រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី

រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី គឺជារមណីយដ្ឋានសត្វស្លាបធម្មជាតិដ៏កម្រមួយមានទំហំ៨៦ហិកតា ដែលមានប្រភេទសត្វស្លាបជិតផុតពូជ និងទទួលរងការគំរាមកំហែងជាច្រើនប្រភេទកំពុងរស់នៅរាប់ម៉ឺនក្បាល ដូចជាស្មោញ ទង់ប្រផេះ ប្រភេទសត្វត្រយ៉ង ត្រដក់ ននៀលខ្យង កុក ខ្វែក ក្អែកទឹក ទង់ ក្រសា និងសត្វស្លាបប្រមាណជិត៥០ប្រភេទផ្សេងៗទៀត។ រមណីយដ្ឋាននេះ ស្ថិតនៅភូមិទ័ពស្តច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង។

ទេសភាពផ្ទៃទឹកនៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡីស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ស្ថិតនៅចំកណ្តាលផ្ទៃទឹកដ៏ធំល្វឹងល្វើយ រមណីយដ្ឋាននេះអាចទទួលភ្ញៀវទេសចរណ៍បានគ្រប់រដូវ។ នៅរដូវប្រាំង ភ្ញៀវទេសចរណ៍នានាអាចធ្វើដំណើរដោយខ្លួនឯងតាមរថយន្ត ទោចក្រយានយន្ត និងថ្មើរជើងទៅកាន់ទីតាំងនេះ។ ចំណែកនៅរដូវវស្សាវិញ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរតាមទូក និងកាណូតតែប្រមាណពីរគីឡូម៉ែត្រពីភូមិអ្នកស្រុក ទៅកាន់ទីទួលដើម្បីទស្សនាហ្វូងសត្វស្លាប និង​​ព្រៃឈើដែលដុះប្រជ្រៀតគ្នានៅលើទីទួលព័ន្ធតាឡី។

ភ្ញៀវទេសចរណ៍ជិះទូកកម្សាន្តនៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

តាមការឲ្យដឹងពីប្រជាជនរស់នៅជុំវិញបរិវេណទីទួលនេះថា ហ្វូងសត្វស្លាបទាំងអស់ លើកលែងតែសត្វក្រាបពង បានចាកចេញពីសំបុក និងទីទួលព័ន្ធតាឡីនៅវេលាព្រឹក ដើម្បីចេញទៅរកស៊ីនៅកន្លែងឆ្ងាយៗពីទួល ហើយបានវិល​ត្រឡប់​មកវិញនៅវេលាល្ងាចចាប់ពីម៉ោង៥រហូតដល់ពេលជិត​យប់ងងិត។ ភ្ញៀវទេសចរណ៍នានា ច្រើននាំគ្នាទៅទស្សនាហ្វូងសត្វស្លាបទាំងនេះ ចាប់ពីវេលាម៉ោង​បី ឬម៉ោងបួនតទៅ ដើម្បីបានមើលឃើញដំណើរវិលត្រឡប់របស់ហ្វូងសត្វស្លាប។

មានសត្វស្លាបរាប់ម៉ឺនក្បាលប្រមាណ៥០ប្រភេទរស់នៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី។

នៅជុំវិញទីទួលព័ន្ធតាឡី យើងសង្កេតឃើញមានរោងធ្វើពីឈើគ្មានដំបូល ឬមានដំបូលធ្លុះធ្លាយចំនួនបួនប្រាំ និងរោងធ្វើពីថ្មចំនួនមួយ ត្រូវបានសាងសង់ឡើងនៅជុំវិញបរិវេណព្រៃព័ន្ធតាឡី ដើម្បីធ្វើជាកន្លែងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងឡាយដែលមកទស្សនានៅទីនេះ។ ក្រុមការ​ងារយើងបានទៅកាន់រោងធ្វើពីឈើចាស់ទ្រុឌទ្រោមមួយស្ថិតនៅភាគខាងកើតទីទួល និងបានឡើងលើរោងនោះដើម្បីទស្សនាហ្វូងសត្វស្លាបឲ្យបានជិតបន្តិច។ នៅលើរោងដំបូលធ្លុះធ្លាយនេះ យើងពុំសូវចាប់អារម្មណ៍ខ្លាំងឡើយពីសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្តែយើងបែរជាចាប់អារម្មណ៍ខ្លាំងបំផុត​ពីទេសភាព ផ្ទៃទឹកមើលពីលើ និងទិដ្ឋភាពហ្វូងសត្វស្លាបដែលហើរឆ្វែលចុះឆ្វែលឡើងនៅជុំវិញខ្លួន។ ម្នាក់ៗបានទាញទូរសព្ទដៃមកផ្តិតយករូបភាព ជជែកគ្នា ថតគ្នាទៅវិញទៅមក និងទស្សនាទេសភាពកណ្តាលផ្ទៃទឹក និងអ្វីៗដែលអាចមើលឃើញនៅជុំវិញខ្លួន ជាពិសេសទិដ្ឋភាពព្រះអាទិត្យហៀបនឹងអស់ស្តង្គត បញ្ចេញពណ៌ក្រហមព្រឿងៗ លម្អដោយហ្វូងសត្វស្លាបហើរឆ្វែលចុះឡើង​ៗពីដើមឈើមួយទៅដើមឈើមួយ។

ទេសភាពផ្ទៃទឹកនៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡីស្ថិតនៅភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ទីតាំងរមនីយដ្ឋានទួលព័ន្ធតាឡី ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនានៅឆ្នាំ២០១៩​និង២០២០ បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តមួយត្រូវបានរៀបចំធ្វើឡើងនៅចុងឆ្នាំ២០១៩ ដើម្បីពិភាក្សាពីការដាក់បញ្ចូលតំបន់នេះ ឬដែលអ្នកស្រុកនិយមហៅថា ទីតាំង «ដី​សើម​បឹងស្នេហ៍» ទៅជាតំបន់ការពារធនធានធម្មជាតិ។ ដីសើមបឹងស្នេហ៍ ជាទីតាំងដីព្រៃលិចទឹកមួយកន្លែងដែលធ្លាប់ទទួលបានជំនួយក្នុងការបង្កាត់ពូជ និងអភិរក្សសត្វស្លាប ព្រមទាំងធន​ធានធម្មជាតិ កាលពីប៉ុន្មានឆ្នាំមុន។ ប្រាក់ ផល្លី ជាអ្នកអភិរក្សសត្វស្លាបនៅរមនីយដ្ឋានទួលព័ន្ធតាឡី ឬដីសើមបឹងស្នេហ៍ បានឲ្យដឹងថា ហ្វូងសត្វស្លាបទាំងអស់បានមកស្នាក់នៅបណ្តោះអាសន្ននៅលើទីទួលនេះ តែក្នុងរដូវវស្សា ឬរដូវទឹកឡើងប៉ុណ្ណោះនៅមុនឆ្នាំ២០១៨។ លុះចាប់តាំងពីឆ្នាំ២០១៩មក ការតាំងទីលំនៅនៃសត្វទាំងនេះ គឺលែងមានការផ្លាស់ទីទៀតហើយ។ «នៅឆ្នាំ​២០១៧-២០១៨ សត្វទាំងអស់នេះគឺជាសត្វរដូវកាល។ ដល់ពេលខែទឹកឡើងបានគេ(សត្វ)មក ហើយដល់ខែទឹកសម្រក គេទៅវិញបាត់។ តែចាប់ផ្តើមពីឆ្នាំ២០១៨-២០១៩ ហើយជាពិសេសនៅ​ដើមឆ្នាំ២០២០ គឺគេចាប់ផ្តើមបោះទីតាំងនៅជាអចិន្ត្រៃយ៍តែម្តង»។

សត្វស្លាបរាប់ម៉ឺនក្បាលរស់នៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពាក់កណ្តាលឆ្នាំ២០២១កន្លងទៅនេះ សត្វស្លាបរាប់ពាន់ក្បាលបានស្លាប់ជាបន្តបន្ទាប់។ ម្ចាស់ទូកចម្លង (មិនស្គាល់ឈ្មោះ) ម្នាក់បានប្រាប់ថា មូលហេតុដែលនាំឲ្យសត្វស្លាបទាំងនោះស្លាប់ គឺដោយសារក្តៅខ្លាំង និងចំហាយអាចម៍សត្វទាំងនោះជះខ្លាំងពេកដែលធ្វើឲ្យសត្វទាំងនោះពិបាកដកដង្ហើម។ តាមការឲ្យដឹងពីម្ចាស់ទូកចម្លងដដែលថា នៅចុងខែមករា ឆ្នាំ២០២២នេះ កំណើតសត្វស្លាបទាំងនេះបានកើនឡើងច្រើនដូចមុន ហើយនឹងអាចច្រើនជាងមុនក្នុងពេលដ៏ខ្លី ព្រោះថាសត្វទាំងនោះកំពុងក្រាបពង ស្របពេលដែលទឹកដែលព័ទ្ធជុំវិញទីទួលនេះនៅមិនទាន់ស្រកអស់នៅឡើយ។

ទេសភាពថ្ងៃរៀបលិចនៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅតាមវាលស្រែប្របសងខាងផ្លូវជាតិនានានៃខេត្តព្រៃវែងដែលយើងបានធ្វើដំណើរ យើងតែងក្រឡេកមើលឃើញហ្វូងសត្វស្លាបជាច្រើនប្រភេទ ហើរនិងស្វែងរកស៊ីចំណីទាំងនៅតាមវាលស្រែដែលទើបនឹងភ្ជួររាស់ ទាំងវាលស្រែដែលទើបនឹងស្ទូងរួច និងតាមវាលស្រែដែលហៀបនឹងទទួលបានផលរបស់អ្នកស្រុក។ នៅពេលដែលយើងធ្វើដំណើរវិលត្រឡប់មកពីប្រកបការងារវិញនៅម៉ោងប្រមាណជាង៥រសៀល យើងសង្កេតឃើញសត្វស្លាបទាំងហ្វូងៗ ហើរសំដៅទៅកាន់ទីជម្រកនៅទីទួលព័ន្ធតាឡី ឬតំបន់ដីសើមបឹងស្នេហ៍។

អត្ថបទនិងរូបថត ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា

ទេសភាពថ្ងៃលិចនៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)