វេទិកាថ្នាក់រៀនស្ដីអំពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» នៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ

ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានដឹកនាំសិស្សចំនួន​១៦នាក់ (ប្រុស៨នាក់ និស្រី៨នាក់) មកពីសាលាវិទ្យាល័យជាស៊ីមតាកែវ មកទស្សនកិច្ចពិព័រណ៍រូបថតទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម និងទស្សនាការចាក់បញ្ចាំងវីឌីអូដែលនិយាយអំពីអ្នកស្ម័គ្រចិត្តកម្ពុជានៅខេត្តកំពង់ចាម។

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំស្តីអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា កំពុងធ្វើបទបង្ហាញទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យទៅកាន់សិស្សានុសិស្ស

បន្ទាប់ពី សិស្សានុសិស្សទស្សនាការតាំងពិព័រណ៍និងការចាក់បញ្ចាំងវីឌីអូរួច ក៏បន្តចូលរួមវេទិកាថ្នាក់រៀនស្ដីពី «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)»។ វេទិកាថ្នាក់រៀននេះ ត្រូវបាន​រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្រ្តកម្ពុជា ប្រជាធិប​តេយ្យ (១៩៧៥-១៩៧៩)។

នៅក្នុងកម្មវិធីវេទិកាថ្នាក់រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ​កូវីដ​-១៩ បំលែងថ្មីប្រភេទ «អូមីក្រុង» ដោយគោរពនូវវិធានការថែរក្សាសុខភាពតាមរយៈវិធានការបីកុំនិងបីការ​ពារ​របស់ក្រសួងសុខាភិបាល​។​ ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានធ្វើការបាញ់ទឹកអាល់កុលសម្អាតដៃទៅដល់សិស្សានុសិស្ស ការរក្សាគម្លាត និងការពាក់ម៉ាស់ ។

សិស្សសួរសំណួរអំពីមេរៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យទៅកាន់វាគ្មិន។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ)

បន្ទាប់ពីការអនុវត្តនូវវិធានការការពាររួចមក ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានចែកជូនក្រដាសស្ទាបស្ទង់ចំណេះដឹងមុនការចាប់ផ្ដើមវេទិកាថ្នាក់រៀន ចំនួន១៦ច្បាប់ទៅកាន់ក្រុមកូនសិស្សដើម្បីបំពេញ។ បន្ទាប់ពី សិស្សបំពេញតារាងស្ទាបស្ទង់មតិរួច វាគ្មិនក៏ចាប់ផ្តើមបង្រៀននៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យទៅកាន់សិស្ស។ សិស្សទាំងអស់មានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សាស្វែងយល់កាន់តែច្បាស់ទៅលើអំពើប្រល័យពូជសាសន៍ ដែលបានកើតឡើងជាង​៤០ឆ្នាំមុននៅក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណជិតពីរលាននាក់ បានស្លាប់បាត់​បង់ជីវិតដោយសារការសម្លាប់ ការអត់ឃ្លាន និងការធ្វើទារុណកម្ម។ សំណួរពាក់ព័ន្ធនឹងប្រធាន​​បទនេះត្រូវបានចោទសួរដោយក្រុមកូនសិស្សនៅក្នុងវេទិកាថ្នាក់រៀនជាច្រើនដូចជា៖ ១, មានកត្តាអ្វីខ្លះដែលធ្វើឲ្យ ប៉ុលពត សម្លាប់ខ្មែរគ្នាឯង? ២, តើខ្មែរក្រហមយកផលដំណាំដែលធ្វើបានទៅណា? ៣, ក្នុងចំណោមមេដឹកនាំខ្មែរក្រហមទាំងអស់ ហេតុអ្វីមានតែ ឌុច ដែលចូលខ្លួនសារភាពពីទោសកំហុសដែលខ្លួនបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម? ៤, ហេតុអ្វីមេដឹកនាំមានចំណេះដឹងពីក្រៅប្រទេស មិនយកមកអភិវឌ្ឍន៍ប្រទេស បែជាអនុវត្តការដឹកនាំបែបប្រល័យពូជសាសន៍ទៅវិញ? ៥, ហេតុអ្វីបានជាប្រជាជនដាំដំណាំហើយ បែជាហូបមិនបាន? ៦, ហេតុអ្វីនៅក្នុងសម័យខ្មែរក្រហមគ្មានការអភិវឌ្ឃន៍? ៧, តើមូលហេតុអ្វី បានជាកើតមានរបបខ្មែរក្រហម? និង៨, ហេតុអ្វីបានសម្ដេច នរោត្ដម សីហនុ គាំទ្រខ្មែរក្រហមទាំងដឹងថាប្រកាន់យករបបកុម្មុយ​នីស្ត?

សិស្សបំពេញក្រដាសវាស់ស្ទង់អំពីការយល់ដឹងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ)

ដើម្បីឆ្លើយតបនូវសំណួរជាច្រើនដែលក្រុមកូនសិស្សបានចោទសួរ វាគ្មិនបានឆ្លើយសំណួរដោយការប្រើប្រាស់វិធីសាស្រ្ត ផ្ដោតទៅលើជំពូកផ្សេងៗគ្នា តាមរយៈការចាក់បញ្ចាំងមេរៀននៅក្នុងស្លាយ ជាគោល «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» និងការពន្យល់មេរៀនបន្ទាប់ពីបញ្ចប់វេទិកាក្នុងថ្នាក់រៀន។

ម្យ៉ាងទៀត តាមរយៈការទស្សនាពិព័រណ៍, វីដេអូខ្លីស្តីពីសកម្មភាពរបស់អ្នកចិត្តកម្ពុជាខេត្តកំពង់​ចាម, រូបភាព, ឯកសារផ្សេងៗនៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តតាកែវ និងការរៀបរាប់អំពីដំណើរការ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» យ៉ាងក្បោះក្បាយរបស់វាគ្មិន គឺកាន់តែបង្កើននូវការចងចាំទាក់ទងរបបកម្ពុជាប្រជាធិបតេយ្យដល់សិស្សបានយល់កាន់តែច្បាស់។

សិស្សកំពុងទស្សនារូបថតតាំងពិពណ័រណ៍នៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ)

រូបភាព និងមេរៀន «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» ទាំងនេះបានពណ៌នាដោយចេតនានៃភាពស្អប់​ខ្ពើម និង​ការ​រើស​អើង​ដែលឈានទៅដល់ការបំផ្លិចបំផ្លាញស្ទើរទាំង​ស្រុង​ទៅលើក្រុម​ជនជាតិ​ ជាតិពិន្ធុ ពូជសាសន៍ ឬក្រុមសាសនាដទៃផ្សេងទៀត ដោយមានការប្រកាន់និន្នាការនិយមលាបពណ៌​​។ ចេតនានៃអំពើ​ឃោរឃៅ​ទាំង​នេះហាក់បានឆ្លុះបញ្ចាំង និងដាស់តឿនដល់ក្រុមកូនសិស្សឲ្យរៀនសូត្រពីរឿងរ៉ាវ ដែល​សង្គមរបស់​ខ្លួន​បានឆ្លងកាត់​ ហើយ​ងាក​មករកសាមគ្គីភាព និងរស់នៅដោយចេះទទួលស្គាល់នូវភាពសម្បូរបែបរបស់​មនុស្សជាតិ​នៅក្នុង​សង្គម​​។ ទាំងនេះគឺជាគោលដៅដែល​ជំរុញឲ្យមានការបង្កើតសកម្មភាព​នៃការបណ្ដុះ​គំនិត​ក្នុងការធានាបានថា​ បទពិសោធន៍ដ៏ជូរចត់របស់​សង្គមកម្ពុជា និងមិនវិលត្រឡប់សារជាថ្មីម្ដង​ទៀត​ទេ។

បន្ទាប់ពី បញ្ចប់វេទិកាថ្នាក់រៀននេះមានការចែកក្រដាសស្ទាបស្ទង់មតិដល់សិស្សបំពេញសារជាថ្មីម្តងទៀត ដើម្បីវាស់ស្ទង់អំពីការយល់ដឹងរបស់សិស្សទាក់ទងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យមុននិងក្រោយពេលសិក្សារួច។ ក្រុមកូនសិស្សទាំង១៦នាក់ ស្មើនឹង ១០០% (មួយរយភាគរយ) មានការកើនឡើងនូវចំណេះដឹង និងអាចយល់អំពីវិធីសាស្រ្តទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលពិតជាមាន​សារ​សំខាន់​​សម្រាប់បុគ្គល, សហគមន៍, និងសង្គមជាតិ​ទៅថ្ងៃក្រោយ។

សិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមតាកែវ និងលោកគ្រូអ្នកគ្រូថតរូបជុំគ្នានៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ (អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ)

ក្រោយពីបានចូលរួមក្នុងវេទិកាថ្នាក់រៀននេះរួចមានសិស្សម្នាក់បានបង្ហាញអំពីចំណាប់អារម្មណ៍ និងការយល់ឃើញរបស់ខ្លួនដូចខាងក្រោម៖

“ខ្ញុំឈ្មោះ ហ៊ុន ឧសភា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សនៃវិទ្យាល័យ ជាស៊ីម តាកែវ។ តាមរយៈការចូលរួមវេទិការថ្នាក់រៀនស្តីអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យនេះ ខ្ញុំបានទទួលចំណេះដឹងច្រើនអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ដែលជាបទពិសោធន៍និងជាមេរៀនដ៏សំខាន់សម្រាប់រូបខ្ញុំនិងអ្នកជំនាន់ក្រោយនៅក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃខាងមុខ ដើម្បីបញ្ជៀសឲ្យផុតពីរបបប្រល័យពូជសាសន៍និងសម្លាប់រង្គាលនេះមិនឲ្យកើតឡើងម្តងទៀត។

អត្ថបទ ៖ ង៉ាន់ វីន អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ