ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រ នៅឃុំស្រែតាំងយ៉

នៅមុនសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ជនជាតិដើមភាគតិចព័រ និងជនជាតិដទៃទៀតរស់នៅឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ តែងតែប្រារព្ធពិធីបេះផ្លែក្រវាញជារៀងរាល់ឆ្នាំក្នុងខែអាសាឍ (ខែកក្កដា) ។ មុនពេលរៀបចំពិធីបេះផ្លែក្រវាញ ជនជាតិដើមភាគតិចព័របានចូលព្រៃក្រវាញអង្កេតមើល ថាតើក្រវាញបានទុំស្រុះហើយឬនៅ? បន្ទាប់មកទើប មេស្នឹង ឬដង្ខៅក្រវាញបានប្រកូកប្រកាសហៅអ្នកភូមិដែលមានបំណងចង់ទៅបេះផ្លែក្រវាញ។ អ្នកចូលរួមពិធីបេះផ្លែក្រវាញភាគច្រើនគឺជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង (ជងខ្នងភ្នំ) និងជនជាតិខ្មែររស់នៅក្នុងភូមិទួលគ្រួស ភូមិស្រែពាំង ភូមិអន្លង់ក្រូច ភូមិមាត់ព្រះ​ ភូមិវាលវែង-អូរសោម និងភូមិមួយចំនួនទៀតក្នុងឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បើតាមលោក ហែម ហ៊ន អាយុ៧២ឆ្នាំ គឺជនជាតិដើមភាគតិចព័រ បច្ចុប្បន្នរស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរៀបរាប់ថា អ្នកភូមិដែលបានចូលរួមពិធីបេះផ្លែក្រវាញមានចន្លោះពី១០០ ទៅ៥០០នាក់ អាស្រ័យទៅលើរដូវកាលក្រវាញនីមួយៗដែលមានផ្លែក្រវាញទុំច្រើន ឬតិច។

ពេលចាប់ផ្តើមពិធីបេះផ្លែក្រវាញ មេស្នឹង (ដង្ខៅក្រវាញ) និងអ្នកភូមិបានធ្វើដំណើរទៅភូមិអន្លង់ក្រូច ឃុំស្រែតាំងយ៉ ទាំងអស់គ្នា និងរៀបចំពិធីសែនព្រេន ដោយធ្វើរានមានដាក់មាន់ស្ងោរ នំចំណី អន្សម នៅលើរាន។ បន្ទាប់មកដុតធូប ទៀន បួងសួង ហើយនៅពេលយប់ក្រុមភ្លេងបានលេងភ្លេងឡើងអ្នកតាចំនួន៣បទ។ នៅពេលព្រឹកឡើង ដង្ខៅក្រវាញបាននាំអ្នកភូមិដែលជាកូនចៅធ្វើដំណើរដោយថ្មើរជើងរួមជាមួយដំរីដឹកអីវ៉ាន់នំចំណីផងទៅភ្នំដំណាក់ក្បាលទ្វាត្រាង។ បន្ទាប់មកទៀត ដង្ខៅក្រវាញ និង កូនចៅបានធ្វើដំណើរទៅកាន់ភ្នំមួយទៀតមានឈ្មោះថា ភ្នំអន្ទង់រឹម ស្ថិតក្នុងភូមិសាស្ត្រភូមិអន្លង់ក្រូច ដើម្បីរៀបចំពិធីសែនព្រេនម្តងទៀត ដោយមានដាក់ស្លាធម៌ មាន់ស្ងោរ ដុតធូប ទៀន បួងសួង ហើយនៅពេលយប់មានលេងភ្លេងឡើងអ្នកតាចំនួន៣បទ​ និងមានអ្នកបញ្ចូលរូបថែមទៀត។ ដង្ខៅក្រវាញ និងកូនចៅត្រូវសម្រាកនៅភ្នំអន្ទង់រឹមចំនួន១យប់ ឬ២យប់ ឬ៣យប់ អាស្រ័យលើដង្ខៅក្រវាញមើលពេលវេលា ថាតើត្រូវចេញដំណើរបន្តទៀត ឬត្រូវស្នាក់នៅបន្តទៀត។

ពេលដង្ខៅក្រវាញ និងកូនចៅធ្វើដំណើរទៅដល់ភូមិមាត់ព្រះត្រូវដោះស្បែកជើងទាំងអស់ទុកនៅក្នុងភូមិ និងសម្រាកនៅក្នុងភូមិមាត់ព្រះមួយយប់ទៀត លុះដល់ព្រឹកឡើងធ្វើដំណើរដោយជើងទទេជាមួយដំរីឆ្ពោះទៅកាន់ព្រៃក្រវាញដែលស្ថិតនៅខាងលិចភូមិវាលវែង-អូរសោម ព្រៃគូយ ព្រៃជ្រៃ។ ដង្ខៅក្រវាញ និងកូនចៅបានសម្រាកនៅព្រៃជ្រៃ និងចាប់ផ្តើមធ្វើស្នែងចំនួន៣ ដើម្បីសែងដង្ខៅធំម្នាក់ និងដង្ខៅសំណែនចំនួន២នាក់។ នៅព្រឹកថ្ងៃបន្ទាប់ ដង្ខៅធំស្លៀកក្បិនពណ៌ស និងក្រវាត់កពណ៌ស ត្រូវបានអ្នកហែរហមសែងនៅមុខគេ​ បន្ទាប់មកក្រុមភ្លេងវាយស្គរទោង ផ្លុំខ្លុយ និងអ្នកច្រៀងដើរតាមក្រោយ។ អ្នកហែរហមសែងដង្ខៅធំពីព្រៃជ្រៃទៅព្រៃក្រវាញដែលមានចម្ងាយប្រហែល៥០០ម៉ែត្រ។

បន្ទាប់មកអ្នកភូមិដែលជាកូនចៅបានសង់រោង និងធ្វើរានដោយប្រក់ស្លឹកខ្លុង ស្លឹករណ្តាស សម្រាប់​ស្នាក់នៅ និងសែនព្រេននៅអំឡុងពេលបេះផ្លែក្រវាញ។ រោងរបស់ដង្ខៅត្រូវសង់នៅខាងលើទឹក​(ក្បាលទឹក)។  ចំណែកអ្នកភូមិដែលជាកូនចៅត្រូវសង់រោងស្នាក់នៅពីក្រោម និងព័ន្ធជុំវិញទឹក ដូចជាអូរជំនាប់ទឹកចេញ។ កូនចៅដែលជាមនុស្សជំនិតដង្ខៅធំបានធ្វើរានទុកសម្រាប់សែនអ្នកតា សម្អាតកន្លែងទុកឱ្យលេងភ្លេងនៅពេលរាត្រីជាដើម។ ព្រៃក្រវាញមានចំនួន១៧ហ្វូង ហើយក្នុងនោះមានព្រៃក្រវាញមួយហ្វូងឈ្មោះព្រៃពងមាសត្រូវទុកសម្រាប់តែដង្ខៅធំ និងដង្ខៅសំណែន២នាក់ទៀតប៉ុណ្ណោះ គឺមិនអនុញ្ញាតឱ្យអ្នកភូមិដែលជាកូនចៅចូលបេះឡើយ។ ចំណែកដង្ខៅធំ គឺត្រូវសាច់ញាតិ ឬកូនចៅជំនិតចូលបេះទុកឱ្យ ពីព្រោះដង្ខៅធំត្រូវនៅអង្គុយឃុំគ្រងកូនចៅ អុជធូប ទៀនពេញរយៈពេលនៃពិធីបេះផ្លែក្រវាញនេះ។

ក្នុងរយៈពេលនៃការបេះផ្លែក្រវាញនេះមានត្រណមមួយចំនួនដូចខាងក្រោម៖

ទី១) ពេលកូនចៅសង់រោង និងធ្វើរាន សម្រាប់ស្នាក់នៅ និងសែនព្រេនហាមមិនឱ្យអូសឈើ វ័រ ឬផ្តៅចូលមកកន្លែងសាងសង់ឡើយ។ កូនចៅត្រូវលី ឬសែងឈើមកកន្លែងសាងសង់។ ចំណែកវ័រ និងផ្តៅត្រូវឆ្វាយជារង្វេលហើយស្ពាយចូលមកកន្លែងសាងសង់។

ទី២) ដង្ខៅធំត្រូវប្រកាន់ត្រណមយ៉ាងតឹងរឹង និងមិនអាចងូតទឹកក្នុងរយៈពេល៣ថ្ងៃដំបូងនៃការបេះផ្លែក្រវាញឡើយ។

ទី៣) កូនចៅដែលចូលទៅបេះផ្លែក្រវាញត្រូវស្លៀកខោជើងខ្លី តែបើស្លៀកខោជើងវែងត្រូវមូរជើងខោឱ្យដល់ក្បាលជង្គង់។

ទី៤) ពេលបេះផ្លែក្រវាញត្រូវបេះតាមមុខគ្នារៀងៗខ្លួន ដោយមិនត្រូវបេះកាត់មុខគ្នាឡើយ។ ពេលបេះពេញក្រមា ឬកន្សែង ឬកន្ត្រកធ្វើអំពីផ្តៅត្រូវដាក់ផ្ទាល់ដីតាមមុខរៀងៗខ្លួន។ បន្ទាប់មកត្រូវដើរទៅកើបដាក់ក្នុងកន្ត្រកធំរែកមកកន្លែងរោងស្នាក់នៅរៀងៗខ្លួន។

ពេលទទួលបានផលក្រវាញរៀងៗខ្លួនហើយអ្នកភូមិដែលជាកូនចៅត្រូវធ្វើរានសម្រាប់ឆ្អើរក្រវាញឱ្យស្ងួត។ រាននោះធ្វើអំពីឈើ និងត្បាញមែកសោមធ្វើរនាបគ្រែសម្រាប់ដាក់ផ្លែក្រវាញកុំឱ្យជ្រុះ និងភ្លើងឆេះជាដើម។

នៅអំឡុងពេលឆ្អើរផ្លែក្រវាញក៏មានត្រណមចំនួនពីរទៀតដូចខាងក្រោម៖

ទី១) អ្នកភូមិដែលជាកូនចៅម្នាក់ៗត្រូវឆ្អើរផ្លែក្រវាញមិនឱ្យខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញឡើយ។ បើមានខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញ អ្នកភូមិដែលជាកូនចៅត្រូវប្រាប់ទៅដង្ខៅធំថា ខ្ញុំបានធ្វើឱ្យខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញ។ បន្ទាប់មកដង្ខៅក្រវាញបានយកដើមក្រវាញវាយអ្នកដែលធ្វើឱ្យខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញចំនួន៣រំពាត់។

ទី២) នៅក្នុងពេលយប់ក្រុមភ្លេងត្រូវលេងភ្លេងជាប្រចាំចាប់តាំងពីបេះ​ ឆ្អើរផ្លែក្រវាញរហូតដល់ចប់ ដោយមានអ្នកតាព្រៃគូយចូលរូបជាមួយស្ត្រីម្នាក់ដែលជាកូនចៅបេះផ្លែក្រវាញនេះ។ ការប្រគុំភ្លេងចាប់ផ្តើមពីម៉ោង៧ រហូតដល់ ៩ ឬ១០យប់ទើបចប់។ ចំណែករានអ្នកតាមានមាន់ស្ងោរ១គូ ស្លាធម៌៤ ជម៨។ រីឯអ្នកភូមិដែលជាកូនចៅមានហូបស្រាសប្បាយក្នុងពេលរាត្រីដែរ។

បើតាមជំនឿរបស់ជនជាតិដើមភាគតិចព័រ ប្រសិនបើដង្ខៅក្រវាញ និងកូនចៅមិនបានអនុវត្ត ដូចត្រណមដូចខាងលើ ពួកគេនឹងជួបគ្រោះអាសន្ន ដូចជា ត្រូវមុតបន្លារ, ពស់ចឹក, ខ្លាស៊ី ឬក៏មានគ្រោះថ្នាក់ផ្សេងៗមិនខាន។

បន្ទាប់ពីបេះក្រវាញចប់សព្វគ្រប់ត្រឡប់មកផ្ទះវិញ ដង្ខៅក្រវាញបានសុំផ្លែក្រវាញពីកូនចៅក្នុងម្នាក់ ពី១ទៅ២គីឡូក្រាម ដើម្បីទុកជូនមេស្រុក​ (មេឃុំស្រែតាំងយ៉) និងមួយចំណែកទៀតសម្រាប់យកមកថ្វាយព្រះមហាក្សត្រនៅទីក្រុងភ្នំពេញ។ នៅពេលនាំយកផ្លែក្រវាញទៅថ្វាយព្រះមហាក្សត្រនៅទីក្រុងភ្នំពេញ មេស្រុកបាននាំយកក្រុមភ្លេង និងដង្ខៅក្រវាញមកជាមួយដើម្បីលេងភ្លេងថ្វាយព្រះមហាក្សត្រចំនួន៣បទនៅក្នុងព្រះបរមរាជវាំង។ ចំណែកអ្នកភូមិដែលជាកូនចៅបានយកផ្លែក្រវាញទៅលក់នៅតាមទីផ្សារ ឬកន្លែងផ្សេងៗដូចជា អ្នកភូមិអូរសោម-វាលវែងភាគច្រើនបានយកផ្លែក្រវាញទៅលក់នៅផ្សារក្នុងប្រទេសថៃ។ ចំណែកអ្នកភូមិស្រែតាំងយ៉ និងអ្នកភូមិផ្សេងទៀតបានយកផ្លែក្រវាញទៅលក់នៅតាមផ្ទះចិនលក់អីវ៉ាន់ចាបហួយក្នុងភូមិរបស់ខ្លួន ឬលក់នៅផ្សារលាចក្នុងស្រុកភ្នំក្រវាញ។

ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនៅឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ត្រូវបានបោះបង់ចាប់តាំងពីប្រទេសកម្ពុជាមានសង្រ្គាមស៊ីវិលនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ និងរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩)។ បច្ចុប្បន្ន ជនជាតិដើមភាគតិចព័រ និងប្រជាជនរស់នៅស្រុកភ្នំក្រវាញ ជាពិសេសក្មេងជំនាន់ក្រោយភាគច្រើនមិនបានដឹងអំពីពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនេះឡើយ។

អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖