សាន ឬ ណៃ សារ៉ាន់ ហៅ យ៉ា លេខាភូមិភាគឦសាន, ហ៊ូ នឹម, សម្តេចព្រះនរោត្តម សីហនុ, ខៀវ សំផន, (មិនស្គាល់ឈ្មោះ) ថតនៅឆ្នាំ១៩៧៣។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖