ទីតាំងឧក្រិដ្ឋកម្ម៣កន្លែងត្រូវដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ

នៅថ្ងៃទី​១១ ខែកក្កដា ​ឆ្នាំ​២០២៥ ​ អង្គការយូណេស្កូ បានអនុម័តជាផ្លូវការបញ្ចូល​ទីតាំងឧក្រិដ្ឋកម្ម ចំនួន​​៣កន្លែង ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក  ដែលមានឈ្មោះជារួម «បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព» ដែលបានស្នើដោយរាជរដ្ឋាភិបាលកម្ពុជា។ ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន៣នេះរួមមាន ៖ ១) អតីត​មន្ទីរ​ឃុំឃាំង ម​-១៣ ​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​, ២) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និង ៣) មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ​ស្ថិតនៅ​រាជធានី​ភ្នំពេញ​។

១) អតីតមន្ទីរឃុំឃាំងម-១៣

យោងតាមគម្រោងស្រាវជ្រាវទីតាំងឧក្រិដ្ឋកម្មរបបខ្មែរក្រហម របស់មជ្ឈមណ្ឌលឯកសារកម្ពុជា មន្ទីរ​ម-១៣ ស្ថិតនៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាមន្ទីរដែលបានបង្កើតឡើងដោយចលនាតស៊ូខ្មែរក្រហម ដើម្បីសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់លើអ្នកទោសដែលខ្មែរក្រហមចោទថាជាគិញមកពីតំបន់ដែលគ្រប់គ្រងដោយ លន់ នល់ ។ កាំង ហ្គេចអ៊ាវ ហៅ ឌុច គឺជាប្រធានមន្ទីរនេះ និងបានស្លាប់កាលពីឆ្នាំ២០២០ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមសម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត។ ឌុច ធ្លាប់បានលើកឡើងក្នុងបន្ទប់សវនាការថាការសម្លាប់ជាគោលការណ៍ចម្បងនៅមន្ទីរនេះ [អតីតមន្ទីរឃុំឃាំងម-១៣] និងបន្តថាបេសកកម្មរបស់គាត់នៅ ម-១៣ គឺការពារប្រជាជននៅតំបន់រំដោះ។ ឌុច ក៏បានលើកឡើងពីគោលបំណងរបស់ម-១៣ គឺជាតម្រូវការរបស់បដិវត្តន៍ខ្មែរក្រហម។ ហម អ៊ីន ដែលជាឆ្មាំនៅអតីតមន្ទីរឃុំឃាំង​ម-១៣ បាននិយាយថា មនុស្សចំនួន ៣០០០០នាក់ ត្រូវបានសម្លាប់, ស្លាប់ដោយសារជំងឺ និងស្លាប់ដោយសារទឹកជំនន់នៅ ម-១៣។ គាត់អះអាងថា នេះជាការទទួលខុសត្រូវរបស់ ឌុច តែម្នាក់គត់ ព្រោះបញ្ជារបស់ ឌុច មិនអាចជំទាស់បាន។ មន្ទីរ ម-១៣ គ្រប់គ្រងដោយមនុស្សសំខាន់ៗប្រាំនាក់គឺ ឌុច គឺជាប្រធាន, ចាន់ គឺអនុប្រធាន, ប៉ុន, ផល និង មាស គឺជាសមាជិក ហើយអ្នកទាំងប្រាំនាក់នេះ គឺជា «ជនចម្រើន» របស់បដិវត្តន៍ ដែលអង្គការបក្សទុកចិត្តបំផុត។

កងការពារនៅមន្ទីរ ម-១៣ ត្រូវបានចលនាតស៊ូខ្មែរក្រហមជ្រើសរើសតែក្មេងៗ ដែលមានអាយុក្រោម១៥ឆ្នាំ ។ ឌុច ជ្រើសរើសកងការពារដោយផ្ទាល់ ដូចជា ស៊ឹម វុន ហៅ ឌិន, ចាន់ វឿន, និង ចាន់ ខន ។ ការគ្រប់គ្រងនៅមន្ទីរម-១៣ មានការប្រយ័ត្នប្រយែងបំផុត ដោយមានរបងឫស្សីកិន និងឈើក្រាក់យ៉ាងខ្ពស់ (៥ ទៅ ៦ ម៉ែត្រ) សង់ព័ទ្ធជុំវិញ ។ ក្នុងនោះមានផ្ទះលើសពីបួនសម្រាប់ជាទីស្នាក់អាស្រ័យរបស់កម្មាភិបាលដឹកនាំ, កន្លែងសួរចម្លើយ និងមន្ទីរមួយទៀតសម្រាប់កងការពារស្នាក់នៅ។ ដំបូងអ្នកទោស​ភាគច្រើនគឺជាទាហាន និងប្រជាជនមូលដ្ឋានដែលមិនដើរតាមមាគ៌ារបស់បក្ស។ រណ្តៅជាច្រើនមានទំហំ ៤ ម៉ែត្រការ៉េ ជម្រៅ ៥ ទៅ ៦ ម៉ែត្រ ដែលមានបង្គោលក្រាក់មួយចំកណ្តាល ត្រូវបានជីកសម្រាប់ឃុំឃាំង និងការធ្វើទារុណកម្មអ្នកទោស ។ អ្នកទោសត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់ប្រសិនបើផ្តល់ចម្លើយមិនត្រឹមត្រូវតាមអ្វីដែលអ្នកសួរចង់បាន។ ឧបករណ៍ដែលប្រើសម្រាប់ការសួរចម្លើយរួមមាន ៖ ម្ជុល, ច្រវាក់, ញញួរ, បន្ទាត់, និងដង្កាប់ ។ វិធីធ្វើទារុណកម្មរួមមានការចងដៃជាប់នឹងបង្គោល ទាញឱ្យជើងឱ្យហើបពីដី, វាយបញ្ចូលម្ជុលទៅក្នុងក្រចកដៃ, ប្រើកាំបិតចាក់លើរាងកាយ, វាយញញួរឈើលើទ្រូង និងខ្នង, និងបញ្រ្ចកទឹកសាប៊ូចូលពោះដោយប្រើទុយយោ។ ឌុច ជាមនុស្សកាចជាងគេក្នុងការសួរចម្លើយ និងធ្វើទារុណកម្មអ្នកទោស។

អ្នកទោសដែលនៅសេសសល់ពីការសម្លាប់ និងអ្នកទោសថ្មី ត្រូវបានបង្ខំឱ្យធ្វើការងារជារៀងរាល់ថ្ងៃ ទាំងជាប់ច្រវាក់ និងចំណង ក្រោមការមើលការខុសត្រូវយ៉ាងម៉ឺងម៉ាត់ពីកងការពារ ។ កងការពារមានសិទ្ធិបាញ់សម្លាប់អ្នកទោសនៅពេលព្យាយាមលួចរត់ ។ អ្នកទោសមួយភាគបានស្លាប់ដោយសារការបាក់កម្លាំង និងគ្មានរបបអាហារគ្រប់គ្រាន់ ។ ការងារអ្នកទោសមានលើកទំនប់, ដាំដំឡូង, កាប់ឆ្ការព្រៃ, និងរានដីធ្វើស្រែ។ របបអាហាររបស់អ្នកទោសពឹងផ្អែកទាំងស្រុងលើការចាត់ចែងរបស់កម្មាភិបាលកាន់កាប់រោងបាយ។ អ្នកទោសម្នាក់ទទួលបានបបររាវមួយបំពង់ឫស្សីតូចប៉ុណ្ណោះក្នុងមួយពេល។ របបអាហាររបស់កងការពារវិញ គឺបាយមួយចានលាយជាមួយដំឡូងមី និងពោត។ របបអាហាររបស់ថ្នាក់កម្មាភិបាលគឺបាយគ្រប់ពេល និងម្ហូបគ្រាន់បើ។

២) សារមន្ទីរទួលស្លែង (មន្ទីរ ស-២១)

មន្ទីរ ស-២១ បច្ចុប្បន្នស្ថិតនៅខណ្ឌ​​បឹងកេងកង រាជធានី​ភ្នំពេញ គឺជាមជ្ឈមណ្ឌលសន្តិសុខសំខាន់បំផុតក្នុងរបបខ្មែរក្រហម។ គោលបំណងរបស់មន្ទីរ ស-២១ គឺឃុំ និងធ្វើទារុណកម្មអ្នកទោសដើម្បីយកចម្លើយសារភាព បន្ទាប់មកអ្នកទោសនឹងត្រូវសម្លាប់ ហើយចម្លើយសារភាព ត្រូវបានបញ្ជូនទៅឱ្យថ្នាក់ដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។

នៅ​ចន្លោះ​ពីឆ្នាំ​១៩៧៥ ដល់ ឆ្នាំ១៩៧៩ របបខ្មែរ​ក្រហមបាន​ចាប់​ខ្លួន​អ្នកទោសប្រមាណ​ជាង​១៥.០០០ ទៅ​២០.០០០នាក់ ពី​ទូទាំង​ប្រទេស​មក​ឃុំ​ឃាំង​នៅ​មន្ទីរ​ស-២១ ក្នុង​ចំណោម​នោះ​ក៏​មាន​សមាជិក​នៃ​ចលនា​ខ្មែរ​ក្រហម​ដែល​ជាប់​ចោទ​ពី​បទ​ក្បត់​បដិវត្តន៍​, មេដឹកនាំនយោបាយ, កម្មាភិបាលភូមិភាគបូព៌ា, ពាយ័ព្យ, ជនជាតិបរទេស និងបុគ្គលិកស៊ីវិល និងកងទ័ពវៀតណាមជាដើម។ អ្នកទោសមួយចំនួនតូចត្រូវបានខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរ ស-២១ ហើយក្នុងចំណោមនោះមានជនរងគ្រោះតែ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។

បុគ្គលិក មន្ទីរ ស-២១ តែងតែវាយអ្នកទោសជាប់ឃុំជាទៀងទាត់។ ដោយដាក់អ្នកឃុំឃាំងក្នុងលក្ខខណ្ឌអមនុស្សធម៌ដូចគ្នានឹងបុរសដែរនោះ ស្រ្តី និងកុមារ ក៏ត្រូវបានសួរចម្លើយ វាយដំ ធ្វើបាបដោយយង់ឃ្នង ធ្វើទារុណកម្ម និងសម្លាប់។ ការចាប់ខ្លួន និងការប្រហារជីវិតស្រី្តជាភរិយា និងកុមារ ត្រូវបានធ្វើឡើងតាមគោលនយោបាយរបស់បក្សកុម្មុយនីស្តកម្ពុជាដែលថា «ជីកស្មៅត្រូវជីកទាំងឫស»។

មន្ទីរ ស-២១ គឺជាអង្គភាពរដ្ឋបាលមានការរៀបចំកម្រិតខ្ពស់ បានរក្សាការកត់ត្រាដោយលម្អិតនូវ បញ្ជីអ្នកទោសចូល និងរូបថតរបស់អ្នកទោស។ នៅពេលអ្នកទោសមកដល់ ក៏មានសៀវភៅកំណត់អំពីការប្រើទារុណកម្ម, បញ្ជីឈ្មោះអ្នកដែលត្រូវកម្ទេច និងឯកសារដទៃទៀតស្តីពីការឃុំឃាំងអ្នកទោស។ ចំនួនអ្នកជាប់ឃុំក្នុងមន្ទីរ ស-២១ ប្រែប្រួលពីមួយពេលទៅមួយពេល តែចំណុះច្រើនបំផុតគឺ​ប្រមាណ១៥០០នាក់ ក្នុងនោះមានស្ត្រី និងកុមារដែរ។

អ្នកទោសថ្មីនៅមន្ទីរ ស-២១ ត្រូវបានដឹកមកដោយរុំមុខ និងស្ថិតក្រោមកិច្ចការពារដោយអាវុធ ជារឿយៗតែងតែត្រូវបានដឹកតាម​រថយន្តធំៗធ្វើដំណើរមកជាច្រើនម៉ោង ពេលខ្លះមកម្តងជាង១០នាក់ក៏មាន។ អ្នកទោសត្រូវបានគេដាក់ខ្នោះជើង, បង្ខំឱ្យដេកលើឥដ្ឋប្រជ្រៀតគ្នាណែន ក្នុងបន្ទប់តូច និងបង្អត់បាយ​។ អ្នកទោសត្រូវដាក់ឱ្យស្ថិតនៅក្រោមការយាមកាមដោយអាវុធគ្រប់ពេលវេលា ហើយអង្គការវិន័យត្រូវបង្ខំឱ្យគោរពជាដាច់ខាត។ អ្នកទោសមិនត្រូវអនុញ្ញាតឱ្យនិយាយរកគ្នា, ហាត់ប្រាណឬលុបលាងខ្លួនប្រាណទេ ហើយអ្នកទោសបានទទួលរងទារុណកម្មដើម្បីបង្ខំទាញយកចម្លើយសារភាព។ វិធីធ្វើទារុណកម្ម រួមមាន៖ ការវាយដំនឹងព្រនង់, ខ្សែភ្លើង, វាយនឹង​រំពាត់, ខ្សែតី, ឆក់ខ្សែភ្លើង, ដុតនឹងអំពូលភ្លើងអគ្គិសនី, ចាក់ឬដកក្រចកដៃ ក្រចកជើង, ជ្រមុជក្បាលក្នុងធុងទឹក, បញ្ច្រកក្បាលនឹងថង់ផ្លាស្ទិក ចងព្យួរជើងឡើងលើ និងបង្ខំឱ្យស៊ីលាមក និងផឹកទឹកនោម។

កាំង ហ្គេចអ៊ាវ ហៅឌុច ជាប្រធានមន្ទីរនេះ និងបានស្លាប់កាលពីឆ្នាំ២០២០ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត។

៣) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

អ្នកជាប់ឃុំនៅ មន្ទីរ ស-២១ ភាគច្រើនត្រូវបាននំាទៅសម្លាប់នៅជើងឯក (បច្ចុប្បន្នជាមជ្ឈ​មណ្ឌលប្រល័យពូជសាសន៍​ជើងឯក និងជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ) ដែលស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រភាគខាងត្បូង រាជធានីភ្នំពេញ។ ពេលយប់អ្នកជាប់ឃុំត្រូវបានដឹកពីមន្ទីរ-ស២១ ទៅបឹងជើងឯកដោយរំភ្នែកនិងមានអ្នកទោសចំនួនពី៣០ ទៅ៤០នាក់ ពេលដឹកម្តងៗ។ នៅទីនោះអ្នកទោសត្រូវបានសម្លាប់ដោយមធ្យោបាយផ្សេងៗ រួមទាំងការវាយនឹងដំបងរហូតដល់ស្លាប់។ នៅបឹងជើងឯក អ្នកទោសបានស្លាប់ក្នុងពេលធ្វើទារុណកម្ម, គ្មានអាហារបរិភោគ, ជំងឺ និងលក្ខខណ្ឌរស់នៅអមនុស្សធម៌ ព្រមទាំងអ្នកទោសខ្លះបានធ្វើអត្តឃាត។ ពេលរបប​ខ្មែរក្រហមដួលរលំ នៅដើមឆ្នាំ១៩៧៩ អ្នកទោសនៅជើងឯកភាគច្រើនត្រូវបានដឹកចេញតាមឡានធំៗដើម្បីយកទៅសម្លាប់​ចំណែកអ្នកទោសដែលមានឋានៈខ្ពស់ៗ ត្រូវបានសម្លាប់នៅនឹងកន្លែង ហើយមានអ្នកទោសតិចតួចណាស់ដែលមានជីវិត។

យោងតាមទិន្នន័យស្រាវជ្រាវទីតាំងវាលពិឃាតនៅកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលប្រើប្រាស់ឧបករណ៍កំណត់ទីតាំងភូមិសាស្រ្តក្នុងការស្វែងរក និងគូរផែនទីរណ្តៅសាកសពរួមជាមួយនឹងការចុះទៅស្រាវជ្រាវដល់ទីកន្លែង រហូតមកដល់ពេលនេះមជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញវាលពិឃាតចំនួន៣៩០កន្លែង រួមមាន១៩០០០រណ្តៅ (មជ្ឈមណ្ឌលឯកសារកម្ពុជាឱ្យនិយមន័យទៅលើពាក្យ វាលពិឃាតថា ជារណ្តៅដែលផ្ទុកសាកសពចាប់ពី៤នាក់រហូតដល់ទៅជាង១០០០នាក់)។ ជាងនេះទៀតមជ្ឈមណ្ឌលឯកសារកម្ពុជាបានរកឃើញទីតាំងគុកចំនួន១៩៧កន្លែង និងទីតាំងបូជនីយដ្ឋានដែលសាងសង់ឡើងក្រោយរបបកម្ពុជាប្រជាធិបតេយ្យចំនួន៨១កន្លែង។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា «នៅតែតស៊ូជាមួយនឹងកេរដំណែលដ៏ឈឺចាប់នៃអំពើប្រល័យពូជសាសន៍, ការធ្វើទារុណកម្ម និងអំពើឃោរឃៅទ្រង់ទ្រាយធំ»។ ប៉ុន្តែការដាក់ឈ្មោះទីតាំងទាំងបី [អតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក] ទៅក្នុងបញ្ជីយូណេស្កូ នឹងដើរតួនាទីសំខាន់ក្នុងការអប់រំយុវជនខ្មែរជំនាន់ក្រោយ និងមនុស្សដទៃនៅទូទាំងពិភពលោក។ លោកមានប្រសាសន៍បន្តថា៖ «ទោះបីជាទីតាំងដែលបានដាក់បញ្ចូលជាកន្លែងធ្លាប់ប្រព្រឹត្តិអំពើហិង្សាក៏ដោយ ប៉ុន្តែទីតាំងទាំងនោះក៏អាចនឹងរួមចំណែកព្យាបាលរបួសដែលបានបង្កឡើងកាលពីអតីតកាល ដែលនៅមិនទាន់ជាសះស្បើយនៅឡើយ»។

អត្ថបទ ៖ អេង សុខម៉េង បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖