សុបិនរបស់វីរបុរស៖ រឿងរ៉ាវរបស់ជនជាតិខ្មែរដែលត្រូវបានសម្លាប់ដោយការឈ្លានពានរបស់ថៃ ឆ្នាំ២០២៥

ការកំណត់វីរបុរសក្នុងគ្រានៃការឈ្លានពាន។ តើយើងកំណត់ វីរបុរស ដោយរបៀបណា? តើវីរបុរសត្រូវតែជាទាហានដែលត្រូវស្លាប់ក្នុងសង្គ្រាម ជាមន្ត្រី ឬជាអ្នកដឹកនាំ? តើ​វីរបុរស​ត្រូវតែជាបុគ្គលដែល​​បានទទួលការបណ្តុះបណ្តាលខ្ពស់ មាន​ការ​អប់រំ ឬ​ក៏​ឆ្លាតវៃមែនទេ?

ពិភពលោកសម័យទំនើបកំណត់អត្តសញ្ញាណវីរបុរសនៅក្នុងបរិបទនៃអ្នកល្បីលើបណ្តាញសង្គម អត្តពលិក និងភាពយន្ត ឬតារាល្បីល្បាញក្នុងវិស័យសិល្បៈ និងវប្បធម៌ជាន់ខ្ពស់ផ្សេងទៀត ប៉ុន្តែនិយមន័យនៃ វីរបុរស មិនត្រូវបានតំណាងដោយអ្វីៗដែលមានស្ថិរភាពខ្លីៗ ដែលផ្លាស់ប្តូរជាញឹកញាប់ ឬពេលវេលាឥតសារសំខាន់នោះទេ។

វីរបុរស គឺជាអ្នកដែលលះបង់ខ្លួនឯង ដោយមិនរំពឹងអ្វីត្រឡប់មកវិញ។ តម្លៃរបស់ វីរបុរស មិនត្រូវបានវាស់វែងដោយកម្លាំង សមត្ថភាព ប្រាជ្ញា ឬកេរ្តិ៍ឈ្មោះរបស់គាត់នោះទេ។ វីរភាព គឺជាការលះបង់។

នេះ​ជា​រឿងរ៉ាវ​របស់ សំ សុគង់​ឆាត គឺជា​ទាហាន​វ័យក្មេងរបស់កម្ពុជា ដែល​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហានដ៏អង់អាច​ក្លាហាន​ជាច្រើននាក់ផ្សេង​ទៀត​ បាន​លះបង់​ខ្លួន​ក្នុង​ការ​ការពារប្រទេស​ជាតិ។ រឿងរ៉ាវរបស់គាត់ គឺជាវីរភាពដ៏អស្ចារ្យមួយ ហើយវាគឺជាការបង្ហាញពីមនុស្សជាច្រើនទៀតដែលបន្តលះបង់សុភមង្គលរបស់ពួកគេក្នុងគោលបំណងដ៏អស្ចារ្យជាងនេះ។

សំ ឈុន ដែលត្រូវជាម្តាយមីងរបស់ សំ សុគង់ឆាត រៀបរាប់ពីវីរភាពរបស់ សំ សុគង់ឆាត ដែលបានលះបង់ខ្ពស់បំផុតដើម្បីជាតិរបស់ខ្លួនក្នុងវ័យ១៩ឆ្នាំ។

សំ សុគង់ឆាត គឺជា​ទាហាន​វ័យ​ក្មេង​ក្លាហាន កើត​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០០៦ នៅភូមិទួលប្រសើរ ឃុំ​បាក់​អន្លុង ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ។ គាត់​បានពលីជីវិត​ក្នុងសមរភូមិនៅទីតាំង​ជួរ​មុខប្រាសាទ​តាក្របី នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៥។

សំ សុគង់ឆាត គឺជាកូនច្បងក្នុងគ្រួសារ មានបងប្អូនបីនាក់ ស្រីម្នាក់ និងប្រុសពីរនាក់។ គាត់កើតក្នុងគ្រួសារក្រខ្សត់មួយ ប៉ុន្តែគាត់មានក្តីសង្ឃឹម និងសេចក្តីប្រាថ្នាខ្ពស់ក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។ គាត់បានទៅរស់នៅជាមួយជីដូនតាំងពីតូចដើម្បីទទួលបានការសិក្សា ហើយអំឡុងពេលរស់នៅជាមួយនឹងជីដូន គាត់ក៏បានបញ្ចប់ការសិក្សារហូតដល់ថ្នាក់ទី៧ នៅស្រុកកំណើតរបស់គាត់។ ក្រោយមកនៅពេលដែលជីដូនរបស់គាត់លែងមានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សាថ្នាក់មធ្យមសិក្សាដល់គាត់ ជីដូនក៏បានប្រគល់ការមើលថែ និងផ្គត់ផ្គង់ដល់ សំ សុគង់ឆាត ទៅឱ្យម្តាយមីងរបស់គាត់ឈ្មោះ សំ ឈុន ដែលរស់នៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ថ្វីត្បិតតែនៅឆ្ងាយពីផ្ទះម្ដាយមីងក៏ដោយ ក៏ សំ សុគង់ឆាត បានបន្តការសិក្សានៅវិទ្យាល័យតេជោសែនសំរោង ដោយការតាំងចិត្ត និងតស៊ូ។ ជារៀងរាល់ព្រឹក សំ សុគង់ឆាត បានក្រោកពីព្រហាម ដើម្បីរៀបចំបាយ និងវេចខ្ចប់ម្ហូបអាហារដោយខ្លួនឯង មុនពេលចេញដំណើរទៅសាលា ហើយជារឿយៗ គាត់ត្រឡប់មកផ្ទះវិញនៅពេលល្ងាច បន្ទាប់ពីសិក្សាពេញមួយថ្ងៃ។

នៅពេលដែល សំ សុគង់ឆាត រៀនដល់ថ្នាក់ទី១២ សំ ឈុន ដែលត្រូវជាម្តាយមីង បានសុំការអនុញ្ញាតពីម្តាយក្មេក ស្នើសុំឱ្យ សំ សុគង់ឆាត បានរស់នៅជាមួយក្នុងរយៈពេលមួយឆ្នាំ ដើម្បីកុំឱ្យគាត់ជួបការលំបាកក្នុងការសិក្សា ជាពិសេសក្នុងអំឡុងឆ្នាំដ៏សំខាន់សម្រាប់ការត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ថ្វីត្បិតតែគាត់ជួបនូវស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ សំ សុគង់ឆាត បានខិតខំប្រឹងប្រែង និងអាចបញ្ចប់ថ្នាក់ទី១២ ទៅបានយ៉ាងល្អ។

សំ សុគង់ឆាត បានទទួលអាហារូបករណ៍សិក្សាផ្នែកអគ្គិសនីនៅវិទ្យាស្ថានមួយក្នុងខេត្តបាត់ដំបង។ គាត់​បាន​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​នៅ​ទីនោះ ដោយ​រស់នៅក្នុងសាលា​ជាមួយ​សិស្ស​ផ្សេងៗ​ទៀត​មក​ពី​ស្រុក​អន្លង់វែង។ ពេលកំពុងសិក្សាផ្នែកអគ្គិសនី សំ សុគង់ឆាត តែងតែប្រាប់ម្តាយមីងថា គាត់ខ្លាចខ្ពស់ និងគ្រោះថ្នាក់ដែលអាចកើតចេញពីការឆក់ដោយអគ្គិសនី។  ទោះបីជាគាត់កំពុងសិក្សាផ្នែកអគ្គិសនីក៏ដោយ ក៏ការតាំងចិត្ត និងបំណងប្រាថ្នាចង់ចូលបម្រើកងទ័ពគឺនៅតែមានជានិច្ច។ គាត់​បាន​ទទូចសុំម្តាយមីងម្តងហើយម្តងទៀត​ដើម្បី​សុំ​ការ​អនុញ្ញាត​ចូល​បម្រើ​កងទ័ព។ ប៉ុន្តែម្តាយមីង​បាន​បដិសេធ ដោយខិតខំនិយាយ​ពន្យល់​ថា មនុស្សប្រុស​ស្ទើរតែ​ទាំងអស់​ក្នុង​គ្រួសារ​របស់​ពួកគេ​ គឺជា​ទាហាន​ជួរមុខ ដែល​កម្រ​នឹងបានស្នាក់​នៅផ្ទះ​ណាស់​។ ម្តាយមីងរបស់គាត់ចង់ឱ្យ សំ សុគង់ឆាត ក្លាយជាគ្រូបង្រៀន ព្រោះគាត់ពូកែគណិតវិទ្យា។ ទោះ​បី​ជា​យ៉ាង​ណា​ សំ សុគង់ឆាត ​មិន​ដែល​បោះបង់​ក្ដី​ប្រាថ្នា​ចង់​បម្រើ​ដល់កងទ័ពឡើយ។ នៅទីបំផុត គាត់បានដាក់ពាក្យចូលបម្រើកងទ័ព ដោយបោះបង់ការសិក្សាផ្នែកអគ្គិសនីនៅខេត្តបាត់ដំបង ដើម្បីចាប់ផ្តើមហ្វឹកហាត់កងទ័ពនៅខេត្តសៀមរាប។ ចាប់​តាំងពី​ថ្ងៃ​នោះ​មក សំ សុគង់ឆាត ​មិន​ដែលបាន​ទៅ​លេង​ផ្ទះ​នោះទេ។

ស្មារតី​ក្លាហាន​របស់ សំ សុគង់ឆាត ​ក្នុង​នាម​ជា​ទាហាន​មិនដែល​រវើរវាយ​ឡើយ សូម្បីតែ​សង្គ្រាម​បាន​កើតឡើងនៅ​ជុំវិញខ្លួនរបស់​គាត់​ក៏ដោយ​។ នេះគឺ​ជា​បទពិសោធន៍​ប្រយុទ្ធ​លើក​ដំបូង​របស់​គាត់ ការពារ​មាតុភូមិ និង​បងប្អូន​ជនរួមជាតិ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ទាហាន​ថៃ។ នៅ​ថ្ងៃ​ប្រយុទ្ធ​ដំបូង គាត់​បាន​ប្រាប់​មីង​គាត់​ថា «ថ្ងៃ​នេះ​មាន​គ្រាប់​បែកធ្លាក់​ច្រើន​ណាស់ សំឡេង​បន្លឺ​ឡើងខ្លាំងៗ… ហើយ​ខ្ញុំ​ភ័យ​បន្តិចបន្តួចដែរ ខ្ញុំ​ចាំ​តែ​ស្តាប់​បញ្ជា​របស់​មេបញ្ជាការទេ»។

នៅ​ថ្ងៃ​បន្ទាប់ សំ សុគង់ឆាត ​បាន​និយាយ​ថា «ថ្ងៃនេះ​ខ្ញុំ​នៅ​ក្នុង​លេណដ្ឋាន​តែ​ម្នាក់​ឯង ជាមួយនឹងសត្វខ្យងមួយក្បាលតែ​ប៉ុណ្ណោះ​។ សំឡេង​កាំភ្លើង និង​ការ​ផ្ទុះ​គ្រាប់នៅ​តែ​បន្លឺ​ឡើង វា​មិន​ស្ងាត់ទៅវិញនោះ​ទេ»។ នៅថ្ងៃទី៣ (ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥) សំ សុគង់ឆាត បានប្រាប់ម្តាយមីងរបស់គាត់ថា «ថ្ងៃនេះមានការទម្លាក់គ្រាប់បែកថែមទៀតហើយ។ កុំបារម្ភពីខ្ញុំអី លើកនេះខ្ញុំមានដៃគូម្នាក់ដែរនៅក្នុងលេណដ្ឋានរបស់ខ្ញុំ។ខ្ញុំ​បាន​ហូបមី​កញ្ចប់​ដើម្បី​រក្សា​កម្លាំង ព្រោះ​កងកម្លាំងដឹកស្បៀងប្រហែល​មិន​អាច​យកមក និងទាក់ទង​យើង​បាននោះទេ។ ខ្ញុំគ្រាន់តែខំហូបឱ្យបានគ្រប់គ្រាន់ ដើម្បីរឹងមាំ និងបន្តប្រយុទ្ធ។ ថ្ងៃនេះ មេឃ​មាន​អ័ព្ទ​ខ្លាំងណាស់ ហើយ​មើលមិនសូវច្បាស់នោះទេ យើង​មិន​អាចមើល​ដ្រូនដែល​ទាហាន​ថៃបង្ហោះបានឃើញច្បាស់នោះឡើយ។ ខ្ញុំ​នៅ​តែ​រង់ចាំ​សញ្ញា​របស់​មេ​បញ្ជាការ»។

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សំ សុគង់ឆាត បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិតក្នុងការប្រយុទ្ធ។ នៅថ្ងៃបន្ទាប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ម្តាយមីងរបស់គាត់ បានរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅផ្ទះរបស់គាត់ ក្នុងពេលដែលអ្នកភូមិជាច្រើននាក់បានរត់ភៀសខ្លួនដើម្បីស្វែងរកសុវត្ថិភាព។ពិធី​បុណ្យនេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ពេញលេញនោះ​ទេ ដោយសារ​គ្រាប់​បែក​បាន​បន្ត​ធ្លាក់​ឥត​ឈប់ឈរ។ ភូមិ​នេះ​ត្រូវ​បាន​គេ​បោះ​បង់​ចោល ហើយ​គ្មាន​មធ្យោបាយ​ប្រើ​ឧបករណ៍​បំពង​សំឡេង ឬ​រៀបចំ​ភ្លេង​តាមពិធីទំនៀមទម្លាប់​សាសនាអ្វី​ឡើយ។

សំ ឈុន បានរៀបរាប់ថា សំ សុគង់ឆាត ជាយុវជនដែលមានចរិតរឹងមាំ ឧស្សាហ៍ព្យាយាម មានចិត្តមេត្តា និងតែងតែគិតគូរពីការលំបាករបស់អ្នកដទៃនៅជុំវិញខ្លួន។ សំ សុគង់ឆាត មានភាពរឹងមាំដ៏គួរឱ្យសរសើរនិងជា​អ្នក​ប្រយុទ្ធ​ដ៏ស្ងប់ស្ងាត់គួរ​ឱ្យ​កត់​សម្គាល់។ មុន​ពេល​ចាកចេញ​ទៅ​សិក្សា​នៅ​ខេត្ត​បាត់ដំបង សំ សុគង់ឆាត បាន​បង្ហាញ​ពីបំណង​ចង់​ទៅ​ស្ម័គ្រ​ចិត្ត​នៅ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែល​មាន​ទីតាំងស្ថិត​នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយសូម្បីតែពេលកំពុងសិក្សា គាត់បានចូលរួមយ៉ាងទៀងទាត់ក្នុងការងារស្ម័គ្រចិត្តសហគមន៍ ដើម្បីបម្រើប្រជាជននៅអន្លង់វែង។

មជ្ឈមណ្ឌលឯកសារកម្ពុជា  និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ពិតជាមានកិត្តិយសយ៉ាងក្រៃលែងដោយសារវីរភាព សេចក្តីសប្បុរស និងការលះបង់ដ៏ធំធេងរបស់ សំ សុគង់ឆាត។ នេះគឺជារឿងរ៉ាវអំពីសុបិនរបស់វីរបុរសម្នាក់។

អត្ថបទ៖  ឆាំង យុ និង អ៊ុន សុដាវី មជ្ឈមណ្ឌលឯកសារកម្ពុជា

ការសរសេរអត្ថបទនេះបានទទួលការអនុញ្ញាតពីក្រុមគ្រួសាររបស់ សំ សុគង់ឆាត

Facebook
Twitter
LinkedIn
អត្ថបទផ្សេងទៀត៖