គណប្រតិភូកងពលតូចថ្មើជើងលេខ៤១ទស្សនកិច្ចសិក្សាបណ្ណាល័យសម្តេចម៉ែ

នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ បណ្ណាល័យ​សម្តេចម៉ែ​ បាន​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា​​របស់​គណប្រតិភូនៃ​កងពលតូចថ្មើជើង​លេខ​៤១ ដែលមានមូលដ្ឋាន​នៅ​ក្នុ​ងស្រុក​អន្លង់វែង ដើម្បី​ស្វែងយល់​ និង​ដកស្រង់​បទពិសោធន៍ដោយ​ផ្ទាល់​ស្តី​​អំពី​ការ​រៀបចំ និងចងក្រងឯកសារ​ស្តីពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា​​ប្រជាធិបតេយ្យ និង​បណ្តា​ឯកសារ​សិក្សាស្រាវជ្រាវ​ដទៃទៀត។

ក្នុង​នាម​ជា​អ្នក​តំណាងដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ ឧត្តមសេនីយ៍ នាង​ ឃីម​ មេបញ្ជាការ​កងពលតូចថ្មើជើងលេខ​៤១ វរសេនីយ៍ឯក ឯម វាសនា ដែល​ជាមេបញ្ជាការ​រង និងជាប្រធានក្រុមការងារ​ប្រវត្តិសាស្ត្ររបស់កងពលតូច​ បាន​ពិនិត្យមើលពី​ការ​ដាក់តាំងបង្ហាញសៀវភៅ និងឯកសារ ព្រមទាំង​ការ​រក្សាទុក​ឯកសារនៅ​ក្នុង​ប្រព័ន្ធ​អេឡេត្រូនិច ដែលជួយសម្រួលដល់ការ​សិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និង​សារធាណជនជាតិ​អន្តរជាតិ។​​

លោក​វរសេនីយ៍ឯក បានថ្លែងកោតសរសើរ ​និង​ស្នើ​កិច្ចសហការពីលោក ឆាំង យុ នាយកមជ្ឈ​មណ្ឌល​ឯកសារកម្ពុជា​ ដើម្បី​​រៀបចំបណ្ណាល័យ​របស់កងពលតូចថ្មើជើងលេខ៤១ ដើម្បី​បម្រើដល់​​ការ​សិក្សា​​រៀនសូត្រ​របស់​សិស្ស និស្សិត​ ​សាធារណជន​ទូទៅ និង​កងទ័ព។ បណ្ណាល័យកងពលតូចថ្មើជើងលេខ​៤១​នេះ​ ក៏អាចចូល​រួម​ចំណែកដល់​ការយល់ដឹង​បន្ថែមអំពី​​​ប្រវត្តិសាស្ត្រយោធា​ដែរ។ «ប្រវតិ្តសាស្ត្រ​យោធា​ ​ត្រូវបាន​ពិពណ៌នា​ថា គឺជា​ការសិក្សា​ស្រាវជ្រាវ​អំពី​សង្គ្រាម និង​ការវិភាគ​អំពី​ជ័យជម្នះ និង​បរាជ័យ​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រ​យោធា រួមបញ្ចូល​នូវ​ធាតុ​ផ្សំ​ជាច្រើន​ដទៃទៀត​លើសពីនេះ​។ ប្រវត្តិសាស្ត្រ​យោធា​ក្តោប​នូវ​ប្រធានបទ​ជាច្រើន ដែល​រួមមាន​វឌ្ឍនភាព និង​បរាជ័យ​នៃ​របប​នីមួយៗ​រហូតដល់​ការវិវត្ត​របស់​ប្រទេសជាតិ​នានា ព្រមទាំង​សកម្មភាព​ដែល​មនុស្សជាតិ សាង​កំហុស​ដដែលៗ ឬ​បាន​រៀនសូត្រ​ពី​កំហុស​របស់ខ្លួន​។ ប្រវត្តិសាស្ត្រ​កម្ពុជា ពោរ​ពេញ​ទៅដោយ​មេរៀន​ឥតមាន​ពីរ​សម្រាប់​ប្រទេស​របស់ខ្លួន តំបន់ និង​ពិភពលោក​»។​

បន្ទាប់ពី​ដំណើរទស្ស​នកិច្ច​នេះ លោក​នាយកមជ្ឈមណ្ឌល​ឯកសារកម្ពុជា ដែល​បញ្ជាក់ពីកិច្ចសហ​ការរៀបចំ​បណ្ណាល័យកងពលតូចថ្មើជើង​លេខ​៤១ មជ្ឈមណ្ឌលឯកសារ​កម្ពុជា​បាន​​ផ្តល់ជូន​ដល់​ប្រតិភូ​នូវសៀវភៅចំនួន៥ពាន់ក្បាល និង​ទូរដាក់សៀវភៅមួយ​ចំនួន​ទៀតផង។

អត្ថបទ ៖ សួត វិចិត្រ អ្នកស្រាវជ្រាវមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

គណប្រតិភូក្រសួងការពារជាតិនិងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាទទួលស្វាគមន៍គណប្រតិភូកងពលតូចថ្មើរជើងលេខ៤១។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងបង្ហាញផែនទីទៅកាន់គណប្រតិភូ។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងធ្វើបទបង្ហាញទៅកាន់គណប្រតិភូ។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
វរសេនីយ៍ឯក ឯម វាសនា ដែលជាមេបញ្ជាការរង និងជាប្រធានក្រុមការងារប្រវត្តិសាស្រ្តរបស់កងពលតូចថ្មើជើងលេខ៤១។ (សុភ័ក្រ្ត ភាណា/មជ្ឈមណ្ឌលឯកសារកម្ពុជា)