ដំណើរទស្សនកិច្ចសិក្សារបស់សិស្ស វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ មកកាន់មជ្ឈមណ្ឌលឯកសារខ្មែរក្រហមខេត្តព្រៃវែង

កាលពីខែមីនា ឆ្នាំ២០២២ កន្លងមក មជ្ឈមណ្ឌលឯកសារខ្មែរក្រហមខេត្តព្រៃវែង បានបង្កើតកម្មវិធីដំណើរទស្សនកិច្ចសិក្សាមួយជាមួយសិស្សានុសិស្សមកពីវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ  ក្នុងគោលបំណងចង់សិស្សា​នុសិស្សសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ដ្រកម្ពុជាប្រជាធិបតេយ្យ តាមរយៈការមើលផ្ទាំងពិព័រណ៍រូបភាព។ ដំណើរទស្សនកិច្ចសិក្សានេះមានការជួយសម្របសម្រួលពីលោក ហួន ប៊ុន គឺជានាយកវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ។

សិស្សវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខ្មែរក្រហមខេត្តព្រៃវែង។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

សិស្សានុសិស្សចំនួន២៣នាក់ និងលោកគ្រូប្រវត្តិវិទ្យា១នាក់ បានធ្វើដំណើរមកដល់មជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង ដោយអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ សិស្សានុសិស្សបានមើលផ្ទាំងពិព័រណ៍រូបភាពអចិន្រ្តៃយ៍នៅខាងក្រៅមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង រួមមាន៖ ប្រវត្តិរូបកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ការរៀបអាពាហ៍ពិពាហ៍ ការហូបអាហាររួម ការធ្វើការងាររួម ទីតាំងសម្លាប់ និងទីតាំងតម្កល់អដ្ឋិធាតុ។ បន្ថែមលើនេះ សិស្សានុសិស្សបានពិព័រណ៍រូបថតស្តីអំពីជីវិតគ្រួសារប្រជាជន១៧ មេសា ដែលបានជម្លៀសចេញពីទីក្រុងភ្នំពេញ។

សិស្សវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលឯកសារខ្មែរក្រហមខេត្តព្រៃវែង។(ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

បន្តមកសិស្សានុសិស្សបានមើលផ្ទាំងពិព័រណ៍រូបថតអចិន្រ្តៃយ៍នៅខាងក្នុងការិយាល័យ មជ្ឈ​មណ្ឌល​ឯកសារខ្មែរក្រហមខេត្តព្រៃវែង រួមមាន៖ រូបភាពផែនទីរណ្ដៅសាកសពនៅភូមិភាគបូព៌ា, ទីតាំងសម្លាប់មនុស្ស, កន្លែងតម្កល់អដ្ឋិធាតុ និងមន្ទីរសន្តិសុខ។ សិស្សានុសិស្សបានសិក្សាឈ្វេងយល់ទាក់ទងទៅនឹងរូបថតរបស់ជនរងគ្រោះដែលបានថតក្នុងគុកទួលស្លែង ការធ្វើការងារលើកទំនប់ ១ មករា ខេត្តកំពង់ធំ និងរូបថតដែលនិយាយអំពីជីវិតរបស់ក្រុមរណសិរ្សសាមគ្គីរំដោះជាតិកម្ពុជាដែលរស់នៅក្នុងព្រៃ។

ក្រោយពីបានទស្សនាពិព័រណ៍រូបភាព សិស្សានុសិស្សបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម ៖

ស៊ាន ស៊ាងលី អាយុ១៧ឆ្នាំ រៀននៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្ដសង្គម។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ស៊ាន ស៊ាងលី ភេទស្រី អាយុ១៧ឆ្នាំ រៀននៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ថ្នាក់ទី១២ ផ្នែកវិទ្យាសាស្រ្ដសង្គម បាននិយាយថា មុនដំបូងខ្ញុំបានដឹងអំពីសម័យខ្មែរក្រហមតាមរយៈ តា និង យាយរបស់ខ្ញុំ។ យាយរបស់ខ្ញុំរៀបរាប់ថា នៅក្នុងសម័យខ្មែរក្រហម ប្រជាជនត្រូវធ្វើការងារធ្ងន់ធ្ងរជាច្រើន ប៉ុន្តែមិនទទួលបានអាហារហូបគ្រប់គ្រាន់នោះទេ ហើយនៅពេលដែលមានជំងឺផ្សេងៗមិនមានថ្នាំព្យាបាល។ ខ្ញុំនៅចាំរឿងមួយរបស់លោក យាយខ្ញុំធ្វើឲ្យខ្ញុំមានសេចក្ដីអាណិតចំនោះលោកយាយជាខ្លាំងគឺនៅពេលដែលខ្មែរក្រហមយក លោកយាយទួតរបស់ខ្ញុំទៅកសាង ហើយលោកយាយខ្ញុំមិនដឹងនៅតែរងចាំនៅផ្ទះ រហូតទាល់តែសួរលោកយាយទួតម្នាក់ទៀតទើបដឹងថាអង្គការយកគាត់ទៅសម្លាប់បាត់ហើយ។ ក្នុងពេលនិយាយរឿងនេះ ខ្ញុំមានសេចក្ដីអាណិតដល់លោកយាយខ្ញុំយ៉ាងខ្លាំង ព្រោះទឹកមុខរបស់គាត់ក្រៀមក្រំ ស្ទើរតែស្រក់ទឹកភ្នែក ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានសំណាងណាស់ដែលកើតមិនទាន់សម័យខ្មៅងងឹតមួយនោះ។ មួយវិញទៀត នៅពេលឃើញផ្ទាំងពិព័រណ៍បង្ហាញពីទីតាំងសម្លាប់ និងតម្កល់អដ្ឋិធាតុនៅវត្តធ្លក ខ្ញុំមានអារម្មណ៍អាណិតអាសូរដល់ប្រជាជនទាំងអស់ ព្រោះថាយើងមិនដឹងអំពីទោសកំហុសអ្វីសោះត្រូវបានអង្គការយកទៅសម្លាប់ដោយមិនដឹងខ្លួន។​ និយាយជារួមទៅ ដំណើរទស្សនកិច្ចសិក្សានៅថ្ងៃនេះមានសារសំខាន់ណាស់សម្រាបខ្ញុំ ព្រោះអាចឲ្យខ្ញុំដឹងកាន់តែច្បាស់អំពីជំនាន់ ប៉ុល ពត និងបង្កើនចំណេះដឹងបន្ថែមទៀតទាក់ទងប្រវត្តិសាស្ដ្ររបស់ជាតិខ្លួន។

ឆាំ រស់ អាយុ១៧ឆ្នាំ គឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ឆាំ រស់ ភេទប្រុស អាយុ១៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិធ្លយ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានរៀបរាប់ ខ្ញុំគឺជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ។ កាលពីក្មេងលោកយាយរបស់ខ្ញុំធ្លាប់បាននិយាយអំពីជីវិតរបស់គាត់ក្នុងសម័យខ្មែរក្រហម ថាអត់មានអាហារហូបចុះគ្រប់គ្រាន់ ធ្វើការហួសកម្លាំង និងយកប្រជាជនទៅសម្លាប់ចោលអស់ជាច្រើននាក់។ អំឡុងពេលនោះខ្ញុំមិនសូវជាជឿគាត់ប៉ុន្មានទេ ព្រោះខ្ញុំនៅក្មេងមិនបានគិត ប៉ុន្តែឥឡូវខ្ញុំជឿជាក់ថារបបខ្មែរក្រហមពិតជាកើតមានមែន ហើយអ្វីដែលលោកយាយរបស់ខ្ញុំនិយាយគឺជាការពិត។ លើសពីនេះទៅទៀត ខ្ញុំធ្លាប់បានមើលវីដេអូចាក់ផ្សាយក្នុងទូរទស្សន៍ ដែលនិយាយអំពីប្រវត្តិរបស់ខ្មែរក្រហម ការគាបសង្កត់ឲ្យធ្វើការធ្ងន់ៗ និងការធ្វើទារុណកម្មផ្សេងៗ។

ស៊ុន និតា អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ផ្នែកវិទ្យាសាស្រ្ដសង្គម។ (ផេង ពង្សរ៉ាស៊ី/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ស៊ុន និតា ភេទស្រី អាយុ១៨ឆ្នាំ គឺជាសិស្សថ្នាក់ទី១២C នៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ផ្នែកវិទ្យាសាស្រ្ដសង្គម បាននិយាយថា មុនដំបូងនៅពេលដែលខ្ញុំឮម្ដាយ ឪពុករបស់ខ្ញុំនិយាយអំពីសម័យខ្មែរក្រហមថាគាត់ពិបាកក្នុងការស់នៅ និងការហូបចុក ប៉ុន្តែខ្ញុំមិនបានជឿគាត់នោះទេ ព្រោះគិតថាគាត់និយាយកុហក។ ក្រោយមកនៅពេលដែលខ្ញុំបានចំណាយពេលមួយព្រឹកក្នុងការដើរទស្សនាផ្ទាំងពិព័រណ៍ពីមួយទៅមួយ ធ្វើឲ្យខ្ញុំមានការផ្លាស់ប្ដូរគំនិតថាសម័យខ្មែរក្រហមពិតជាកើតមានមែននៅក្នុងប្រទេសកម្ពុជា។ ចំពោះមូលហេតុដែលខ្ញុំជឿបែបនេះគឺ មកពីខ្ញុំបានឃើញផ្ទាំងពិព័រណ៍ជាច្រើនដែលបង្ហាញអំពីការធ្វើការងាររបស់ប្រជាជន ការជម្លៀសប្រជាជន ការហូបអាហាររួមគ្នា ការធ្វើទារុណកម្ម និងការសម្លាប់មនុស្សយ៉ាងឃោរឃៅរបស់ ប៉ុល ពត។ លើសពីនេះទៅទៀត ពិព័រណ៍ដែលបង្ហាញអំពីឆ្អឹងជនរងគ្រោះនៅភ្នំកំប្លុក ស្រុកបាភ្នំ ខេត្តព្រៃវែង និងនៅមន្ទីរសន្តិសុខវត្តធ្លក ខេត្តស្វាយរៀង គឺជាភ័ស្តុតាងដ៏សំខាន់មួយ ដែលបានបង្ហាញឲ្យក្មេងជំនាន់ក្រោយឃើញ និងជឿជាក់។ ជាចុងក្រោយខ្ញុំចង់សំណូមពរឲ្យក្រុមការងារនៅតែបន្តធ្វើកម្មវិធីមួយនេះឡើងដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹង និងបានស្គាល់របបខ្មែរក្រហមកាន់តែច្បាស់។

អត្ថបទ ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខ្មែរក្រហម ខេត្តព្រៃវែង

អត្ថបទផ្សេងទៀត៖