កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានបង្រៀនយុវជនមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ អំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍។ នៅក្នុងអំឡុងពេលបង្រៀន ក្រុមការងារក៏បានលើកទឹកចិត្តដល់យុវជនឱ្យចុះសួរទុក្ខ និងផ្តល់អំណោយដល់ជនភៀសខ្លួនពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ហើយជនភៀសខ្លួនភាគច្រើនគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាកូនចៅ។
នៅវេលារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដដែល ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងបានចុះទៅសួរសុខទុក្ខ និងបានផ្តល់អំណោយមួយចំនួន ដូចជា អង្ករ និងសម្ភារប្រើប្រាស់ដល់ជនភៀសខ្លួនដែលភាគច្រើនគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅ នៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនភៀសខ្លួនទាំងនោះមានទីលំនៅឃុំថ្មដា ស្រុកវាលវែង ដែលជាតំបន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រជាជនភៀសសឹកទាងនេះត្រូវបានជរដ្ឋាភិបាលកម្ពុជាជម្លៀសឱ្យមកស្នាក់នៅទីកន្លែងមានសុវត្ថិភាពនៅក្នុងនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រោះកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានថៃបានបាញ់មកលើទាហានកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំមុន។ បន្ទាប់មកការប៉ះទង្គិចប្រដាប់អាវុធបានរាលដាលបន្តមកតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាក្របី អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ, ភ្នំទ្រព្យ, តាថាវ, វាលឥន្ទ្រីយ៍, ជាំតែ, អានសេះ, តំបន់មុំបី និងតំបន់ព្រំដែនថ្មដា ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ខាងក្រោមគឺជាចំនួនប្រជាជនជម្លៀសចេញពីឃុំថ្មដា មកស្នាក់នៅក្នុងវត្តប្រម៉ោយ វិទ្យាល័យប្រម៉ោយ និងនៅទីតាំងក្នុងឃុំប្រម៉ោយ នៃស្រុកវាលវែង ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ៖
ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៥
–ចំនួន ១១៤ គ្រួសារ សរុប ៣៥៤ នាក់ ស្រី ១១៩ នាក់
-កុមារ ១៦៤ នាក់ ស្រី ៨៨ នាក់
-ចំនួនគ្រួសារកងទ័ព ១៨ គ្រួសារ
ថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២៥
–ចំនួន ១០០ គ្រួសារ សរុបស្មើនឹង ២៧៣ នាក់ ស្រី ១៥២ នាក់ ក្នុងនោះ
-កុមារ ១២៤ នាក់ ស្រី ៥៤ នាក់
-ចំនួនគ្រួសារកងទ័ព ១៤ គ្រួសារ
-គ្រួសារនគរបាល ២ គ្រួសារ
ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២៥
–ចំនួន ៥២២ គ្រួសារ មនុស្សសរុបស្មើនឹង ១៣៦៤ នាក់ ស្រី ៧០០ នាក់ ក្នុងនោះ
-កុមារ ៣៨៨ នាក់ ស្រី១៩០ នាក់
-ចំនួនគ្រួសារកងទ័ព ៣៦ គ្រួសារ
បន្ទាប់ពីបានផ្តល់អំណោយអង្ករ និងសម្ភារប្រើប្រាស់ជូនដល់ជនភៀសសឹកដែលជាអ្នករស់រាន មានជីវិតពីរបបខ្មែរក្រហម និងកូនចៅរួចមក ក្រុមការងារក៏បានសួរនាំអំពីរឿងរ៉ាវលំបាកវេទនាដែលប្រជាជនទាំងនេះបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥ -១៩៧៩) និងសង្រ្គាមស៊ីវិលអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់១៩៩០ ជាពិសេសការប៉ះទង្គិចប្រដាប់អាវុធដែលបង្កឡើងដោយកងទ័ពថៃដែលបានឈ្លានពានទឹកដីកម្ពុជា។
សៀក ស៊ីម គឺជាជនភៀសខ្លួនពីការឈ្លានពានរបស់ថៃ និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរៀបរាប់ដូចខាងក្រោម៖
សព្វថ្ងៃ ខ្ញុំមានអាយុ៦២ឆ្នាំ មានមុខរបរដាំដំណាំ និងធ្វើអំបោសលក់។ ខ្ញុំមានស្រុកកំណើតនៅក្នុងភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានឪពុកឈ្មោះ សៀក សុត (ស្លាប់) និងម្ដាយឈ្មោះ សូ តាប់ (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់ គឺស្រី២នាក់ និងប្រុស៣នាក់ ហើយខ្ញុំគឺជាកូនទី៣នៅក្នុងគ្រួសារ។ ខ្ញុំមានប្ដីឈ្មោះ ញិល ធំ មានអាយុ៦៣ឆ្នាំ និងជាទាហានចូលនិវត្តន៍។ ខ្ញុំមានកូន២នាក់ ក្នុងនោះមានម្នាក់គឺជាទាហានជួរមុខប្រចាំនៅព្រំដែនថ្មដា។
ខ្ញុំ និងកូនៗពីរនាក់បានប្ដូរទីលំនៅចេញពីស្រុកបាកាន មកនៅរស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់រយៈពេល២៥ឆ្នាំហើយ ព្រោះប្ដីរបស់ខ្ញុំត្រូវបានរាជរដ្ឋាភិបាលប្ដូរឱ្យមកប្រចាំការនៅព្រំប្រទល់កម្ពុជា-ថៃ។
កាលពីកុមារ ខ្ញុំមិនបានចូលរៀនទេ ដោយសារប្រទេសមានសង្រ្គាម។ នៅក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមបានបំបែកខ្ញុំចេញពីឪពុកម្តាយ និងបងប្អូន។ ខ្ញុំរស់នៅក្នុងកងកុមារ។ ចំណែកឪពុករបស់ខ្ញុំ ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យចូលក្នុងកងនេសាទតំបន់២ ភូមិភាគពាយ័ព្យ ហើយម្ដាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឱ្យធ្វើជាចុងភៅនៅក្នុងភូមិចិនតាយ។ ខ្មែរក្រហមបានបញ្ជូនកងកុមារបស់ខ្ញុំចេញពីភូមិចិនតាយ ទៅកាន់ភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅមន្ទីរកុមារក្នុងភូមិអូរតាប៉ោងគឺមានកុមារប្រមាណ១០០នាក់។ ខ្មែរក្រហមបានចាត់ខ្ញុំ និងកុមារដទៃទៀតឱ្យកាប់ទន្រ្ទានខែត្រ កាប់ដើមស្ដៅ កាប់ដីដំបូក កើបលាមកមនុស្ស និងរើសអាចម៌គោយកមកលាយធ្វើជី និងរែកជីយកទៅចាក់ក្នុងស្រែ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបង្ខំឱ្យធ្វើការងារជាច្រើនទៀតដូចជា លើកភ្លឺស្រែ លើកទំនប់ ជីកប្រឡាយ និងត្រូវចល័តធ្វើការទៅវិញទៅមកក្នុងភូមិអូរតាប៉ោង។ ចំណែករបបអាហារ ខ្ញុំហូបមិនទទួលបានគ្រប់គ្រាន់ឡើយ គឺខ្មែរក្រហមឱ្យខ្ញុំហូបតែបបររាវៗស្ទើររៀងរាល់ថ្ងៃ។ រឿងរ៉ាវដែលខ្ញុំបានចងចាំ និងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការរស់នៅបែកពីឪពុកម្ដាយជាទីស្រឡាញ់ ការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ និងការបរិភោគអាហារមិនបានគ្រប់គ្រាន់។
រហូតដល់ពេលនេះ មានការផ្ទុះឡើងនូវសង្រ្គាមដែលបង្កឡើងដោយប្រទេសថៃ បានធ្វើឱ្យខ្ញុំត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែងម្តងទៀត និងត្រូវបានរាជរដ្ឋាភិបាលជម្លៀសខ្ញុំភ្លាមៗពីតំបន់ព្រំដែនដើម្បីរកទីតាំងសុវត្តិភាព។ ទោះបីខ្ញុំមកដល់កន្លែងដែលមានសុវត្តិភាពហើយក្ដី ប៉ុន្តែខ្ញុំនៅតែមានភាពភ័យខ្លាចខ្លាំងណាស់ និងព្រួយបារម្ភពីប្ដី និងកូនប្រុសដែលកំពុងប្រចាំការនៅជួរមុខនៅតំបន់ព្រំដែនថ្មដា។ ប្ដីរបស់ ខ្ញុំ បានផ្ដាំខ្ញុំឱ្យចាកចេញពីផ្ទះ។ ចំណែកគាត់មិនចាកចេញពីផ្ទះដាច់ខាត បើរាជរដ្ឋាភិបាលកម្ពុជាត្រូវការកងកម្លាំងបន្ថែម គាត់នឹងស្ម័គ្រចិត្តចូលរួមប្រយុទ្ធក្នុងសមរភូមិតទល់នឹងកងទ័ពថៃភ្លាម។
អត្ថបទ ៖ ឡុង ដានី នាយកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា