ខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងបណ្ដាខេត្ត ដែលទទួលផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងត្រូវមានការបង្កើនការប្រុងប្រយ័ត្នខ្ពស់។ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការណែនាំ និងការចង្អុលបង្ហាញរបស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង, លោក ម៉ែន គុង គឺជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការសម្របសម្រួលផ្ទាល់របស់លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ចំនួន៦គ្រួសារ ដែលរស់នៅកោះគគីរ និងកោះពេត្តា។ កោះគគីរ និងកោះពេត្តា គឺជាកោះនៃស្រុកបុរីអូរស្វាយសែនជ័យ និងមានប្រជាជនរស់នៅប្រកបរបរកសិកម្ម និងនេសាទ។ ដោយហេតុថា កោះទាំងពីរ មានភូមិសាស្រ្តហ៊ុមព័ទ្ធទៅដោយទន្លេមេគង្គ ដែលកម្ពស់ទឹកទន្លេកំពង់តែបន្តកើនឡើង មជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង បានចូលរួមចំណែកជួយសម្រួលចំពោះការធ្វើដំណើរតាមរយៈទូកចម្លងសហគមន៍ សម្រាប់ការដឹកជញ្ជូនក្រុមការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹង និងសម្ភារសម្រាប់ចែកជូនជនរងគ្រោះ។
លោក ម៉ែន គុង តំណាងឱ្យឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងលោកលី មីណា អភិបាលនៃគណៈអភិបាលស្រុក បានចែកអំណោយដល់ជនរងគ្រោះរួមមាន ៖ អង្ករ, ត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, មី, ក្រម៉ា, សារ៉ុង និងភួយ ដើម្បីជួយសម្រាលជីវភាពរបស់ប្រជាពលរដ្ឋនាគ្រាដ៏លំបាកនេះ។
បន្ថែមលើនេះទៀត ដោយមើលឃើញអំពីហានិភ័យខ្ពស់ដែលនៅតែអាចកើតមានឡើង បណ្ដាលមកពីការបន្តកើនឡើងកម្ពស់ទឹកទន្លេមេគង្គ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង, រដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ និងមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង បានជួយរុះរើ និងដឹកជញ្ជូនលំនៅដ្ឋាន និងប្រជាពលរដ្ឋចេញផុតពីតំបន់ហានិភ័យ ទៅទីទួលមានសុវត្ថិភាព។
ស្របពេលដែលស្ថានភាពទឹកជំនន់នៅតែបន្តកើតមានឡើង មជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង ត្រៀមលក្ខណៈរួចជាស្រេចដើម្បីផ្ដល់កិច្ចសហការណ៍ជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ក្នុងសកម្មភាពមនុស្សធម៌នានាសម្រាប់ប្រជាជនដែលងាយរងគ្រោះ។
អត្ថបទ៖ ស្រេង លីដា បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា