អដ្ឋិធាតុជួបជុំជាមួយក្រុមគ្រួសារ

កាលពីជាងបីទស្សវត្សរ៍មុន ពៅ ចាន្ធី ដែលជាស្ត្រីមេផ្ទះម្នាក់បានទទួលមរណភាពក្នុងជន្មាយុ ២៧ឆ្នាំ បន្ទាប់ពីចំណាយពេលអស់រយៈពេលប្រមាណ ២ឆ្នាំក្នុងការព្យាបាលជំងឺមហារីក។

សំរិត ចាន់ណារ័ត្ន ដែលត្រូវជាប្តី​បាន​និយាយ​ថា៖ “យើង​ស្គាល់​គ្នា​តាំង​ពីនៅវ័យសិក្សា​”។ សព្វថ្ងៃ ចាន់ណារ័ត្ន មានអាយុ ៦០ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ និងរស់នៅខេត្តពោធិ៍សាត់។ បើ​តាម​ ចាន់ណារ័ត្ន បានឲ្យដឹងថា ចាន្ធី ជា​កូន​ពៅ​ក្នុង​គ្រួសារដែលមានបងប្អូនចំនួន​៦​នាក់ និងមាន​ស្រុកកំណើត នៅស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។

ក្នុង​របប​ខ្មែរ​ក្រហម ចាន់ណារ័ត្ន ​ថាគាត់​ធ្វើ​ការ​នៅ​អង្គភាពកង​កុមារ​ក្នុង​ខេត្ត​ក្រចេះ ចំណែក​ ចាន្ធី រស់នៅឯ​ស្រុក​កំណើត។ ចាន់ណារ័ត្ន បាន​និយាយ​ថា ភរិយា​របស់​គាត់​កម្រ​និយាយ​អំពី​បទពិសោធន៍​ជីវិត​ផ្ទាល់ខ្លួន​​អំឡុង​របប​ខ្មែរក្រហមណាស់​។

នៅទសវត្សរ៍ឆ្នាំ១៩៨០​ ចាន្ធី និង ចាន់ណារ័ត្ន បានរៀបការនៅទីក្រុងភ្នំពេញ និងមានកូនប្រុសទោលម្នាក់។ នៅ​ឆ្នាំ​១៩៩២ ចាន្ធី ​បាន​ទទួលអនិច្ចកម្ម។ ក្រោយពីពិធី​បុណ្យ​សព ធាតុត្រូវបានតម្កល់នៅ​វត្ត​លង្កាព្រះកុសុមារាម។

ចាន់ណារ័ត្ន មានប្រសាសន៍ថា “កាលនោះនៅពេលគាត់ស្លាប់ យើងមិនទាន់មានផ្ទះផ្ទាល់ខ្លួន ដូច្នេះខ្ញុំសម្រេចចិត្តរក្សាទុកធាតុនៅវត្ត និងរងចាំទាល់តែយើងមានកន្លែងសមរម្យសម្រាប់គាត់,” គាត់បន្តថា “ខ្ញុំក៏បានសរសេរឈ្មោះ, ថ្ងៃខែឆ្នាំ និងអាយុ នៅលើកោដ្ឋផងដែរ”។ ដូច្នេះនៅ​ពេល​ក្រោយ ក្រុម​គ្រួសារ​អាចនឹងទៅយកកោដ្ឋរបស់​ភរិយាគាត់ត្រលប់មកវិញ។

ជាអកុសល ជាងមួយទសវត្សរ៍មុន មានឧប្បត្តិហេតុអគ្គីភ័យបានឆាបឆេះនៅកន្លែងដែលតម្កល់កោដ្ឋរួមមានកោដ្ឋរបស់ ចាន្ធី។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានព្យាយាមស្វែងរកទីតាំងដែលតម្កល់ថ្មី ប៉ុន្តែហាក់មិនមាននរណាម្នាក់ រួមទាំងព្រះសង្ឃបានដឹងអំពីទីតាំងពិតប្រាកដនោះទេ ហើយបន្ទាប់ពីឧប្បត្តិហេតុនោះ អ្នកដែលដឹងអំពីទីតាំងក៏បានទទួលអនិច្ចកម្មទៅផងដែរ។ ចាប់​តាំង​ពី​ពេល​នោះ​មក ទីតាំង​​កោដ្ឋ​របស់​ចាន្ធី​មិនត្រូវបានដឹង ខណៈ​ក្រុម​គ្រួសារ​របស់​ចាន្ធី​បានបន្ត​ព្យាយាម​ស្វែង​រក​អស់រយៈពេលជា​ច្រើន​ឆ្នាំកន្លងមកនេះ។

សុមនោ បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ម្ដាយ​ខ្ញុំ​នៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​វត្ត​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​នៅ​ទី​ណា​ច្បាស់នោះ​ទេ»។ សំរិត សុមនោ គឺជាបុគ្គលិកធនាគារ។ គាត់កើតនៅឆ្នាំ១៩៨៨ នៅបឹងកេងកង រាជធានីភ្នំពេញ បច្ចុប្បន្នគាត់រស់នៅសង្កាត់ព្រែកប្រា។

នៅពេលដែលម្តាយរបស់គាត់បានទទួលមរណភាព សុមនោ មានអាយុប្រហែល ៥ឆ្នាំប៉ុណ្ណោះ។ ឪពុក​និង​ជីដូន​របស់​សុមនោ​តែងតែ​នាំ​គាត់​ទៅ​វត្ត ​ដើម្បីធ្វើបុណ្យ​ឧទ្ទិសកុសលដល់​វិញ្ញាណក្ខន្ធ​ម្តាយ​​ជា​រៀង​រាល់​ឆ្នាំ​​ ហើយគាត់ក៏តែងតែនាំកូនៗមកទីនេះជាញឹកញាប់ផងដែរ។

សុមនោ និយាយថា “ខ្ញុំតែងតែមកវត្តនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធម្តាយខ្ញុំ។” ថ្មីៗ​នេះ ជីដូន​ទើបតែ​ទទួលមរណភាព​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ សុមនោ សង្ឃឹម និង​ប្រាថ្នា​ថា​គាត់​អាច​រក​ឃើញ​កោដ្ឋ​របស់​ម្ដាយ​គាត់​ក្នុងថ្ងៃណា​មួយ​ ជាក់ជាពុំខាន។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំពិធីបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធ នៅហោអដិ្ឋធាតុ ក្នុងវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ។​ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ កាលពីពេលថ្មីៗនេះ លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់ដំណើររឿងដែលលោកបានរកឃើញកោដ្ឋជាច្រើន ក្នុងគ្រាដែលលោកបានបួសជាព្រះសង្ឃ​​ និងកាន់ទុក្ខចំពោះបងស្រីរបស់លោកដែលបានទទួលមរណភាពដោយសារជំងឺមហារីកនៅវត្តលង្កាព្រះកុសុមារាម កាលពីឆ្នាំ២០១៥។

នៅថ្ងៃមួយ នាម៉ោង​៤​ទៀប​ភ្លឺ លោកបាន​រក​ឃើញ​បន្ទប់​មួយ​ក្រោម​រូបសំណាក​ព្រះពុទ្ធបដិមា។ នៅក្នុងនោះ មាន​កោដ្ឋ​​រាប់​រយ​ ពោលពេញដោយ​ធូលីដី។ កោដ្ឋ​របស់​ចាន្ធី គឺ​ស្ថិត​ក្នុង​ចំណោម​កោដ្ឋ​ចំនួន៤៦៤ ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា បានចងក្រងឯកសារអំពីព័ត៌មានស្តីពីកោដ្ឋទាំងនោះសម្រាប់ឲ្យក្រុមគ្រួសារងាយស្រួលក្នុងការស្វែងរក។ តាំង​ពី​ឆ្នាំ​២០១៥​មក មាន​តែ​៩​គ្រួសារ​ប៉ុណ្ណោះបានដឹងដំណឹងអំពីសាច់ញាតិរបស់ខ្លួនដែលតម្កល់នៅទីនេះ។ ​

នៅឆ្នាំ២០២៣ បណ្ណាល័យហោអដ្ឋិធាតុ ត្រូវបានបង្កើតឡើងដើម្បីសម្រាប់តម្កល់កោដ្ឋទាំងនោះនៅកន្លែងមួយដែលសមរម្យ​ និងប្រសើរជាងមុន។ គ្រួសារ​របស់​ចាន្ធី ​គឺ​ជា​គ្រួសារ​ដំបូង​បង្អស់​ដែលបាន​ដង្ហែកោដ្ឋរបស់ចាន្ទីទៅ​ស្រុក​កំណើត​របស់​ស្វាមីគាត់។

សុមនោ បាន​និយាយ​ថា​៖ “​នៅ​ពេល​ខ្ញុំ​បាន​ដឹង​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​”។

ដំបូង​ឡើយ សុមនោ បាន​មក​ពិនិត្យ​កោដ្ឋ​នៅ​បណ្ណាល័យហោអដ្ឋិធាតុ។ ក្នុង​បញ្ជី​ឈ្មោះ​ដែល​រៀបចំ​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺមានកោដ្ឋលេខរៀងទី​៤០៥ ឈ្មោះ ពៅ ចាន្ធី បានទទួល​មរណភាព​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩២ ក្នុង​ជន្មាយុ ២៧ឆ្នាំ​ ដែលបញ្ជាក់​ថាជា​កោដ្ឋ​​ម្តាយ​របស់​លោក ដូច្នេះ​ក្រុម​គ្រួសារ​បាន​រៀបចំ​ធ្វើ​ពិធី​បង្សុកូលដើម្បីឧទ្ទិសកុសល នៅពេល​​ជួប​ជុំ​គ្នាសាជាថ្មី​។

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧ព្រឹក ក្រុមគ្រួសាររបស់ចាន្ធី រួមទាំងចៅៗបានមកដង្ហែកោដ្ឋរបស់ចាន្ធី ទៅតម្កល់នៅវត្តកណ្តាលកោះ កោះអន្លង់ចិន ខេត្តកណ្តាល ដែលជាស្រុកកំណើតរបស់ស្វាមីគាត់។

សុមនោ បាននិយាយទាំងទឹកភ្នែក និងរំភើប ខណៈដែលបំណងប្រាថ្នារបស់គាត់ក្លាយជាការពិត។​ គាត់បានភ្ជាប់មកជាមួយ នឹងផ្លែឈើដែលបានរៀបចំសម្រាប់ពិធីបង្សុកូល។ គាត់និយាយ “វាជាសំណាង ដែលយើងបានរកឃើញធាតុរបស់គាត់”។

ចាន់ណារ័ត្ន ​ថា​៖ “​កូន​ខ្ញុំ​ប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ​ថា គាត់​បាន​រក​ឃើញ​កោដ្ឋ​នៅ​អង្គការ​មួយកន្លែង​​។” ចាន់ណារ័ត្ន បាន​បន្តថា៖ “ខ្ញុំពិតជា​សប្បាយ​ចិត្ត​ដែល​បាន​ជួប​នាង​ម្ដង​ទៀត”។

លោក ឆាំង យុ បាន​មាន​ប្រសាសន៍​ថា “ការ​ផ្សះផ្សានៃប្រជាជាតិមួយ គឺ​​ផ្តើម​ចេញ​ពី​បុគ្គល​ម្នាក់នៅក្នុងខណៈ​ពេល​មួយ”។

ចាន់ណារ័ត្ន មានប្រសាសន៍ថា “ខ្ញុំពិតជាកោតសរសើរចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានយកចិត្តទុកដាក់កោដ្ឋទាំងនេះ និងបានតម្កល់នៅទីនេះ” ខណៈដែលមជ្ឈមណ្ឌលនេះក៏បានយកចិត្តទុកដាក់ និងគោរពចំពោះអ្នកដែលបានទទួលមរណៈភាពផងដែរ។ លោក ឆាំង យុ បាននិយាយថា អ្នកទាំងនោះ គឺជាព្រលឹងជនរងគ្រោះនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍។

ចាន់ណារ័ត្ន មានប្រសាសន៍ថា “ប្រសិនបើនរណាម្នាក់រកមិនឃើញធាតុដែលបានបាត់ដំណឹងដូចរូបលោក សូមទាក់ទងមជ្ឈមណ្ឌលឯកសារកម្ពុជា និងហើយចូលទៅកាន់ហោអដ្ឋិធាតុ”។ “វាពិតជាមានន័យសម្រាប់ខ្ញុំ ក្នុងការជួបជុំជាមួយប្រពន្ធរបស់ខ្ញុំ”។

អត្ថបទ ៖ ស្រេង លីហួរ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖