រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងអង្គការសកម្មភាពកំចាត់មីនជប៉ុន ដោយមានការសម្របសម្រួលពីមជ្ឈមណ្ឌលឯកសារកម្ពុជាអនុវត្តគម្រោងការផ្លាស់ប្ដូរដីដែលមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទៅជាដីដែលអាចប្រើប្រាស់បាន

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ អង្គការសកម្មភាពកំចាត់មីនជប៉ុន (Japan Mine Action Service – JMAS) ក្រោមកិច្ចសម្របសម្រួលរបស់រដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ ចាប់ផ្ដើមប្រតិបត្តិការរាវរក ប្រមូល និងកម្ទេចគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅទីតាំងកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង។ ដើម្បីអនុវត្តប្រតិបត្តិការខាងលើ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ស្នើសុំកិច្ចសហការបន្ថែមពីមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រើប្រាស់ទូកចម្លងសហគមន៍សម្រាប់ដឹកជញ្ជូនក្រុមការងារជំនាញ និងឧបករណ៍ផ្សេងៗ ដោយហេតុទីតាំងកោះព្នៅ គឺជាកោះដាច់ស្រយាល និងហ៊ុមព័ទ្ធទៅដោយទឹកទន្លេមេគង្គ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្ដល់ការសហការភ្លាមៗ ដោយបានផ្ដល់ទូកសម្រាប់ដឹកជញ្ជូនដល់ក្រុមការងារជំនាញ និងឧបករណ៍របស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីបង្ហាញអំពីស្មារតីចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការផ្លាស់ប្ដូរដីដែលមានមីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យទៅជាដីដែលមានការអភិវឌ្ឍន៍សម្រាប់សហគមន៍នាថ្ងៃអនាគត។

កោះព្នៅ គឺជាភូមិមួយនៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលមានប្រជាជនសរុបចំនួន៤៨៨នាក់។ ប្រជាជនភាគច្រើនគឺជាប្រជាកសិករ និងអ្នកនេសាទ ខណៈមួយចំនួនផ្សេងទៀតបានធ្វើការចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនៅក្នុងប្រទេស និងក្រៅប្រទេស។ រដូវវស្សាក្នុងឆ្នាំនេះ កោះព្នៅ មានភ្លៀងធ្លាក់ជាញឹកញាប់ និងមានដើមឈើ រុក្ខជាតិដុះរីកលូតលាស់ត្រួយស្លឹកបៃតងខៀវខ្ចី ស្របពេលដែល ប្រជាកសិករចាប់ផ្ដើមភ្ជួររាស់ដី និងប្រជានេសាទធ្វើការនេសាទត្រីបានល្អប្រសើរ។ បើទោះបីជាមានទេសភាពស្រស់ស្អាត និងលក្ខណៈអំណោយផលសម្រាប់ប្រជាជនក្នុងការប្រកបរបរធ្វើស្រែចម្ការ និងនេសាទ កោះព្នៅក៏ស្ថិតនៅក្នុងភូមិសាស្រ្តមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងសត្វពាហនៈផ្សេងៗ។

នៅក្នុងអំឡុងប្រទេសមានសង្រ្គាម ចន្លោះពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ កោះព្នៅគឺជាតំបន់យុទ្ធសាស្ត្រកងទ័ពខ្មែរក្រហម ហើយប្រែក្លាយទៅជាសមរភូមិក្ដៅ។ កោះព្នៅ ត្រូវទទួលរងការទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ និងទាហានអាមេរិក។ គ្រាប់បែកដែលត្រូវបានទម្លាក់ក្នុងអំឡុងសង្រ្គាម នៅតែបន្តការគំរាមកំហែងដល់អាយុជីវិតប្រជាជនរស់នៅកោះព្នៅ ពីព្រោះកោះព្នៅ និងតំបន់ជាប់ពាក់ព័ន្ធទាំងអស់ត្រូវបានកំណត់ជា «តំបន់មានហានិភ័យខ្ពស់ដែលត្រូវបានជ្រើសរើសសម្រាប់ផ្លាស់ប្ដូរដីដែលមានមីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យទៅជាដីដែលមានការអភិវឌ្ឍន៍»។

លោក Fuku Eshige តំណាងអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) បានលើកឡើងថា៖ «នៅថ្ងៃនេះ ក្រុមការងារជំនាញរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុនយើង បានរាវរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់B-40ចំនួន១គ្រាប់។ ការរាវរកឃើញនេះ កំណត់អំពីភាពចាំបាច់ និងភាពបន្ទាន់ក្នុងការធ្វើឱ្យសម្រេចបាននូវការសម្អាតគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងភូមិសាស្រ្តកោះព្នៅ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពប្រជាជនរស់នៅសហគមន៍នេះ»។ ជាចុងក្រោយលោក Fuku Eshige បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការពីសំណាក់រដ្ឋបាលស្រុកបុរីអូរស្វាយ-សែនជ័យ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានគាំទ្រដល់ការដឹកជញ្ជូនក្រុមការងារជំនាញ និងឧបករណ៍ផ្សេងៗដោយសុវត្ថិភាព។ ការចូលរួមសហការនាពេលនេះ គឺជាការចូលរួមចំណែកកិច្ចការងារមនុស្សធម៌ដ៏មានតម្លៃបំផុត។ បន្ថែមលើប្រតិបត្តិការរាវរក ប្រមូល និងកម្ទេចគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងបន្តស្នើសុំកិច្ចសហការណ៍គាំទ្រពីមជ្ឈមណ្ឌលឯកសារកម្ពុជា ដល់ការដឹកជញ្ជូនមន្រ្តីជំនាញតាមផ្លូវទឹក ទៅកាន់បណ្ដាកោះនានាក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយ-សែនជ័យ ដើម្បីធ្វើការផ្សព្វផ្សាយអំពីហានិភ័យនៃគ្រាប់មីន-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងសហគមន៍។

អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖