នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ទូច វណ្ណេត និងលោក លី ដេវីត បានចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្កការសង្គមស៊ីវិល ប្រចាំខេត្តកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងអភិបាលខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចិន្តាអភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ មន្រីរាជការរដ្ឋបាលសាលាខេត្ត ក្រុងស្រុក និងប្រធានតំណាងអង្គការសមាគម ជុំវិញខេត្តកំពង់ចាមសរុបប្រមាណ៨៥រូប។ វេទិកានេះធ្វើឡើងក្នុងគោលបំណង ស្តាប់នូវលទ្ធផលការងារផ្សេងៗ ដែលសមាគម អង្គការសង្គមស៊ីវិលនៅក្នុងខេត្តកំពង់ចាម បានធ្វើនាពេលកន្លងមក និងសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាដែលសមាគម អង្គការសង្គមស៊ីវិល បានជួបប្រទះនៅពេលដែលបំពេញការងារ និងជាវេទិកាសម្រាប់បង្កើនទំនាក់ទំនងថែមទៀតរវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាលខេត្តកំពង់ចាម។
ឯកឧត្តម ខ្លូត ចិន្ដា មានប្រសាសន៍ក្នុងការបើកវេទិកាពិគ្រោះយោបល់ ពីបញ្ហាប្រឈម និងសួរសុខទុក្ខសំណេះសំណាលជាមួយអភិបាលនៃគណៈអភិបាលក្រុង/ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តកំពង់ចាម។ ឯកឧត្តមក៏បានលើកឡើងបញ្ហាជម្លោះព្រំដែន និងបានបញ្ជាក់ថែមដែរថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំទៅជួបសួរសុខទុក្ខជាមួយកងទ័ពជួរមុខ ដែលការពារព្រំដែននៅមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីយកស្បៀងអាហារជូនកងទ័ព។ បន្ថែមលើកនេះទៀត ឯកឧត្តម ខ្លូត ចិន្តា មានប្រសាសន៍ទាក់ទងទៅនឹងវិបត្តសេដ្ឋកិច្ចពិភពលោកដែលបានធ្វើឱ្យសមាគម អង្គការសង្គមស៊ីវិលមានបញ្ហាហិរញវត្ថុកើតឡើង។ ឯកឧត្តមគណៈអធិបតីក៏បានកោតសរសើរសមាគម អង្គការសង្គមស៊ីវិលទាំងអស់ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាមនៅក្នុងការងារសង្គម ព្រឹត្តិការណ៍នានាដែលរដ្ឋបាលខេត្តបានរៀបចំនាពេលកន្លងមក ជាពិសេសក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ចាមទាំងមូល។
ជាកិច្ចបន្ត លោកប្រធានអន្ដរវិស័យ មានប្រសាសន៍លើកឡើងពីសកម្មភាពការងារ វឌ្ឍនភាព និងការអនុវត្តរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោក លី ដេវីត តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានលើកឡើងពីសកម្មភាពការងារមួយចំនួនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម ដូចជា ការរៀបចំកម្មវិធីពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការរៀបចំវេទិកាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម វេទិកាថា្នក់រៀនប្រវតិ្តសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការងារមួយចំនួនទៀតទាក់ទងនឹងការអភិវឌ្ឍន៍សហគមន៍ និងការអប់រំក្រៅប្រព័ន្ធ។
អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា