គរុសិស្ស២៧នាក់មកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ធ្វើទស្សនកិច្ចសិក្សានៅការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ គរុសិស្សឆ្នាំទី១ ចំនួន២៧នាក់ (ស្រី២០នាក់ និង ប្រុស៧នាក់) នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម បានទស្សនា «​ការិយាល័យ​ស្រាវជ្រាវ​ និង​បណ្ណាល័យ​ខ្មែរក្រហម​» ​ខេត្តកំពង់ចាម​ ដែលស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។

ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម ​បានទទួលស្វាគមន៍ និង​នាំគរុសិស្ស​ចូលរួមទស្សនា​ពិព័រណ៍​រូបថត និងការ​ដាក់តាំង​សម្ភាររបស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដើម្បីបង្កើនការចង់ដឹងអំពីប្រវត្តិ​សាស្រ្តខ្មែរក្រហម។ ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បានបង្ហាញ​គរុសិស្ស​នូវ​កម្មវិធី​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​បណ្ណសារខ្មែរក្រហមដែលតម្កល់នៅ «​ការិយាល័យ​ស្រាវជ្រាវ​ និង​បណ្ណាល័យ​ខ្មែរក្រហម​» ​ខេត្តកំពង់ចាមនេះ និងជំរុញឲ្យគរុសិស្សទាំងអស់ ជាពិសេសគរុសិស្សដែលរៀនមុខវិជ្ជាប្រវត្តិវិទ្យាបន្តមកកាន់ទីតាំងនេះ ដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ និងប្រើប្រាស់ការិយាល័យនេះសម្រាប់សិក្សាស្រាវជ្រាវ។ ការិយាល័យ​ស្រាវជ្រាវ​និង​បណ្ណាល័យ​ខ្មែរក្រហម​ត្រូវបានបំពាក់គ្រឿងបរិក្ខាទំនើប និងសម្បូរបែបសម្រាប់ការសិក្សាស្រាវជ្រាវពីរបបខ្មែរក្រហម។

ជាកិច្ចបន្ត គរុសិស្សបានទស្សនាវីដេអូឯកសារដែលមាន​ចំណងជើង​ថា «កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្ត្រីរ៉ក់» ដែលរំឭកអំពីតន្រ្តី វប្បធម៌ និងប្រវត្តិសាស្រ្តកម្ពុជា។ គរុសិស្សទាំងអស់អង្គុយទស្សនាវីដេអូ «កុំស្មាន​បងភ្លេច» យ៉ាងស្ងៀមស្ងាត់ និងយកចិត្តទុកដាក់។

បន្ទាប់ពី​បាន​ទស្សនា​វីដេអូ​ឯកសារ គរុសិស្សបានសួរសំណួរ និងបានពិភាក្សាជុំវិញប្រធានបទប្រវត្តិសាស្រ្តកម្ពុជា។ នៅក្នុងឱកាសនោះគរុសិស្សទទួលបានទស្សនាវដ្ដីស្វែងរកការពិតបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីអាន និងឈ្វេងយល់បន្ថែមអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ជាចុងក្រោយ គរុសិស្សចូលរួមបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដូចខាងក្រោម៖

ហង្ស ស្រីទូច គរុសិស្សឆ្នាំទី១  ឯកទេសភាសាខ្មែរនិងពលរដ្ឋ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម មកពីខេត្តក្រចេះ លើកឡើងថា «នាងខ្ញុំទទួលបានអ្វីដែលថ្មីទាក់ទងប្រវត្តិសាស្រ្ត និងតន្រ្តីខ្មែរ​។ វីដេអូ​នេះ បានឆ្លុះបញ្ចាំងអំពីប្រវត្តិអតីតកាលដ៏កម្សត់របស់ប្រជាជនកម្ពុជា។ នាងខ្ញុំបានដឹងអំពីប្រវត្តិសាស្រ្តខ្មែរក្រហមតាមរយៈការសិក្សានៅថ្នាក់ទី១២ និងពីឪពុកម្ដាយខ្ញុំ ប៉ុន្តែកម្មវិធីថ្ងៃនេះបានធ្វើឲ្យនាងខ្ញុំយល់ដឹងបន្ថែមទៀតពីប្រវត្តិ​សាស្រ្តនេះ។ នាងខ្ញុំនឹងយកចំណេះដឹងដែលទទួលបានថ្ងៃនេះទៅចែករំលែកជាមួយគរុសិស្សផ្សេងទៀត និងសួរបន្ថែមអំពីរឿងរ៉ាវដែលឪពុកម្ដាយរបស់ខ្ញុំបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម»។

ព្រឿង កែវវានាថ គរុសិស្សឆ្នាំទី១  ឯកទេសភាសាខ្មែរ និងពលរដ្ឋ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម មកពីខេត្តកំពង់ធំ ចែករំលែកចំណាប់អារម្មណ៍ថា «នៅពេលដែលមើលរូបថតសខ្មៅ ដាក់តាំង​នៅបណ្ណាល័យខ្មែរក្រហមដំបូង នាងខ្ញុំមានអារម្មណ៍ភ័យ។ ខ្ញុំធ្លាប់ដឹងរឿងរ៉ាងកើតក្នុងរបបខ្មែរក្រហម តាមរយៈការនិយាយប្រាប់របស់លោកតាលោកយាយ ប៉ុន្តែខ្ញុំមិនយល់ដឹងបានទាំងអស់នោះឡើយ។ ឈាមក្រហមឆ្អៅនៅក្នុងវីដេអូ គឺជាឃ្លាដែលធ្វើឲ្យខ្ញុំកាន់តែភ័យតក់ស្លុតខ្លាំង។ ជាចុងក្រោយ នាងខ្ញុំយល់ថាកម្មវិធីចាក់បញ្ចាំងវីដេអូឯកសារខ្មែរក្រហម និងការជជែកសួរដេញដោលនេះគឺល្អណាស់សម្រាប់ឲ្យក្មេងៗជំនាន់ក្រោយដូចជានាងខ្ញុំបានដឹងពីប្រវត្តិសាស្រ្តខ្មែរ»។

សែម មឿង គរុសិស្សឆ្នាំទី១  ឯកទេសគណិត និងរូបវិទ្យា នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម មកពីខេត្តឧត្ដរមានជ័យ បានរៀបរាប់ថា «ខ្ញុំទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងទុក្ខវេទនា និងការហូបចុកមិនគ្រប់គ្រាន់របស់ប្រជាជនកម្ពុជា តាមរយៈការទស្សនាពិព័រណ៍រូបថត និងសម្ភាររបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, ការមើលវីដេអូឯកសារ និងការពន្យល់បន្ថែមដោយលោកគ្រូ ចិន្តា។ ខ្ញុំនឹង​មកទីនេះម្ដងទៀតដើម្បីស្រាវជ្រាវនិងទទួលបានការយល់ដឹងបន្ថែមទៀត ក្នុងអំឡុងពេលរៀនសូត្ររបស់ខ្ញុំនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមនេះ»។

អត្ថបទ ៖ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារ

អត្ថបទផ្សេងទៀត៖